ដោយ ខែ សុណង
2022-02-24
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) រំលឹកទៅលោក ហ៊ុន សែន ឲ្យធ្វើជាប្រធានអាស៊ានឲ្យល្អ និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា (Myanmar) តាមកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន។ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លើកឡើងបែបនេះ ក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាថ្ងៃចុងក្រោយនៃការ បំពេញ ទស្សនកិច្ចរបស់លោកនៅកម្ពុជា។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) ថ្លែងថា រដ្ឋាភិបាលរបស់លោកបន្តគាំទ្រកម្ពុជាជាប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហានៅភូមា។ លោកថ្លែងតាមរយៈអ្នកបកប្រែថា លោកចង់ឃើញភូមាត្រឡប់ទៅប្រក្រតីភាពឡើងវិញ តាមរយៈការអនុវត្ត កិច្ចព្រមព្រៀង៥ចំណុច របស់អាស៊ាន ដែលជាទិសដៅដើម្បីដោះស្រាយវិបត្តិនៅភូមា៖ «ខ្ញុំជឿជាក់ថា កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំនេះជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ យើងចង់ឃើញ មីយ៉ាន់ម៉ាត្រឡប់ទៅប្រក្រតីភាពវិញ យើងក៏ចង់ឃើញ មីយ៉ាន់ម៉ា សម្រេចបាននូវការអភិវឌ្ឍនិងវឌ្ឍនភាពដើម្បីប្រជាពលរដ្ឋខ្លួននិងដើម្បីប្រទេសដែលមានសន្តិភាព និងវិបុលភាព កុងសង់ស៊ីសប្រាំចំណុចរបស់អាស៊ានគឺមានសារៈសំខាន់ណាស់ដែលជាទិសដៅដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាភាគីទាំងអស់ត្រូវធ្វើការរួម»។
នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដដែលក៏បានលើកឡើងអំពីបញ្ហារសើបមួយទៀតរបស់អាស៊ាន (ASEAN) ដែរ គឺជម្លោះសមុទ្រចិនខាងត្បូង។ លោកថា សមុទ្រចិនខាងត្បូង ត្រូវតែជាច្រកដែលមានសន្តិសុខក្នុងការធ្វើដំណើរ និងគោរពតាមច្បាប់អន្តរជាតិ។
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី (Malaysia) មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៣ និងទី២៤ ខែកុម្ភៈ តាមការអញ្ជើញរបស់លោក ហ៊ុន សែន និងស្របពេលដែលកម្ពុជាកំពុងដោះស្រាយវិបត្តិនយោបាយនៅភូមា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២។
ក្នុងសន្និសីទកាសែតនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេនមិនបានលើកឡើងពីទស្សនកិច្ចរបស់លោកទៅជួបមេដឹកនាំរដ្ឋប្រហារយោធាភូមាលោក មីន អ៊ុងលាំង (Min Aung Hlaing) កាលពីខែមករាកន្លងទៅនេះទេ។
លោកក៏មិនបានបញ្ជាក់ជំហរដាច់ណាត់របស់លោក កាលពីមុន ដែលថា អាស៊ានត្រូវមានតែ១០ប្រទេសនោះដែរ។ លោក ហ៊ុន សែន លើកឡើងពីការជំរុញការអនុវត្តគោលការណ៍ឯកភាព ៥ចំណុចរបស់អាស៊ានស្ដីពីបញ្ហាភូមា និងបានអរគុណម៉ាឡេស៊ីដែលគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២៖ «យើងទាំងពីរក៏បានធ្វើការផ្លាស់ប្ដូរទស្សនបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងកង្វល់រួមជាពិសេសការជំរុញអនុវត្តការព្រមព្រៀងជាឯកឆន្ទរបស់ថ្នាក់ដឹកនាំអាស៊ានដើម្បីជួយរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា»។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសភូមា កាលពីខែមករា រងការរិះគន់ថា ជាការទទួលស្គាល់ភាពស្របច្បាប់របស់មេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងលាំង និងជាការប៉ុនប៉ងរបស់លោក ហ៊ុន សែន ក្នុងការទាញក្រុមមេដឹកនាំរដ្ឋប្រហារខុសច្បាប់ភូមា ឱ្យចូលក្នុងវេទិកានានារបស់អាស៊ាន។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាហ៍ (Saifuddin Abdullah) ដែលអមដំណើរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកកាន់កម្ពុជាក្នុងពេលនេះ ក៏ធ្លាប់បានចេញមុខរិះគន់ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ពេលនោះដែរ ថាធ្វើឡើងដោយខ្វះការពិគ្រោះយោបល់ជាមួយបណ្ដារដ្ឋសមាជិកអាស៊ានផ្សេងទៀត។ អ្នកកាសែតក្នុងស្រុកបានចោទសួរលោក ហ៊ុន សែន អំពីចំណុចនេះដែរ ប៉ុន្តែ លោក ហ៊ុន សែន មិនបានឆ្លើយតបសំនួរនេះទេ។
កង្វល់បែបនេះ របស់ក្រុមប្រទេសសមាជិកអាស៊ាន ខណៈក្រុមយោធាភូមា ក្រោមការគ្រប់គ្រងរបស់លោក មីន អ៊ុងលាំង បានបន្តបង្ក្រាបដោយហិង្សា និងក្នុងថ្លុកឈាមលើក្រុមពលរដ្ឋភូមាដែលទាមទារចង់បានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិរបស់ពួកគាត់ដែលជាម្ចាស់ឆ្នោត។
អ្នកវិភាគនយោបាយពីប្រទេសហ្វាំងឡង់(Finland) លោក គឹម សុខ យល់ថា ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសស្ថាបនិកអាស៊ាន មានការបារម្ភអំពីទំនាក់ទំនងអាស៊ាននិងសហរដ្ឋអាមេរិក។ លោកបន្តថា ប្រសិនបើលោក ហ៊ុន សែន បន្តជំហរធ្វើជាបងប្អូនជាមួយមេដឹកនាំរដ្ឋប្រហារយោធាលោក មីន អ៊ុងលាំង ទៀតនោះនឹងអាចធ្វើឲ្យអាក់ខានទៅដល់កិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាមេរិក ដែលបញ្ហានេះអាចប៉ះពាល់សន្តិសុខអាស៊ានទាំងមូល៖ «ប្រសិនបើលោក ហ៊ុន សែន មិនស្ដាប់អាចកិច្ចប្រជុំកំពូលរវាងអាមេរិក អាស៊ាន បរាជ័យ បរាជ័យដោយការពន្យារ ដោយមិនមានពេលកំណត់ ឬផ្អាកការប្រជុំតែម្ដងហើយនេះជាកំហុសដែលបង្កើតឡើងដោយលោក ហ៊ុន សែន ផ្ទាល់ ដែលនៅតែរឹងត្បឹង មិន ព្រមសម្របសម្រួលជាមួយប្រទេសអាស៊ាននានា»។
ស្រដៀងគ្នានេះដែរ អ្នកជំនាញកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា នៅរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន ព្យាយាម ដោះស្រាយវិបត្តិនៅភូមា តាមយន្តការអាស៊ាន ព្រោះលោក ហ៊ុន សែន ខ្លាចបាត់ឱកាសចាប់ដៃជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក។
ចាប់តាំងពីរបបយោធាគ្រប់គ្រងប្រទេសភូមា យ៉ាងហោចណាស់មានពលរដ្ឋភូមាជាង ១ពាន់៤រយនាក់ (១.៤០០) ក្នុងនោះរួមទាំងកុមារយ៉ាងហោចណាស់១០០នាក់ផងដែរត្រូវបានគេសម្លាប់ ហើយមនុស្សជាង ១ម៉ឺន១ពាន់នាក់ទៀត (១១.៣០០) ត្រូវបានចាប់ខ្លួន មួយចំនួនបានបាត់រត់ចោលផ្ទះសម្បែង និងមួយចំនួនទៀតចាប់កាន់អាវុធដើម្បីតស៊ូ៕
No comments:
Post a Comment