Sunday, 20 February 2022

គណបក្ស​នយោបាយ​ស្វាគមន៍​ជំនួប​គណបក្ស​និង​សហភាព​អឺរ៉ុប​និយាយ​ពី​​ការបោះឆ្នោត


ដោយ ខែ សុណង
2022-02-19
គណបក្ស​នយោបាយ​ស្វាគមន៍​ជំនួប​គណបក្ស​និង​សហភាព​អឺរ៉ុប​និយាយ​ពី​​ការបោះឆ្នោត 

ពលរដ្ឋ​ពិនិត្យ​បញ្ជី​ឈ្មោះ​ឆ្នោត។
RFA/Sorn Chanthara

 

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​គណបក្ស​នយោបាយ​ដែល​គ្រោង​ជួប​ជាមួយ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា គួរ​លើកឡើង​ពី​ធ្វើកំណែទម្រង់​ក្បាលម៉ាស៊ីន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បញ្ហា​ប្រឈម​របស់​គណបក្ស​នយោបាយ​ក្នុង​ការធ្វើសកម្មភាព​នយោបាយ និង​តម្លាភាព​នៃ​ការ​ប្រកួតប្រជែង​សម្រាប់​ការ​បោះឆ្នោត​នាពេលខាងមុខ។

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត និង​គណបក្ស​នយោបាយ លើកឡើង​ថា ពួកគេ​មិនសូវ​មាន​ទំនុកចិត្ត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អាច​ផ្ដល់​ការ​ជឿជាក់ ឬ​ជា​អាជ្ញាកណ្ដាល​ដែល​អាច​ផ្ដល់​យុត្តិធម៌​ដល់​គណបក្សនយោបាយ​គ្រប់​គូភាគី​បាន​នោះទេ​។ ពួកគេ​រំពឹងថា សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដែល​តែង​តែង​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​នៅ​កម្ពុជា ធ្វើ យ៉ាងណា​មានការ​កែសម្រួល​សមាស​ភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បង្កើត​បរិយាកាស​នយោបាយ​សេរី និង​គ្មាន​ការគំរាមកំហែង​ពលរដ្ឋ​ម្ចាស់ឆ្នោត​ជាដើម។



នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា​និ​ច​ហ្វិ​ច (Nicfec) លោក សំ គន្ធាមី សង្កេតឃើញ​ថា មាន​បញ្ហាសំខាន់​ពីរ​ដែល​គណបក្សនយោបាយ​គួរ​ប្រាប់​ទៅ​សហភាព​អឺរ៉ុប​ក្នុង​ជំនួប​ខាងមុខ​ដើម្បី​ជួយ​អន្តរាគមន៍។ លោក​បន្តថា បញ្ហា​ទី​១​នៅ​មូលដ្ឋាន គឺ​ការងារ​របស់​គណបក្ស​នយោបាយ​ដែល​អាជ្ញាធរ​មូលដ្ឋាន​រំខាន ការបើក​សិទ្ធិ​ទូលំទូលាយ​ដល់​ពលរដ្ឋ​ម្ចាស់ឆ្នោត​។ លោក​ថា បញ្ហា​ទី​២​នៅ​ថ្នាក់ជាតិ គឺ​ធានា​សិទ្ធិ​នយោបាយ កែសម្រួល​សមាសភាព​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធានា​ភាពត្រឹមត្រូវ​នៃ​ការរាប់​សន្លឹកឆ្នោត និង​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​ឃ្លាំមើល​ការបោះឆ្នោត៖ «ស្ថាប័ន​មួយ​សំខាន់​ណាស់​សហភាព​អឺរ៉ុប កន្លងមក​គាត់​ជួយ គ.ជ.ប ដែរ​តាស​ហើយ​គាត់​ជួយ​សង្គម​ស៊ីវិល​ដើម្បី​ឲ្យ​យើង​មានលទ្ធភាព​ឃ្លាំមើល​សង្កេត​ការណ៍​លើ​ការបោះឆ្នោត​ហ្នឹងឯង​ទាំង​បី​ដំណាក់កាល​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង មុន​បោះឆ្នោត បោះឆ្នោត រាប់​សន្លឹកឆ្នោត​និង​ក្រោយ​ការ​បោះឆ្នោត»។

សហភាព​អឺរ៉ុប​គ្រោង​ជួបពិភាក្សា​ជាមួយ​គណបក្ស​នយោបាយ​មួយ​ចំនួន ស្ដីពី​ការងារ​បោះឆ្នោត នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​ខាងមុខ នៅ​ទីស្នាក់ការ​របស់​សហភាព​អឺរ៉ុប​។​

អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច លោក ញឿន រ៉ាដែន ឲ្យ​ដឹង​ថា គណបក្ស​លោក បានទទួល​លិខិត​អញ្ជើញ​នោះ​ហើយ។

ទោះយ៉ាងណា មក​ដល់​ពេល​នេះ​មាន​គណបក្ស​ខ្លះ​បាន​ទទួល​លិខិត​អញ្ជើញ​របស់​សហភាព​អឺរ៉ុប ប៉ុន្តែ​ក៏មាន​គណបក្ស​ខ្លះទៀត​មិនទាន់​ទទួល​លិខិតអញ្ជើញ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​១៩ ខែកុម្ភៈ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ថា គណបក្ស​របស់លោក មិនទាន់​ទទួល​បាន​លិខិតអញ្ជើញ​នោះទេ។

ស្រដៀង​គ្នា​នេះដែរ ប្រធានស្តីទី​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យ​ដឹងថា គណបក្ស​លោក​មិន​ទាន់​ទទួល​បាន​លិខិតអញ្ជើញ​ពី​សហភាព​អឺរ៉ុប​នៅឡើយ​ទេ ប៉ុន្តែ លោក​យល់ថា ជំនួប​នោះ​ទំនង​សហភាព​អឺរ៉ុប ចង់ដឹង​ពី​ជំហរ​របស់​គណបក្សនយោបាយ​ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត​ខាងមុខ​។ លោក​បន្តថា ប្រសិនបើ​គណបក្ស​រប​ស់លោក មាន​វត្តមាន​ក្នុងជំនួប​នោះដែរ លោក​នឹង​លើក​ពី​បញ្ហា​បរិយាកាស​នយោបាយ​មុន​ការបោះឆ្នោត ការកែសម្រួល​ស្ថាប័ន​បោះឆ្នោត និង បញ្ហា​មួយចំនួន​ដែល​អាច​កើតឡើង​ក្រោយ​ការបោះឆ្នោត៖ «តាម​យើង​ដឹង​ពីមុន​សហគមន៍​អឺរ៉ុប មាន​ប្រទេស​ជប៉ុន ដែល​ជា​អ្នក​ជួយ​ច្រើន​ក្នុង​ការ​បោះឆ្នោត​ហ្នឹង​អ៊ីចឹង​ជា​ផ្នែក​មួយ​សំខាន់​ដែរ ប្រសិន​ជួយ​ហើយ​ការបោះឆ្នោត​ហ្នឹង​មិន​ប្រព្រឹត្តិ​ទៅ​ដូច​បំណង​ពួកគាត់​ចង់​ជួយ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ឬក៏​ការបោះឆ្នោត​សេរី​យុត្តិធម៌​ទេ អា​ណឹ​ង​ការជួយ​ហ្នឹង​ក៏​គ្មាន​ន័យ​ដែរ»។

សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ ថា ការដែល​ពួកគេ​មិន​ទុកចិត្ត​លើ​ស្ថាប័ន​បោះឆ្នោត​ព្រោះ​ថ្នាក់​ដឹ​នាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សុទ្ធសឹង​កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

ចំណែក​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយ​ថា ទោះ​គណបក្ស​របស់លោក​បាន​ចូលរួម​ឬ​មិនបាន​ចូលរួម​ក្នុងជំនួប​ជាមួយ​សហភាព​អឺរ៉ុប​ក្ដី ប៉ុន្តែ លោក​ចង់ឃើញ​មានការ​លើកឡើង ពី​ទំនុកចិត្ត​របស់​ពលរដ្ឋ និង​អ្នកនយោបាយ​លើ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។ លោក​បន្ត​ថា បញ្ហា​សំខាន់​មួយ​សមភាព​ឬ​សមធម៌ ក្នុងការ​ប្រកួតប្រជែង ព្រោះ​គណបក្សកាន់អំណាច​មាន​ធនធាន​សព្វបែបយ៉ាង​ក្នុង​ការ​គាប​សង្កត់​គូប្រកួត​ប្រជែង៖ «អំណាច​ហ្នឹង​មិនមែន​អំណាច​ធម្មតា​ទេ​ទាំង​អំណាច​នយោបាយ ទាំង​អំណាចតុលាការ​យើង​ឃើញ​ហើយ​កន្លង​មក​អាច​ប្រើប្រាស់​ផ្លូវច្បាប់​ដើម្បី​គាប់សង្កត់​ដូច្នេះ​យើង​ឃើញ​ការប្រកួតប្រជែង​នេះ​ខ្វះ​សមធម៌»។

សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នឹង​ស្ដាប់​នូវ​ទុក្ខលំបាក ឬ​បញ្ហា​របស់​គណបក្សនយោបាយ​ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២២ ខាងមុខ​។ កិច្ចពិភាក្សា​នោះ​ក៏មាន​ចូលរួម​ពី​ស្ថានទូត​របស់​រដ្ឋ​សមាជិក​សហគមន៍​-​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា រួមមាន​បារាំង (France) អាល្លឺម៉ង់ (Germany) ស៊ុយ​អ៊ែត (Sweden) និង​សាធារណរដ្ឋ​ឆែក (Czech Republic) ។​

ទាក់ទង​រឿងនេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក ហង្ស ពុទ្ធា បានទេ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​។​

ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី ៥ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា​ខាង​មុខ​។ ទោះយ៉ាងណា អ្នកជំនាញ​កិច្ចការ​បោះឆ្នោត​សង្កេតឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងកាន់​អំណាច​ពេញដៃ មិនបាន​អើពើ​ដោះស្រាយ​បញ្ហា ឬ​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ការបោះឆ្នោត​ខាងមុខ​នោះទេ ទោះ​គណបក្ស​នេះ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គូប្រកួត​ប្រជែង​មាន​កម្លាំង​ប្រហាក់ប្រហែល​ចោល​ទៅ​ហើយ​ក្ដី៕

No comments: