Monday, 3 May 2021

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ធូរ​បន្ថយ​ឲ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​មិន​សូវ​ប្រឈម អាច​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​បាន​បណ្ដើរៗ


ដោយ មួង ណារ៉េត
2021-05-03 rfa
អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ធូរ​បន្ថយ​ឲ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​មិន​សូវ​ប្រឈម អាច​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​បាន​បណ្ដើរៗ


ទិដ្ឋភាពលរដ្ឋក្នុងរាជធានី​ភ្នំពេញត្រូវបាន​អាជ្ញាធរ​ដាក់របាំង​ឃាត់​ការ​ធ្វើដំណើរ​នៅ​ចំណុច​ក្បាល​ថ្នល់ ក្នុង​ពេល​ដែល​អាជ្ញាធរ​បិទខ្ទប់ កាល​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​​បន្ធូរ​បន្ថយ ការ​បិទ​ខ្ទប់​ផ្លូវ​មួយ​ចំនួន និង​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ រស់​នៅ​ក្នុង​​តំបន់​ ដែល​​មិន​សូវ​​​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ (covid-19) អាច​ធ្វើ​ដំណើរ​ ទៅ​​ធ្វើការ​បាន។ ពលរដ្ឋ គាំទ្រ​ចំណាត់​ការ​នេះ តែ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ចែក​អំណោយ ដល់​ពលរដ្ឋ ដែល​កំពុង​ប្រឈម​នឹង​ការ​ដាច់​ស្បៀង។

ខណៈ​​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​កើន​ឡើង​អាជ្ញាធរ បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​បិទ​ខ្ទប់​ផ្លូវ​មួយ​ចំនួន ក្នុង​តំបន់​លឿង​ ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​បាន។ ប៉ុន្តែ តំបន់​លឿង​ទុំ​ នៅ​តែ​បន្ត​បិទ​​​ផ្លូវ​ឆ្លង​តំបន់​ ឯ​តំបន់​ក្រហម គឺ​នៅ​បន្ត​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង។


ពលរដ្ឋ​ម្នាក់ រស់​នៅ​សង្កាត់​គោកឃ្លាង ខណ្ឌ​សែន​សុខ លោកស្រី ចាន់ ផល្គុន ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្លះ អាច​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ឆ្លង​ខណ្ឌ​បាន​ហើយ​។ ចំណែក​លោកស្រី​ផ្ទាល់ ក៏​អាច​​​ទៅ​ផ្សារ​ទិញ​ម្ហូប​អាហារ​បាន​ដែរ។ លោកស្រី គាំទ្រ​ចំពោះ​ការ​បន្ធូរ​បន្ថយ​បិទ​ខ្ទប់ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ បាន​ទៅ​ធ្វើ​ការ​ និង​ទៅ​ផ្សារ​ទិញ​ម្ហូប​អាហារ៖ «អ៊ីចឹង នៅ​ពេល​ដែល​ខាង​អាជ្ញាធរ គាត់​ជួយ​សម្រួល​ គាត់​ប្រកាស​ថា​ឲ្យ​ ប្រជាពលរដ្ឋ​ណា ដែល​គាត់​លើក​លែង​បាន ​អាច​ទៅ​​ធ្វើការ​បាន អាច​ទៅ​ធ្វើការ​បាន។ អ៊ីចឹង វា​ជា​ដំណឹង​មួយ​ដ៏​ល្អ។ ថ្វី​បើ​ឥឡូវ​នេះ យើង​ឃើញ​ថា គេ​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ច្រើន​ហើយ ការ​រក្សា​គម្លាត​ហ្នឹង ក៏​ឃើញ​ច្រើន​។ អា​ហ្នឹង សំខាន់​គឺ​ខ្លួន​យើង។ ប្រសិន​បើ​យើង​ចេះ​Protect (ការពារ)​ខ្លួន​ឯង គឺ​យើង​បាន​សុខសាន្ត​។ វា​មិន​មែន​ ចាំ​បាច់​តែ​អ្នក​ណា​ ​ហាម​យើង​ អត់​ឲ្យ​ទៅ​ណា​ ទៅ​ណី សំខាន់​គឺ យើង​ខ្លួន​​ឯង ថា​តើ​យើង​ចេះ​ការពារ​ខ្លួន​យើង​បាន​ប៉ុណ្ណា យើង​ចេះ​រក្សា​គម្លាត​សង្គម​បាន​កម្រិត​ណា»។

ប៉ុន្តែ​បញ្ហា​ពិបាក​ខ្លាំង នៅ​តែ​កើត​មាន​ដដែល​ សម្រាប់​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ប្រឈម​​​។ អ្នក​រស់​នៅ​សង្កាត់​ស្ទឹង​មានជ័យ​ទី​១ ខណ្ឌ​មានជ័យ លោក យាន រក្សា ឲ្យ​ដឹង​​ថា អាជ្ញាធរ​ បាន​​បន្ត​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​ និង​មិន​ទាន់​ឧបត្ថម្ភ​ស្បៀង​អាហារ ​ឲ្យ​ពួក​លោក​ទេ។

លោក អះអាង​ថា ពលរដ្ឋ​​ជាច្រើន ក្នុង​តំបន់​ក្រហម​នេះ ត្រូវ​បិទ​ខ្ទប់​ជិត​មួយ​ខែ​ហើយ។ ជាមួយ​គ្នា​នោះ ពួកគាត់​ នៅ​តែ​​ប្រឈម​បញ្ហា​ស្បៀង​អាហារ​យ៉ាង​លំបាក​ដដែល។ លោក​ទទូច​ឲ្យ​អាជ្ញាធរ​ ពន្លឿន​ការ​ចែក​អំណោយ ឲ្យ​ពលរដ្ឋ ក្នុង​តំបន់​ក្រហម ឲ្យ​បាន​​ឆាប់៖ «ខ្ញុំ​គិត​ថា ប្រមុខ​រដ្ឋាភិបាល ​គួរ​តែ​មាន​យន្ត​ការ​របស់​គាត់​យ៉ាង​ល្អ​ប្រសើរ​ គឺ​តាម​រយៈ​ការ​ចែក​ស្បៀង​របស់​គាត់​ ឲ្យ​បាន​ត្រឹម​ត្រូវ​។ ពិនិត្យ​តាម​មូលដ្ឋាន​ទៅ ពីព្រោះ​មេភូមិ មេឃុំ គាត់​ដឹង​ តំបន់​ណា​លំបាក​ច្រើន​។ អំណោយ​ហ្នឹង ចែក​ដល់​ដៃ​ប្រជាពលរដ្ឋ​ទៅ បញ្ហា​ហ្នឹង​ត្រូវ​បាន​បញ្ចប់​ហើយ។ ប៉ុន្តែ​នៅ​ខណៈ​នេះ អត់​មាន​អ៊ីចឹង​ទេ។ អត់​មាន​អ៊ីចឹង​ទេ ចែក​រើស​មុខ តាម​ខ្ញុំ​ដឹង»។

ជុំវិញ​រឿង​ការ​បន្ធូរ​បន្ថយ បិទ​ខ្ទប់​ផ្លូវ និង​ការ​បើក​ផ្លូវ​ឲ្យ​ធ្វើ​ដំណើរ​នេះ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ លោក សាន សុខ​សីហា ឲ្យ​ដឹង​ថា នគរបាល​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ និង​ការ​បើក​អាជីវកម្ម​ឡើងវិញ ក្នុង​តំបន់​លឿង និង​តំបន់​លឿង​ទុំ។

លោក​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ច្រើន បាន​ធ្វើ​ដំណើរ​ និង​ចេញ​មក​ប្រកប​អាជីវកម្ម​ឡើង​វិញ ក្នុង​តំបន់​មិន​សូវ​ប្រឈម​ទាំង២។ តែ​យ៉ាង​ណា ពួក​គេ​ត្រូវ​តែ​អនុវត្ត​ ឲ្យ​បាន​ខ្ជាប់ខ្ជួន ​នូវ​វិធានការ​សុខាភិបាល ដែល​អាជ្ញាធរ​បាន​ដាក់​ចេញ តាម​តំបន់​នីមួយៗ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩៖ «តំបន់​លឿង គឺ​គាត់​អាច​មាន​សិទ្ធិ​ចេញ​ចូល​ធ្វើការ​បាន​។ ប៉ុន្តែ​លើក​លែង​ស្រប​តាម​អាជីវ​កម្ម​​អ្វី​ខ្លះ ដែល​ខាង​សាលា​រាជ​ធានី​ភ្នំពេញ គាត់​បាន​កំណត់​។ ចំពោះ​លឿង​ទុំ លើកលែង​តែ​លក្ខណៈ​ចាំបាច់​ ដែល​គាត់​មាន​ឯកសារ​ត្រឹមត្រូវ​។ ជា​ទូទៅ ក៏​មាន​ការ​រឹត​បន្តឹង​ដែរ ទាក់ទង​នឹង​តំបន់​លឿង​ទុំ ព្រោះ​តំបន់​លឿង​ទុំ ក៏​កៀក​នឹង​តំបន់​ក្រហម​ដែរ។ អត្រា(ឆ្លង) វា ក៏​គួរ​សម​ដែរ អ៊ីចឹង​ណា»។

កាល​ពី​ថ្ងៃ​ទី២៩ មេសា នគរបាល​បាន​ដក​បារ៉ាស់​កាត់​ទទឹង​ផ្លូវ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ពណ៌​លឿង ឲ្យ​ពលរដ្ឋ ធ្វើ​ដំណើរ​បាន។ ប៉ុន្តែ​អាជ្ញាធរ បាន​បន្ថែម​វិធានការ​រឹត​បន្តឹង​ផ្លូវ នៅ​តំបន់​ពណ៌​លឿង​ទុំ និង​បិទ​ខ្ទប់​ទាំង​ស្រុង​ក្នុង​តំបន់​ក្រហម។

ពលរដ្ឋ​ក្នុង​តំបន់​លឿង​ទុំ អាច​ធ្វើ​ដំណើរ​ក្នុង​តំបន់​របស់​ខ្លួន​បាន តែ​មិន​អាច​ឆ្លង​តំបន់​បាន។ អ្នក​ដែល​អាច​ធ្វើ​ដំណើរ​ចេញ ចូល ឬ​ឆ្លង​កាត់​តំបន់​លឿង​ទុំ និង​ក្រហម ទាល់​តែ​​ជា​មន្ត្រី​ជំនាញ ដែល​មាន​ការ​អនុញ្ញាត​​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ចំណែក​អាជីវកម្ម​ទាំង​ឡាយ ក្នុង​តំបន់​លឿង និង​តំបន់​លឿង​ទុំ ក៏​ត្រូវ​បើក​ឲ្យ​ដំណើរ​ការ​ឡើងវិញ​ដែរ។ លើក​លែង​អាជីវកម្ម​ផ្នែក​អាហារ និង​ភេសជ្ជៈ ត្រូវ​តែ​លក់​ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ គាំទ្រ​ចំពោះ​ការ​បន្ធូរ​បន្ថយ​បម្រាប​បិទ​ខ្ទប់ និង​ការ​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម ក្នុង​តំបន់​មិន​សូវ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ តែ​យ៉ាង​ណា លោក ជំរុញ​ឲ្យ​អាជ្ញាធរ រៀបចំ​ទីតាំង​​ឲ្យ​​អាជីវករ​ បាន​លក់​ដូរ​តាម​វិធានការ​គម្លាត និង​ធានា​ថា ទាំង​អ្នក​លក់ និង​អ្នក​ទិញ មាន​សុវត្ថិភាព​ដូច​គ្នា៖ «វា​ជា​ការ​ត្រឹមត្រូវ​ហើយ ដែល​រដ្ឋ​បាន​បន្ធូរ​បន្ថយ​តំបន់​មួយ​ចំនួន ដែល​ជា​តំបន់​មិន​សូវ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ វា​ជា​រឿង​មួយ ដែល​អាច​ជួយ​ឲ្យ​ពលរដ្ឋ​ អាច​ស្ដារ​សេដ្ឋកិច្ច ជីវភាព គ្រួសារ​គាត់​បាន​ឡើងវិញ ហើយ​ជា​ការ​បន្ថយ​នូវ​បន្ទុក​របស់​រដ្ឋាភិបាល​ថែម​ទៀត។ អាច​ជួយ​សម្រួល​ដល់​បន្ទុក​របស់​រដ្ឋាភិបាល ក្នុង​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​​ជូន​ពលរដ្ឋ​ថែម​ទៀត ហើយ​អាច​ឲ្យ​សេដ្ឋកិច្ច​យើង​ ងើប​បណ្ដើរៗ ហើយ​បើ​សិន​រដ្ឋ​គិត​ដល់​ចំណុច​ហ្នឹង​ ហើយ​រៀបចំ​កន្លែង​ឲ្យ​គាត់​ប្រកប​មុខ​របរ​អាជីវកម្ម​ប្រកប​ដោយ​សុវត្ថិភាព។ ខ្ញុំ​និយាយ​ដដែល គឺ​សុវត្ថិភាព​ទាំង​អ្នក​លក់​ដូរ ទាំង​អ្នក​ចូល​ទិញ»។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ប្រកាស​ថា លោក ​នឹង​​​មិន​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល​ ទៀត​ទេ នៅ​​ក្រោយ​ថ្ងៃ​ទី៥ ឧសភា។ លោក​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ ជា​ប្រក្រតី​ឡើងវិញ ក្រោយ​ការ​បិទ​ខ្ទប់​រយៈ​ពេល​៣​សប្ដាហ៍។ តែ​អាជ្ញាធរ​នឹង​បិទ​ខ្ទប់​ជា​តំបន់​តូចៗ ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន។

នៅ​ថ្ងៃ​ទី៣ ឧសភា​ដែរ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​បើក​កិច្ច​ប្រជុំ និង​សម្រេច​ថា ក្រោយ​ថ្ងៃ​ទី៥ ឧសភា អាជ្ញាធរ​នៅ​រក្សា​តំបន់៣ ដដែល​តែ​នឹង​បង្រួម​តំបន់​បិទ​ខ្ទប់ ឲ្យ​មាន​ទ្រង់ទ្រាយ​តូច។ អាជ្ញាធរ​ក៏​នៅ​រក្សា​បម្រាម​ធ្វើ​ចរាចរណ៍​នៅ​តំបន់​មួយ​ចំនួន និង​បម្រាប​បើក​ហាង​ផឹក​ស៊ី​ជា​ដើម៕

No comments: