ដោយ មាន ឫទ្ធិ
2022-02-28
លោក ហេង ច័ន្ទសុទ្ធី សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ និងជាអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រូប៖ ហ្វេសប៊ុក Ah Rey
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់លោក ហេង ច័ន្ទសុទ្ធី ជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារព្រៃសជិត២ឆ្នាំហើយ ដែលបណ្ដាលឱ្យសុខភាពវ័យជរារបស់លោកកាន់តែទ្រុឌទ្រោមទៅៗ។ សាច់ញាតិ ទាមទារឲ្យតុលាការបញ្ឈប់ការឃុំខ្លួនលោក ហេង ច័ន្ទសុទ្ធី ទាំងអយុត្តិធម៌ទៀត ខណៈសកម្មជនរូបនេះ រងគ្រោះផ្នែកនយោបាយ ៣ដងហើយ គឺការលបវាយបែកក្បាល ឡានធំបើកកៀរបាក់ឆ្អឹង និងចុងក្រោយត្រូវអាជ្ញាធរចាប់ឃុំពីបទញុះញង់ និងរួមគំនិតក្បត់ ថែមទៀត។ តើសកម្មជនរូបនេះ មានប្រវត្តិតស៊ូផ្នែកនយោបាយយ៉ាងណា?
លោក ហេង ច័ន្ទសុទ្ធី ជាប់ពន្ធនាគារក្រោមហេតុផលនយោបាយ តាំងពីអាយុ៥៨ឆ្នាំមក ដល់អាយុ៦០ឆ្នាំ តុលាការមិនទាន់ដោះលែងលោកនៅឡើយទេ។ លោកគឺជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ និងជាអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខណ្ឌពោធិ៍សែនជ័យ។លោក ហេង ច័ន្ទសុទ្ធី ធ្លាប់ជាប់នៅពន្ធនាគារព្រៃស រយៈពេលខ្លី១០ថ្ងៃម្ដងហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកញុះញង់ និងរួមគំនិតក្បត់ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍ របស់លោកសម រង្សី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយមានបញ្ជាពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តុលាការបានដោះលែងលោក ហេង ច័ន្ទសុទ្ធី ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយភ្ជាប់លក្ខខណ្ឌមួយចំនួន។

លោក ហេង ច័ន្ទសុទ្ធី សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ និងជាអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខណ្ឌពោធិ៍សែនជ័យ។ (ហ្វេសប៊ុក Ah Rey)
ក្រោយមកនៅខែធ្នូ ឆ្នាំ២០១៩ មានជនមិនស្គាល់មួយក្រុម លបឆ្មក់វាយលោកពីក្រោយបណ្ដាលឲ្យបែកក្បាលច្រើនថ្នេរ។ តែសមត្ថកិច្ចមិនទាន់រកឃើញក្រុមជនល្មើសទេ។ តមកទៀត នៅដើមឆ្នាំ២០២០ លោក ហេង ច័ន្ទសុទ្ធី ជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀត ព្រោះមានឡានធំមួយគ្រឿងដេញកៀរ បណ្ដាលឲ្យលោកដួលម៉ូតូ និងប្រះឆ្នឹងដៃម្ខាង ក្នុងពេលដែលលោកជិះម៉ូតូពីផ្ទះទៅពិសារកាហ្វេ។
ប្រពន្ធរបស់លោក ហេង ច័ន្ទសុទ្ធី គឺលោកស្រី ឡុង ណារិន ឲ្យដឹងថា ប្រពន្ធ និងកូនៗ ខកចិត្តចំពោះរដ្ឋាភិបាលខ្លាំងណាស់ ដោយសារការចោទប្រកាន់ ចាប់ឃុំប្ដី និងជាឪពុករបស់ពួកគេ ទាំងគ្មានកំហុសរយៈពេលជិត២ឆ្នាំមកហើយ។ លោកស្រីបញ្ជាក់ថា ក្រុមគ្រួសារលោកស្រី មិនមានលទ្ធភាពទៅតតាំងឈ្នះអ្នកកាន់អំណាចទេ គឺមានតែការទ្រាំ លាក់ការឈឺចាប់ទុកក្នុងចិត្ត និងបែរបន់ឲ្យប្ដី ឆាប់ទទួលបានយុត្តិធម៌ និងមានសេរីភាពវិញ៖ «គេ (ហៅទៅ) និយាយជាមួយមីងផ្ទាល់តែម្ដងណា បើគេចុះចូលជាមួយគេទៅ គេមានដីមានអ្វីអ៊ីចឹងទៅ ឲ្យយើងអ៊ីចឹងទៅណា។ បើយើងចង់បានអ៊ីចឹងទៅ គេឲ្យយើងអ៊ីចឹងណា។ គាត់ (ហេង ច័ន្ទសុទ្ធី) ថា អត់តែម្ដង។ ខ្ញុំអត់ (ជំរុញគាត់ទេ) ស្រលាញ់ភាពត្រឹមត្រូវ»។
កូនស្រីរបស់លោក ហេង ច័ន្ទសុទ្ធី (កញ្ញា Ah Rey) លើករូបថតរបស់ឪពុកក្នុងអំឡុងពេលតវ៉ាទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងឪពុកនាពេលកន្លងមក។ (ហ្វេសប៊ុក Ah Rey)
លោក ហេង ច័ន្ទសុទ្ធី កើតនៅឆ្នាំ១៩៦២ ក្នុងក្រុងភ្នំពេញ។ លោក រៀបការនៅឆ្នាំ១៩៩០ មានកូនប្រុសម្នាក់ និងកូនស្រី៤នាក់។ មុនឆ្នាំ១៩៩៧ លោក ហេង ច័ន្ទសុទ្ធី គឺជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយ។ ក្រោយមកលោកបានចាប់ផ្ដើមចូលរួមនយោបាយជាមួយគណបក្សជាតិខ្មែររបស់លោក សម រង្ស៊ី។
លោកស្រី ឡុង ណារិន អះអាងថា ក្នុងជីវភាពនយោបាយនៃបក្សប្រឆាំងលោក ហេង ច័ន្ទសុទ្ធី មានជីវភាពលំបាកតាំងពីដើមមក ព្រោះលោកគ្មានប្រាក់ចំណូលផ្សេង ក្រៅពីប្រាក់បំណាច់ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាខណ្ឌ ដែលបានបន្តិចបន្តួចយកមកផ្គត់ផ្គង់ ឲ្យកូនរៀនសូត្រ។
ទោះជាយ៉ាងណា លោកស្រី និងកូនៗ មានមោទនភាពចំពោះប្ដី ព្រោះលោកបានធ្វើកិច្ចការដែលជួយយកអាសារអ្នកភូមិច្រើន ហើយពលរដ្ឋនៅទីនោះគោរពស្រលាញ់លោកខ្លាំងណាស់។ លោកស្រី ឡុង ណារិន បញ្ជាក់ថា លោក ហេង ច័ន្ទសុទ្ធី តែងតែជួយពលរដ្ឋទន់ខ្សោយ ដោយមិនខ្វល់ពីថ្ងៃ ឬយប់នោះទេ។ ច្រើនអាណត្តិមកនេះ លោកតែងតែជាប់ឆ្នោតនៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យជានិច្ច។
យ៉ាងនេះក្ដី ក៏នៅតែមានមនុស្សខ្លះមិនពេញចិត្ត និងស្អប់លោក ហេង ច័ន្ទសុទ្ធី ដែរ។ ថ្វីត្បិតតែ លោកស្រី ឡុង ណារិន មិនសូវដឹងច្រើនពីការងាររបស់ប្ដី ប៉ុន្តែលោកស្រីអះអាងថា ក្រោយពេលតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧មក មានមន្ត្រីគណបក្សកាន់អំណាចច្រើននាក់ បានហៅប្ដី និងលោកស្រី ទៅជួបដើម្បីបញ្ចុះបញ្ចូលពួកគាត់ឲ្យចុះចូលជាថ្នូរនឹងការទទួលបានតំណែង លុយកាក់មួយចំនួន និងធានាមិនមានការធ្វើទុក្ខបុកម្នេញនានា។
ប៉ុន្តែលោក ហេង ច័ន្ទសុទ្ធី មិនទទួលយកការបញ្ចុះបញ្ចូលនោះទេ។ លោក សុខចិត្តឈប់ធ្វើការងារ ហើយសម្រាកនៅផ្ទះថែប្រពន្ធកូនវិញ។ សកម្មជនបក្សប្រឆាំងរូបនេះ រក្សាទម្លាប់ក្នុងការទៅជួបជុំពិសារកាហ្វេ ជជែកគ្នា និងរំលឹកមិត្តភាពជាមួយអតីតមិត្តរួមការងារ។ មិនយូរប៉ុន្មាន លោកក៏ត្រូវជនមិនស្គាល់មុខលបវាយលោកបែកក្បាល ត្រូវគេជិះឡានកៀរឲ្យដួល និងរហូតឈានដល់ការចាប់ខ្លួនបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃសរហូតដល់សព្វថ្ងៃ។
លោក ហេង ច័ន្ទសុទ្ធី បានរងរបួសក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តធំមួយគ្រឿងដេញកៀរ បណ្ដាលឲ្យលោកដួលម៉ូតូ និងប្រះឆ្នឹងដៃម្ខាង ក្នុងពេលដែលលោកជិះម៉ូតូពីផ្ទះទៅពិសារកាហ្វេកាលពីដើមឆ្នាំ២០២០។ (ហ្វេសប៊ុក Ah Rey)
លោកស្រី ឡុង ណារិន មិនសូវបាននទៅមើល ឬសួរសុខទុក្ខប្ដីនៅពន្ធនាគារ ឬនៅតុលាការទេ ដោយសារលោកស្រីមានវ័យចាស់ និងឧស្សាហ៍ឈឺ។ ប៉ុន្តែកូនប្រុសស្រី បានបណ្ដាក់គ្នាទៅសួរសុខទុក្ខម្ដងៗ លោក ហេង ច័ន្ទសុទ្ធី ផ្ដាំប្រាប់កូនកុំឲ្យបារម្ភ បើទោះជាលោកទ្រុឌទ្រោមសុខភាពមែន តែលោកមានស្មារតីល្អ ហើយបើទោះថ្ងៃណាមួយលោកស្លាប់ ក៏ត្រូវតែរឹងមាំដែរ៖ «គាត់ថា បើសិនជាគាត់អត់នៅ ព្រោះក្នុងគ្រួសារនេះជំហរលើគាត់។ គាត់គ្មានកំហុសអ្វី មកចាប់គាត់២ឆ្នាំ ដាក់ពន្ធនាគារ ដល់អ៊ីចឹង! គាត់ផ្ដាំប្រពន្ធកូនត្រូវរឹងមាំ ត្រូវតស៊ូក្នុងជីវិត»។
ជីវភាពក្នុងពន្ធនាគារព្រៃសរបស់លោក ហេង ច័ន្ទសុទ្ធី រយៈពេលជិត២ឆ្នាំមានភាពអាប់អួរ បរិយាកាសមិនល្អ ហើយគួបផ្សំស្ថានភាពជំងឺចាស់ ការឆ្លងកូវីដ-១៩(Covid-19) និងវ័យចាស់ជរាផងនោះ បណ្ដាលឲ្យសុខភាពលោកចុះទន់ខ្សោយ និងស្លេកស្លាំង។
អតីតអ្នកទោសមនសិការ គឺប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ឲ្យដឹងថា លោក ហេង ច័ន្ទសុទ្ធី ស្នាក់នៅក្នុងបន្ទប់ឃុំឃាំងជាមួយសកម្មជនបក្សប្រឆាំងនិងក្រុមគ្រូបង្រៀនជាច្រើន ដូចជា លោកគ្រូ ស៊ុន ធន់ ពៀត ម៉ាប់ ឃឹម ភាណា ជាដើម។ លោក រ៉ុង ឈុន បន្តថា អនុរក្សពន្ធនាគារមិនសូវហ៊ានគាបសង្កត់ ឬប្រើទណ្ឌកម្មចំពោះសកម្មជនទាំងនោះទេ។ ប៉ុន្តែអ្វីដែលពិបាក គឺជីវភាព និងសុខភាពរបស់សកម្មជនទាំងនោះ ដែលធ្លាក់ចុះទន់ខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារបរិយាសក្នុងបន្ទប់ឃុំឃាំងមិនល្អ ការខ្វះខាតទឹកស្អាតប្រើប្រាស់ ការបរិភោគអាហារគ្មានជីវជាតិ គ្មានអនាម័យ ជាដើម៖ «គ្រួសារសាច់ញាតិហ្នឹង ត្រូវឧបត្ថម្ភពីខាងក្រៅទៅ ហើយឥឡូវនេះ ពួកគាត់ជាប់ជិត២ឆ្នាំហើយ។ ដល់អ៊ីចឹង! ទៅសាច់ញាតិកូនប្រពន្ធហ្នឹង ប៉ះពាល់ទៅនឹងប្រាក់ចំណូលប្រចាំថ្ងៃផង។ អ៊ីចឹង! អាកាលដែលផ្គត់ផ្គង់នៅខាងក្រៅផង ផ្គត់ផ្គង់នៅខាងក្នុងផង អីចឹងវាមានផលប៉ះពាល់ច្រើន»។
លោក ហេង ច័ន្ទសុទ្ធី ពេលចាប់ខ្លួនលើកទី២ កាលពីខែឧសភា ឆ្នាំ២០២០។
ពាក់ព័ន្ធករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានទេ នៅថ្ងៃទី២៣ ខែកុម្ភៈ។ ប៉ុន្តែលោក នុត សវនា ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងករណីអ្នកជាប់ឃុំណាធ្លាក់ខ្លួនឈឺធ្ងន់ ក្រុមគ្រូពេទ្យប្រចាំការក្នុងពន្ធនាគារនឹងបញ្ជូនអ្នកជាប់ឃុំនោះ ទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ ចំណែក លោក សាន សុខសីហា ធ្លាប់អះអាងថា ករណីលបវាយកន្លងមកកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ។
សង្គមស៊ីវិលហៅថា ការបង្ក្រាបដែលមានចរិតនយោបាយកន្លងមកនេះ ជារឿងមិនល្អ សម្រាប់សង្គមប្រជាធិបតេយ្យ និងធ្វើឲ្យសហគមន៍អន្តរជាតិរិះគន់ពីចំណាត់ការរបស់រដ្ឋាភិបាល។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា ការលបវាយ ឬចាប់ខ្លួន លោក ហេង ច័ន្ទសុទ្ធី គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដែលមិនខុសសកម្មជនបក្សប្រឆាំងផ្សេងទៀតទេ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ អះអាងថា ការរំលាយបក្សប្រឆាំង ករណីលបវាយសកម្មជន ការចាប់ឃុំខ្លួន និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ បានជះផលអវិជ្ជមានដល់លទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។
លោកក៏ស្នើសុំតុលាការពន្លឿននីវិធីកាត់ក្ដី ឬគួរពិចារណាដោះលែងបណ្ដោះអាសន្ន សម្រាប់លោក ហេង ច័ន្ទសុទ្ធី និងអ្នកជាប់ឃុំផ្នែកនយោបាយផ្សេងទៀត ឲ្យបានលឿន។ ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា សង្កេតឃើញថា ក្នុងរយៈនៃការបង្ក្រាបនេះ ពលរដ្ឋ និងយុវជន ក៏ចាប់ផ្ដើមលែងខ្វាយខ្វល់ និងខ្លាចរអាក្នុងរឿងនយោបាយ ដែលធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ៖ «ថ្ងៃក្រោយទៅ បើសិនជាស្ថានភាពនៅតែបែបនេះ ខ្ញុំមានការព្រួយបារម្ភថា នឹងលែងមានអ្នកនយោបាយវ័យក្មេងណាចង់ធ្វើនយោបាយនៅកម្ពុជាហើយ ព្រោះបើធ្វើនយោបាយនៅកម្ពុជានឹងរងទុក្ខទោសបែបហ្នឹង។ លុះត្រាតែធ្វើជាអ្នកគាំទ្រទៅលើគណបក្សកាន់អំណាច គណបក្សឈ្នះឆ្នោត អាហ្នឹងប្រហែលជាមានក្ដីសុខខ្លះ ឬក៏អាចក្លាយទៅជាអ្នកដែលអាចទៅធ្វើបាបគេវិញបាន ដោយអាចរួចទោសក៏ថា បានដែរ ព្រោះយើងកត់សម្គាល់ឃើញអ៊ីចឹងណា»។
ក្រុមស្ត្រីថ្ងៃសុក្រ (ភរិយា និងកូនៗសមាជិកគណបក្សប្រឆាំង) ធ្វើយុទ្ធនាការទាមទារឱ្យដោះលែងស្វាមីនិងឪពុករបស់ពួកគេវិញ កាលពីខែមីនា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)
ក្នុងការជាប់ឃុំជិត២ឆ្នាំមកនេះ លោក ហេង ច័ន្ទសុទ្ធី ធ្លាប់ប្រាប់ចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញថា រូបលោកមិនដែលតក់ស្លុត មិនដែលខ្លាចចំពោះការឃុំខ្លួនដោយភាពអយុត្តិធម៌នេះទេ។ តែលោកទាមទារចៅក្រមកុំពន្យាពេលសវនាការ ហើយចាប់ផ្ដើមកាត់ក្ដីលោកឲ្យបានលឿន ដើម្បីឲ្យប្រាកដថា លោកមានទោស ឬអត់៕
No comments:
Post a Comment