ដោយ សុជីវី
2021-08-19
សហភាពអឺរ៉ុបថា ការសម្រេចក្ដីលោក រ៉ុង ឈុន ជាការផ្ដន្ទាទោសលើសិទ្ធិបញ្ចេញមតិ
រូប៖ ហ្វេសប៊ុក EU
សហភាពអឺរ៉ុបបញ្ចេញប្រតិកម្មមិនពេញចិត្តនឹងអាជ្ញាធរកម្ពុជា ដែលសម្រេចដាក់ទោសលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត ដោយសារតែការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់ ទាក់ទងនឹងការរិះគន់បញ្ហាព្រំដែនកម្ពុជា និងវៀតណាម។ ប៉ុន្តែតំណាងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលឆ្លើយតបវិញថា សេចក្ដីថ្លែងការណ៍បែបនេះ មានភាពលម្អៀងខាងនយោបាយ។
ក្រុមប្រទេសប្រជាធិបតេយ្យមិននៅស្ងៀមទេចំពោះការផ្ដន្ទាទោស លោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត ដោយហេតុថា នេះជាករណីអយុត្តិធម៌ និងរំលោភសិទ្ធិមនុស្សដោយឥតលាក់លៀមពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន។ បន្ទាប់ពីការរិះគន់ធ្ងន់ៗ របស់ស្ថានទូតសហរដ្ឋអាមេរិក និងអូស្ត្រាលី ឥឡូវនេះដល់វេនសហភាពអឺរ៉ុបវិញម្ដង។
ស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាបង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី១៩ សីហាថា ការផ្ដន្ទាទោសលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត នាំឱ្យសហភាពអឺរ៉ុបមានក្តីបារម្ភ ពីព្រោះនេះជាការផ្ដន្ទាទោសចំពោះការសម្ដែងមតិរិះគន់ជាសាធារណៈ ឬការមិនយល់ស្របផ្នែកនយោបាយ។ ម្យ៉ាងវិញទៀត ការផ្ដន្ទាទោសនេះបានបង្កឱ្យមានជាសំណួរអំពីឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជាផងដែរ។
តំណាងសហភាពអឺរ៉ុបដដែលគូសបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិ ជាផ្នែកមួយដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យ ដូចគ្នាទៅនឹងតុលាការឯករាជ្យ ដែលមិនគួរត្រូវបានគេប្រើប្រាស់ដើម្បីបំបិទសំឡេងរបស់សកម្មជនអហិង្សាយ៉ាងដូច្នេះដែរ។ សហភាពអឺរ៉ុបអំពាវនាវជាថ្មីដល់រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមានសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្ដុំ ស្របទៅតាមការប្ដេជ្ញាចិត្តជាអន្តរជាតិរបស់កម្ពុជា។
សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុបនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស និងជាអ្នកឃ្លាំមើលព្រំដែន លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារលោកបញ្ចេញមតិរិះគន់អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ក្នុងសំណុំរឿងតែមួយនេះ តុលាការនេះបានផ្ដន្ទាទោសសកម្មជនពីរនាក់ទៀត គឺកញ្ញា ស កណិការ និងលោក តុន និមល ឱ្យជាប់ពន្ធនាគារម្នាក់ ២០ខែ។ សាលក្រមនេះ ក៏តម្រូវឱ្យពួកគេបង់សំណង និងការផាកពិន័យ ជាលក្ខណៈបុគ្គល និងរួមគ្នា រហូតដល់ជាង ១០ម៉ឺនដុល្លារអាមេរិកថែមទៀត។
សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន ថ្លែងការពារសេចក្តីសម្រេចរបស់តុលាការនេះថា ស្របតាមអង្គហេតុ និងអង្គច្បាប់។ លោកចាត់ទុកការលើកឡើងរបស់សហភាពអឺរ៉ុប និងអង្គទូតបរទេសមួយចំនួនថា មានភាពលម្អៀងខាងនយោបាយ និងបំពានលើសេចក្ដីសម្រេចរបស់តុលាការកម្ពុជា៖ «ការវាយតម្លៃនេះ ជាការវាយតម្លៃបែបនយោបាយប្រឆាំងមកលើសេចក្ដីសម្រេចរបស់តុលាការ ប្រឆាំងមកលើការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា»។
ផ្ទុយពីការបកស្រាយនេះ មន្ត្រីអង្គការសង្គមស៊ីវិលមើលឃើញថា ការវាយតម្លៃរបស់ក្រុមប្រទេសប្រជាធិបតេយ្យ និងអ្នកជំនាញនានាកន្លងមកនោះ ឈរលើមូលដ្ឋានច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងលិខិតុបករណ៍ទាំងឡាយស្តីពីសិទ្ធិមនុស្សដែលកម្ពុជាបានទទួលស្គាល់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាលហាក់ក្នុងន័យការពាររដ្ឋាភិបាលប៉ុណ្ណោះ។ លោកបញ្ជាក់ថា សហគមន៍ជាតិ និងអន្តរជាតិពិនិត្យឃើញថា សំណុំរឿងរបស់លោក រ៉ុង ឈុន ជាមួយសកម្មជនពីរនាក់ទៀតនោះ មានចរិតនយោបាយ និងរំលោភលើសិទ្ធិមនុស្ស តាំងពីដំណាក់កាលចាប់ខ្លួនពួកគាត់មកម្ល៉េះ។ មន្ត្រីសិទ្ធិមនុស្សរូបនេះសង្កត់ធ្ងន់ថា ការផ្ដន្ទាទោសសកម្មជនទាំងបីនាក់នេះ ធ្វើឱ្យកម្ពុជាជាប់ក្នុងកំណត់ត្រាអាក្រក់ផ្នែកសិទ្ធិមនុស្សបន្ថែមទៀត៖ «ជាសាលក្រមមួយដែលធ្វើឱ្យមានការរិះគន់ និងកត់សម្គាល់ពីសហគមន៍អន្តរជាតិ ពិសេសពីសហភាពអឺរ៉ុបហ្នឹងទៀត អ៊ីចឹងយើងក៏មានការព្រួយបារម្ភទៅទៀតដែរ ពីព្រោះវាទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សហ្នឹងទៀត។ អ៊ីចឹងហើយបានជាយើងជាអង្គការសង្គមស៊ីវិល យើងនៅតែទទូចសុំឱ្យរដ្ឋាភិបាលពិនិត្យ និងពិចារណាលើការកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនេះ ដើម្បីកុំឱ្យមានការប៉ះពាល់ ឬក៏ការខាតបង់ប្រយោជន៍របស់កម្ពុជាតទៅទៀត»។
សហភាពអឺរ៉ុបបានដកហូតឋានៈអនុគ្រោះពន្ធEBAចំនួន ២០% រួចទៅហើយ បន្ទាប់ពីរកឃើញថា កម្ពុជាក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកតាមដានស្ថានការណ៍ជឿជាក់ថា សហភាពអឺរ៉ុបអាចនឹងពង្រីកទណ្ឌកម្មនេះបន្ថែមទៀត បើរបបលោក ហ៊ុន សែន នៅតែរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ និងបន្តបំផ្លាញប្រជាធិបតេយ្យដូចពេលបច្ចុប្បន្ននេះទៀត។
សហភាពអឺរ៉ុបបានសង្កត់ធ្ងន់នៅក្នុងសាររបស់ខ្លួនលើទំព័រហ្វេសប៊ុក (Facebook) ថា ប្រជាពលរដ្ឋកម្ពុជា មិនថាមកពីសម្ព័ន្ធភាពណានោះទេ គឺត្រូវតែទទួលបាននូវការធានាសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី ស្របទៅតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងសិទ្ធិនានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៕
1 comment:
Khmer people need to march peacefully, assertively, and bravely demanding for the release of Rong Chhun and the reinstatement of the CNRP.
These are 2 absolute just causes for our struggle to free Cambodia from the evil Yuon and Ah Kwack Hun Sen.
To make the signatories of the 1991 Paris Peace Accord reconvene, we have to sacrifice about 3 thousands people during this peaceful demonstration to free Rong Chhun and the restoration of the CNRP. Without this noble sacrifice, the international community has no reason to intervene in Cambodia. We must help ourselves first before others help us.
This is the right way to fight Ah Kwack and Yuon. The fight that will produce a lasting peace for Cambodia. Get the CNRP into the upcoming electoral process. That is the first step we must do.
Post a Comment