ដោយ ម៉ៅ សុធានី
2022-02-23
មន្ត្រីសង្គមស៊ីវិល និងក្រុមកូដករណាហ្គាវើលដ៍ (Naga World) ចាត់ទុកចំណាត់ការអាជ្ញាធរក្រុងភ្នំពេញចាប់បង្ខំឱ្យក្រុមកូដករធ្វើចត្តាឡីស័កទាំងកម្រោលបន្តបន្ទាប់មកនេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើក្រុមស្រ្តី និងបង្ហាញពីការអនុវត្តច្បាប់គ្មានតុល្យភាពលើក្រុមកូដករ។ ពួកគេយល់ថា ទង្វើរបស់អាជ្ញាធរបែបនេះ គឺមានគោលបំណងគេចវេសពីការស្វែងរកដំណោះស្រាយ និងព្យាមយាមលុបបំបាត់ការធ្វើកូដកម្មរបស់កូដករទាមទារដំណោះស្រាយជាមួយក្រុមហ៊ុនបន់ល្បែងមួយនេះ។
| អាជ្ញាធរបានទាញអូសស្ត្រីជាកូដករម្នាក់ឱ្យឡើងរថយន្តក្រុង ដឹកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ) |
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ចំណាត់ការទាំងកម្រោលរបស់អាជ្ញាធរចាប់បង្ខាំងក្រុមកូដករណាហ្គាវើលដ៍(Naga World) ដោយប្រើហិង្សាបញ្ជូលឱ្យធ្វើចត្តាឡីស័កឆ្លុះបញ្ចាំងពីការរំលោភច្បាប់ជាមូលដ្ឋានបង្កឱ្យមានការរើសអើងក្រុមកូដករណាហ្គាវើលដ៍ និងកាន់តែបង្ហាញច្បាស់ពីអាជ្ញាធរអនុវត្តវិធានការសុខាភិបាលដោយអនុវត្តច្បាប់មានស្តង់ដារ២។ ក្រុមកូដករ និងសហជីព ចាត់ទុកទង្វើអាជ្ញាធរថាលម្អៀងទៅខាងក្រុមហ៊ុននិងអនុវត្តច្បាប់គ្មានតុល្យភាព និងព្យាយាមសម្លុតគំរាមកំហែងក្រុមកូដករមិនឱ្យតវ៉ាទាមទារដំណោះស្រាយពីក្រុមហ៊ុន។
ក្រុមសហជីពទ្រទ្រង់សិទ្ធការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៣ ខែកុម្ភៈថា ទោះបីក្រុមកូដករបានយកសំណាកតាមការកំណត់របស់ក្រសួងសុខាភិបាល ប៉ុន្តែសាលាក្រុងភ្នំពេញនៅតែបន្តចោទប្រកាន់ចាប់សកម្មជនសហជីព នេះបង្ហាញឱ្យឃើញថា អាជ្ញាធរមានទំនោរទៅកាន់ថៅកែបន់ល្បែងណាហ្គាវើលដ៍។ ពួកគេថ្កោលទោសទង្វើអាជ្ញាធរក្រុងភ្នំពេញ ថាជាការគំរាមកំហែងបំភិតបំភ័យមកលើនិយោជិតដែលចេញតវ៉ាទាមទារសិទ្ធជាមូលដ្ឋាននៅកន្លែងធ្វើការ និងសិទ្ធសហជីព។
| កូដករណាហ្គាវើលដ៍ម្នាក់ក្នុងចំណោមច្រើននាក់បានដេកកៀនជញ្ជាំងអគារមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ សង់ត្រាល់) |
កម្មករណាហ្គាវើលដ៍ម្នាក់កញ្ញា ទួន យូរី ប្រាប់វិទ្យុអាស៊ីសេរីថា ការចាប់ខ្លួនក្រុមកូដករដោយបង្ខំឱ្យធ្វើចត្តាឡីស័កយ៉ាងប្រញាប់ប្រញាល់និងឃាត់ខ្លួនសកម្មជនសហជីពកន្លងទៅនេះ អាជ្ញាធរមានចេតនាចង់បញ្ឈប់មិនឱ្យមានការចេញតវ៉ាការធ្វើកូដកម្ម និងបានរំលោភបំពានសិទ្ធដល់ក្រុមកូដករចេញតវ៉ាដោយអហិង្សាដើម្បីឱ្យដោះលែងតំណាងសហជីពចំនួន១១នាក់និងឱ្យវិលចូលតុចរចាជាមួយថៅក្រុមហ៊ុនណាហ្គាវើលដ៍ឡើងវិញ។ កញ្ញារិះគន់ចំណាត់ការអាជ្ញាធរក្រុងភ្នំពេញថាអនុវត្តច្បាប់វិធានសុខាភិបាលមិនសមភាព និងលម្អៀងទៅក្រុមហ៊ុនបន្តចាប់ខ្លួនក្រុមកូដករទាំងអយុត្តិធម៌៖ «ក្រុមកូដករពួកខ្ញុំមានភាពអយុត្តិធម៌ខ្លាំងមែនទែន ដោយសារច្បាប់ក្រសួងសុខាភិបាលបានប្រើប្រាស់ពីរផ្លូវ។ ដោយសារតែយើងឃើញជាក់ស្ដែងកាលពីថ្ងៃទី២០ នៅពហុកីឡដ្ឋានមានមនុស្សចូលរូមជាង១ម៉ឺននាក់ហេតុអីអត់មានការចាប់ខ្លួនពួកគាត់ធ្វើតេស្ត? បែរជាចាប់ឃុំកូដករអត់ដល់១០០នាក់ថាយើងជួបជុំបង្កចលាចលទៅវិញ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត ភក្តី ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី២៣ ខែកុម្ភៈ។ ចំណែកឯអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ក៍វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
| កូដករណាហ្គាវើលដ៍ជាច្រើននាក់បានដេកក្រៅអគារមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ សង់ត្រាល់) |
កាលពីថ្ងៃទី២២ ខែកុម្ភៈ អាជ្ញាធរបានចាប់ក្រុមកូដករណាហ្គាវើលដ៍ ៣៩នាក់ ដោយប្រើអំពើហិង្សាបោះចូលរថយន្តក្រុងដឹកទៅកាន់មណ្ឌលចត្តាឡីស័ក ដោយចោទប្រកាន់ពួកគេថា បានល្មើសបំរាមសុខាភិបាល ដោយសារតែពួកគបានប្រមូលផ្តុំធ្វើកូដកម្មស្វែងរកដំណោះស្រាយវិវាទការងារនៅក្បែរអគារបនល្បែងណាហ្គាវើលដ៍។ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផាកពិន័យកម្មករណាហ្គាវើលដ៍ (Naga World) ៤០នាក់ផ្សេងទៀត ក្នុងម្នាក់ពីមួយលានរៀលទៅ ប្រាំលានរៀល និងព្រមាននឹងថាវិធានការតាមច្បាប់លើក្រុមធ្វើកូដកម្ម ក្រោមហេតុផលថាបើក្រុមកូដករចរិតចចេសរឹងរូសមិនព្រមអនុវត្ត វិធានការទប់ស្កាត់សុខាភិបាលទប់ស្កាត់ជំងឺកូវីដ-១៩។
ទាក់ទងនឹងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត ប្រសាសន៍ថាការចាប់ខ្លួនបង្ខំក្រុមកូដករក្រោយហេតុផលល្មើសច្បាប់វិធានថ្មីនេះ អាជ្ញាធរអនុវត្តច្បាប់គ្មានតុល្យភាពនិងបានបង្កឱ្យមានការរើងអើងលើក្រុមកូដករតែតស៊ូតវ៉ាទាមទារឱ្យមានដំណោះស្រាយវិវាទការងារជាមួយណាហ្គាវើលដ៍។ លោកបន្តថា បើអាជ្ញាធរបន្តដាក់ចេញចំណាត់ការបង្ក្រាបបែបនេះកាន់តែធ្វើឱ្យតាន់តឹងក្នុងការដោះស្រាយវិវាទការងារនេះ ហើយរដ្ឋាភិបាលនៅតែបន្តរងការរិះគន់ និងមានការថ្កោលទោសពីសហគមន៍ជាតិនិងអន្តរជាតិបន្ថែមទៀត៖ «គាត់មកជួបជុំទាមទារ ដោយសារតែគ្មានដំណោះស្រាយរឿងវិវាទការងារហ្នឹង។ ចំណាត់ការចាំបាច់គឺដំណោះស្រាយវិវាទការងារ មិនមែនវិធានការចាំបាច់ដោយអនុវត្តច្បាប់ផ្សេងៗ ឬការចាប់ខ្លួនពីបទញុះញង់អីជាដើម។ ផ្ទុយទៅវិញកាលណាមានការចាប់ខ្លួន ការបង្ក្រាបគឺនាំឱ្យមានការថ្កោលទោស ការរិះគន់ទៅលើអាជ្ញាធរទៅវិញទេ»។
| កូដករណាហ្គាវើលដ៍ដេកក្រៅអគារមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ សង់ត្រាល់) |
តំណាងកូដករឱ្យដឹងមុននេះបន្តិចថា រសៀលថ្ងៃទី២៣ ខែកុម្ភៈនេះមានក្រុមកម្លាំងអាជ្ញាធរស្លៀកពាក់ស៊ីវិលបន្តចាប់ក្រុមកូដករចំនួន ៥១ នាក់ បន្ថែមទៀតដោយអះអាងថា ល្មើសវិធានសុខាភិបាលក្រោយពីពួកគេធ្វើដំណើរដើម្បីចាប់ផ្ដើមការធ្វើកូដកម្មនៅក្បែរស្ថានទូតអូស្ត្រាលី។ ការឃាត់ខ្លួនកូដករ ៥១ នាក់ បន្ថែមទៀតនេះអាជ្ញាធរមិនទាន់បានបកស្រាយលម្អិត និងប្រាប់ពីទីតាំងឃុំរបស់ពួកគេឡើយ។
ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ បានរិះគន់ថា អាជ្ញាធរក្រុងភ្នំពេញកំពុងអនុវត្តវិធានការសុខាភិបាល ដែលមានស្តង់ដារ២ ផ្សេងគ្នារវាងក្រុមកូដករ និងសាធារណជនទូទៅ ដែលបង្ហាញថា អាជ្ញាធរប្រឹងប្រែងរារាំងសកម្មភាពស្របច្បាប់របស់កូដករ។ លើសពីនេះទង្វើនេះ ផ្ទុយពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ មកដល់ពេលនេះមានតំណាងសហជីព និងកម្មករណាហ្គាវើលដ៍ចំនួន១១នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែពួកគេ ធ្វើកូដកម្មដោយសន្តិវិធីទាមទាររកដំណោះស្រាយ រឿងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍បញ្ឈប់បុគ្គលិកជាង៣រយនាក់ (៣៦៥) ពីការងារ៕
ក្រុមកូដករណាហ្គាវើលដ៍ (#NagaWorld) ចាត់ទុកចំណាត់ការអាជ្ញាធរក្រុងភ្នំពេញចាប់បង្ខំឱ្យក្រុមកូដករធ្វើចត្តាឡីស័កទាំងកម្រោលបន្តបន្ទាប់មកនេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើក្រុមស្រ្តី និងបង្ហាញពីការអនុវត្តច្បាប់គ្មានតុល្យភាព។
ពួកគេយល់ថា ទង្វើរបស់អាជ្ញាធរបែបនេះ គឺមានគោលបំណងគេចវេសពីការស្វែងរកដំណោះស្រាយ និងព្យាយាមលុបបំបាត់ការធ្វើកូដកម្មរបស់កូដករជាមួយក្រុមហ៊ុនបនល្បែង
ពួកគេយល់ថា ទង្វើរបស់អាជ្ញាធរបែបនេះ គឺមានគោលបំណងគេចវេសពីការស្វែងរកដំណោះស្រាយ និងព្យាយាមលុបបំបាត់ការធ្វើកូដកម្មរបស់កូដករជាមួយក្រុមហ៊ុនបនល្បែង
No comments:
Post a Comment