ដោយ មាន ឫទ្ធិ
2022-02-27
ប្រជាពលរដ្ឋអ៊ុយក្រែន UKraine កំពុងជម្លៀសចេញពីទីក្រុងកៀវ (Kyiv) កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ Reuter
មន្រ្តីស្ថានទូតខ្មែរប្រចាំប្រទេសរុស្ស៊ីបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនទាន់មានផែនការជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសអ៊ុយក្រែន (Ukraine) ទេ ដោយត្រឹមតែទាក់ទងដើម្បីស្វែងយល់ពីស្ថានភាពរបស់ពួកគេ។ ប៉ុន្តែ មន្រ្តីសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលឱ្យធានានូវសុវត្ថិភាព និងការពារអាយុជីវិតពលរដ្ឋ ដែលធានាដោយច្បាប់។
មន្រ្តីស្ថានទូតខ្មែរប្រចាំប្រទេសរុស្ស៊ីបញ្ជាក់ថា ស្ថានទូត ពុំមានលទ្ធិភាពជួយអន្តរាគមន៍ជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសអ៊ុយក្រែននោះទេ ដោយទុកឱ្យរដ្ឋាភិបាលជាអ្នកសម្រេចចិត្តជុំវិញរឿងនេះ ខណៈដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងបន្តផ្ទុះឡើងយ៉ាងក្តៅគគុក។
ទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ីលោក ម៉ែន ទន ប្រាប់វិទ្យុអាស៊ីសេរីថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអ៊ុយក្រែន បានទាក់ទងមកស្ថានទូតដោយបញ្ជាក់ថា ពួកគាត់មានសុវត្ថិភាព ប៉ុន្តែលោកនៅតែព្រួយបារម្ភអំពីស្ថានភាព និងសុវត្ថិភាពរបស់ពួកគេដែលកំពុងរស់នៅទីនោះ ខណៈប្រព័ន្ធទំនាក់ទំនងជួបការលំបាក ដោយសារប្រទេសរុស្ស៊ីបិទបណ្តាញ សង្គមមួយចំនួន។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានទូតនៅមិនទាន់ទទួលការណែនាំពីក្រសួងការបរទេសជុំវិញផែនការជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសអ៊ុយក្រែននៅឡើយទេ។
លោករំពឹងថា ក្នុងកាលៈទេសៈសង្គ្រាមបែបនេះ ពួកគាត់នឹងយល់ច្បាស់អំពីការត្រៀមស្បៀងអាហារ និងការស្វែងរកទីកន្លែងមានសុវត្ថិភាព ព្រមទាំងអនុវត្តតាមវិធានការរបស់រដ្ឋាភិបាលរៀងៗខ្លួន៖ «ក៏ប៉ុន្តែរឿងជម្លៀសឬមិនជម្លៀសខ្ញុំអត់បានដឹងទេ សូម្បីជនជាតិថៃដែលមានលទ្ធភាពយកយន្តហោះក៏គេធ្វើអត់កើតដែរ ចឹងដល់ខ្មែរយើងពិបាកមានលទ្ធភាពដូចគេចឹង ខ្ញុំមិនដឹងទេ ទុកឱ្យថ្នាក់លើជាអ្នកសម្រេចចុះ អាហ្នឹងទាល់តែសួរទៅក្រសួងការបរទេសបាទ ខ្ញុំនៅនេះរវល់ការងារមិនទាន់ទទួលព័ត៌មានខាងក្នុងប្រទេសដែរ ព្រោះបណ្តាញមួយចំនួនពិបាកទាក់ទងគ្នា»។
ចំណែកឯនិស្សិតខ្មែរសិក្សាផ្នែកវិស្វកម្មនុយក្លេអ៊ែរនៅប្រទេសរុស្ស៊ីលោក ខឿន ចាន់តូ ឱ្យដឹងថា នៅប្រទេសអ៊ុយក្រែនពុំមាននិស្សិតខ្មែរសិក្សានៅទីនោះទេ ប៉ុន្តែមានពលរដ្ឋខ្មែររស់នៅទីនោះ ដោយមួយចំនួនពួកគាត់កំពុងស្នាក់នៅក្នុងផ្លូវរថភ្លើងក្រោមដី ដើម្បីសុវត្ថិភាព និងរួចផុតពីគ្រោះថ្នាក់នៃសង្គ្រោម។ លោកបារម្ភពីសុវត្ថិភាពពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងមានសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី៖ «គាត់ថា ស្ថានភាពនៅអ៊ុយក្រែនក៏រាងវឹកវរដែរ ចឹងគាត់នៅក្រោមមេត្រូដើម្បីមានសុវត្ថិភាព ដោយសារនៅមេត្រូមានជម្រៅជ្រៅក្នុងដី»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ ខែកុម្ភៈ។
ក្រសួងការបរទេសកម្ពុជា ធ្លាប់ឲ្យដឹងថា អតីតនិស្សិតខ្មែរចំនួន ២៣នាក់ និងក្រុមគ្រួសាររបស់ពួកគេកំពុងរស់នៅប្រទេសអ៊ុយក្រែន (Ukraine)។ កាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក ជុំ សុន្ទរី ប្រាប់សារព័ត៌មានក្នុងស្រុកថា កម្ពុជាគ្មាននិស្សិតរៀននៅប្រទេសអ៊ុយក្រែនទេ ប៉ុន្តែមានតែអតីតនិស្សិតខ្មែរ ដែលកំពុងរស់នៅទីនោះ តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ និងខ្លះទៀតតាំងពីទសវត្សរ៍១៩៩០។ លោកថា បច្ចុប្បន្នស្ថានទូតខ្មែរនៅប្រទេសរុស្សី (Russia) កំពុងព្យាយាមទាក់ទងពលរដ្ឋទាំងនោះដើម្បីស្វែងយល់ពីស្ថានភាពរបស់ពួកគេ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកចង់ឃើញជម្លោះប្រទេសអ៊ុយក្រែន និងរុស្សី ដោះស្រាយគ្នាដោយសន្តិវិធី។ ក៏ប៉ុន្តែ លោកពុំបានថ្កោលទោស ឬហៅអំពើវាយប្រហាររបស់ប្រទេសរុស្ស៊ីមកលើប្រទេសអ៊ុយក្រែនថា ជាការឈ្លានពាននោះទេ ខណៈកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។
រីឯរដ្ឋមន្រ្តីការបរទេសអាស៊ានវិញ ក៏បានចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែននៅថ្ងៃទី២៧ ខែកុម្ភៈ បង្ហាញពីក្តីបារម្ភ និងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អត់ធ្មត់ ដើម្បីបន្តសន្ទនាតាមគ្រប់មធ្យោបាយការទូតស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមអន្តរជាតិ និងគោលការណ៍រដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលមានកាតព្វកិច្ចជម្លៀសពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសអ៊ុយក្រែនដែលកំពុងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះថា កម្ពុជាបានផ្តល់សច្ចាប័នអន្តរជាតិ ដែលធានានូវសិទ្ធិរស់រានមានជីវិតពលរដ្ឋរបស់ខ្លួន ទោះបីពួកគេរស់នៅប្រទេសណាក៏ដោយ។ លោកសង្កេតឃើញថា ស្ថានភាពនេះ រដ្ឋាភិបាលហាក់មិនទាន់មានចំណាត់ការឱ្យបានច្បាស់លាល់ដើម្បីជួយអន្តរាគមន៍ពលរដ្ឋខ្លួននៅឡើយទេ។
លោកទទូចឱ្យរដ្ឋាភិបាលអន្តរាគមន៍លើបញ្ហានេះជាបន្ទាន់ ដោយត្រូវធានាថា ពលរដ្ឋខ្មែរមិនត្រូវបាត់បង់ជីវិតក្នុងភ្លើងសង្គ្រាមនេះទេ៖ «យើងមានពលរដ្ឋដែលជាឈាមជ័រដូចគ្នានៅប្រទេសអ៊ុយក្រែន ចឹងយើងមានការព្រួយបារម្ភអំពីសេចក្តីសុខ និងសុវត្ថិភាពរបស់ពួកគាត់ ហើយទន្ទឹងនឹងការព្រួយបារម្ភនេះ យើងក៏ទទូចឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យមើលលទ្ធភាពយ៉ាងណាជួយឱ្យទាន់ពេលវេលា ហើយគួរជជែកបញ្ហានេះជាអាទិភាព»។
ខុសពីប្រទេសកម្ពុជា មកទល់ពេលនេះរដ្ឋាភិបាលថៃ បានចាប់ផ្តើមជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែនជាបណ្តើរៗ មកកាន់ប្រទេសប៉ូឡូញ (Poland) ហើយ ដែលមានព្រំដែនជាប់នោះ។ បន្ទាប់មកពួកគេ នឹងឡើងយន្ដហោះពិសេសមកកាន់ប្រទេសថៃ។
មាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ចែងថា «ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ»។ ចំណែកមាត្រា៣៥ ចែងថា «សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយដោយហ្មត់ចត់ដោយអង្គការរដ្ឋ»៕
1 comment:
"រដ្ឋាភិបាលកម្ពុជា មិនទាន់មានផែនការជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសអ៊ុយក្រែន" ពួកអាអាចមន៍ហ្នឹងឯណាទៅមានខួរគិតអំពីប្រជាពលរដ្ឋខ្មែរនោះ?
Post a Comment