ដោយ ម៉ៅ សុធានី
2021-08-13 rfa
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ និងសកម្មជនបរិស្ថាន ដែលកំពុងជាប់ពន្ធនាគារ។
រូប៖ ហ្វេសប៊ុក
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរពន្លឿនការដោះលែងទណ្ឌិត និងអ្នកជាប់ឃុំបណ្ដោះអាសន្នក្នុងបទល្មើសស្រាលៗ ដើម្បីបន្ថយការឆ្លងជំងឺកូវីដ១៩ ក្នុងពន្ធនាគារ។ ការលើកឡើងនេះ ខណៈជំងឺកូវីដ១៩នៅតែបន្តកើនឡើងតាមពន្ធនាគារ និងគំរាមកំហែងខ្លាំងដល់សុខភាពអ្នកជាប់ឃុំ។
ក្រុមអ្នកការពារសិទ្ធិមនុស្សនិយាយថា ពួកគេមិនទាន់ឃើញមានការដោះលែងទណ្ឌិតដោយភ្ជាប់លក្ខខណ្ឌ នៅឡើយទេ ទោះក្រសួងយុត្តិធម៌បានចេញប្រកាសអំពីរឿងនេះ ប្រមាណមួយខែទៅហើយក្ដី។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការរីករាលដាលជំងឺកូវីដ១៩ ក្នុងពន្ធនាគារនាពេលបច្ចុប្បន្ន នៅតែបង្កការព្រួយបារម្ភដល់សុវត្ថិភាពរបស់អ្នកជាប់ឃុំ។ លោកបន្តថា បើពន្ធនាគារនៅតែចង្អៀតណែននោះ អ្នកជាប់ឃុំនៅតែមានហានិភ័យខ្ពស់ ព្រោះ សព្វថ្ងៃមានជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) ដែលកាន់តែងាយចម្លងថែមទៀត។ មន្ត្រីសិទ្ធិមនុស្សរូបនេះជំរុញទៅក្រសួងយុត្តិធម៌ និងតុលាការពន្លឿននីតិវិធីក្នុងការដោះលែងទណ្ឌិតដោយភ្ជាប់លក្ខខណ្ឌ៖ «យើងឃើញហើយនៅខាងក្រៅកើតមានផ្ទះណាមួយ អាជ្ញាធរគាត់ឡើងជិត ឬក៏បិទភូមិតែម្ដង ដើម្បីកុំឲ្យរីករាលដាល ដូច្នេះក្នុងពន្ធនាគារ បើមានឆ្លងតែមួយទៅ គឺងាយទៅនឹងបន្តហើយស្ថានភាពធ្ងន់ធ្ងរ»។
ស្រដៀងគ្នានេះដែរ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់ និយាយថា ចាប់តាំងពីក្រសួងយុត្តិធម៌ចេញប្រកាស កាលពីខែកក្កដាមក ក្រសួងមិនទាន់បង្ហាញលទ្ធផលនៃការអនុវត្តប្រកាសនេះនៅឡើយទេ។ លោកយល់ថា ក្រសួងយុត្តិធម៌គួរចាត់ចែងអនុវត្តការងារដោះលែងអ្នកជាប់ឃុំឲ្យបានលឿន និងបង្ហាញលទ្ធផលនេះឲ្យសាធារណជនបានដឹង៖ «ការចង្អៀតណែនក្នុងពន្ធនាគារ គឺជារឿងចាំបាច់ និងបន្ទាន់បំផុតក្នុងស្ថានភាពកូវីដ។ អ៊ីចឹងបើក្រសួងបានរៀបចំលិខិតបទដ្ឋានគតិយុត្តិមួយចំនួនហើយ ខ្ញុំគិតថា គួរតែរៀបចំអនុវត្តការងារហ្នឹងឲ្យបានឆាប់ទៅ»។
ការលើកឡើងរបស់ក្រុមមន្រ្តីសង្គមស៊ីវិលបែបនេះ ក្រោយពីក្រសួងយុត្តិធម៌បានចេញប្រកាសស្ដីពីបែបបទនៃការត្រួតពិនិត្យដោះលែងទណ្ឌិត ដែលជិតរួចទោសដោយមានលក្ខខណ្ឌ ដើម្បីបង្ការជំងឺកូវីដ១៩ ក្នុងពន្ធនាគារ។ យោងតាមប្រកាសនេះ ការដោះលែងទណ្ឌិតដោយភ្ជាប់លក្ខខណ្ឌ ជាសមត្ថកិច្ចរបស់ប្រធានសាលាដំបូងនៃទីកន្លែងឃុំខ្លួនទណ្ឌិត។ ប្រធានសាលាដំបូងរាជធានី/ខេត្តមានសិទ្ធិ សម្រេចដោះលែងទណ្ឌិតដោយភ្ជាប់លក្ខខណ្ឌជាកាតព្វកិច្ចមួយ ឬច្រើន ដូចជា ការបំពេញសកម្មភាពខាងវិជ្ជាជីវៈ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានទីលំនៅជាក់លាក់ ឬតម្រូវការផ្នែកសុខាភិបាល ឬភាពចាំ បាច់របស់ទណ្ឌិតត្រូវរកស៊ីចិញ្ចឹមគ្រួសារជាដើម។
ទោះយ៉ាងណាក្ដី ក្រុមមន្ត្រីសង្គមស៊ីវិលជំរុញទៅតុលាការ ឬស្ថាប័នពាក់ព័ន្ធគួរពិចារណាដោះលែងអ្នកជាប់ឃុំក្នុងករណីមួយចំនួនទៀត ដូចជាអ្នកជាប់ឃុំបណ្ដោះអាសន្នក្នុងបទល្មើសស្រាល ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺរ៉ាំរ៉ៃ អ្នកងាយរងគ្រោះ និង អ្នកជាប់ឃុំជាអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ បរិស្ថាន និងសកម្មជនដីធ្លីជាដើម។
អាស៊ីសេរីមិនអាចអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សវនា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ដើម្បីបកស្រាយរឿងនេះបានទេ នៅថ្ងៃទី១៣ ខែសីហា។
ប្រពន្ធសកម្មជនបរិស្ថានលោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី លើកឡើងថា តុលាការគួរអនុញ្ញាតឲ្យប្ដីលោកស្រីអាចនៅក្រៅឃុំ ដើម្បីមកជួយរកចំណូលចិញ្ចឹមគ្រួសារ។ លោកស្រី ប៉ាត់ រស្មី ប្រាប់ថា លោកស្រីទើបទទួលបានការហៅទូរស័ព្ទពីប្ដីចេញពីពន្ធនាគារ កាលពីប៉ុន្មានថ្ងៃមុន ហើយលោក ថុន រដ្ឋា ប្រាប់ថា លោកសុខសប្បាយ ប៉ុន្តែលោកស្រីយល់ថា ប្ដីរបស់ខ្លួនគ្រាន់តែប្រាប់កុំឲ្យលោកស្រីបារម្ភប៉ុណ្ណោះ៖ «យើងដឹងស្រាប់ បើទោះមានយន្តការការពារកុំឲ្យឆ្លងកូវីដអីក៏ដោយ ក៏យើងនៅតែព្រួយបារម្ភ ព្រោះអីបន្ទប់មួយតូចចង្អៀត ហើយនៅគ្នាម្ភៃនាក់ជាង អ៊ីចឹងងាយនឹងឆ្លង»។
លោកស្រី ប៉ាត់ រស្មី ប្រពន្ធសកម្មជនបរិស្ថាន គឺលោក ថុន រដ្ឋា ដែលកំពុងជាប់ឃុំសព្វថ្ងៃ។ រូប៖ ហ្វេសប៊ុក និងពលរដ្ឋ
កម្ពុជាមានអ្នកជាប់ឃុំសរុបជិត៤ម៉ឺននាក់ ដែលចំនួននេះច្រើនលើសពីទំហំផ្ទុករបស់ពន្ធនាគារ។ នៅរយៈពេលចុងក្រោយនេះជំងឺកូវីដ-១៩ ក៏បានឆ្លងចូលដល់ពន្ធនាគារប្រមាណ ១០កន្លែង ដែលមានអ្នកជាប់ឃុំ និងមន្ត្រីអនុរក្សពន្ធនាគារជាច្រើននាក់ បានឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ។ ក្នុងចំណោមនោះ អ្នកជាប់ឃុំ និងអនុរក្សយ៉ាងហោចណាស់៨នាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩៕
2 comments:
China's business: China gives you $1.00, China will get back from you $10.00.
Whereas the evil Vietnam's business: Vietnam does not give you anything, and Vietnam will kill you too.
Touv Na Min Khmer Roleuy doing business with these 2 evils.
Dear compatriots (who got hurt by Ah Chker Chkuot Hun Sen),
Thank You so much for your courage and your spirit of nationalism.
Wishing more Khmer people will follow your footsteps.
Post a Comment