Sunday 6 June 2021

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​វែកមុខ​ជនល្មើស​បាញ់​ពលរដ្ឋ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់


ដោយ ខែ សុណង
2021-06-05 rfa
សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​វែកមុខ​ជនល្មើស​បាញ់​ពលរដ្ឋ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ 

(រូប​ឆ្វេង) គ្រាប់​កាំភ្លើងដែល​ពលរដ្ឋ​រើសបាន​ក្រោយ​ហេតុការណ៍យោធាបាញ់រះលើពលរដ្ឋ (រូបស្ដាំ) អាវ​ពលរដ្ឋ​ដែល​រង​គ្រាប់​​របស់​យោធាបាញ់​រះ​ក្នុង​ហេតុការណ៍តវ៉ា​នៃ​ជម្លោះដី នា​ភូមិ​អង្គស្រែពោធិ៍ ឃុំ​ទួលព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០២១។
Photo Provided

 

អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការស៊ើបអង្កេត​ករណី​យោធា​បាញ់​ប្រជា​ពលរដ្ឋ​ម្នាក់​ឲ្យ​របួស​ដួល​ដេក​លើ​វាលស្រែ​កាលពី​ថ្ងៃ​ទី​៣ មិថុនា​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយសារ​តែ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​តម្រុយ​ណាមួយ​ដល់​សាធារណជន និង​គ្រួសារ​ជនរងគ្រោះ​ពី​លទ្ធភាព​ស៊ើបអង្កេត​ករណី​ហិង្សា​បាញ់បោះ​នេះ​នៅឡើយ​ទេ ក្នុង​រយៈពេល​៣ ថ្ងៃ​មក​នេះ។

សង្គម​ស៊ីវិល​ចាត់ទុក​ករណី​យោធា​បាញ់​ប្រជាពលរដ្ឋ នៅ​ភូមិ​អង្គ​ស្រែពោធិ៍ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល គឺជា​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស និង​ច្បាប់​យ៉ាងធ្ងន់ធ្ងរ។

ប្រធាន​ផ្នែក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ថ្លែង​ថា ជំហាន​ដំបូង​អាជ្ញាធរ​ត្រូវ​ចាប់​ជនល្មើស​ដែល​បាញ់​លើ​ប្រជា​ពលរដ្ឋ​យក​មក​អនុវត្ត​តាមច្បាប់​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ឈាន​ទៅ​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​ក្នុង​សង្គម​។ លោក​បញ្ជាក់​ថា ទោះបី​ក្រុម​យោធា​ចុះ​អនុវត្ត​តាម​បញ្ជា​របស់​អង្គភាព​ក៏ដោយ ប៉ុន្តែ​ច្បាប់​មិន​អនុញ្ញាត​ឱ្យ​យោធា​ប្រើប្រាស់​អំពើ​ហិង្សា​បាញ់បោះ​ដោយ​សេរី​លើ​ប្រជាពលរដ្ឋ​នោះ​ទេ ដូច្នេះ​ជន​ដែល​បង្ក​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។


មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ និង​ពន្លឿន​ការស៊ើបអង្កេត​ស្វែងរក​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស ដើម្បី​បង្ហាញ​អំពី​ការ​យកចិត្ត​ទុក​របស់​អាជ្ញាធរ និង​បង្កើន​ទំនុកចិត្ត​ដល់​ពលរដ្ឋ​។ លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​មិន​បាន​វែកមុខ​ចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស​ត្រឹមត្រូវ​នោះ​ទេ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ហើយ​មាន​ន័យ​ស្មើនឹង​ការ​អនុញ្ញាតឱ្យ​អំពើ​និទ្ទណ្ឌភាព​កើត​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ថែម​ទៀត៖ «រឿង​វិវាទ​ដីធ្លី​នេះ​ដោយសារតែ​យើង​មិន​ព្រម​ធ្វើ​ការ​ដោះស្រាយ ហើយ​យើង​ចេះតែ​អូស​បន្លាយ​ពេល​ធ្វើ​ឱ្យ​វិវាទ​នឹង​កាន់តែ​រាំ​រ៉ៃ​ទៅៗ អាហ្នឹង​ហើយ​ដែល​បង្ក​ជា​អំពើ​ហិង្សា​ផ្សេងៗ ដូច្នេះ​ខ្ញុំ​គិតថា​ដើម្បី​បញ្ចៀស​ឱ្យ​បាន​នូវ​អំពើ​ហិង្សា​ផ្សេងៗ ដើម្បី​ជួយ​សម្រាល​សម្រួល​ទៅដល់​ស្ថានភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្ញុំ​គិតថា​អាជ្ញាធរ​អ្នក​ដែល​មាន​សមត្ថកិច្ច​គួរ​រូតរះ​ក្នុង​ការ​ដោះស្រាយ ធ្វើ​ម៉េច​រក​ផ្លូវ ឬ​រក​យន្តការ​ដោះស្រាយ​បញ្ចប់​រឿង​ដីធ្លី​ហ្នឹង​ទៅ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​រស់​នៅ​បាន​សុខសាន្ត»។

កាលពី​ថ្ងៃទី​៣ មិថុនា ពលរដ្ឋ​ជាង​៣០០ នាក់ បាន​លើកគ្នា​ទៅ​ឃាត់​គ្រឿងចក្រ ដែល​ក្រុម​យោធា​បម្រុង​យក​ទៅ​ឈូស​ឆាយ​ដីស្រែ​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​។ ពេល​ពលរដ្ឋ​កំពុង​តវ៉ា ស្រាប់តែ​ក្រុម​យោធា​បាន​បង្ក្រាប​ពលរដ្ឋ ដោយ​បាញ់​គ្រាប់កាំភ្លើង​ពិត​បណ្តាល​ឱ្យ​ពលរដ្ឋ​ម្នាក់​របួសធ្ងន់។

អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត និង​លោក អ៊ុក សុវណ្ណ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ បាន​ទេ នៅ​ថ្ងៃទី​៥ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។ ប៉ុន្តែ​លោក ឈុំ សុជាត បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្រសួង​បាន​ទទួល​របាយការណ៍​ករណី​ក្រុម​យោធា​ប្រើប្រាស់​អាវុធ​បាញ់​លើ​ប្រជាពលរដ្ឋ​ហើយ តែ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​ដើម្បី​យក​ជន​បង្ក​យក​មក​ផ្ដន្ទាទោស។

ទោះជា​យ៉ាងណា ប្រពន្ធ​ជនរងគ្រោះ លោក មុំ ចន្ថា គឺ លោកស្រី គាំ សាវន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​០៥ មិថុនា​ថា រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ សមត្ថកិច្ច​ពុំ​ទាន់​ផ្តល់​ដំណឹង និង​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ស្វែងរក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​នៅ​ឡើយ​ទេ។ លោកស្រី​សង្ឃឹម​ថា​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​នឹង​ជួយ​ជំរុញ​ទៅ​សមត្ថកិច្ច​ពន្លឿន​ស្វែងរក​ចាប់​ជនល្មើស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​លោកស្រី។

ប្រពន្ធ​ជនរងគ្រោះ​រូប​នេះ​រៀបរាប់​ទៀត​ថា ស្ថានភាព​មុខរបួស​ប្តី​របស់​លោក​ស្រី​បាន​ធូរ​ខ្លះ​ហើយ ប៉ុន្តែ​លោកស្រី​ពុំ​ទាន់​អាច​ចូល​ជួប​ប្តី​បាន​នោះ​ទេ មូលហេតុនេះ​ធ្វើ​ឱ្យ​លោកស្រី​បន្ត​ព្រួយបារម្ភ​ពី​ស្ថានភាព​ប្តី​ជា​ខ្លាំង ។ លោកស្រី​ក៏​កំពុង​ខ្វល់ខ្វាយ ដោយ​មិនដឹង​រក​ប្រាក់​កាក​ឯណា​ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ឱ្យ​ប្តី​ក្រោយ​ត្រឡប់​ព្យាបាល​និង​ថែ​ទាំង​នៅផ្ទះ​វិញ ខណៈ​​គ្រួសារ​លោកស្រី​ក្រីក្រ​មិន​អាច​ទ្រទ្រង់​ជីវភាព​នេះ​បាន​ទេ​៖ «ចា៎​អយុត្តិធម៌ បើ​គេ​ចាប់​បាន​យុត្តិធម៌ បើ​ថា​អាច​ធ្វើ​បាប​យើង​ទៀត​ហ្នឹង ដោយសារ​រក​អត់​ឃើញ​អ៊ីចឹង​ហ្នឹង បាញ់​មួយ​ហើយ​គ្មាន​អាណា​រករឿង​ផង គ្មាន​អាណា​ដេញ​ចាប់​ផង ខ្ញុំ​មាន​តែ​សុំ​ជួយ​គ្រួសារ​ខ្ញុំ​កំពុង​ខ្វះខាត​ហ្នឹង»។

កន្លងមក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​បាន​បញ្ជាក់​ថា ការប្រើប្រាស់​យោធា​ចុះ​អនុវត្ត​សាលដីកា​តុលាការ​វិវាទ​ដីធ្លី គឺជា​ទង្វើ​ខុសច្បាប់​។ ទោះជា​យ៉ាងណា ករណី​កម្លាំងយោធា​ចុះ​បង្ក្រាប​ពលរដ្ឋ​រឿង​ដីធ្លី ឈាន​ដល់​ការ​បាញ់ប្រហារ​ពលរដ្ឋ​នោះ តែង​កើត​មាន​ជា​ញឹកញាប់ ដូចជា​នៅ​ខេត្ត​ក្រចេះ​ក្នុង​ឆ្នាំ​២០១៨ និង​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ​២០១៩ ជាដើម​។ ករណី​ទាំងនោះ​ពលរដ្ឋ​សុទ្ធតែ​ទទួលរង​គ្រាប់កាំភ្លើង​ពិត​របស់​ក្រុម​យោធា បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ និង​ពលរដ្ឋ​ខ្លះ​ថា ដល់​ថ្នាក់​ស្លាប់​ផង​ក៏​មាន​ករណី​នៅ​ខេត្តក្រចេះ។

សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​ហិង្សា​បាញ់បោះ​លើ​ប្រជាពលរដ្ឋ​នេះ​ដោយ​ត្រឹមត្រូវ តម្លាភាព ដោយ​វែកមុខ​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​។ ពួកគាត់​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ បញ្ឈប់​ការប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ​បង្ក​ហិង្សា​លើ​ជន​ស្លូតត្រង់​បន្ត​ទៀត។

ទាក់ទង​នឹង​ដី​មាន​ទំនាស់​២៨០ ហិកតារ​នោះ​វិញ ក្រុម​ពលរដ្ឋ​ឱ្យ​ដឹង​ថា ពួកគាត់​នឹង​ចេញ​តវ៉ា​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃទី៦ មិថុនា ដើម្បី​ស្នើ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ឱ្យ​យោធា​ដក​គ្រឿងចក្រ​ឈូស​ឆាយ​ដី ឡានទឹក និង​ដក​កងកម្លាំង​យោធា​ចេញ ដើម្បី​ឈាន​រក​ដំណោះស្រាយ​ករណីនេះ​ដោយ​សន្តិវិធី ព្រោះ​ពលរដ្ឋ​កំពុង​ភ័យខ្លាច​ចំពោះ​ក្រុម​យោធា​បោះតង់​នៅក្នុង​ទីតាំង​នោះ​។ ពលរដ្ឋ​អះអាង​ថា ការ​ចេញ​តវ៉ា​បន្ត​ទៀត​នេះ ក៏​ដើម្បី​ជ​រុញ​ឱ្យ​សមត្ថកិច្ច​ស្វះស្វែង​ចាប់​ជនល្មើស​ដែល​បាញ់​ប្រជាពលរដ្ឋ​យក​មក​អនុវត្ត​ទោស​តាមច្បាប់​ផង​ដែរ៕

No comments: