ដោយ ហេង រស្មី
2021-06-04 rfa
សកម្មភាពតវ៉ាលើកបដា ករណីសកម្មជននយោបាយថៃដ៏លេចធ្លោម្នាក់ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalearm Satsaksit) នៅមុខស្ថានទូតថៃ នារាជធានីភ្នំពេញ កាលពីថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២០។
AFP
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human RightsWatch) រិះគន់អាជ្ញាធរកម្ពុជា ដែលមិនបានស៊ើបអង្កេតដោយម៉ត់ចត់ករណីចាប់ពង្រត់សកម្មជននយោបាយថៃដ៏លេចធ្លោម្នាក់ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalearm Satsaksit) នៅក្នុងរាជធានីភ្នំពេញ កាលពីមួយឆ្នាំមុន។ ការរិះគន់នេះ ធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ចំខួបមួយឆ្នាំនៃការបាត់ខ្លួនដោយបង្ខំរបស់សកម្មជននយោបាយថៃរូបនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងថា រយៈពេលមួយឆ្នាំមកនេះ អាជ្ញាធររដ្ឋាភិបាលកម្ពុជាមិនបានស៊ើបអង្កេតដោយម៉ឺងម៉ាត់នោះទេ ចំពោះករណីបាត់ខ្លួនដោយបង្ខំសកម្មជនថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ នៅក្នុងទីក្រុងភ្នំពេញ។ អង្គការអន្តរជាតិមួយនេះ ក៏ពិនិត្យឃើញថា ក្នុងពេលជាមួយគ្នានេះ អាជ្ញាធររដ្ឋាភិបាលថៃបានចូលរួមចំណែកតិចតួចបំផុត ក្នុងការស៊ើបអង្កេត ឬជំរុញឲ្យមានដំណើរការស៊ើបអង្កេតករណីនេះ។
នាយកអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៤ មិថុនា ថា មួយឆ្នាំមកនេះ ការបរាជ័យរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងការស្វែងរកលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ កាន់តែលេចចេញច្បាស់ឡើង។ លោកបន្តថា អាជ្ញាធរនៃប្រទេសទាំងពីរ កំពុងតែបង្ហាញឲ្យឃើញពីដំណើរយឺតយ៉ាវរបស់ពួកគេក្នុងការស៊ើបអង្កេតដោយចេតនា ទោះបីជាករណីចាប់ពង្រត់នេះ កើតឡើងកណ្តាលថ្ងៃ និងនៅចំពោះមុខសាក្សីជាច្រើននាក់ក្តី។ លោក ប្រ៊ែដ អាដាមស៍ សង្កត់ធ្ងន់ថា ភាពព្រងើយកន្តើយបែបនេះ នាំឱ្យគេគិតថា រដ្ឋាភិបាលកម្ពុជា និងថៃ មានជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនលោក វ៉ាន់ឆាឡឺម នេះ។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ មានវ័យ ៣៧ឆ្នាំ ត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់ពង្រត់ កាលពីម៉ោងជាង៤ល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងពេលដែលលោកកំពុងដើរតាមផ្លូវទៅទិញម្ហូបអាហារនៅមុខខុនដូ ស្នាក់នៅរបស់លោកឈ្មោះ មេគង្គ ហ្គាឌិន (Mekong Garden)នៅក្នុងទីក្រុងភ្នំពេញ។អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ អះអាងថា មានសាក្សីជាច្រើននាក់ បានឃើញបុរសប្រមាណបីទៅបួននាក់ បានចាប់រុញលោក វ៉ាន់ ឆាឡឺម ចូលក្នុងរថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ (Toyota Highlander)ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា 2X2307 ហើយបើកយ៉ាងលឿនចេញទៅបាត់តែម្តង។ អ្នករិះគន់រដ្ឋាភិបាលថៃរូបនេះ បានរត់គេចចេញពីប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីរដ្ឋប្រហារយោធា ឆ្នាំ២០១៤ និងបានរស់នៅនិរទេសខ្លួនក្នុងប្រទេសកម្ពុជា ហើយលោកនៅតែបន្តរិះគន់រដ្ឋាភិបាលថៃនៅលើទំព័របណ្ដាញសង្គមរបស់គាត់។
កាលពីខែធ្នូ ឆ្នាំ២០២០ បងស្រីរបស់លោក គឺលោកស្រី ស៊ីថាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) និងក្រុមមេធាវីការពារក្តីរបស់គាត់ បានចូលទៅបំភ្លឺនៅមុខចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ ដើម្បីជំរុញឱ្យមានការរកយុត្តិធម៌ជូនប្អូនប្រុស។ លោកស្រី បានដាក់ភស្តុតាងជាឯកសារចំនួន ១៧៧ទំព័រ និងផ្តល់សក្ខីកម្ម ជាច្រើន ដែលបង្ហាញថា លោក វ៉ាន់ឆាឡឺម បានស្នាក់នៅភ្នំពេញពេលត្រូវបានគេចាប់ជំរិត។
ទោះជាបែបនេះក្តីមេធាវីការពារក្ដីឱ្យបងស្រីលោក វ៉ាន់ឆាឡឺម គឺលោក សំ ចំរើន ថ្លែងថា ចាប់តាំងពីថ្ងៃបងស្រីជនរងគ្រោះចូលបំភ្លឺ និងថ្ងៃដាក់ឯកសារនោះមក តុលាការ មិនដែលបានកោះហៅទៅបំភ្លឺជាថ្មី ឬជូនដំណឹងអំពីលទ្ធផលនៃដំណើរការស៊ើបអង្កេតនោះទេ។ លោកបន្តថា កន្លងមក លោកធ្លាប់បានដាក់លិខិតស្នើសុំបំពេញកិច្ចមួយចំនួនទៅតុលាការដែរ ហើយពេលនោះចៅក្រុមស៊ើបសួរ បានបញ្ជាក់ផ្ទាល់មាត់ថា គាត់បានចេញដីកាបង្គាប់ឲ្យស៊ើបជំនួសមួយរួចហើយ ប៉ុន្តែបដិសេធក្នុងការបង្ហាញដីកានោះ។ មេធាវីរូបនេះ បញ្ជាក់ថា ពេលនេះ លោកកំពុងព្យាយាមស្នើសុំពិនិត្យមើលដីកាបង្គាប់ឲ្យស៊ើបសួរនោះ ដើម្បីដឹងឲ្យច្បាស់ថា តើសមត្ថកិច្ចក្នុងស្ថាប័នណាមួយជាអ្នកទទួលបន្ទុកស៊ើបសួរ ហើយស៊ើបសួរលើចំណុចអ្វីខ្លះ៖ «យើងកាលណាឯកសារមួយចំនួនក្នុងនាមជាមេធាវី ហើយមានវិជ្ជាជីវៈធម្មតាអាចពិនិត្យឯកសារសំណុំរឿងដោយពេញលេញនិងដោយគ្រប់ជ្រុងជ្រោយ។ អ៊ីចឹងទៅ អត់បានពិនិត្យឯកសារមួយចំនួនយើង ជាមេធាវីរបស់ជនរងគ្រោះ បារម្ភខ្លាចដំណើរការវាអត់បានប្រព្រឹត្តទៅបានរលូន ម៉ត់ចត់ និងមានប្រសិទ្ធភាព ។ យើងជាមេធាវីក៏មានព្រួយបារម្ភដែរលើការយឺតយ៉ាវ ឬលើប្រសិទ្ធភាពនៃការស៊ើបសួរ»។
ទាក់ទងករណីនេះ អ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញ លោក សាន សុខសីហា បដិសេធក្នុងការឆ្លើយតប ដោយលោកបង្វែរឲ្យសាកសួរទៅខាងអគ្គស្នងការដ្ឋាននគរបាលជាតិវិញ៖ «ដូចខ្ញុំបញ្ជាក់អ៊ីចឹង ថា សូមឲ្យជួយសួរទៅខាងអគ្គស្នងការនគរបាលជាតិ ព្រោះការងារនេះនៅខាងលើគេអ្នកធ្វើការងារនេះ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ជាច្រើនលើក ប៉ុន្តែទូរស័ព្ទចូលពុំមានអ្នកទទួលនោះទេ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោកយល់ស្របចំពោះការលើកឡើងរបស់អង្គការយូមែន រ៉ៃត៍ វច្ឆ ព្រោះករណីរបស់លោក វ៉ាន់ ឆាឡឺម បានកើតឡើងមួយឆ្នាំទៅហើយ ប៉ុន្តែអាជ្ញាធរកម្ពុជាទាំងនៅដំណាក់កាលនគរបាលយុត្តិធម៌ និងរហូតចូលដល់ស្ថាប័នតុលាការ ក៏នៅមិនទាន់បំភ្លឺករណីនេះឱ្យបានច្បាស់លាស់ ជាពិសេសអំពីដំណើរការ និងលទ្ធផលស៊ើបអង្កេត ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះមានទំនុកចិត្តនោះទេ។ លោក យល់ថា អាជ្ញាធរកម្ពុជា គួរតែបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងអ្នកជំនាញឯករាជ្យ ដើម្បីឱ្យសាធារណជន និងសហគមន៍អន្តរជាតិ អាចជឿទុកចិត្តបាន និងបញ្ជៀសការរិះគន់ ឬការចោទប្រកាន់ផ្សេងៗ៖ «ចង់មិនចង់គេមានការរិះគន់អ៊ីចឹងហើយ ក៏ប៉ុន្តែបើសិនខាងកម្ពុជាយើង មិនចង់ឲ្យមានការរិះគន់គឺទាល់តែខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ហើយបង្ហាញទៅក្រុមគ្រួសារ ឬក៏សាធារណជនថា ខ្លួនបានធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់ហើយក្នុងលក្ខណៈណាមួយដែលគេជឿទុកចិត្តបាន ប៉ុន្តែយើងឃើញហើយដូចអត់មានឃើញអ្វីជាដុំកំភួនសោះ»។
កន្លងមក ស្ថាប័នជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏ខ្វាយខ្វល់យ៉ាងខ្លាំងអំពីជោគវាសនារបស់លោក វ៉ាន់ ឆាឡឺម និងបានផ្ញើលិខិតផ្លូវការចំនួន២លើកជូនរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំឲ្យផ្តល់ព័ត៌មានទាំងឡាយជុំវិញការបាត់ខ្លួនសកម្មជនថៃរូបនេះនៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាមិនបានឆ្លើយតបទៅនឹងសំណើនោះនៅឡើយទេ។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊េដ អាដាមស៍ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជានិងថៃ មិនអាចលុបបំបាត់នូវអ្វីដែលបានកើតឡើងចំពោះ លោក វ៉ាន់ឆាឡឺម បានឡើយ។ លោក អំពាវនាវដល់រដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយទាំងឡាយ ត្រូវតែដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន និងរដ្ឋាភិបាលថៃ ឱ្យដាក់ចេញនូវវិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីស្វែងរកលោក វ៉ាន់ឆាឡឺម និងផ្តល់យុត្តិធម៌សម្រាប់គាត់ និងគ្រួសាររបស់គាត់៕
No comments:
Post a Comment