Sunday, 14 November 2021

តុលាការ​ខេត្ត​កំពង់ស្ពឺដោះលែង​មេឃុំ​ជាប់ឆ្នោត​​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី កឹម តុលា ចេញ​ពី​​ពន្ធនាគារ​​ហើយ​


ដោយ ខែ សុណង
2021-11-13
តុលាការ​ខេត្ត​កំពង់ស្ពឺដោះលែង​មេឃុំ​ជាប់ឆ្នោត​​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី កឹម តុលា ចេញ​ពី​​ពន្ធនាគារ​​ហើយ​ 

អ្នកស្រី​ កឹម តុលា ​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ដែល​តុលាការដោះលែង កាលពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក Ron Chanthy


តុលាការ​ខេត្ត​កំពង់ស្ពឺ សម្រេច​ដោះលែង​មេឃុំ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រែងត្រយឹងអ្នកស្រី កឹម តុលា ចេញ​ពី​ពន្ធនាគារ​ហើយ កាលពី​​ថ្ងៃទី១៣ ខែវិច្ឆិកា​ម្សិលមិញ។

អ្នកស្រី​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃទី​២៣ ខែកក្កដា ពី​បទ​ញុះ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ជាអាទិ៍​ ដោយ​សារ​អ្នកស្រី និង​សកម្មជន​បក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ទៀតជួប​ជុំគ្នា​បរិភោគ​នំ​បញ្ចុក និង​បង្ហោះ​សារ​គាំទ្រ​លោក កឹម សុខា និង​លោក សម រង្ស៊ី ថាជា​មនុស្ស​តែមួយ​ ព្រមទាំង​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ចុងឆ្នាំ​២០១៩។

អ្នកស្រី កឹម តុលា បាន​ប្រាប់វិទ្យុអាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃសៅរ៍​ថា តុលាការ​ខេត្តកំពង់ស្ពឺ​បាន​កាត់​ទោស​អ្នកស្រី ឲ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ និង​បង់ប្រាក់​ពិន័យ​២​លាន​រៀល ប៉ុន្តែ​អ្នកស្រី​មិន​ព្រម​ ក៏​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍។


អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​គ្មានកំហុស​អ្វីទេ​ ព្រោះមិន​បាន​ចូលរួម​ឬ​ធ្វើ​សកម្មភាព​នយោបាយ​ណាមួយ​ឡើយ ក្រោយ​ពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​៖ «មានអារម្មណ៍​សប្បាយ​ចិត្ត បាន​ជួបជុំ​បងប្អូន​ម៉ែឪ​ឡើង​វិញ។ នៅក្នុង​ពន្ធនាគារ​ធម្មតា​វាពិបាក​ណាស់ មិន​ដូច​នៅ​ក្រៅ​ទេ ប៉ុន្តែ​នៅ​តែ​ទ្រាំ ព្រោះ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច។ ការ​កាត់​ទោស​របស់​តុលាការ​មួយ​ឆ្នាំ និង​បង់ប្រាក់​២​លាន​រៀល។ ខ្ញុំអត់​ព្រម​ អត់​ទទួល ក៏​ឡើង​សាលា​ឧទ្ទរណ៍ ហើយ​ប្រធាន​សាលាឧទ្ទរណ៍​សាកសួរ​នាំ​ទៅ ខ្ញុំក៏​ឆ្លើយ​តាម​ហេតុផល​តាម​ទម្ងន់​ទោស​ហ្នឹង​ទៅ ​ដោយ​សារ​ខ្ញុំ​អត់​មាន​កំហុស​អ្វី ក៏​សាលាឧទ្ទរណ៍​កាត់​ឲ្យ​ខ្ញុំ​ត្រឹម​៣​ខែ ប៉ុន្តែ​ខ្ញុំ​ជាប់​៣​ខែ ២០ថ្ងៃ ទើប​បាន​រួច​ខ្លួន»។

មេឃុំ​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រែងត្រយឹង អ្នកស្រី កឹម តុលា ធ្លាប់​បាន​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​មួយ​រយៈ កាល​ពី​ដើមឆ្នាំ​២០១៩ ក្រោយ​តុលាការ​ខេត្ត​កំពង់ស្ពឺ បានកោះហៅ​ទៅ​បំភ្លឺ​រឿង​បង្ហោះ​សារ​គាំទ្រ​មេដឹកនាំគណបក្សសង្គ្រោះជាតិនិង​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី​។ អ្នកស្រី បាន​សម្រេច​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ក្រោយពី​មេដឹកនាំ​ក្រុងភ្នំពេញ លោក ហ៊ុន សែន ​បានបញ្ជា​ឱ្យ​តុលាការ​និង​អាជ្ញាធរ ទម្លាក់​ចោល​ ការ​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់៕

No comments: