ដោយ សេក បណ្ឌិត
2021-11-13
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន។
Phay Siphan Facebook Photo
មន្ត្រីរដ្ឋាភិបាលលើកឡើងថា ការណែនាំរបស់ស្ថានទូតអាមេរិកឲ្យក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងមានការប្រុងប្រយ័ត្នមុននឹងវិនិយោគនៅកម្ពុជា មានចរិតនយោបាយដែលខុសពីការពិតនៅកម្ពុជា។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលគួរព្យាយាមកែលម្អនូវចំណុចអវិជ្ជមានដើម្បីធ្វើឲ្យកម្ពុជាទទួលបានអ្នកវិនិយោគបរទេសដែលមិនប្រព្រឹត្តិអំពើពុករលួយ និងគោរពសិទ្ធិមនុស្ស។
តំណាងរដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកឡើងរបស់ស្ថានទូតអាមេរិកជុំវិញហានិភ័យខ្ពស់ក្នុងការរកស៊ីនៅកម្ពុជានោះថា ជារឿងមិនឆ្លុះបញ្ចាំងការពិត។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលតែងតែធ្វើច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីការពារអ្នកវិនិយោគជាតិ និងអន្តរជាតិ។ លោកលើកឡើងទៀតថា ជនជាតិអាមេរិកមិនចង់រកស៊ីនៅស្រុកខ្មែរទើបចោទប្រកាន់ថា ការវិនិយោគនៅកម្ពុជា មានអំពើពុករលួយឬរំលោភសិទ្ធិមនុស្សបែបនេះ។ ទោះយ៉ាងណាលោកទទួលស្គាល់ថា ទោះរដ្ឋាភិបាលប្រឹងប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយបែបនេះ ក៏បញ្ហានេះតែមានកើតឡើង៖ «ខ្ញុំទទួលស្គាល់ថា មិនអស់ទេអំពើពុករលួយដូច្នេះជាយន្តការប្រឆាំងអំពើពុករលួយយើងដឹងថា អ្នករកវិនិយោគនៅកម្ពុជាប្រព្រឹត្តិអំពើពុករលួយយើងចាប់ដាក់ហើយ»។
ប្រតិកម្មបែបនេះរបស់មន្ត្រីរដ្ឋាភិបាល ក្រោយស្ថានទូតអាមេរិកបានណែនាំទៅអ្នកវិយោគរបស់ខ្លួនថា ការវិនិយោគនៅកម្ពុជាមានវិស័យមួយចំនួនដូចជា វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និងហេដ្ឋារចនាសម្ព័ន្ធ មានហានិភ័យខ្ពស់។ ស្ថានទូតក៏ប្រាប់ អ្នកវិនិយោគរបស់ខ្លួនកុំឲ្យជាប់ទាក់ទង នឹងការរកស៊ីដែលមានការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ ការជួញដូរមនុស្ស សត្វព្រៃ ព្រៃឈើនិងគ្រឿងញៀនជាដើម។ ស្ថានទូតសហរដ្ឋអាមេរិករំលឹកទៀតថា អំពើពុករលួយកំពុងរីករាលដាលខ្លាំង និងចាក់ស្រេះនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា ជាញឹកញាប់តែងមានការត្អូញត្អែរពីអ្នកវិនិយោគពីរឿងសូកលុយមន្ត្រីក្រោមតុ។ លោកយល់ថា បញ្ហានេះធ្វើឲ្យអ្នកវិនិយោគនៅប្រទេសស្អាតស្អំមិនហ៊ានមករកស៊ីនៅកម្ពុជាទេ៖ «បញ្ហាលុយក្រោមតុនេះគឺតាមដានការសិក្សាស្រាវជ្រាវមួយចំនួនការលើកឡើងមួយចំនួនតាមប្រព័ន្ធផ្សព្វផ្សាយអីយើងឃើញការលើកឡើងបញ្ហាពុករលួយដែលធ្វើឲ្យមានពិបាកអីចឹងដែរបាទ»
ស្រដៀងគ្នានេះដែរថា យករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត សង្កេតឃើញថា សហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យផ្សេងទៀតពេលចង់វិនិយោគនៅទេសណាមួយ គេតែងគិតគូរគ្រប់ជ្រុងជ្រោយពិសេសលើការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងប្រឆាំងអំពើពុករលួយជាដើម។ លោកយល់ថា បើរដ្ឋាភិបាលប្រឹងប្រែងកែលម្អខ្លួនឲ្យសហគមន៍អន្តរជាតិជឿជាក់ នឹងអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើនតែមទៀតមករកស៊ីនៅកម្ពុជា៖ «ការកែលម្អឲ្យមានការជឿជាក់ហើយទាក់ទាញអ្នកវិនិយោគមកស្រុកខ្មែរកាន់តែច្រើនជាការបង្ហាញមោទនភាពចំពោះកម្ពុជាផងដែរ ជាពិសេសកម្ពុជាយើងត្រូវតែពង្រឹងគោលការណ៍ស្ដារនៃការគោរពសិទ្ធិមនុស្ស បំបាត់អំពើពុករលួយហើយគោលការណ៍ស្ដារលទ្ធិប្រជាធិបតេយ្យ»។
ចាប់តាំងពីឆ្នាំ២០១៧ មកដល់ពេលនេះ កម្ពុជាជាប់ឈ្មោះក្នុងបញ្ជី «ប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខ្ពស់ផ្នែកអំពើលាងលុយកខ្វក់នៅលើពិភពលោក របស់អង្គការអន្តរជាតិឃ្លាំមើលអំពើលាងលុយកខ្វក់ឈ្មោះ ក្រុមការងារហិរញ្ញវត្ថុ (FATF)។ ក្រោយមក ស្ថាប័នហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលនៃក្រុមប្រទេសមានហានិភ័យខ្ពស់ផ្នែកអំពើលាងលុយកខ្វក់នេះដែរ។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ជាច្រើនរូបជាបន្តបន្ទាប់ ក្រៅពីនេះក៏មានឈ្មួញបំផ្លាញព្រៃឈើនិងក្រុមហ៊ុនចិនដែលរកស៊ីនៅកម្ពុជាផងដែរ។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏មិនទាន់បានផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ខ្លួនGSPឲ្យកម្ពុជាវិញដែរ ក្រោយពីបានផុតសុពលភាពកាលពីចុងឆ្នាំ២០២០៕
1 comment:
Ah Chrounh Phay Sophan should stop barking.
Post a Comment