ដោយ សន ចាន់រដ្ឋា
2021-06-05 rfa
រូបតំណាងទិវាបរិស្ថានពិភពលោក ដែលបង្ហោះលើបណ្ដាញទ្វីតធ័រ (Twitter) របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy)។
Photo Courtesy
ក្រុមសង្គមស៊ីវិល និងសកម្មជនបរិស្ថាន រួមគ្នាប្រារព្ធទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥ មិថុនា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន និងជំរុញឲ្យរដ្ឋាភិបាល បើកលំហសេរីភាពឲ្យប្រជាពលរដ្ឋ ចូលរួមកិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន។ ពួកគាត់លើកឡើងថា ការកាប់បំផ្លាញព្រៃឈើគឺជាមូលដ្ឋានចម្បងដែលធ្វើឲ្យប៉ះពាល់បរិស្ថាននៅកម្ពុជា ដោយសារតែការអនុវត្តច្បាប់មានភាពធូររលុង ខណៈមន្ត្រីអាជ្ញាធរមានការជាប់ពាក់ព័ន្ធនៅក្នុងបទល្មើសនេះ។
ក្រុមអង្គការ សមាគម និងសហគមន៍មូលដ្ឋានចំនួន១២ស្ថាប័ន រួមទាំងក្រុមនិស្សិត ប្រារព្ធទិវាបរិស្ថានពិភពលោក តាមបណ្ដាញសង្គម នៅថ្ងៃទី៥ ខែមិថុនា ក្រោមប្រធានបទ «បរិស្ថាន ជាបញ្ហាសកលដែលគ្រប់គ្នាមានសិទ្ធិ និងករណីកិច្ចចូលរួមការពារថែរក្សាប្រកបដោយបរិយាប័ន្ន»។សកម្មជនបរិស្ថាន បានប្រើប្រាស់វេទិកានេះភាគច្រើនជជែក និងរិះគន់អាជ្ញាធររដ្ឋាភិបាលរឿងវិនាសកម្មព្រៃឈើនៅកម្ពុជា ការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនសកម្មជនបរិស្ថាន ព្រមទាំងទទូចឲ្យរដ្ឋាភិបាល បើកទូលាយឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរ រួមគ្នាទប់ស្កាត់គ្រប់បទល្មើសកាប់បំផ្លាញព្រៃឈើ និងសកម្មភាពទាំងឡាយណាដែលបង្កផលប៉ះពាល់ចំពោះបរិស្ថាន។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ ថ្លែងថា កម្ពុជាមានបញ្ហាបរិស្ថានជាច្រើនបានកើតឡើងដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅជនបទ និងនៅទីក្រុង។ លោកពិនិត្យឃើញថា ការកាប់បំផ្លាញព្រៃឈើយ៉ាងគំហុក ការលុបបឹងធម្មជាតិ ដើម្បីយកដីអភិវឌ្ឍ ព្រមទាំងការទាញយកធនធានធម្មជាតិនានាដូចជាបូមខ្សាច់ និងធនធានរ៉ែ ដោយគ្មានការវាយតម្លៃពីផលប៉ះពាល់ត្រឹមត្រូវ កំពុងក្លាយជាបញ្ហាចម្បងដែលធ្វើឲ្យប៉ះពាល់ធំធេងដល់បរិស្ថាន។ លោក អ៊ុល វ៉ាន់ បន្ថែមថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការកាប់បំផ្លាញព្រៃឈើ កាន់តែកើនឡើង ថែមទៀត ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ និងក្រោយពេលរដ្ឋាភិបាល ហាមឃាត់មិនឲ្យប្រជាពលរដ្ឋ ចុះល្បាតនៅតាមតំបន់ការពារ៖ «យើងមើលឃើញថា សកម្មភាពនៃការរឹតត្បិតពីសំណាក់អាជ្ញាធរ និងរដ្ឋាភិបាលនេះ ជាការរួមចំណែកធ្វើឲ្យបទល្មើសព្រៃឈើកើតមានឡើង ដោយសារតែអវត្តមានសកម្មជនបរិស្ថាន អង្គការសង្គមស៊ីវិល និងយុវជន មិនអាចចូលរួមសកម្មភាពការពារព្រៃបាន។ បញ្ហាទី២យើងមើលឃើញថា ការលុបនូវប្រភពទឹក នៅក្នុងតំបន់ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលយើងមើលឃើញថា មួយរយៈ ចុងក្រោយនេះពេលដែលមានភ្លៀងធ្លាក់អីម្តងៗ តែងមានទឹកជំនន់ និងទឹកលិចផ្លូវ ហើយប៉ះពាល់ប្រជាពលរដ្ឋ»។
ស្រដៀងគ្នានេះ នាយកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលជាវាគ្មិនក្នុងវេទិកានេះ មានប្រសាសន៍ថា អ្នកស្រី សោកស្តាយដែលអាជ្ញាធររដ្ឋាភិបាលព្យាយាមរារាំងមិនឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមកិច្ចការពារបរិស្ថាន និងចុះល្បាតព្រៃឈើនៅតំបន់ការពារ ដែលទង្វើនេះផ្ទុយពីស្មារតីនៃច្បាប់កំពូលរបស់ជាតិ។ អ្នកស្រីយល់ថា ការចូលរួមទាំងអស់គ្នាក្នុងកិច្ចការពារបរិស្ថាន និងធនធម្មជាតិ គឺជារឿងចាំបាច់បំផុត ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលកំពុងធ្វើឲ្យប្រទេសកម្ពុជារងគ្រោះពីការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ៖ «មិនមែនតែកម្ពុជាយើងទេ តែនៅលើពិភពលោកនេះ មានបញ្ហាពីរសំខាន់ បើយើងគិតដូចគណិតទី១ គឺផលដក បានន័យថា យើងនាំគ្នា កាប់ព្រៃឈើ យើងលុបបឹងលុបទន្លេ លុបសមុទ្រ បំផ្លាញភ្នំជាដើម គឺយើងដកចេញ ឬជាផលដក ប៉ុន្តែយើងក៏មានផលបូកដែរ គឺមិនមែនបូកឲ្យចំណេញទេ គឺបូកប្រើគីមី បង្កជាកាកសំណល់ផ្សេងៗហើយការចោលសំរាម។ល។ គឺយើងនាំគ្នាផ្តល់ផលបូកទៅលើភពផែនដី ហើយជាផលជះមកវិញ ជាពិសេសកម្ពុជាយើង ប៉ុន្មានឆ្នាំនេះ បម្រែបម្រួលអាកាសធាតុចាប់ផ្តើមកើតឡើងហើយ»។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវ និងទីប្រឹក្សាឯករាជ្យផ្នែកធនធានជម្មជាតិ និងបម្រែបម្រួលអាកាសធាតុ លោក ហែម ឧត្តម លើកឡើងថា ការចូលរួមការពារធនធានធម្មជាតិ និងបរិស្ថាន ត្រូវបានគាំទ្រដោយច្បាប់ ប៉ុន្តែលោកសោកស្តាយដែលអាជ្ញាធររដ្ឋាភិបាល បកស្រាយច្បាប់មិនត្រឹមត្រូវ ធ្វើឲ្យអ្នកការពារបរិស្ថានភ័យខ្លាច និងមានការធ្វើទុក្ខបុកម្នេញលើសកម្មជនដែលខិតខំចូលរួមការពារបរិស្ថានជាដើម។ លើសពីនេះ លោកសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជា និងអ្នកជំនួញហាក់ឲ្យតម្លៃតែលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច ប៉ុន្តែមិនបានគិតគួរអំពីផលប៉ះពាល់អវិជ្ជមានដែលផ្តើមចេញពីការដកហូតធនធានធម្មជាតិលើសកម្រិតក្រោមស្លាកអភិវឌ្ឍន៍នោះទេ៖ «ដល់ពេលវេលាដែលយើងគិតថា នៅពេលយើង អភិវឌ្ឍដោយទាញយកធនធានយ៉ាងគំហុក តើវាផ្តល់ប៉ះពាល់អវិជ្ជមានអីខ្លះ មកដល់យើងហើយផលប៉ះពាល់អវិជ្ជមានទាំងអស់នោះ ក៏ជាតម្លៃលុយដូចគ្នាដែរ ហើយការខាតបង់មួយចំនួន វាអត់អាចគិតជាតម្លៃលុយទៅទៀត។ ឧទាហរណ៍ថា ដូចជាការបាត់នូវជីវចម្រុះ ការបាត់បង់ប្រពៃណី ជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិច ហើយអ្វីទាំងអស់នេះ យើងនឹងបាត់បង់ជារៀងរហូត»។
ក្រសួងបរិស្ថាន ក៏បានប្រារព្ធទិវាបរិស្ថានដាច់ដោយឡែកមួយផ្សេងទៀតផងដែរ ក្រោមប្រធានបទ«ជីវចម្រុះ និងសុខភាពមនុស្ស» ប៉ុន្តែក្រសួងមួយនេះ មិនបានលើកឡើងពីការកាប់បំផ្លាញព្រៃឈើនោះទេ។ ក្រសួងបរិស្ថាន បានយកឱកាសនេះ បង្ហោះបទចម្រៀងទាក់ទងនឹងបរិស្ថាននៅលើបណ្តាញហ្វេសប៊ុក (Facebook) និងចុះដាំកូនឈើនៅខេត្តត្បូងឃ្មុំ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនបានទេ ដោយទូរស័ព្ទចូលពំមានអ្នកទទួល។ ប៉ុន្តែលោក នេត្រ ភក្ត្រា បានថ្លែងសារគន្លឹះរយៈពេលជាង៥នាទី នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានថា ក្នុងទិវាបរិស្ថាននេះ លោកអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគិត បង្កើតថ្មី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងអភិរក្សជីវចម្រុះដែលកម្ពុជាមាន។ លោកបន្តថា ប្រជាពលរដ្ឋអាចចូលរួមដាំដើមឈើ ធ្វើឲ្យទីក្រុងមានភាពបៃតង ផ្លាស់ប្ដូរទម្លាប់ចំពោះបរិស្ថាន និងចូលរួមធ្វើអនាម័យបរិស្ថានជាដើម៖ «យើងជាជំនាន់ដែលរស់នៅប្រកបដោយសេចក្តីសុខជាមួយនឹងធម្មជាតិដូច្នេះយើងត្រូវចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជីវចម្រុះ ព្រោះជីវិតមនុស្ស សុខភាពមនុស្ស មិនអាចកាត់ផ្ដាច់ចេញពីធម្មជាតិ ជីវចម្រុះបានឡើយ។ ប្រសិនបើធម្មជាតិបាត់បង់ អនាគតមនុស្សជាតិ នឹងមិនឋិតថេរ។ ដូច្នេះយើងត្រូវទទួលស្គាល់នូវចំណងទំនាក់ទំនងរវាងគុណភាពធម្មជាតិ និងសុខភាព និងសុខុមាលភាពមនុស្សជាតិ ហើយត្រូវចូលរួមចំណែកការពារ និងអភិរក្សនូវធនធានធម្មជាតិ និងជីវចម្រុះគ្រប់ប្រភេទដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។
ទោះជាលោក នេត្រ ភក្ត្រា អំពាវនាវបែបនេះក្តី ក៏មកដល់ពេលនេះ ក្រសួងបរិស្ថាន មិនបានលុបបម្រាមរបស់ខ្លួនដែលហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យចូលល្បាតព្រៃនៅតំបន់ការពារនោះនៅឡើយទេ។ លើសពីនេះ សកម្មជនបរិស្ថានជាច្រើននាក់ បន្តរងការគំរាមកំហែង ជាប់បណ្តឹងក្នុងតុលាការ និងត្រូវអាជ្ញាធរចាប់ឃុំខ្លួនក្នុងពន្ធនាគារជាដើម ដោយសារការចូលរួមកិច្ចការពារបរិស្ថាន។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលអនុញ្ញាតជាបន្តបន្ទាប់ឲ្យក្រុមហ៊ុនឯកជនធំៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីលុបបឹងលុបទន្លេ លុបសមុទ្រ និងច្បាមយកធនធានធម្មជាតិ ព្រមទាំងបំផ្លាញព្រៃភ្នំជាដើម ក្រោមហេតុផលអភិវឌ្ឍ ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋ និងក្រុមអង្គការជាតិ-អន្តរជាតិបែបណាក្តី។
ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថាន ទាមទារឱ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធបើកចំហការចូលរួមរបស់យុវជន ប្រជាពលរដ្ឋ សង្គមស៊ីវិល និងសកម្មជនបរិស្ថាន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ស្របតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន។ ពួកគាត់ក៏អំពាវនាវឲ្យទម្លាក់បទចោទប្រកាន់ និងដោះលែងសកម្មជនមាតាធម្មជាតិ ៣នាក់កំពុងជាប់ឃុំផងដែរ៕
No comments:
Post a Comment