ដោយ ទីន ហ្សាការីយ៉ា
2021-05-02 rfa
លោក ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យពលរដ្ឋរួមគ្នាជាមួយលោក ដើម្បីប្ដឹងរបបលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិទាក់ទងការបិទខ្ទប់ បង្អត់អាហារប្រជាពលរដ្ឋរាប់សែននាក់នៅក្នុងរាជធានីភ្នំពេញ។
លោក សម រង្ស៊ី ដែលតុលាការរបបលោក ហ៊ុន សែន ចេញដីកាតាមចាប់ខ្លួនកាលពីពេលថ្មីៗនេះ បានថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីរាត្រីថ្ងៃទី១ ខែឧសភាថា បើស្ថានការណ៍ស្បៀងអាហារមិនធូរស្រាលទេ លោកនឹងពឹងអ្នកច្បាប់អន្តរជាតិ ដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងរបបលោក ហ៊ុន សែន។ លោកអះអាងថា ការបិទសិទ្ធិសេរីភាពឃុំខ្លួនពលរដ្ឋរាប់សែននាក់នៅក្នុងផ្ទះធ្វើឲ្យខ្វះចំណីអាហារនេះគឺជាស្ថានការណ៍ដែលបង្ហាញពីការវាយប្រហារទ្រង់ទ្រាយធំ និងជាប្រព័ន្ធ ទៅលើពលរដ្ឋស៊ីវិល ក្នុងពេលពលរដ្ឋកំពុងជំពាក់បំណុលធនាគារវ័ណ្ឌកផងនោះ៖ «មិនមែនរឿងនយោបាយទេ គឺជារឿងមនុស្សធម៌សុទ្ធសាធ ហ៊ុន សែន ធ្វើឲ្យមនុស្សស្លាប់ ធ្វើឲ្យមានទុរ្ភិក្ស អីចឹងយើងត្រូវប្ដឹងហ៊ុន សែន បើយើងមិនធ្វើអ្វីទាល់តែសោះអាហ្នឹងសន្តិភាពហ៊ុន សែន ហើយ សន្តិភាពផ្នូរខ្មោច»។
ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា រដ្ឋាភិបាលបានផ្ដល់ស្បៀងឧបត្ថម្ភដល់ពលរដ្ឋនៅតំបន់រាំងខ្ទប់នោះហើយ មិនមានបញ្ហាខ្វះស្បៀងទៀតទេ។ ចំពោះការព្រមានប្ដឹងវិញ លោក សុខ ឥសាន្ត អះអាងថា ជារឿងមិនអាចទៅរួចឡើយ៖ «ហាសហា ជារឿងគួរឲ្យសំណើចណាស់ ដែលទណ្ឌិតរត់ចោលស្រុកខ្លួនឯងពួននៅក្នុងត្រង់សេនៅប្រទេសបារាំងមកឈឺឆ្អាលរឿងនៅកម្ពុជាឯណេះ វាអត់បានប្រយោជន៍អ្វីទេ ចង់ទៅប្ដឹងឯណាប្ដឹងទៅ»។
ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាច់ចិត្តប្រឆាំងនឹងបំរាមរបស់អាជ្ញាធរដើម្បីតវ៉ានិងស្នើសុំការឧបត្ថម្ភស្បៀងអាហារពីរដ្ឋាភិបាល។
លោកសម រង្ស៊ី បានហៅការរាំងខ្ទប់នេះ ជាការបង្អត់អាហារដោយចេតនាធ្វើឲ្យពលរដ្ឋ មិនអាចទទួលបានចំណីអាហារជាមូលដ្ឋាន ដើម្បីទ្រទ្រង់ជីវិត។ លោកថា ពលរដ្ឋមិនអាចចេញទៅរកស្បៀងអាហារបានធ្វើឲ្យពលរដ្ឋមួយចំនួនធ្លាក់ខ្លួនឈឺ និងអាចស្លាប់បែបនេះ គឺជាប្រភេទ នៃឧក្រិដ្ឋកម្ម ឬហៅថា "ទង្វើអមនុស្សធម៌ផ្សេងៗទៀត" ក្នុងចំណោមបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលមានចែងក្នុងបញ្ជីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្នុងលក្ខន្តិកៈ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៃលក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute)។
បទល្មើសព្រហ្មទណ្ឌស្ថិតក្នុងយុត្តាធិការតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ត្រូវបានកំរិតដែនកំណត់ចំពោះបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យមានការព្រួយបារម្ភដល់សហគមន៍អន្តរជាតិទាំងមូល។ តុលាការនេះ មានយុត្តាធិការអនុលោមតាមច្បាប់លក្ខន្តិកៈក្រុងរ៉ូម ចំពោះ បទល្មើសព្រហ្មទណ្ឌ ដូចជា “បទល្មើសព្រហ្មទណ្ឌប្រល័យពូជសាសន៍ បទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងមនុស្សជាតិ និងបទល្មើសមួយចំនួនទៀត”។
លក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) នៃតុលាការព្រហ្មទណ្ឌអន្តរជាតិនេះវិញ ចែងពីការដាក់ទោសចំពោះជនណា ឬ មេដឹកនាំណា ដែល ”ធ្វើឲ្យសាបសូន្យ រួមបញ្ចូលទាំងការដាក់លក្ខខណ្ឌលើជីវិតដោយចេតនា ក្នុងនោះ មានការដកហូតសិទ្ធិទទួលបានអាហារ និងថ្នាំពេទ្យ ក្នុងកំរិតមួយដែលប្រុងនឹងនាំដល់មានការបំផ្លិចបំផ្លាញផ្នែកមួយនៃប្រជាពលរដ្ឋ “ ជាដើម។
រីឯលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ បានថ្លែងកាលពីចុងខែមេសា ព្រមានចាប់ខ្លួនប្រជាពលរដ្ឋណាដែលរិះគន់វ៉ាក់សំាងចិន និងអ្នកល្មើសនឹងវិធានការរាំងខ្ទប់របស់រដ្ឋាភិបាល។ លោកបញ្ជាក់ថា លោកសុខចិត្តឲ្យគេប្ដឹងលោកទៅតុលាការអន្តរជាតិ ក្នុងបុព្វហេតុការពារពលរដ្ឋមិនឲ្យឆ្លងជំងឺកូវីដ១៩នេះ លោកមិនខ្លាចឡើយ៖ «ប្ដឹងខ្ញុំទៅតុលាការឧក្រិដ្ឋកម្មឡាអេធ្វើទៅ ប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិក៏ធ្វើទៅ ធ្វើតាមចិត្ត បើខ្ញុំធ្វើដើម្បីពលរដ្ឋខ្មែររាប់លាននាក់រស់ ហើយចាប់ពួកអាបំពុលសង្គមញាត់គុក ហើយអ្នកឯងថាខ្ញុំផ្ដាច់ការក៏ថាទៅ ខ្ញុំសុខចិត្តមានគុណប្រយោជន៍សង្រ្គោះជីវិត»។
ទោះបីជាបែបនេះក្ដី ទីប្រឹក្សាអង្គការខុមហ្វ្រែលលោក គល់ បញ្ញា មានប្រសាសន៍ថា វិធានការបិទខ្ទប់នេះ មិនមែនជាវិធានការសុខាភិបាលត្រឹមត្រូវឡើយ។ លោក គល់ បញ្ញា សង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនត្រូវទុកឲ្យប្រជាពលរដ្ឋដាច់ស្បៀង ដោយសារតែការបិទខ្ទប់ឲ្យនៅក្នុងផ្ទះបែបនេះឡើយ។ លោកថា ការធ្វើដូច្នេះ ជាការរំលោភសិទ្ធិមនុស្សជាសាកល៖ «រដ្ឋាភិបាលធ្វើហ្នឹងមិនមានលក្ខខណៈត្រៀមគិតទុកមុនទេ ពេលព្រឹត្តិការណ៍កើតឡើងមួយដោះស្រាយមួយ ហើយដោះស្រាយនោះទៀត មិនធ្វើតាមលក្ខណៈត្រឹមត្រូវទេ ដោះស្រាយគឺចាប់មនុស្សដាក់គុក»។
ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញចេញមកតវ៉ាកាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ទាក់ទងនឹងបញ្ហានេះ នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អ្នកស្រី យ៉ាមីនី មីស្រា (Yamini Mishra) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយនៅថ្ងៃទី៣០ ខែមេសា ថា ការចាត់ចែងខុសយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលក្នុងតំបន់បិទខ្ទប់ កំពុងបង្កើតនូវទុក្ខវេទនា និងការរំលោភសិទ្ធិមនុស្សនៅទូទាំងប្រទេស។ អ្នកស្រីបន្តថា ឥឡូវនេះ ពលរដ្ឋក្នុង «តំបន់ក្រហម» និងនៅតាមកន្លែងដទៃទៀតនៅកម្ពុជាកំពុងតែដាច់បាយ ដោយសារតែគោលនយោបាយមិនសមហេតុផលរបស់រដ្ឋាភិបាល។
អ្នកស្រីជំរុញឱ្យអាជ្ញាធរកម្ពុជាចាំបាច់ត្រូវកែប្រែរបៀបរបបចាត់ចែងការបិទខ្ទប់នេះ ដោយធ្វើការជាមួយអង្គការសង្គមស៊ីវិល និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដើម្បីជួយសម្រួលលទ្ធភាពផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម។ អ្នកស្រីថា ពលរដ្ឋគ្រប់រូបក្នុងតំបន់បិទខ្ទប់ ត្រូវតែទទួលបាននូវស្បៀងអាហារហូបចុក ទឹក សេវាថែទាំសុខភាព និងតម្រូវការចាំបាច់នានាដទៃទៀត។
អង្គការអន្តរជាតិមួយបង្ហាញស្តិតិពលរដ្ឋនៅភ្នំពេញមានជាង ៨ម៉ឺន ៧ពាន់គ្រួសារ (៨៧.៣៤៩គ្រួសារ) ស្មើនឹងជិត ៣សែននាក់ (២៩៣.៧៩១នាក់) កំពុងស្ថិតក្នុងតំបន់បិទខ្ទប់។ រីឯនៅខេត្តព្រះសីហនុឯណោះវិញ មានពលរដ្ឋជិត ៥ពាន់គ្រួសារ (៤.៨៨៦គ្រួសារ) ស្មើនឹងប្រមាណ ២ម៉ឺន៣ពាន់នាក់ (២៣.៨៥៤នាក់) ដែលកំពុងប្រឈមបញ្ហាដាច់ស្បៀងដូចគ្នា។
កម្មករនៅក្នុងទីក្រុងភ្នំពេញខ្លះជាប់កុននៅក្នុងអគារដោយមិនអាចចេញទៅណាបានឡើយ ក្នុងអំឡុងពេលនៃការបិទខ្ទប់របស់អាជ្ញាធររដ្ឋាភិបាល។
លោក សម រង្ស៊ី បានហៅវិធានការបិទខ្ទប់នេះ ថាជាការបំផ្លាញសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋទៅវិញទេ។ លោក សម រង្ស៊ី បានប្រៀបប្រដូចការរាំងខ្ទប់ប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដូចទៅនឹងកំពុងរស់នៅក្នុងគុកឥតជញ្ជាំងដូច្នោះដែរ។ លោកបញ្ជាក់ថា បើសិនជាលោក ហ៊ុន សែន គិតគូរដល់ប្រជាពលរដ្ឋមែននោះ គឺត្រូវលក់ទ្រព្យសម្បត្តិដ៏មហាសាលរបស់លោក ដើម្បីយកមកជួយសង្រ្គោះប្រជាពលរដ្ឋនៅពេលនេះ មិនមែនលោកជំរុញឲ្យក្រសួងពាណិជ្ជកម្មធ្វើអាជីវកម្មលើខ្នងរាស្រ្តលក់ចំណីអាហារជូនប្រជាពលរដ្ឋបែបនេះឡើយ៖ «ហ៊ុន សែន គាត់អួតខ្លួនគាត់ថា នាឡិកាគាត់មានតម្លៃ ៤ លានដុល្លារ នាឡិកាខ្ញុំតែ ៤ ដុល្លារទេ នាឡិកាជ័រ។ រាស្រ្តកំពុងតែដាច់បាយ ហ៊ុន សែន ពាក់នាឡិកា ១ តម្លៃ ៤ លានដុល្លារខ្មាស់គេណាស់ លក់ទៅយកលុយមកចែកប្រជាពលរដ្ឋ ៤ លានដុល្លារ គឺចែកបាន១ គ្រួសារ ១០០ ដុល្លារ ចែកបាន ៤ ម៉ឺនគ្រួសារ»។
ទោះបីជាបែបនេះក្ដី លោក សុខ ឥសាន ព្យាករណ៍ថា បើតាមទស្សនៈរបស់លោក បើសិនជាការឆ្លងជំងឺកូវីដ១៩ នៅតែថយចុះដូចក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលនឹងអាចបើកទីក្រុងភ្នំពេញ នៅតំបន់បិទខ្ទប់នោះវិញ នៅថ្ងៃទី៥ ខែឧសភា ដូចការគ្រោងទុក។
រីឯលោក សម រង្ស៊ី វិញ អះអាងថា បើសិនជាក្នុងរយៈពេលមួយសប្ដាហ៍ឬពីរសប្ដាហ៍ទៀត របបលោក ហ៊ុន សែន មិនបើកលំហរសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋវិញទេនោះ លោកនឹងដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិជាផ្លូវការ។ ហើយពលរដ្ឋក្នុងតំបន់បិទខ្ទប់វិញនឹងនាំគ្នាដើរចេញពីផ្ទះប្រមូលផ្ដុំគ្នា ដូចដែលពលរដ្ឋនៅក្នុងខណ្ឌមានជ័យធ្លាប់បានប្រមូលផ្ដុំគ្នាកាលពីពេលថ្មីៗនេះ ជាគំរូស្រាប់៕
No comments:
Post a Comment