ដោយ មួង ណារ៉េត
2021-06-06 rfa
(ឆ្វេង) លោក សម រង្ស៊ី បង្ហាញនាឡិកាដៃម៉ាកកាស្យូ (Casio) របស់លោក ដែលមានតម្លៃពិតត្រឹម៥ និងនាឡិកាដៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភារិយា ដែលមានតម្លៃរាប់លានដុល្លារ។
រូប៖ គេផ្ដល់ឱ្យ
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិបានបិទបញ្ចប់យុទ្ធនាការលក់ប័ណ្ណនាឡិកាប្រមូលថវិកាជួយពលរដ្ឋក្រីក្រ រងគ្រោះពីវិបត្តិជំងឺកូវីដ-១៩ ដោយទទួលបានថវិកាសរុបជាង ២២ ម៉ឺនដុល្លារ (២២ ៨១៨០ដុល្លារ)។
លោក សម រង្ស៊ី ថ្លែងនៅថ្ងៃបិទបញ្ចប់យុទ្ធនាការកាលពីថ្ងៃទី៦ ខែមិថុនា ថានាឡិកាដៃម៉ាកកាស្យូ (Casio) របស់លោក ដែលមានតម្លៃពិតត្រឹម៥ ដុល្លារនោះបានក្លាយជានាឡិកាកាស្យូ ដែលថ្លៃជាងគេបំផុត។ លោកថា លទ្ធផលយុទ្ធនាការនេះបង្ហាញពីទឹកចិត្តសប្បុរសរបស់ពលរដ្ឋរស់នៅក្រៅប្រទេស ដែលបានចំណាយថវិកាផ្ទាល់ខ្លួនជួយទៅដល់អ្នកទីទ័លកំពុងត្រូវការជំនួយក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩៖ «ជាថវិកាក្ដីជាស្បៀងអាហារក្ដី គឺខ្ញុំចង់បានប្រសិទ្ធភាពធ្វើម៉េចលៃលក ធ្វើម៉េចធានាឱ្យជំនួយរបស់យើងបានទៅដល់ដៃពលរដ្ឋដែលកំពុងតែខ្វះខាត គឺអត់មានលក្ខខ័ណ្ឌនយោបាយទេ គឺអត់មានរើសមុខ អត់មាននិយាយចូលរឿងនយោបាយអីទេ គឺអត់ទាល់តែសោះ។ ហើយយើងធ្វើនេះតាមរូបភាពអនាមិកគឺអត់មានចេញឈ្មោះបុគ្គល ក៏អត់ចេញឈ្មោះ គណបក្សក៏អត់ចេញឈ្មោះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ថាអាជ្ញាធរគណបក្សប្រជាជនស្ដាប់តាមបញ្ជាតាមរដ្ឋអំនាចលោក ហ៊ុន សែន តែឃើញថា គេឱ្យយើងធ្វើដោយយើងមិនប្រកាន់គោលនយោបាយពីគណបក្សណាទេ គឺយើងធ្វើនេះ ដោយសប្បុរសធម៌សុទ្ធសាធ»។
បើតាមលោក សម រង្ស៊ី មកដល់ពេលនេះក្រុមការងារបានចែកជំនួយជាស្បៀងអាហារ និងថវិកាទៅពលរដ្ឋចំនួនជិត ១ពាន់ ៨រយគ្រួសារ (១៧៨៧) នៅក្នុងខេត្តចំនួន៦រួចហើយ។ លោកថា ការងារចែកស្បៀង និងថវិកាដល់ពលរដ្ឋនេះនឹងបន្តរហូតដល់អស់ថវិកា ដែលប្រមូលបាន។
យុទ្ធនាការលក់ប័ណ្ណនាឡិកាលោក សម រង្ស៊ី បានចាប់ផ្ដើមកាលពីថ្ងែទី១៦ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនា ដោយលក់បានប័ណ្ណសរុបចំនួនជាង៤ម៉ឺន៥ពាន់បណ្ណ (៤៥៦៣៦) និងប្រមូលបានទឹកប្រាក់សរុបជាង ២២ ម៉ឺនដុល្លារ។ ប័ណ្ណនាឡិកាមួយសន្លឹកមានតម្លៃ៥ដុល្លារ។ អ្នកទិញប័ណ្ណតែម្នាក់គត់ ដែលអាចមានឱកាសបាននាឡិកាដៃរបស់លោក សម រង្សី ដែលបានដាក់លក់ តាមរយៈការចាប់លេខសន្លឹកប័ណ្ណ។ គណៈកម្មការរៀបចំយុទ្ធនាការលក់បណ្ណនាឡិកា លោក សម រង្ស៊ី អះអាងថាអ្នកទិញប័ណ្ណភាគច្រើនជាអ្នកនៅក្រៅប្រទេស ដែលចង់ចូលរួមជួយពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ។
ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការគណៈកម្មការបញ្ជាក់ថា បានរកឃើញអ្នកដែលនឹងទទួលបាននាឡិកាដៃលោក សម រង្ស៊ី គឺជាពលរដ្ឋខ្មែររស់នៅរដ្ឋកាលីហ្វនីញ៉ា (California) សហរដ្ឋអាមេរិក។
លោក សម រង្ស៊ី បានធ្វើយុទ្ធនាការលក់នាឡិកា ដៃម៉ាកកាស្យូនេះ ក្រោយពេលលោកជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លក់នាឡិកាដៃទំនើបៗ របស់លោកជាច្រើនគ្រឿង ដែលមានតម្លៃសរុបរហូតដល់រាប់លានដុល្លារ ដើម្បីយកលុយទាំងនោះមកជួយពលរដ្ឋក្រីក្រនៅតំបន់ដែលអាជ្ញាធរបិទខ្ទប់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕
1 comment:
How can Ah Kwack Kikilou with Mi Kanhchrouk Khmauch Chhao Bun Rany ?
Post a Comment