Thursday, 11 November 2021

អាជ្ញាធរ​ថៃ​ចាប់​សកម្មជន​សង្គម និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធររបប​លោក ហ៊ុន សែន


ដោយ ទីន ហ្សាការីយ៉ា
2021-11-10
អាជ្ញាធរ​ថៃ​ចាប់​សកម្មជន​សង្គម និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធររបប​លោក ហ៊ុន សែន

(ឆ្វេង) លោក វឿន វាសនា សកម្មជន​សង្គម ដែល​រិះគន់​លោក ហ៊ុន សែន និង (ស្ដាំ) លោក វឿង សំណាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​អាជ្ញាធរ​​ថៃ​បាន​ចាប់​​ខ្លួនកាល​ពី​ថ្ងៃ​ទី៨ ខែវិច្ឆិកា ហើយ​បញ្ជូន​ទៅ​កម្ពុជា​វិញ ១​ថ្ងៃបន្ទាប់។
រូប៖ ហ្វេសប៊ុកព្រៃឡង់ គ្រញូង

 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី១០ វិច្ឆិកា​ថា លោក វឿន វាសនា ហៅ​ក្រញូង​ព្រៃ​ឡង់ និង​សកម្មជន​បក្ស​ប្រឆាំង លោក វឿង សំណាង ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​កម្ពុជា​វិញ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ដដែល​បញ្ជាក់​ថា មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់ សមត្ថកិច្ច​របប​លោក ហ៊ុន សែន សហការ​ជាមួយ​អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន លោក វឿន វាសនា និង លោក វឿង សំណាង​កាល​ពី​ថ្ងៃ​ទី៨ វិច្ឆិកា។ ឥឡូវ​នេះ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ទៅ​កម្ពុជា តាម​សំណើ​របស់​របប​ក្រុង​ភ្នំពេញ។

ទាក់ទង​នឹង​ការ​ចាប់​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២នាក់ ត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ វិទ្យុ​អាស៊ី​សេរី​នៅ​មិនទាន់​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​អាជ្ញាធរ​ថៃ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១០ ខែវិច្ឆិកា។


កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា អនុប្រធាន​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ លោក ប៉ាត់ពុំពិប៉ាត់ សាចាប៉ាន់ ( Pakpumpipat Sajapand) ប្រាប់​វិទ្យុ​អាស៊ី​សេរី ( BenarNews) ថា សមត្ថកិច្ច​ប៉ូលិស​ថៃ​ពុំ​ទទួល​បាន​ព័ត៌មាន​របស់​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​ចោទ​សួរ​ពី​ករណី​បាត់​ខ្លួន លោក វឿន វាសនា និង វឿង សំណាង កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​ថៃ ដែល​ចាប់​បញ្ជូន​សកម្មជន​សង្គម និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​ទៅ​ឲ្យ​របប​លោក ហ៊ុន សែន វិញ​នេះ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភគ្រ ដើម្បី​សួរ​អំពី​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ មក​ទល់​ការ​ផ្សាយ​នេះ។

អាជ្ញាធរ​របប​លោក ហ៊ុន សែន តាម​ចាប់​ខ្លួន លោក វឿន វាសនា និង វឿង សំណាង នេះ ដោយសារ​តែ​ពួក​គេ​ទាំង​ពីរ​បាន​រិះគន់​របប​ក្រុង​ភ្នំពេញ​ឥត​សំចៃ​មាត់។

កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា​កន្លង​ទៅ ម្ចាស់​ហ្វេសប៊ុក​គ្រញូង​ព្រៃ​ឡង់ លោក វឿន វាសនា បាន​ចូល​ទៅ​បញ្ចេញ​មតិ​ជា​អត្ថបទ​កំណាព្យ (Comment) លើ​ហ្វេសប៊ុក​លោក​ ហ៊ុន​ សែន​ ដោយ​សរសេរ​កំណាព្យ​រិះគន់​ថា លោក ហ៊ុន សែន កែ​ច្បាប់​បំផ្លាញ​ជាតិ​​និង​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​រលាយ​ទឹក​ដី​ព្រៃ​ឈើ៖ «សំណូមពរ​ទៅ​លោក ​ហ៊ុន សែន ​ការ​កាន់​អំណាច ​រស់​ក្នុង​ភាព​មាន​បាន​ ស្ដុកស្ដម្ភ​ស្កឹមស្កៃ ​ប្រសើរ​ជាង​រាស្ត្រ​ ដើរ​សុំទាន​តាម​ចិញ្ចើម​ថ្នល់​វា​លើស​លុប​ទៅ​ហើយ។​ អ៊ីចឹង គួរ​ណាស់​តែ​លោក ហ៊ុន សែន ​ហ្នឹង​យក​អំណាច ​និង​មាសប្រាក់​ ទ្រព្យ​របស់​ខ្លួន​ ចែក​រំលែក​ឱ្យ​ពលរដ្ឋ​រស់​ផង។ លោក​ត្រូវ​ចេះ​ទទួល​ភាព​រិះគន់ ​របស់​ប្រជារាស្ត្រ»។

ក្រោយ​មក​លោក ហ៊ុន សែន បាន​ប្រកាស​តាម​ចាប់​ខ្លួន​អតីត​ព្រះសង្ឃ​រូប​នេះ។ លោក ហ៊ុន សែន ចាត់​ទុក​កំណាព្យ​របស់​សកម្មជន​រូប​នេះ​ពោរពេញ​ដោយ​ហិង្សា ហើយ​ត្រូវ​តែ​ផ្ដាច់​ប្ដូរ​បំបាត់​ចោល​ទ្រឹស្ដី​ និង​សកម្មភាព​ជ្រុល​និយម​នេះ​ឲ្យ​ខាង​តែ​បាន​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ លោក​បញ្ជា​ឲ្យ​នគរបាល​​ស្វែងរក​លោក វឿន វាសនា នៅ​ប្រទេស​ថៃ។

ភ្លាមៗ ក្រោយ​ពី​បញ្ជា​របស់​មេ​ដឹក​នាំ​របប​ឯក​បក្ស ចៅក្រម​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​​ ពេជ្រ វិជ្ជាធរ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​លោក វឿន វាសនា ដោយ​ចោទ​ប្រកាន់​ជា​បទល្មើស​តម្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឲ្យ​បាន​ពេញ​លេញ។ ចៅក្រម​ស៊ើបសួរ​បញ្ជា​ឲ្យ​កម្លាំង​​សាធារណៈ​ស្រាវជ្រាវ​រក​ចាប់ និង​នាំ​ខ្លួន​លោក វឿន វាសនា មក​ប្រគល់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

1 comment:

Anonymous said...

Thai stole land from Khmers. Khmers should take every opportunity to take down thailand and take back all stolen land. There is no thailand. It is stolen land and It belongs to Khmers.