Monday 7 June 2021

សាច់​ញាតិ រំពឹង​មាន​​ការ​​ដោះលែង​​​​​អ្នក​ជាប់​ឃុំក្រោយ​ពី​​តំណាង UN នៅ​​កម្ពុជា លើក​ឡើង​​ពី​​បញ្ហា​ចង្អៀត​ណែន​​ក្នុង​​ពន្ធនាគារ​


ដោយ ជាតិ ចំណាន
2021-06-07 rfa
សាច់​ញាតិ រំពឹង​មាន​​ការ​​ដោះលែង​​​​​អ្នក​ជាប់​ឃុំក្រោយ​ពី​​តំណាង UN នៅ​​កម្ពុជា លើក​ឡើង​​ពី​​បញ្ហា​ចង្អៀត​ណែន​​ក្នុង​​ពន្ធនាគារ​​ 

ពន្ធនាគារខេត្តព្រះសីហនុដែលមានអ្នកទោសឆ្លងជំងឺកូវីដ១៩នាពេលកន្លងមក។
រូប៖ ពន្ធនាគារខេត្តព្រះសីហនុ។


អាជ្ញាធរ​មាន​សមត្ថកិច្ច​ នៅ​តែ​មិន​ទាន់​បង្ហាញ​​ផែនការ​ជាក់លាក់​ណាមួយ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​កូវីដ​១៩ តាម​ពន្ធនាគារ និងនៅ​តែ​មិន​ព្រម​ឲ្យ​​អ្នក​ជាប់​​ឃុំ​ អាច​​ទូរស័ព្ទ​មក​ប្រាប់​​ដំណឹង​ពី​​សុខ​ទុក្ខ​របស់​​ដល់​​សាច់​ញាតិ​ឡើយ​​។

ប្រពន្ធ​របស់​​សកម្មជន​បក្ស​ប្រឆាំង​​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​លោក ព្រៅ ចាន់ធឿន​ គឺលោក​ស្រី តឹក សុខឡន មិន​ដែល​ទទួល​បាន​ដំណឹង​សុខ​ទុក្ខ​ប្ដី​ ពី​ក្នុង​ពន្ធនាគារ​​ខេត្ត​​នេះ​​ទេ ចាប់​តាំង​ពី​​នគរបាល​​ចាប់​ខ្លួនពី​ពាក់​កណ្ដាល​ខែ​មករា​មក​។

លោកស្រីបារម្ភ​ថា ប្ដី​របស់​លោកស្រី នឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ក្នុង​​ពន្ធនាគារ ព្រោះ​លោក ព្រៅ ចាន់ធឿន មាន​ជំងឺ​ប្រចាំ​កាយ ​និង​​​ពិការ​ភ្នែក ​(ឆ្វេង) ​មួយ​ចំហៀង។ លោកស្រី តឹក សុខឡន ស្នើសុំ​ក្រសួង​យុត្តិធម៌​ អន្តរាគមន៍​ជួយ​ដោះលែង​ប្ដីរបស់លោកស្រីឲ្យ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ចៀសវាង​និងកាត់​បន្ថយ​ហានិភ័យ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ពន្ធនាគារ៖ «ខ្ញុំ​ចេះ​តែ​ព្រួយ​បារម្ភ ខ្លាច​តែ​ក្នុង​ពន្ធនាគារ​ឆ្លង​កូវីដ ព្រោះ​អ្វី​ចង្អៀត​ណែន​តាន់តាប់។​ គ្មាន​កន្លែង​ណា​ស្រួល​ទេ ព្រោះ​លេង​មួយ​បន្ទប់ៗ ឡើង​ណែនៗ។ យើង​នៅ​ក្រៅ​ម្ដេច យើង​នៅ​ឃ្លាត​គ្នាមួយ​ម៉ែត្រ ទៅ​ពីរ​ម៉ែត្រ នៅ​តែ​យើង​ព្រួយ​បារម្ភ។ ចុះ​ចំពោះ​គាត់​នោះ នៅ​ក្នុង​ពន្ធនាគារ​ មិន​ដឹង​ចង្អៀត​​ប៉ុណ្ណា មិន​ដឹង​ពិបាក​ប៉ុណ្ណា ទឹក​មុជ បាយ​ម្ហូប​ មិន​ដឹង​របៀប​ម្ដេច! ខ្ញុំ​ព្រួយ​បារម្ភ​ណាស់​បង តែ​ខ្ញុំ​មិន​ដឹង​ថាធ្វើ​ម្ដេច»​។​


ចំណែក​​សាច់​ញាតិ​របស់​សកម្មជន​សង្គម​​វិញ ក៏​សម្ដែង​ការ​សោកស្ដាយ ដែលរដ្ឋាភិបាល បន្ត​ឃុំ​ខ្លួន​មនុស្ស​ច្រើន និង​​មិន​ខ្វាយខ្វល់​ពី​​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​​​សព្វ​ថ្ងៃ​នេះ​ដែរ​។

​​​​​​​​ម្ដាយ​​របស់​​សកម្មជន​បរិស្ថាន​កញ្ញា ភួន កែវ​រស្មី គឺលោកស្រី វង់ ម៉ានិត ប្រាប់​ថា លោកស្រីព្រួយ​បារម្ភ​​ពី​សុខ​ទុក្ខ​កូន​ស្រី នៅ​ក្នុង​ពន្ធនាគារ​ព្រៃសខ្លាំង​ណាស់​​។ ​ច្រើន​ខែ​ហើយ ដែល​ស្ត្រី​ជា​ម្ដាយ​រូប​នេះ​ មិន​ដែល​បាន​​ជួប​មុខ​ ឬ​​លឺ​សំឡេង​កូនស្រី​​ ហើយ​លោកស្រី ក៏​​មិន​ដឹង​​សុខ​ទុក្ខ​កូន​នៅ​​ក្នុង​ពន្ធនាគារ​យ៉ាង​ណា​​ហើយ​ដែរ។

លោកស្រីទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ចដោះលែង​កូន​ស្រី ​និង​​សកម្មជន​សង្គម​ទាំង​អស់ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន និង​ដើម្បី​ឲ្យ​ពួកគេ​​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើងវិញ៖ «កាល​ពី​មុន​មួយ​ខែ ទៅ​ជួប​កូន​២ដង។ តាំង​ពី​ថ្ងៃ​២០​ កុម្ភៈ ​មក ទទេ​សូន្យ។ សូម្បី​តែ​ថ្ងៃ​ឡើង​​តុលាការ ក៏​អត់​បាន​ទៅ​ជួប។ គេ​អត់​ឲ្យ​ចូល​ទេ គេ​ខ្លាច​កូវីដ​។ អ៊ីចឹង​ទេ អត់​បាន​ជួប​កូន ហើយ​គេ​យក​ទៅ​បាត់​ គ្មាន​បាន​ឃើញ​អ្វី​ផង»។

សំណើ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេលដែល​ តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​អ្នកស្រី ផូលីន តាមេស៊ីស (PAULINE TAMESIS) ​​និង​តំណាង​អង្គការ​យូនីសែស​ (UNICEF)​ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌លោក កើត​ រិទ្ធិ​ កាល​ពី​ថ្ងៃ​ទី​០៣ ខែមិថុនា ​​ដើម្បីដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី​ ខេត្ត និង​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​​ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​។

អាស៊ី​សេរីមិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែមពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ជុំវិញ​កិច្ច​ពិភាក្សា​គ្នា​នោះ។ អាស៊ី​សេរី ក៏​មិន​អាច​សុំ​​ការ​បញ្ជាក់​ពី​​បច្ចុប្បន្នភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ តាម​ពន្ធនាគារ​ពី​​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារលោក នុត សាវនា បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​យ៉ាង​ណា សង្គម​ស៊ីវិលគាំទ្រ​​​​ជំនួប ​ដែល​​មាន​ការ​លើក​ឡើង​ពី​ដំណោះស្រាយ​សម្រាប់​​បញ្ហា​ប្រឈម​​ក្នុង​ពន្ធនាគារ​។ នាយក​រង​អង្គការ​លីកាដូ​ ទទួល​បន្ទុក​​​ផ្នែក​​​សិទ្ធិ​មនុស្ស​​លោក អំ សំអាត សង្កេត​ឃើញ​​ថា ​​ព័ត៌មាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ពន្ធនាគារ​ មិន​ទាន់​មាន​តម្លាភាព​ទេ។ តែ​យ៉ាង​ណា លោក​យល់​ថា ស្ថានភាព​​នេះ មាន​​ហានិភ័យ​​ខ្ពស់ សម្រាប់​អ្នក​ជាប់​ឃុំ។ លោក អំ សំអាត​ នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ អនុវត្ត​ការ​កាត់​បន្ថយ​ចំនួន​​អ្នក​ជាប់​ឃុំ ក្នុង​ពន្ធនាគារ​ ឲ្យ​បាន​លឿន​បំផុត តាម​ការ​ដែល​អាច​ធ្វើ​បាន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ​១៩ ​នៅ​​តាម​ពន្ធនាគារ៖ «ដោយសារ​តែ​យើង​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់ ហើយ​ព័ត៌មាន​​តម្លាភាព​ពី​ការ​ទទួល​បាន​ អ៊ីចឹង​ហើយ បាន​ជា​អង្គការ​សង្គម​ស៊ីវិល ចង់​ឲ្យ​មាន​ព័ត៌មាន​តម្លាភាព​ទៅ ដើម្បី​ទី​១ វា​អាច​នឹង​អ្នក​ដែល​អង្គការ​​អន្តរជាតិ ឬ​ក៏​ស្ថាប័ន​ ដែល​ចង់​ជួយ​ គេ​មាន​ព័ត៌មាន​គ្រប់គ្រាន់។ ទី​២ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ ដែល​ជាប់​ឃុំ​នោះ គេ​មាន​ការ​បារម្ភ ដោយសារ​តែ​គ្មាន​ព័ត៌មាន​នោះ​»។

ជាមួយ​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២០ ​ផ្សេង​ទៀត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា កាល​ពី​ថ្ងៃ​ទី​៤ ខែមិថុនា ​ស្នើសុំ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​អស់​ចេញ​ពី​ពន្ធនាគារ។ អង្គការ​សមាគម​ទាំង​នោះយល់​ថា ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ តាម​ពន្ធនាគារ​ពេល​នេះ បណ្ដាល​ឲ្យ​​អ្នក​ទោស​ទាំង​អស់​​ប៉ះពាល់​​ទាំង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ​។​

ម្យ៉ាង​ទៀតអ្នក​ជាប់​ឃុំ​​​តាម​​ពន្ធនាគារ ​មិន​អាច​អនុវត្ត​គោល​ការណ៍ ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដូច​ជា ការ​ថែរក្សា​អនាម័យ ឬ​​ការ​រក្សា​គម្លាត​​សុវត្ថិភាព​បាន​ទេ ព្រោះ​តែ​មាន​អ្នក​​ជាប់​ឃុំ​ណែន​ចង្អៀត​គ្នា។ គិត​ត្រឹម​​ដើម​ខែ​មិថុនា អាជ្ញាធរ​​រក​ឃើញ​​ថា មាន​ពន្ធនាគារ​ចំនួន ​៦ ត្រូវ​បាន​រក​ឃើញ​ជន​ជាប់​ឃុំ​ឆ្លង​ជំងឺ​កូវីដ​១៩។ ទោះ​យ៉ាង​ជា​​ណា កន្លង​មន្រ្តី​ជាន់​ខ្ពស់​គ្រប់គ្រង​ពន្ធនាគារ ធ្លាប់​បដិសេធ​សំណើ​ដោះលែង​អ្នក​ជាប់​ឃុំ និង​​អះអាង​ថា រដ្ឋាភិបាល​អាច​គ្រប់គ្រង​ស្ថាន​ការណ៍​ក្នុង​​ពន្ធនាគារ​បាន ដោយដាក់អ្នកឆ្លងជំងឺកូវីដដាច់ដោយឡែក។ ប៉ុន្ត​ សាច់​ញាតិ​របស់​អ្នក​ជាប់​ឃុំ និង​សង្គម​ស៊ីវិល មិន​ជឿជាក់​លើ​ការ​អះអាង​នេះ​ទេ ពីព្រោះដាក់អ្នកកើតជំងឺកូវីដដាច់ដោយឡែករបៀបម៉េច បើអគារក្នុងគុកទាំងអស់ចង្អៀតណែនហើយនោះ៕​

1 comment:

Anonymous said...

More Khmer people need to show their courage to protect Cambodia's interest and let Ah Kwack Hun Sen imprison them to overcrowd the prison, forcing Ah one eyed monster Hun Sen to free them.