Thursday, 11 November 2021

«រដ្ឋាភិបាល​មិន​ស៊ើបអង្កេត​ករណី​ពុករលួយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា​ពីរ​នាក់​ដែល​រង​ទណ្ឌកម្ម​ពី​អាមេរិក​នោះ​ទេ»

Khmer Circle: Surprise, surprise...

🔺🔺🔺
ដោយ ទីន ហ្សាការីយ៉ា
2021-11-11
«រដ្ឋាភិបាល​មិន​ស៊ើបអង្កេត​ករណី​ពុករលួយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា​ពីរ​នាក់​ដែល​រង​ទណ្ឌកម្ម​ពី​អាមេរិក​នោះ​ទេ» 

(រាប់ពីឆ្វេង) លោក​នាយឧត្តម​សេនីយ៍ ចៅ ភិរុណ លោក​នាយឧត្តម​នាវី ទៀ វិញ និង​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។
រូប៖ ហ្វេសប៊ុកព្រឹទ្ធសភា និងក្រសួងការពារជាតិ

 

តំណាង​បក្ស​កាន់អំណាច​ប្រតិកម្ម​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អាមេរិក​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ពីរ​រូប​នោះ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ឡើយ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក៏​គ្មាន​បំណង​ស៊ើបអង្កេត​ករណី​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ទាំងនោះ​ដែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​អ្នក​សិក្សា​ស្រាវជ្រាវ​យល់​ថា នេះ​ជា​ករណី​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ដល់​មុខមាត់ និង​ផល​ប្រយោជន៍​ជាតិ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ស៊ើបអង្កេត និង​បញ្ជាក់​រឿង​នេះ​ឱ្យ​បាន​ច្បាស់។

របប​ឯកបក្ស​នឹង​មិន​ស៊ើប​អង្កេត​ករណី​ពុករលួយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា​ជាន់ខ្ពស់​ពីរ​រូប គឺ​លោក ទៀ វិញ និង​លោក ចៅ ភិរុណ នោះ​ឡើយ បើ​ទោះជា​ក្រសួង​រតនាគារ​អាមេរិក​រក​ឃើញ​ថា ឧត្តមសេនីយ៍​ផ្កាយ ៤ ទាំង​ពីរ​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​ក្នុង​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​យ៉ាងណា​ក្ដី។


មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាចលោក សុខ ឥសាន ថ្លែង​នៅ​ថ្ងៃទី១១ ខែវិច្ឆិកា​ថា ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អាមេរិក​លើ​មន្ត្រី​កម្ពុជា​នេះ គឺជា​រឿង​ដដែលៗ និង​ធ្វើ​ឡើង​ដោយ​ខ្វះ​មូលដ្ឋាន។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​អាច​ស៊ើបអង្កេត​ករណី​ចោទ​ប្រកាន់​បែប​នេះ​បាន​ឡើយ ដរាបណា​ក្រសួង​រតនាគារ​អាមេរិក​មិន​បង្ហាញ​ភស្តុតាង​រឹងមាំ៖ «រាជ​រដ្ឋាភិបាល​មាន​គោលការណ៍​ហ្មត់ចត់​ណាស់ មិន​ចេះ​តែ​លឺ​គេ​ថា ហើយ​ទៅ​ធ្វើ​នាំ​តែ​ខាត​ពេលវេលា នាំ​តែ​ខាត​កម្លាំង ធនធាន​មនុស្ស​ទេ។ អ៊ីចឹង​ខ្ញុំ​យល់​ថា សួរ​អ្នក​ចោទ​វិញ សួរ​អ្នក​ដាក់​ទណ្ឌកម្ម​វិញ ច្បាស់​ត្រង់​ណា កម្រិត​ណា​ហើយ​ដែល​រក​ឃើញ? ឯកសារ​មាន​ប៉ុន្មាន​ហើយ​ដែល​ថា គេ​ពុករលួយ ដែល​ថា​គេ​លួច​លុយ​ប៉ុន្មាន​ហើយ រហូត​ដល់​ដាក់​ទណ្ឌកម្ម​ហ្នឹង? ខ្ញុំ​ថា បើ​អត់​មាន​របាយការណ៍​ច្បាស់លាស់​ពី​ក្រសួង​រតនាគារ​អាមេរិក​ទេ បាន​សេចក្ដី​ថា ការ​ដាក់​ទណ្ឌកម្ម​ហ្នឹង វា​អត់​ពិត​ទេ វា​អត់​ច្បាស់លាស់​ទេ ធ្វើ​ស្មានៗ»។

ទោះជាយ៉ាងណា នៅ​ពេល​វិទ្យុ​អាស៊ី​សេរី​សួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​ទាក់ទង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ ដើម្បី​ស្នើសុំ​ភស្តុតាង​ទាំងឡាយ​ពី​ក្រសួង​រតនាគារ​អាមេរិក ដែរ​ឬមួយ​ក៏​អត់? លោក សុខ ឥសាន និយាយ​ថា លោក​មិន​អាច​ឆ្លើយ​ជំនួស​រដ្ឋាភិបាល​បាន​ទេ។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ដើម្បី​សាកសួរ​រឿង​នេះ​ដែរ តែ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

ទោះជាយ៉ាងណា លោក សុខ ឥសាន អះអាង​ថា ទណ្ឌកម្ម​ថ្មី​ចុងក្រោយ​លើ​មន្ត្រី​កម្ពុជា​នេះ នឹង​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា-អាមេរិក​នោះ​ទេ។

ប្រតិកម្ម​របស់​បក្ស​កាន់អំណាច​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រសួង​រតនាគារ​អាមេរិក​បាន​ប្រើ​ច្បាប់​សាកល គ្លូបល មែគនីតស្គី (Global Magnitsky Act) ដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ពីរ​នាក់ គឺ​លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​លោក ទៀ វិញ អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក។ ទណ្ឌកម្ម​នេះ​រួមមាន​ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​អាច​មាន​នៅ​សហរដ្ឋអាមេរិក ព្រមទាំង​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ពួកគេ និង​សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​បង្កើត​របស់​ពួកគេ​អាច​ធ្វើដំណើរ​មក​ជាន់​ដី​សហរដ្ឋអាមេរិក​បាន។ ទណ្ឌកម្ម​នេះ ក៏​ហាមប្រាម​មិន​ឱ្យ​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិកាំង​ទាំងអស់ រកស៊ី ឬ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​មន្ត្រី​យោធា​កម្ពុជា​ទាំងពីរ​រូប​នេះ​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ចៅ ភិរុណ និង​លោក ទៀ វិញ ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​បាន​ទេ នៅ​ថ្ងៃទី១១ ខែវិច្ឆិកា។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិលោក អ៊ុំ សំអាន គាំទ្រ​ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទៅលើ​មន្ត្រី​កម្ពុជា​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។ លោក​ជឿ​ថា ទណ្ឌកម្ម​របស់​អាមេរិក​លើ​មន្ត្រី​កម្ពុជា​នេះ ធ្វើ​ឡើង​ដោយ​មាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​សហរដ្ឋ​អាមេរិក​នឹង​ពង្រីក​ទណ្ឌកម្ម​នេះ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាងមុខ៖ «យើង​សង្ឃឹម​ផង​ដែរ​ថា អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ដោយ​ប្រើ​ច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Act) ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅលើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​របប​ក្រុង​ភ្នំពេញ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពួកគេ​បញ្ឈប់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ងាក​មក​ផ្លូវ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ»។

ក្រសួង​រតនាគារជាតិ​អាមេរិក​រក​ឃើញ​ថា នៅឆ្នាំ២០២០ និង​ឆ្នាំ២០២១ លោក ចៅ ភិរុណ បាន​រួមគំនិត​កេង​ចំណេញ​ពី​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការសាងសង់ និង​កែលំអ​បរិវេណ និង​អាគារ​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម។ លើស​ពី​នេះ​ទៀត លោក ចៅ ភិរុណ លោក ទៀ វិញ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដទៃទៀត ក៏​ទំនង​ជា​បាន​រួមគំនិត​គ្នា​បំប៉ោង​ថ្លៃដើម​នៃ​ការសាងសង់ និង​កែលំអ​បរិវេណ និង​អាគារ​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម ហើយ​ពួកគេ​បាន​ទទួល​ផលប្រយោជន៍​ដោយ​ផ្ទាល់​ពី​គម្រោង​ទាំងនោះ។ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ឱ្យ​ដឹង​ទៀត​ថា លោក ទៀ វិញ និង​លោក ចៅ ភិរុណ មាន​គម្រោងការ​ចែក​លុយ​គ្នា​ពី​​ថវិកា​ដែល​ពួកគេ​បាន​កេង​យក​ពី​គម្រោង​កែលំអ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​អ្នក​នាំពាក្យ​ក្រសួង​នេះ គឺ​លោក ឈុំ សុជាត ដើម្បី​សាកសួរ​ព័ត៌មាន​នេះ​ដែរ តែ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) លោក វណ្ណ ប៊ុនណា យល់​ថា ទណ្ឌកម្ម​ថ្មី​លើ​មន្ត្រី​កម្ពុជា​នេះ មាន​លក្ខណៈ​ជា​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ផង និង​រឿង​ផ្លូវ​ច្បាប់​ផង។ លោក​ពន្យល់​ថា បញ្ហា​ភូមិសាស្ត្រ​នយោបាយ គឺ​ទំនងជា​សហរដ្ឋ​អាមេរិក​ដឹង​ថា មន្ត្រី​យោធា​ផ្កាយ ៤ ទាំង​ពីរ​រូប​នេះ ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ទី​ដែល​មាន​ការ​បារម្ភ​អំពី​វត្តមាន​កង​ទ័ព​ចិន​នៅ​កម្ពុជា។ ចំណែក​បញ្ហា​ផ្លូវ​ច្បាប់​វិញ លោក​ថា សហរដ្ឋ​អាមេរិក​បាន​កំណត់​ទិសដៅ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ជន​ពុករលួយ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក។

ទោះជាយ៉ាងណា លោក វណ្ណ ប៊ុនណា ថ្លែង​ថា ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ ក៏​ជា​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ស្រាវជ្រាវ​រក​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើខុស​ច្បាប់​ដែរ។ លោក​យល់​ថា រដ្ឋាភិបាល​គួរតែ​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​បាន​ពេញលេញ ដើម្បី​លាង​ជម្រះ​មន្ទិល​សង្ស័យ​ទាំងឡាយ និង​បង្ហាញ​ថា រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ៖ «យើង​ជា​អ្នក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ ជាពិសេស​កម្ពុជា​ហ្នឹង បើ​មិន​មាន​ការ​ឆ្លើយតប​ណា​បែប​វិជ្ជាជីវៈ (Professional) ហើយ​ទុក​រឿង​ហ្នឹង​ចោល វា​បង្ហាញ​ថា ហាក់​ដូច​ជា​រឿង​ហ្នឹង​វា​កើត​មាន​ពិត​មែន។ ទីពីរ​បង្ហាញ​ពី​ការ​មិន​ទទួល​ខុសត្រូវ​ផង​ដែរ​របស់​រដ្ឋាភិបាល (ព្រោះ)កាលណា​គេ​ឱ្យ​តម្រុយ​ថា អាច​មាន​អំពើ​ខុស​ច្បាប់​ហើយ យើង​មិន​ព្យាយាម​គាស់​កកាយ​មើល​រឿង​ហ្នឹង​ទេ វា​ធ្វើ​ឱ្យ​មុខមាត់​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង ហាក់ដូចជា​លាក់​បាំង​នូវ​ទង្វើ​ម្យ៉ាង​ដែល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​ទាំងមូល ព្រោះ​រឿង​ហ្នឹង​គេ​ចោទ​ជា​លក្ខណៈ​បុគ្គល​ដែល​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ»។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០២១​នេះ មន្ត្រី​ជាន់ខ្ពស់ និង​មេ​ឈ្មួញ​គ្រាក់ៗ​នៃ​របប​លោក ហ៊ុន សែន សរុប ៥នាក់ហើយ​ដែល​បាន​ទទួល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋអាមេរិក។ ក្រៅពី​សាមីជន​ផ្ទាល់ សមាជិកគ្រួសារ និង​ក្រុមហ៊ុន​របស់​ពួកគេ​ក៏​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ដែរ ហើយ​ក្នុង​នោះ​ក៏​មាន​ទាំង​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ យូឌីជី (UDG) ដែល​កំពុង​អនុវត្ត​គម្រោង​ខ្នាត​ធំ​នៅ​ខេត្ត​កោះកុង​ផង​ដែរ។

តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ពីរ​រូប​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​នៅពេល​នេះ សហរដ្ឋអាមេរិក​ប្រកាស​ជា​ចំហ​ថា អាមេរិក​ប្ដេជ្ញា​ចិត្ត​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​សុខ​សន្តិភាព ភាព​រុងរឿង ប្រជាធិបតេយ្យ និង​អនាគត​ប្រកប​ដោយ​សមធម៌។ ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក​ប្ដេជ្ញា​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ ការ​ធ្វើជំនួញ​ពុករលួយ និង​ការ​រំលោភ​បំពាន​ផ្នែក​សិទ្ធិមនុស្ស៕

1 comment:

Anonymous said...

There is no way that the thieves will investigate the thieves.