ដោយ មួង ណារ៉េត
2021-11-14
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ និងមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិលើកឡើងថា ទណ្ឌកម្មជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកលើមន្ត្រីកម្ពុជា អាចនឹងប៉ះពាល់ដល់ផ្ទៃក្នុងគណបក្សកាន់អំណាច ពីព្រោះមន្ត្រីដែលរងទណ្ឌកម្មទាំងនោះសុទ្ធតែជាសមាជិកជាន់ខ្ពស់នៅក្នុងបក្ស។ ប៉ុន្តែតំណាងបក្សកាន់អំណាចច្រានចោលការលើកឡើងនេះ និងអះអាងថា គណបក្សរបស់ខ្លួនកំពុងមានសាមគ្គីភាពល្អក្នុងចំណោមថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជាន់ថ្នាក់។
ក្រុមអ្នកវិភាគ និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង យល់ឃើញស្របគ្នាថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានបញ្ហាផ្ទៃក្នុង ជាពិសេសការអាក់អន់ស្រពន់ចិត្ត និងការព្រួយបារម្ភក្នុងចំណោមសមាជិកជាន់ខ្ពស់នៃគណបក្សនេះ។
អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) លោក វណ្ណ ប៊ុនណា ថ្លែងថា ទណ្ឌកម្មរបស់អាមេរិកលើមន្ត្រីកម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាក៏នាំឱ្យមានការមិនសប្បាយចិត្តនៅក្នុងជួរសមាជិកគណបក្សកាន់អំណាចដែរ ព្រោះមន្ត្រីដែលរងទណ្ឌកម្មត្រូវជាប់ឈ្មោះថា ជាអ្នកដែលបានប្រព្រឹត្តអំពើពុករលួយ ឬរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ «ផលប៉ះពាល់ដែលយើងអាចមើលឃើញ ទីមួយទំនាក់ទំនងផ្នែកយោធារវាងប្រទេសទាំងពីរកាន់តែធ្លាក់ថយក្រោយ កាន់តែអាក្រក់ទៅៗ ហើយទីពីរ វាប៉ះពាល់ទៅដល់ផ្ទៃក្នុងគណបក្សកាន់អំណាចដែរ។ កាលណាប្រទេសមហាអំណាចដាក់ទណ្ឌកម្មទៅលើមន្ត្រី ឬក៏សមាជិកគណបក្ស វាធ្វើឱ្យមានការរង្កៀសចិត្តរវាងសមាជិកគណបក្សហ្នឹងផងដែរ»។
ដូចគ្នានេះដែរ អ្នកវិភាគនយោបាយ បណ្ឌិត សេង សារី យល់ថា ទណ្ឌកម្មរបស់អាមេរិកប្រាកដជាបង្កបញ្ហាដល់ផ្ទៃក្នុងគណបក្សកាន់អំណាច។ ប៉ុន្តែលោកថា ផលប៉ះពាល់ដល់កម្រិតណា និងក្នុងរូបភាពយ៉ាងណានោះ គេមិនទាន់អាចដឹងច្បាស់នៅឡើយទេ។ បណ្ឌិត សេង សារី ថ្លែងទៀតថា មកដល់ពេលនេះ ទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់លើមន្ត្រីកម្ពុជានៅមានលក្ខណៈជាការស្ទាបស្ទង់នៅឡើយ ព្រោះសហរដ្ឋអាមេរិកចង់ឱ្យមានការសម្រួលស្ថានការណ៍នយោបាយឡើងវិញ៖ «អ្វីដែលជារឿងចម្ងល់ហ្នឹង ប្រសិនបើអាមេរិកមានចេតនាក្នុងការប្រើប្រាស់យន្តការទណ្ឌកម្មដាក់ ដើម្បីដោះស្រាយបញ្ហារឿងប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជាហ្នឹង គឺគួរតែដាក់ផ្ទាល់លើប្រមុខរដ្ឋាភិបាលផ្ទាល់តែម្ដង ឬក៏ប្រធានគណបក្សអ៊ីចឹងទៅ។ ប៉ុន្តែលើកនេះ យើងឃើញថា របៀបដាក់ គឺដាក់លើអ្នកតូចៗដែលនៅជុំវិញសិន ដើម្បីស្ទង់មើលថា តើមានប្រតិកម្មបែបណា? ឬក៏ជំរុញឱ្យមានការចរចាទេ»។
ស្រដៀងគ្នានេះ អតីតតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ជឿជាក់ថា មន្ត្រីដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកអាចនឹងកើតទុក្ខមិនសុខចិត្តថា តើហេតុអ្វីបានជាមានតែពួកគេដែលរងទណ្ឌកម្ម ខណៈថ្នាក់ដឹកនាំ និងសមាជិកជាន់ខ្ពស់ដទៃទៀតនៅក្នុងបក្សនេះ ក៏មានជាប់ពាក់ព័ន្ធអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចគ្នា។ លោកបន្តថា មន្ត្រីជាន់ខ្ពស់ដទៃទៀតក្នុងបក្សកាន់អំណាចប្រាកដជាកំពុងព្រួយបារម្ភអំពីការរងទណ្ឌកម្មនេះដែរ ព្រោះពួកគេមានទ្រព្យសម្បត្តិហូរហៀរ មានជំនួញច្រើនមុខ ឬមានគ្រួសារ និងកូនចៅដែលកំពុងស្នាក់នៅបរទេស ជាដើម។ លោក អ៊ុំ សំអាន មើលឃើញថា ទណ្ឌកម្មរបស់អាមេរិកលើមន្ត្រីគ្រាក់ៗកម្ពុជានេះ ក៏ជាការដាក់សម្ពាធផ្ទៃក្នុងលើគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ផងដែរ៖ «ដោយសារមានការភ័យខ្លាចពីការដាក់ទណ្ឌកម្មរបស់អាមេរិកបន្ថែមទៀតក្នុងចំណោមគណបក្សប្រជាជនហ្នឹង មន្ត្រីធំៗហ្នឹងមិនសប្បាយចិត្តចំពោះលោក ហ៊ុន សែន ហ្នឹង គេជំរុញដល់លោក ហ៊ុន សែន។ ដូច្នេះលោក ហ៊ុន សែន ចុងក្រោយគ្មានជម្រើសអ្វីផ្សេងក្រៅពីងាកមកផ្លូវប្រជាធិបតេយ្យ ព្រោះកូនចៅដាក់សម្ពាធខ្លាំង»។
ការលើកឡើងរបស់ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ គឺនៅក្រោយពេលសហរដ្ឋអាមេរិកបានប្រើច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Act) ដែលមានឥទ្ធិពលអនុវត្តទូទាំងពិភពលោក ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីកម្ពុជាដែលជាប់ពាក់ព័ន្ធអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាបន្តបន្ទាប់។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ នេះ មានមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញចំនួន ៤រូបហើយដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក។ ពួកគេសុទ្ធសឹងតែជាមន្ត្រីយោធាកំពូលៗពាក់ផ្កាយ ៤ រួមមាន អនុប្រធានទីមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម មេកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ លោក ចៅ ភិរុណ និងមេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ។
នៅក្នុងជួរបក្សវិញ ពួកលោកទាំង ៤នាក់ គឺជាសមាជិកជាន់ខ្ពស់របស់គណបក្សកាន់អំណាច។ លោក គន់ គីម គឺជាសមាជិកគណៈអចិន្ត្រៃយ៍ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់បក្ស រីឯលោក ហ៊ីង ប៊ុនហៀង លោក ចៅ ភិរុណ និងលោក ទៀ វិញ ពួកគាត់ជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្ស។ តាមពិត សហរដ្ឋអាមេរិកមិនមែនដាក់ទណ្ឌកម្មតែលើមន្ត្រីជាន់ខ្ពស់ទាំង ៤រូបនេះទេ ប៉ុន្តែក៏ដាក់លើសមាជិកគ្រួសារ និងក្រុមហ៊ុនរបស់ពួកគេផងដែរ ដោយទណ្ឌកម្មនោះរួមមាន ការហាមប្រាមពួកគេមិនឱ្យចូលទឹកដីអាមេរិក និងការបង្កកទ្រព្យសម្បត្តិ ជាដើម។
ឆ្លើយតបរឿងនេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា ទណ្ឌកម្មរបស់អាមេរិកមិនរង្គោះរង្គើដល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានោះទេ ទោះជាអ្នករងទណ្ឌកម្មនោះ គឺជាសមាជិកជាន់ខ្ពស់របស់គណបក្សក៏ដោយ៖ «គណបក្សបានកំណត់ច្បាស់ហើយ គឺថាសាមគ្គី ឯកភាពផ្ទៃក្នុង វាជាកត្តាកំណត់ស្លាប់រស់របស់គណបក្ស។ វាអត់មានរង្គោះរង្គើអ្វីទេ ហើយការដាក់ទណ្ឌកម្ម វាជាការយាយីពីខាងក្រៅ។ វាអត់មានអ្វីដល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទេ»។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន យល់ថា នេះគ្រាន់តែជាការបកស្រាយឱ្យល្អមើលពីខាងក្រៅប៉ុណ្ណោះ ព្រោះបក្សកាន់អំណាចមានវប្បធម៌ហាមរិះគន់គ្នាជាសាធារណៈ។ លោកជឿថា ផ្ទៃក្នុងបក្សកាន់អំណាចប្រាកដជាមានបញ្ហាច្រើន ពីព្រោះអ្នករងទណ្ឌកម្ម និងសមាជិកជាន់ខ្ពស់ដទៃទៀតក្នុងបក្សនេះ ច្រើនតែជាអ្នកចាំទទួលរងថ្មបាក់ពីលោក ហ៊ុន សែន ដែលមេខ្លោងនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «នៅពេលរដ្ឋសភា និងព្រឹទ្ធសភាអាមេរិកអនុម័តសេចក្ដីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មទៅលើមន្ត្រីដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនមួយចំនួនថែមទៀតហ្នឹង នឹងប៉ះទៅដល់ពួកគាត់ហើយ ដូច្នេះពួកគាត់មានការភ័យព្រួយណាស់។ ទាំងគាត់ ទាំងក្រុមគ្រួសារគាត់ប្រាកដជាមិនពេញចិត្តចំពោះថ្នាក់ដឹកនាំកំពូលដូចជា លោក ហ៊ុន សែន ដែលដឹកនាំប្រទេសតាមរបៀបផ្ដាច់ការដូចសព្វថ្ងៃ។ គេចង់ឱ្យងាកមកផ្លូវប្រជាធិបតេយ្យ ដូច្នេះប្រាកដជាមានការរង្គោះរង្គើធ្ងន់ធ្ងរមកដល់ឥលូវនេះនៅក្នុងចំណោមគណបក្សប្រជាជន»។
ទាក់ទងនឹងរឿងទណ្ឌកម្មនេះ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ និងគណបក្សប្រឆាំងជឿជាក់ថា សហរដ្ឋអាមេរិកអាចនឹងបន្ធូរដៃវិញខ្លះ ប្រសិនបើរបបលោក ហ៊ុន សែន ព្រមស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិពលរដ្ឋ និងបញ្ឈប់នយោបាយការបរទេសលម្អៀងទៅរកប្រទេសចិន។ ផ្ទុយទៅវិញ បើចំណុចទាំងនេះមិនត្រូវបានអនុវត្តទេ សហរដ្ឋអាមេរិកអាចនឹងពង្រីកទណ្ឌកម្មបន្ថែមទៀត ហើយសូម្បីតែលោក ហ៊ុន សែន និងក្រុមគ្រួសារ ក៏ទំនងជាគេចមិនផុតពីទណ្ឌកម្មទាំងនោះដែរ។
សហរដ្ឋអាមេរិកបានប្រកាសជាចំហនៅពេលថ្មីៗនេះថា អាមេរិកប្ដេជ្ញាចិត្តចំពោះពលរដ្ឋខ្មែរ និងបំណងប្រាថ្នារបស់ពួកគេដើម្បីសុខសន្តិភាព ភាពរុងរឿង ប្រជាធិបតេយ្យ និងអនាគតប្រកបដោយសមធម៌។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកប្ដេជ្ញាចំពោះពលរដ្ឋខ្មែរក្នុងការជំរុញឱ្យមានការទទួលខុសត្រូវចំពោះសកម្មភាពឧក្រិដ្ឋ ការធ្វើជំនួញពុករលួយ និងការរំលោភបំពានផ្នែកសិទ្ធិមនុស្សគ្រប់បែបយ៉ាង៕
No comments:
Post a Comment