Saturday, 24 July 2021

ស្ថាបនិក​គណបក្ស​ថ្មី​មួយ​បារម្ភ​ពី​ការ​រឹត​បន្តឹង​សកម្មភាព​នយោបាយ​ពី​សំណាក់​បក្ស​កាន់អំណាច

 

Khmer Circle: Trying to square a circle or unashamed opportunism?

🔺🔺🔺


ដោយ ម៉ៅ សុធានី
2021-07-23 rfa
ស្ថាបនិក​គណបក្ស​ថ្មី​មួយ​បារម្ភ​ពី​ការ​រឹត​បន្តឹង​សកម្មភាព​នយោបាយ​ពី​សំណាក់​បក្ស​កាន់អំណាច 

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង។
RFA

 

មេដឹកនាំ​គណបក្ស​ថ្មី​មួយ​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា លើកឡើង​ថា បក្ស​កាន់អំណាច​ឬ​រដ្ឋាភិបាល​នៅ​រយៈពេល​ចុងក្រោយ​នេះ កំពុង​រឹតត្បិត​សិទ្ធិ​ធ្វើ​នយោបាយ​នៃ​អតីតមន្ត្រី​បក្ស​ប្រឆាំង។ ស្ថាបនិក​គណបក្ស​កំណែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បារម្ភ​ថា ការ​រឹត​បន្តឹង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​លម្ហ​សេរីភាព និង​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ស្ថាបនិក​គណបក្ស​កំណែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយ​ថា រដ្ឋាភិបាល លោក ហ៊ុន សែន មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង​លើ​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង។ លោក​ថា ក្រៅពី​ការ​រឹតត្បិត​ហើយ ថ្មីៗ ​នេះ​ក្រសួងមហាផ្ទៃ​ទើប​ព្រមាន​ពី​សកម្មភាព​ចុះ​មូលដ្ឋាន​របស់​គណបក្ស​កែទម្រង់​កម្ពុជា។ លោក​ស្នើ​ទៅ​រដ្ឋាភិបាល​បើក​លម្ហ​សិទ្ធិ​សេរី​ដល់​អ្នក​នយោបាយ​ដើម្បី​បើក​ឱកាស​ដល់​ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ឱ្យ​បាន​ទូលំទូលាយ៖ «ខ្ញុំ​មែនទែន​ដូច​ខ្ញុំ​លើកឡើង​អ៊ីចឹង ខ្ញុំ​គិតថា គណបក្ស​កាន់អំណាច​ជា​ភាគី​មួយ​ត្រូវ​ទទួល​ខុសត្រូវ​ដែរ​ត្រូវ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដូច្នេះ​លោក​ត្រូវតែ​ពិចារណា​ត្រូវតែ​បើក​លម្អ​សិទ្ធិ​សេរីភាព និង​ឈរ​លើ​ប្រជាធិបតេយ្យ​ឱ្យ​បាន​មាំទាំ​មែនទែន»។


ទាក់ទង​ដំណើរ​ការ​បើក​គណបក្ស​កំណែទម្រង់​កម្ពុជា​នេះ​ដែរ លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យ​ដឹង​ថា គណបក្ស​នឹង​បញ្ជូន​ស្នាម​មេដៃ​អ្នកគាំទ្រ​ជាង ​៤​ពាន់​នាក់ គោល​នយោបាយ​គណបក្ស និង​លក្ខន្តិកៈ​បក្ស ទៅ​ក្រសួង​មហាផ្ទៃ​នៅ​ចុង​ខែ​កក្កដា​នេះ​តាម​ការកំណត់​របស់​ក្រសួង​មហាផ្ទៃ។ ស្ថាបនិក​គណបក្ស​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា គណបក្ស​របស់​លោក​បាន​ស្នើសុំ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ជា​ប្រធាន​គណបក្ស​នេះ ហើយ​លោក ប៉ុល ហំម ក៏​យល់ព្រម​ទទួល​តាម​សំណើ​នេះ​ដែរ​។ លោក​ថា នៅ​ពេល​ក្រសួង​មហាផ្ទៃ​យល់ព្រម​ចុះបញ្ជី​ផ្លូវ​ការ​ឱ្យ​គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​លោក​នឹង​ធ្វើ​សមាជ​ដឹកនាំ​បក្ស និង​រចនាសម័្ពន្ធ​គណបក្ស៖ «ខ្ញុំ​អាច​បញ្ជាក់​ជូន​បាន​ត្រង់​ថា យើង​បាន​ដាក់​សំណើ​ជូន​ឯកឧត្តម ប៉ុល ហំម ហើយ​យើង​ឯកភាព​គ្នា​ជា​ឯក​ឆន្ទ​ទាំង​អ្នក​ក្នុង​ប្រទេស​ទាំង​អ្នក​ក្នុង​ប្រទេស យើង​ថា យើង​គួរ​សម្រេច​ដាក់​ឯកឧត្តម ប៉ុល ហំម ជា​ប្រធាន​ហើយ​បាន​ធ្វើ​សំណើ​ទៅ​ជូន​លោក​ហើយ ហើយ​លោក​ក៏បាន​សម្រេច​អឺ​អើ​មូល​មាត់​អី​មួយចំនួន​ហើយ»។

ទាក់ទង​សមាសភាព​ក្បាលម៉ាស៊ីន​គណបក្ស​ថ្មី​នេះ អាស៊ីសេរី​បាន​សុំ​ការ​អត្ថាធិប្បាយ​ពី​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ដែរ ប៉ុន្តែ​លោក​សុំ​មិនទាន់​និយាយ​អ្វី​នៅ​ពេល​នេះ​ទេ។

ជុំវិញ​ការ​ព្រួយបារម្ភ​របស់​មេដឹកនាំ​គណបក្ស​ថ្មី​នេះ អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានទេ នៅ​ថ្ងៃទី​២៣ ខែកក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល និង​ប្រព័ន្ធ​ទូរស័ព្ទ​ខ្លះ​មិន​ដំណើរការ។

ទាក់ទង​នឹង​រឿង​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​ពីរ​នាក់​ទៀត​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ គឺ​លោក​មេធាវី ជូង ជូងី និង​លោក ញឹម គឹមញ៉ុល នោះ​វិញ ពួក​លោក​ទាំងពីរ​មិន​ទាន់​ទទួល​ដំណឹង​ឆ្លើយតប​បែប​ណា​មួយ​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​ទេ ក្រោយពី​ដាក់​លិខិត​ទៅ​ក្រសួង​តាំងពី​ថ្ងៃទី២៤ មិថុនា​នោះ​មក​។ ពួក​លោក​ទាំងពីរ​គឺជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ។

ចំណែក​គណបក្ស​នយោបាយ​ដែល​មាន​មេដឹកនាំ ឬ​ស្ថាបនិក​ចេញពី​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​ត្រូវ​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​ព្រមាន និង​មានការ​រិតត្បិត​លើ​ការចុះបញ្ជី​ដែរ។

រដ្ឋមន្ត្រីក្រសួង​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង នៅ​ថ្ងៃទី​២៣ ខែកក្កដា បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​ទៅ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក ឱ្យ​បង្ហាញ​អត្តសញ្ញាណ ឬ​ប្រវត្តិ​ស្ថាបនិក​គណបក្ស​ចំនួន ៣​នាក់​ឱ្យ​បាន​ច្បាស់លាស់​។ ជាមួយ​គ្នា​នេះ លោក​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​សេចក្តី​សម្រេច​បង្កើត​គណៈកម្មាធិការ​​បណ្ដោះអាសន្ន គោល​នយោបាយ និង​កម្មវិធី​នយោបាយ​សំខាន់ៗ​ របស់​គណបក្ស​។ លោក ស ខេង ទុក​រយៈពេល ​១៥​ថ្ងៃជា​កំហិត​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​លិខិត​ជូនដំណឹង​នេះ ដើម្បី​កែសម្រួល​លក្ខន្តិកៈ​របស់​គណបក្ស និង​ត្រូវ​បំពេញបន្ថែម​នូវ​សំណុំ​ឯកសារ​ជូន​ក្រសួងមហាផ្ទៃ​។ លិខិត​ដដែល​លើកឡើង​ទៀត​ថា លក្ខន្តិកៈ​របស់​គណបក្ស​នេះ​មាន​លក្ខណៈ​ច្របូកច្របល់ និង​មិន​ស្របតាម​មាត្រា​១០ និង​មាត្រា​១៧​ថ្មី នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​ថែមទាំង​មាន​កំហុស​អក្ខរាវិរុទ្ធ​ជាច្រើន​ទៀត​ផង។​

ជុំវិញ​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ពេលនេះ អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​ស្ថាបនិក​គណបក្ស​នេះ គឺ​លោក សៀម ភ្លុក បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៣ ខែកក្កដា។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក បណ្ឌិត សេង សារី និយាយ​ថា មន្ត្រី​គណបក្សប្រឆាំង​ណា​ដែល​មិន​រណប​នឹង​គណបក្ស​កាន់អំណាច​អាច​ជួប​ការ​លំបាក​ក្នុង​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បើក​គណបក្ស​នយោបាយ។

គិត​មក​ដល់​ពេល​នេះ អតីតមន្ត្រី​បក្ស​ប្រឆាំង​បាន​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​យ៉ាង​ហោច​ណាស់ ៥​គណបក្ស ប៉ុន្តែ​គណបក្ស​ខ្លះ​ក្រសួងមហាផ្ទៃ​មិន​ទាន់​សម្រេច​ចុះបញ្ជី​ផ្លូវ​ការ​ឱ្យ​នៅ​ឡើយ​ទេ​។ នៅ​ចុង​ក្រោយ​នេះ​មាន​គណបក្ស​នយោបាយ​ថ្មី​មួយ​ទៀត ឈ្មោះ​គណបក្ស​កម្ពុជា​និយម​បាន​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ។ ទោះ​យ៉ាង​ណា​មេធាវី​លោក កឹម សុខា គឺ​លោក ផែង ហេង សរសេរ​លើ​ហ្វេសប៊ុក​ថា បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ជាតិ​រួម​ទេ ទោះ​មាន​បក្ស​ច្រើន និង​បក្ស​ល្អៗ​យ៉ាងណា ក៏​មិន​មាន​ន័យ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​ដែរ៕

1 comment:

Anonymous said...

This bastard Ou Chan Roth looks like a vicious cannibal in our era.