Friday, 18 February 2022

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​រាយការណ៍​ពិសេស​ចំនួន ៤រូប


ដោយ ម៉ៅ សុធានី
2022-02-17
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​រាយការណ៍​ពិសេស​ចំនួន ៤រូប 

លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៤។
រូប៖ UN

 

មន្ត្រីសិទ្ធិមនុស្ស និងសហជីព យល់​ស្រប​ដូច​គ្នា​ថា ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ថា កម្ពុជា​កំពុង​រំលោភ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​រារាំង​កូដកម្ម​​​របស់​កម្មករ​ណាហ្គាវើលដ៍ ក្រោម​លេស​អនុវត្ត​វិធានការ​សុខាភិបាល គឺ​ជា​ការ​ពិត​ជាក់​ស្ដែង​កំពុង​កើត​មាន​ឡើង។

ការ​លើក​ឡើង​របស់​មន្ត្រី​សិទ្ធិមនុស្ស និង​សហជីព​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ ចោទ​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ថា បំពេញ​ការងារ​មិន​ផ្អែក​លើ​មូលដ្ឋាន​អង្គហេតុ​ពិត និង​កំពុង​ធ្វើ​នយោបាយូបនីកម្ម​នៅ​កម្ពុជា។

មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​ថា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ តែងតែ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បដិសេធ ចំពោះ​របាយការណ៍ ឬ​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បារម្ភ​ពី​វិធានការ​របស់​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល ទៅ​លើ​ក្រុម​កម្មករ​ណាហ្កាវើលដ៍។



នាយក​រង​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រសិន​បើ​អាជ្ញាធរ​មាន​សុឆន្ទៈ​ដោះ​ស្រាយ នោះ​បញ្ហា​របស់​ក្រុម​កម្មករ​ណាហ្គាវើលដ៍ មិន​បាន​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ​ទេ៖ «មិន​មែន​ជា​លើក​ទី១ ទេ ស្ទើរ​គ្រប់​របាយការណ៍ និង​សេចក្ដី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ជាពិសេស អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា តែងតែ​មាន​ការ​បដិសេធ​ដោយ​លើក​ឡើង​ថា មាន​ពាក់ព័ន្ធ​នឹង​នយោបាយ​ជា​ដើម ហ្នឹង​អត់​មាន​ប្លែក​ទេ។ ប៉ុន្តែ​បញ្ហា​នៅ​ណាហ្គាវើលដ៍ យើង​សង្គម​ស៊ីវិល​ក្នុង​ស្រុក អត់​ចង់​ឃើញ​ការ​ធ្វើ​កូដកម្ម​កាន់​តែ​ពន្យារ​ពេល រហូត​ដល់​ចាប់​ខ្លួន»។

នៅ​ថ្ងៃ​ទី១៧ ខែកុម្ភៈ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ ចេញ​សេចក្ដី​ថ្លែង​ការណ៍ ទទូច​ឲ្យ​អ្នក​រាយ​ការណ៍​ពិសេស នៃ​អង្គការសហប្រជាជាតិ ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ផ្អែក លើ​មូលដ្ឋាន​អង្គហេតុ​ពិត គណនេយ្យភាព និង​មិន​ត្រូវ​ធ្វើ​នយោបាយូបនីកម្ម​នោះ​ឡើយ។ សេចក្ដី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ទាំងនោះ បង្ក​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ គ្មាន​ទំនួល​ខុស​ត្រូវ និង​ពុំ​ផ្អែក​លើ​មូលដ្ឋាន​នៃ​អង្គហេតុ​ពិត ពាក់ព័ន្ធ​នឹង​វិធាន​សុខាភិបាល និង​វិធានការ​ផ្លូវ​ច្បាប់ អនុវត្ត​ចំពោះ​ការ​ធ្វើ​កូដកម្ម​ខុស​ច្បាប់ ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ខែ។

ប្រតិកម្ម​របស់​មន្ត្រី​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ចំនួន​៥រូប ក្នុង​នោះ​រួមមាន​ទាំង​​អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា ​កំពុង​រំលោភ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​រារាំង​កូដកម្ម​​​របស់​កម្មករ​ណាហ្គាវើលដ៍ ក្រោម​លេស​អនុវត្ត​វិធានការ​សុខាភិបាល និង​យក​លេស​បង្ក្រាប​កូដកម្ម​ស្រប​ច្បាប់ និង​ដោយ​សន្តិវិធី​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ បន្ត​ថា ការ​អះអាង​ថា កូដកម្ម​នោះ​ស្រប​ច្បាប់ គឺ​ជា​ការ​យល់​ខុស​ទាំង​ស្រុង។ កម្មករ​និយោជិត និង​សហជីព​មាន​សិទ្ធិ​ធ្វើ​កូដកម្ម ក៏​ប៉ុន្តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​នានា មុន​កូដកម្ម​នោះ​អាច​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់​បាន។ បន្ថែម​ពី​នេះ ពិធីសារ​បង្ការ និង​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ គឺ​អនុលោម​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ សម្រាប់​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ដើម្បី​ការពារ​សុខភាព​សាធារណៈ។ ចំពោះ​ការ​ចោទ​ប្រកាន់​ថា ពេល​ណា​កម្មករ​ណាហ្គាវើលដ៍ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​ធ្វើ​ចត្តាទ្បីស័ក គឺ​ជា​ការ​បង្ហាញ​ថា អ្នក​រាយការណ៍​ពិសេស ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រភព​ព័ត៌មាន​តែ​មួយ​ជ្រុង និង​ពុំ​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​នោះ​ទេ។

ទោះ​បី​យ៉ាង​ណា​ក្ដី ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ក្រុម​កូដករ និង​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ យល់​ស្រប​គ្នា​ថា អាជ្ញាធរ​កំពុង​អនុវត្ត​វិធានការ​សុខាភិបាល ដែល​មាន​ស្តង់ដារ២ ផ្សេង​គ្នា​រវាង​ក្រុម​កូដករ និង​សាធារណជន​ទូទៅ ដែល​នេះ​បង្ហាញ​ថា​អាជ្ញាធរ​ប្រឹងប្រែង​រារាំង​សកម្មភាព​ស្របច្បាប់​របស់​ក្រុម​កូដករ។

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន មានប្រសាសន៍ថា លោក​គាំទ្រ​ទាំង​ស្រុង​នូវ​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​បញ្ហា​របស់​ក្រុម​កម្មករ​ណាហ្គាវើលដ៍ ដែល​អាជ្ញាធរ​មិន​បាន​ដោះ​ស្រាយ ប៉ុន្តែ​ប្រើ​ប្រព័ន្ធ​ច្បាប់ យក​លេស​ចាប់​ឃុំ​ខ្លួន​តំណាង​សហជីព និង​កម្មករ​ទៅ​វិញ៖ «អ្វី​ដែល​គាត់​លើក​ឡើង ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា ហើយ​យើង​ឃើញ អាជ្ញាធរ​មិន​បាន​ប្រើ​ពេល​វេលា ដើម្បី​រក​ដំណោះស្រាយ​កម្មករ​ណាហ្គាវើលដ៍​ទេ។ តែ​ផ្ទុយ​ទៅ​វិញ យក​ប្រព័ន្ធ​តុលាការ ចាប់ខ្លួន និង​បង្ខិតបង្ខំ​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ឲ្យ​ទទួល​យក​មិន​សម​ហេតុផល។ មួយទៀត ប្រតិកម្ម​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ គ្រាន់តែ​ជា​លេស និង​បដិសេធ​មិន​ទទួល​ស្គាល់​ការ​ពិត​រឿង​សិទ្ធិមនុស្ស សិទ្ធិ​មូលដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត»។

បន្ថែម​ពី​នេះ ​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ ​ព្រួយបារម្ភ ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ដែល​អាច​នឹង​មាន​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត និង​អំពើ​ហិង្សា​ពី​សំណាក់​ប៉ូលិស​លើ​ក្រុម​កម្មករ​ផង​ដែរ។ រហូត មកដល់​ពេល​នេះ​មាន​សហជីព និង​កម្មករ​ណាហ្គាវើលដ៍ សរុប​១១ នាក់​កំពុង​ជាប់ឃុំ​ ដោយសារ​​ការ​តវ៉ា​នេះ។

ក្រុម​អ្នក​ជំនាញ អ.ស.ប បញ្ជាក់​ជា​ថ្មី​ទៀត ​ថា រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​ក្រោម​សន្ធិសញ្ញា និង​អនុសញ្ញា ដែល​បាន​ផ្តល់​សច្ចាប័ន​ជាច្រើន ដើម្បី​ការពារ​សិទ្ធិមនុស្ស ឬ​សិទ្ធិ​របស់​ក្រុម​កូដករ។
កម្ពុជា​ក៏​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​បញ្ចេញមតិ សេរីភាព​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សិទ្ធិបង្កើត និង​ចូលរួម​សហជីព ស្រប​តាម​សេចក្ដី​ប្រកាស​សិទ្ធិមនុស្ស អាស៊ាន និង​លិខិតូបករណ៍ ពាក់ព័ន្ធ​នានា៕

No comments: