ដោយ ជាតិ ចំណាន
2021-08-09 rfa
លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
រូប៖ ហ្វេសប៊ុក United Nations Free & Equal
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៥រូប ជំរុញឲ្យរដ្ឋាភិបាលដោះលែងយុវជនក្រុមខ្មែរថាវរៈ និងក្រុមយុវជននៃសមាគមនិស្សិតបញ្ញវន្តខ្មែរ សរុប ៧នាក់ ហើយត្រូវបញ្ឈប់ការរំលោភបំពានសិទ្ធិសេរីភាពពលរដ្ឋបន្តទៀត។ តំណាងរដ្ឋាភិបាលច្រាលចោលការអំពាវនាវនេះ និងអះអាងដូចរាល់ដងថាការចាប់ខ្លួនទាំងឡាយគឺជាការអនុវត្តច្បាប់។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) រួមជាមួយអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួនបួនរូបទៀត មានកង្វល់ចំពោះការបន្តឃុំខ្លួនបណ្ដោះអាសន្នលើយុវជនការពារសិទ្ធិមនុស្សទាំង ៧នាក់ នៅក្នុងពន្ធនាគារបន្តទៀត។ យុវជនទាំង ៧នាក់ រួមមាន លោកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ ព្រះតេជព្រះគុណ កើត សារ៉ាយ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ លោក លោក មួង សុភ័ក្រ្ត និង លោក មាន ព្រហ្មមុនី។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំង ៥រូប ពិនិត្យឃើញថា ការបន្តឃុំខ្លួនយុវជនទាំង ៧នាក់នេះ ធ្វើឡើងដោយបំពាន និងជាការដកហូតសេរីភាពរបស់ពួកគេ ដោយគ្រាន់តែពួកគេ ធ្វើការងារស្របច្បាប់ និងដោយសន្តិវិធីរបស់ពួកគេក្នុងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅប្រទេសកម្ពុជា។ កង្វល់ និងសំណើទៅកាន់រដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងតាមរយៈលិខិតផ្លូវការមួយច្បាប់ កាលពីថ្ងៃទី១០ មិថុនា តែទើបត្រូវបានបង្ហោះជាសាធារណៈ នៅថ្ងៃទី៩ សីហា។
ក្រុមអ្នកជំនាញ សង្កត់ធ្ងន់ថា ការបន្តដកហូតសេរីភាពរបស់យុវជនទាំងនេះ គឺជាការបំពានដោយផ្ទាល់នូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់របស់ប្រទេសកម្ពុជា។ ក្រុមអ្នកជំនាញទាំង ៥រូប បញ្ជាក់ថា យុវជនទាំង ៧រូប បានជាប់ចោទក្នុងបទល្មើសមជ្ឈិម ដូច្នេះតាមនីតិវិធីច្បាប់ គឺតុលាការ មិនអាចឃុំខ្លួនលើសពី ៦ខែ ដោយមិនកាត់ទោសនោះទេ។យោងតាមច្បាប់ យុវជនទាំងនេះ គួរតែត្រូវបានដោះលែង ដោយស្វ័យប្រវត្តិ ព្រោះពួកគេជាប់ឃុំបណ្ដោះអាសន្នរយៈពេលមួយឆ្នាំមកហើយ។
លើសពីនេះ ក្រុមអ្នកជំនាញ ក៏មានក្តីកង្វល់យ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា អាជ្ញាធរនៅកម្ពុជាកំពុងកំណត់គោលដៅ គំរាមកំហែង និងដាក់ទោសទណ្ឌដល់ អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកដែលធ្វើការងារ ដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
ក្រុមអ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការបណ្ដោះអាសន្នចាំបាច់ទាំងអស់ ដើម្បីបញ្ឈប់ការរំលោភបំពានទាំងឡាយ ដែលបានលើកឡើង និងដើម្បីទប់ស្កាត់កុំឲ្យមានការកើតឡើងវិញនូវការរំលោភបំពានទាំងនោះ។
ប៉ុន្តែរដ្ឋាភិបាលមិនទទួលយកកង្វល់នេះទេ។ តំណាងរដ្ឋាភិបាលប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (Geneva)ប្រទេសស្វីស កាលពីថ្ងៃទី២៨ កក្កដា បានផ្ញើលិខិតបដិសេធចំពោះក្តីកង្វល់នេះ ដោយអះអាងថា វិធានការបង្ក្រាបនៅកម្ពុជាកន្លងមក គឺជាការអនុវត្តច្បាប់ ព្រោះយុវជនទាំងនេះ ធ្វើសកម្មភាពតវ៉ាទាមទារឲ្យដោះលែង លោក រ៉ុង ឈុន និងទទួលបានប្រាក់ឧបត្ថម្ភពីអ្នកនយោបាយមួយចំនួន។ តំណាងរដ្ឋាភិបាល បំភ្លឺទៀតថា ការបន្តឃុំខ្លួន និងពន្យារពេលសវនាការកន្លងមក មិនមែនជាការធ្វើទុក្ខបុកម្នេញនោះទេ ប៉ុន្តែដោយសាររាតត្បាតជំងឺកូវីដ១៩។
បន្ថែមពីលើនេះទៀត សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ សីហាថា ដំណើរការរឿងក្ដីលើក្រុមយុវជនទាំង ៧នាក់ ស្ថិតក្នុងនីតិវិធីរបស់តុលាការ។ មន្ត្រីរូបនេះ បន្តថា ខាងរដ្ឋាភិបាល ក៏ធ្លាប់បានបកស្រាយពន្យល់ប្រាប់ទៅអ្នកសិទ្ធិមនុស្សទាំង ៥នាក់នោះរួចហើយដែរ៖ «អ៊ីចឹងខ្ញុំយល់ថាអត្ថន័យនៅក្នុងសេចក្ដីថ្លែងការណ៍របស់តំណាងពិសេសកម្ពុជានៅទីក្រុងហ្សឺណែវប្រទេសស្វីសហ្នឹង មានអត្ថន័យគ្រប់គ្រាន់ណាស់សម្រាប់ពួកគាត់ក្នុងការយល់ដឹង និងយល់ពីនីតិវិធីក្នុងប្រព័ន្ធច្បាប់នៅក្នុងប្រទេសកម្ពុជា។»
ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំង ៥រូប លើកឡើងថា ការបកស្រាយរបស់តំណាងរដ្ឋាភិបាល មិនសមហេតុផល និងមិនស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដែលធានាការពារសិទ្ធិជនជាប់ចោទឡើយ។ លើសពីនេះ ពួកគាត់ចាត់ទុកថា ទង្វើរបស់រដ្ឋាភិបាល កំពុងតែប្រើវិបត្តិកូវីដ១៩ ដើម្បីអូសបន្លាយពេលឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង ៧រូប ដោយគ្មានការកាត់ក្ដី ដែលជាការបំពានសិទ្ធិ និងនាំឲ្យប៉ះពាល់ដល់ភាពសុខភាពផ្លូវការ និងផ្លូវចិត្តរបស់ពួកគេធ្ងន់ធ្ងរ។
ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក នី សុខា ចង់ឲ្យរដ្ឋាភិបាលទទួលយកកង្វល់របស់អ្នកសិទ្ធិមនុស្សអន្តរជាតិមកពិចារណា ទើបជាការប្រសើរសម្រាប់កេរ្តិ៍ឈ្មោះរដ្ឋាភិបាលលើឆាកអន្តរជាតិ និងផលប្រយោជន៍របស់កម្ពុជា។ លោកព្រួយបារម្ភថាការបន្តបដិសេធសំណើរបស់អ្នកសិទ្ធិមនុស្សអន្តរជាតិជារឿយៗ បែបនេះ នឹងបង្កផលអវិជ្ជមានបន្ថែមទៀតសម្រាប់កម្ពុជា៖ «បើសិនជារដ្ឋាភិបាលនៅតែបន្តនៅក្នុងការឃុំខ្លួនសកម្មជនសិទ្ធិមនុស្សទាំងអស់ហ្នឹងទៀត ហើយមិនព្រមដោះស្រាយធ្វើការដោះស្រាយបញ្ហានយោបាយ បញ្ហាអ្វីទាំងអស់ហ្នឹងទេ ខ្ញុំគិតថាបន្តទៅមុខទៀតរដ្ឋាភិបាលនឹងបន្តរងសម្ពាធអ្វីបន្ថែមទៀតមិនខានទេ»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនយុវជនខ្មែរថាវរៈ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរទាំង ៧រូប ដាក់ពន្ធនាគារជាបន្តបន្ទាប់កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០។ ដើមហេតុនៃការចាប់ខ្លួននេះ គឺដោយពួកគាត់តវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន និងមានគម្រោងប្រមូលផ្តុំធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម នៅទីលានប្រជាធិបតេយ្យ។ តុលាការ បានចោទប្រកាន់ពួកគាត់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែដល់ ២ឆ្នាំ។ គិតត្រឹមខែសីហានេះ ក្រុមយុវជនទាំង ៧នាក់ ជាប់ពន្ធនាគារចំនួន ១ឆ្នាំហើយ។
ក្រុមអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ ជាពិសេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមទាំងប្រទេសប្រជាធិបតេយ្យមួយចំនួន ស្ថានទូតអាមេរិកជាដើម តែងតែទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម នយោបាយ បរិស្ថាន ដែលរដ្ឋាភិបាលបានចាប់ឃុំខ្លួនសរុប ៨៥នាក់ ឲ្យមានសេរីភាពឡើងវិញ៕
2 comments:
The social justice in Cambodia will come if and only if Khmer people can force Ah devil Hun Sen to abolish the Law of Kdor Ah Hun Sen.
Khmer circle,
Please publish this video if you think it would help Cambodia.
https://www.youtube.com/watch?v=TjDmO9ScwsA
I think it is very useful for the current situation in Cambodia.
Bun Thoeun
Post a Comment