Friday, 18 February 2022

កម្មករ​ណាហ្គាវើ​លដ៍​៤​នាក់​ចូល​ខ្លួន​បំភ្លឺ​រឿង​អាជ្ញាធរ​ចោទ​ថា រារាំង​វិធាន​សុខាភិបាល


ដោយ យន់ សាមៀន
2022-02-18
កម្មករ​ណាហ្គាវើ​លដ៍​៤​នាក់​ចូល​ខ្លួន​បំភ្លឺ​រឿង​អាជ្ញាធរ​ចោទ​ថា រារាំង​វិធាន​សុខាភិបាល 

កម្មករ​ណាហ្គា​វើល៍​ប្រមាណ​៥០​នាក់ មក​​តាមដាន​ការ​ចូល​បំភ្លឺ​របស់​កម្មករ​ទាំង​៤​នាក់ នៅ​ថ្ងៃទី១៨ ខែ​កុម្ភៈ នៅ​ស្នងការរាជធានី​ភ្នំពេញ ដោយឈរ​កាន់​​ក្រដាស សរសេរ​ថា ខ្ញុំ​ធ្វើ​ជា​សាក្សី។
Photo Provided

 

កម្មករ​ណាហ្គាវើលដ៍ ៤​នាក់ ចូលខ្លួន​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​របស់​តុលាការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ចោទថា ពួកគាត់​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩។ ប៉ុន្តែ សមត្ថកិច្ច​ថា​រឿង​នេះ ដល់​ដំណាក់កាល​តុលាការ​ហើយ​។ សង្គម​ស៊ីវិល ស្នើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ហើយ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់ ដើម្បី​ឲ្យ​ពួកគេ​វិល​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណ​ហា្គ​វើលដ៍។

កម្មករ​ណាហ្គាវើលដ៍​៤​នាក់ រួមមាន កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា កញ្ញា ម៉េង កាក់នីកា អ្នកនាង អេង ស្រីបូ និង​អ្នកស្រី ខេង ចិន្តា នៅ​រសៀល​ថ្ងៃទី​១៨ កុម្ភៈ នាំគ្នា​ចូលខ្លួន​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា ពួកគាត់​រារាំង​វិធានការ​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩។ ក្រោយពេល​ពួកគេ​ចូល​បំភ្លឺ អម​ដោយ​មេធាវី​ម្នាក់ មន្ត្រី​នគរបាល​ប្រាប់ថា​សំណុំ​រឿង​នេះ ផុតពី​ដៃ​របស់​សមត្ថកិច្ច ហើយ​ចូលដល់​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។



ទន្ទឹម​គ្នា​នេះ មាន​កម្មករ​ណាហ្គា​វើល៍​ប្រមាណ​៥០​នាក់ នាំគ្នា​តាមដាន​ការ​ចូល​បំភ្លឺ​របស់​កម្មករ​ទាំង​៤​នាក់ ដោយ​ម្នាក់​ឈរ​លើក​ក្រដាស សរសេរ​ថា ខ្ញុំ​ធ្វើ​ជា​សាក្សី។

មេធាវី​ការពារ​ក្ដី​ឲ្យ​កម្មករ​ណាហ្គាវើលដ៍ គឺ អ្នកស្រី សាម សុគន្ធា ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោកស្រី​ស្នើសុំ​សមត្ថកិច្ច​ជួយ​សរសេរ​បញ្ជាក់​លើ​ដីកា​របស់​តុលាការ ដើម្បី​បង្ហាញថា​ពួកគេ​ពិតជា​បាន​ចូលខ្លួន​បំភ្លឺ តាម​កាលកំណត់​របស់​តុលាការ​មែន ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​សមត្ថកិច្ច​បដិសេធ។

អ្នកស្រី​បញ្ជាក់​ថា ការចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ ទាល់​តែមាន​ការ​ចេញ​ដីកា​ជាថ្មី​ពី​តុលាការ ព្រោះ​សំណុំ​រឿងនេះ​ស្ថិតក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ គឺ​ផុតពី​សមត្ថកិច្ច​និង​តំណាង​អយ្យការ​ហើយ៖ «ប្អូន​បាន​ចូល​មក​មែន មិន​បាន​រត់គេច​ទេ។ ខ្ញុំ​បាន​ស្នើ​សុំ​ខាង​ស្នងការ​ឲ្យ​គាត់​ជួយ​ចារ​ថា​ផុតដៃ​គាត់ ដែល​បាន​ប្អូន​បាន​មក ប៉ុន្តែ​គាត់​ប្រាប់​ថា គាត់​អត់​ចារ​ទេ។ អ៊ីចឹង​! តាម​ខ្ញុំ​យល់ ប្អូន​គួរ​ចាំ ដីកា​កោះ​ពី​តុលាការ​។ ហើយ​មាន​ដីកាកោះ​ពី​តុលាការ ប្អូន​ជម្រាប​មក​មេធាវី​មក ។ មេធាវី​នឹង​ទៅ​ការពារ​ប្អូនៗ​តាម​ការ​ស្នើសុំ ដូច​ដែល​ប្អូន​បាន​ស្នើ​សុំ​ថ្ងៃ​ហ្នឹង»។

កម្មករ​ណាហ្គា​វើលដ៍​៤នាក់ លើកឡើង​ថា ពួកគេ​នឹង​ចូល​ខ្លួន​បំភ្លឺ​តាម​នីតិវិធី​របស់​តុលាការ ប្រសិន​បើ មាន​ការ​កោះហៅ​ពួកគេ​ឲ្យ​ចូល​បំភ្លឺ​នៅ​ពេល​ខាង​មុខ។ ពួកគេ​ថា ការ​ចោទប្រកាន់​ពី​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង គឺជា​រឿង​មិន​ពិត ព្រោះ​ពួកគេ និង​កម្មករ​ផ្សេងទៀត ដែល​ធ្វើ​កូដកម្ម​នៅក្បែរ​ស្ថានទូត​អូស្ត្រាលី​កន្លង​មក បាន​ចូលរួម​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ​១៩ ជូន​ក្រុម​គ្រូពេទ្យ​នៅ​កោះ​ពេជ្រ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល រួចរាល់​ហើយ។

វិទ្យុ​អាស៊ីសេរី​មិន​សុំ​ការឆ្លើយបំភ្លឺ​រឿងនេះ ពី​អ្នកនាំពាក្យ​តុលាការក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ នៅ​ថ្ងៃទី​១៨ កុម្ភៈ បាន​ទេ​។​

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​តាម​ឃ្លាំមើល​រឿងនេះ មាន​ប្រសាសន៍​ថា ការ​ប្រែក្លាយ​ពី​វិវាទ​ការងារ​រវាង​ក្រុម​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ទៅជា​រឿង​ចេញ​ដីកា​ចាប់ខ្លួន​តំណាង​សហជីព និង​កម្មករ​ទៅ​តុលាការ​នេះ គឺ​កើត​ចេញ​ពី​ជម្លោះ​ការងារ ដែល​ក្រសួង​ពាក់ព័ន្ធ​អសមត្ថភាព​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ ត្រឹមត្រូវ​តាម​ច្បាប់។

លោក​បន្ត​ថា ការ​ប្រើ​ប្រព័ន្ធតុលាការ​ដើម្បី​ដាក់​គំនាប គាបសង្កត់ គំរាមកំហែង​ក្រុម​កម្មករ​ណាហ្គា​វើលដ៍​ឲ្យ​ឈប់​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​តំណាង​ពួកគេ និង​កម្មករ​ជាង​៣០០​នាក់​ចូលធ្វើការ​វិញ​នោះ មិនមែនជា​ដំណោះស្រាយ​ដែល​អាច​បញ្ចប់​បញ្ហា​នេះ​បាន​ទេ។

លោក​យល់​ថា វិវាទ​ការងារ​នេះ​គួរ​ដោះស្រាយ​តាម​យន្តការ​ច្បាប់ ដែល​ក្រសួង​ការងារ​មាន​តួនាទី​សម្របសម្រួល​ជាមួយ​ភាគី​ក្រុមហ៊ុន ពន្លឿន​ការ​រក​ដំណោះស្រាយ៖ «ខ្ញុំ​គិត​ថា រឿង​ណាហ្គា វើលដ៍​ល្មម​ដល់​ពេល​ដែល​ត្រូវ​រួមគ្នា​បញ្ចប់​បញ្ហា​ហ្នឹង​ហើយ។ ការដោះស្រាយ​វិវាទ​ការងារ​ហ្នឹង​ទៅ ដូច​សម្ដេច​ក្រឡាហោម ស ខេង ដែល​លោក​បានលើកឡើង​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នាំគ្នា​ដោះស្រាយ​បញ្ចប់​វិវាទ​ណាហ្គាវើលដ៍ ដោយ​សន្តិវិធី​ទៅ។ ហើយ​បើ​មិន​អ៊ីចឹង​ទេ គឺ​បង្ក​ផល​លំបាក​កាន់តែ​ច្រើន​សម្រាប់​បុគ្គលិក​ណាហ្គា​វើលដ៍​ដែល​ធ្វើ​កូដកម្ម។ ដូច​អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​ដែល​គាត់​ធ្វើ​កូដកម្ម​ហ្នឹង មិន​មាន​ដំណោះស្រាយ​ហើយ បែរ​ជា​ត្រូវ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ទៅវិញ​នោះ»។

កាលពី​ថ្ងៃទី​៩ កុម្ភៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន ចំពោះ​កូដករ​ណាហ្គា​វើ​លដ៍​៣​នាក់ មាន​លោក ជួប ចាន់ណាត លោក សេង វណ្ណារិទ្ធិ និង​លោក សោក សម្បត្តិ ដាក់​ពន្ធនាគារ​រាជធានី​ភ្នំពេញ ហៅ កាត់​ថា ប៉េហ្ស៊ី (PJ) ក្រោម​បទ​បទ​ចោទ រារាំង​វិធាន​សុខាភិបាល ត្រង់​មាត្រា​ទី​១១ នៃ​ច្បាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ១៩។

ការ​សម្រេច​ឃុំខ្លួន​នោះ ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ស្ទាក់​ចាប់​ខ្លួន​ពួកគេ តាម​ដីកា​របស់​ព្រះរាជអាជ្ញារង​លោក សេង ហៀង កាល​យប់​ពី​ថ្ងៃទី​៥ កុម្ភៈ នៅពេល​ពួកគេ​ចេញ​ពី​កន្លែង​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ​១៩ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។

ចំណែក តំណាង​សហជីព​និង​សកម្មជន​សហជីព​៨​នាក់​ទៀត ពួកគេ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ ញុះញង់​បង្ក​ឲ្យ​មាន​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០២១។

ក្រុម​អង្គការ​ខាង​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​តំណាង​សហជីព សកម្មជន​សហជីព និង​កម្មករ​ណាហ្គា​វើ​លដ៍​ចំនួន​១១​នាក់ ឲ្យ​មាន​សេរីភាព​វិញ ដោយ​ឥត​លក្ខខណ្ឌ​។ ពួកគេ​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​បន្ត​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោយ​ភាពស្មោះត្រង់ យុត្តិធម៌ តម្លាភាព និង​តាមច្បាប់​ស្ដីពី​ការងារ៕

No comments: