ដោយ សេក បណ្ឌិត
2022-02-19
សត្វផ្សោតចុងក្រោយនៅអន្លង់ឈើទាល បាត់បង់ជីវិត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
រូបពីហ្វេសប៊ុក នាយកដ្ឋាន អភិរក្សជលផល
ប្រជាសហគមន៍អេកូទេសចរណ៍ព្រះរំកិល ដែលមានភូមិសាស្ត្រជាប់ព្រំដែនឡាវ ក្នុងខេត្តស្ទឹងត្រែងត្អូញត្អែរ ពីការថយចុះប្រាក់ចំណូល ពីវិស័យទេសចរណ៍ ដោយសារតែលែងមានវត្តមានផ្សោត នៅអន្លង់អភិរក្សឈើទាល។ ពួកគេចាត់ទុកការផុតពូជសត្វផ្សោតនៅតំបន់នោះ ជាសោធនាកម្មប្រវត្តិសាស្ត្រទន្លេមេគង្គ ដែលជាប្រភពប្រាក់ចំណូលសេដ្ឋកិច្ចវិស័យទេសចរណ៍ក្នុងតំបន់ ដែលអ្នកភូមិទទួលប្រយោជន៍ជាច្រើនទសវត្សរ៍មកហើយ។
សហគមន៍អេកូទេសចរណ៍ព្រះរំកិល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ នៅតែស្តាយស្រណោះ សត្វផ្សោត ក្នុងអន្លង់អភិរក្សឈើទាល ដែលមានភូមិសាស្ត្រកៀកទំនប់វារីអគ្គិសនីដនសាងហុង ព្រំដែនឡាវ នឹងលែងមានវត្តមាននៅតំបន់នោះទៀតហើយ បង្កឱ្យប៉ះពាល់ប្រភពប្រាក់ចំណូលរបស់ពលរដ្ឋជាច្រើនគ្រួសារ នៅតំបន់នោះ។
ប្រជាសហគមន៍ថា កន្លងទៅផ្សោត ៣ក្បាលនោះ បានងើបបង្ហាញខ្លួន នៅអន្លង់អភិរក្សឈើទាល ក្នុងអាងទន្លេមេគង្គ អាចរកប្រាក់ចំណូលជូនសហគមន៍ជាច្រើនម៉ឺនដុល្លារជារៀងរាល់ឆ្នាំ តាមរយៈដឹកភ្ញៀវទេសចរ និងលក់ម្ហូបអាហារ ជាដើម។
សមាជិកគណៈកម្មការអេកូទេសចរណ៍ឃុំព្រះរំកិល លោក ផយ វណ្ណា ប្រាប់វិទ្យុអាស៊ីសេរីថា ពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងឃុំព្រះរំកិល ទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ តាមរយៈលក់សំបុត្រទស្សនាផ្សោត ដឹកភ្ញៀវទេសចរ លក់ម្ហូបអាហារ ផ្តល់សេវាកម្មស្នាក់នៅ និង លក់វត្ថុអនុស្សាវរីយជាដើម។ លើសពីនេះ ក្រោយពីផុតពូជផ្សោតទាំងស្រុង នឹងបង្កឱ្យភ្ញៀវទេសចរណ៍ថយចុះខ្លាំង។ ប្រការនេះលោកថា គណៈកម្មការសហគមន៍ កំពុងពិភាក្សារកដំណោះស្រាយអភិរក្សត្រីកម្រ នៅអន្លង់អភិរក្សឈើទាល ដើម្បីបង្វែរការចាប់អារម្មណ៍ដល់ភ្ញៀវទេសចរណ៍ ប៉ុន្តែគម្រោងនេះ ត្រូវសហការជាមួយអាជ្ញាធរ និងអង្គការពាក់ព័ន្ធ៖ «នៅតំបន់ហ្នឹងរងគ្រោះទំនប់វារីអគ្គិសនី បញ្ហាទឹកមិនទៀងពេលវេលា បន្ទាប់មកផ្សោតផុតពូជអស់រលីងទៀត សុទ្ធតែជាកត្តាប្រឈម»។
លោក ផយ វណ្ណា បន្ថែមថា កាលពីមិនទាន់មានវត្តមានទំនប់វារីអគ្គិសនីដនសាហុង ប្រជាសហគមន៍អាចលក់សំបុត្របាន ចាប់ពី ៦០ម៉ឺនរៀលទៅ ៧០ម៉ឺនរៀលក្នុងមួយខែ ហើយសហគមន៍អាចរកប្រាក់ចំណូលបានចាប់ពី ១លាន ៥០ម៉ឺនរៀលទៅ ២លានរៀលក្នុងមួយខែ។ លោកបញ្ជាក់ថា ភ្ញៀវទេសចរណ៍ភាគច្រើន មកពីប្រទេសឡាវ ហើយពួកគេចូលចិត្តជិះទូកទស្សនាផ្សោត ងើបបង្ហាញខ្លួននៅអន្លង់អភិរក្ស។
កាលពីថ្ងៃទី១៥ កុម្ភៈ កន្លងទៅ សត្វផ្សោតក្នុងអន្លង់ឈើទាល មួយក្បាលចុងក្រោយ ទម្ងន់ ១១០គីឡូក្រាម ត្រូវគេប្រទះឃើញងាប់ ដោយសារជាប់មងនៅកន្ទុយក្នុងអាងទន្លេមេគង្គ នាខេត្តស្ទឹងត្រែង។ របាយការណ៍មន្ត្រីរដ្ឋបាលជលផល កត់ត្រាថា នៅឆ្នាំ ២០០៧ ផ្សោតនៅអន្លង់ឈើទាល ចំនួន ៨ក្បាល ប៉ុន្តែនៅសល់ ៣ក្បាល នៅឆ្នាំ២០១៨ និងបន្តថយចុះ មកនៅត្រឹមមួយក្បាល នៅឆ្នាំ២០២១ ហើយទើបតែផុតពូជទាំងស្រុងកាលពីពេលថ្មីៗនេះ។
លោក ផយ វណ្ណា បានទម្លាក់កំហុសការសាងសង់ទំនប់វារីអគ្គិសនីដងសាហុង ធ្វើឱ្យប្រែប្រួលចរន្តទឹក និងបរិមាណត្រីថយចុះ បណ្តាលឱ្យផ្សោតបាត់បង់ចំណីចិញ្ចឹមជីវិត។ លោកបន្ថែមថា ក្រោយពីប្រទេសឡាវសាងសង់ទំនប់វារីអគ្គិសនី ធ្វើឱ្យប្រជាជនឡាវជាច្រើនគ្រួសារ បានច្រាលមកនេសាទត្រី ដោយពង្រាយមង និងប្រើឧបករណ៍នេសាទផ្សេងទៀត នៅអន្លង់អភិរក្សផ្សោត និងតាមបណ្តោយដងទន្លេមេគង្គ នៃខ្សែបន្ទាត់ខណ្ឌទឹកដីប្រទេសទាំងពីរ ធ្វើឱ្យផ្សោតជួបគ្រោះថ្នាក់ជាបន្តបន្ទាប់៖ «ការកើនឡើងរបស់ប្រជាជនខាងឡាវ ដែលគាត់មកនេសាទនៅតំបន់អភិរក្សខាងឡាវហ្នឹងគឺ សកម្មភាពគាត់អត់ថយក្រោយទេ គឺកាន់តែកើន បើកម្ពុជាយើងលួចលាក់ តែបើខាងឡាវគាត់ធ្វើដោយសេរី ទាំងយប់ និងថ្ងៃ»។
ជុំវិញរឿងនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ទទួលស្គាល់ថា ផ្សោតនៅអន្លង់ឈើទាល ក្នុងអាងទន្លេមេគង្គ ទាក់ទាញ់ភ្ញៀវទេសចរយ៉ាងសំខាន់ អាចរកប្រាក់ចំណូលជូនសហគមន៍ជាច្រើនឆ្នាំមកហើយ។ លោកថា ការបាត់បង់ផ្សោតធ្វើឱ្យប្រជាសហគមន៍បាត់បង់ចំណូលមួយផ្នែក។ យ៉ាងណាលោកបញ្ជាក់ថា ក្រោយពីបាត់វត្តមានផ្សោតនៅតំបន់នោះ មន្ទីរទេសចរណ៍ បានដាក់ចេញយុទ្ធសាសន៍អភិវឌ្ឍន៍តំបន់នោះ ទៅលើផលិតផលទាក់ទាញផ្សេងៗទៀត រួមមាន ទេសភាពតាមដងទន្លេ ភ្ជាប់តំបន់រាមសារ និង ព្រៃសហគមន៍ជាដើម៖ «យើងមានគម្រោងរៀបចំគ្រោងឆ្អឹងផ្សោត និងរៀបចំព័ត៌មានប្រវត្តិសត្វផ្សោត និងរៀបចំសកម្មភាពផ្សោត យើងចងក្រងឱ្យក្លាយជាបណ្តាល័យផ្សោត សម្រាប់បង្ហាញជូនភ្ញៀវទេសចរ ដែលមកលេងក្នុងតំបន់នេះ។ នេះជាផែនការដែលមន្ទីរទេសចរណ៍បានដាក់ចេញ ក្នុងឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥ ខាងមុខនេះ។
នាយកប្រតិបត្តិអង្គការបណ្តាញការពារទន្លេបី លោក លាង ប៊ុនលាភ ចាត់ទុកការផុតពូជចុងក្រោយរបស់ផ្សោតនៅអន្លង់ឈើទាល គឺជាសោកនាដកម្មធ្ងន់ធ្ងរ ដែលមិនអាចនឹងរកផ្សោតនៅតំបន់ផ្សេង ទៅបង្កកំណើតនៅតំបន់នោះ ធ្វើឱ្យពលរដ្ឋខាតបង់ប្រយោជន៍ច្រើន។ លោកថា កន្លងទៅ អន្លង់សត្វផ្សោតធំទូលាយ ហើយនៅគ្រាដែលមានវត្តមានទំនប់ដនសាហុង ធ្វើឲ្យសត្វផ្សោតបង្ខំចិត្តទៅរស់នៅកន្លែងផ្សេងៗ ប្រឈមគ្រោះថ្នាក់ច្រើនក្នុងការចាប់ត្រីជាអាហារ៖ «រាំងស្ទះលំហូរប្រក្រតីរបស់ទឹកហ្នឹង ធ្វើឱ្យប្រែប្រួល ធ្វើឱ្យផ្សោតហ្នឹងវា មិនអាចរស់នៅបានទេ។ ហើយវត្តមានផ្សោតចុងក្រោយ ដែលស្លាប់ វាជារឿងមួយ សោកនាដកម្ម ព្រោះអត់អាចមានផ្សោតណា ទៅកើតណានៅខាងហ្នឹងបានទៀតទេ។
តួលេខពីអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា (WWF-Cambodia) ឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៧ សត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា បានថយចុះចំនួន ២០០ក្បាល មកត្រឹមក្រោម ១០០ក្បាល។ បច្ចុប្បន្នផ្សោតនៅត្រឹម ៩០ ក្បាលដោយមិនរាប់បញ្ចូលផ្សោតកើតថ្មី ដែលកំពុងមានវត្តមាននៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង៕
1 comment:
It is so sad to see everything that Cambodia has destroyed.
This is the result of a dumb leader such as Ah Chker Chkuot Hun Sen.
Post a Comment