ដោយ សន ចាន់រដ្ឋា
2022-02-24
(រូបលើកម្រាមដៃ៧) លោក ចៅ វាសនា បន្ទាប់ពីចេញពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ |
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ដែលទើបតែចេញពីពន្ធនាគារថ្មីថ្មោងលោក ចៅ វាសនា បានប្រកាសថា នឹងបន្តការងារនយោបាយដ៏សកម្មឡើងវិញ ដើម្បីចូលរួមស្តាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការលើកឡើងបែបនេះ ដោយសារតែលោក ឈឺចាប់ដែលអាជ្ញាធរ បានចាប់លោកដាក់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេល៥ឆ្នាំ។
សកម្មជនបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យលោក ចៅ វាសនា ចាត់ទុកការចាប់ខ្លួនលោកដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំងកន្លងមកនេះថា ជារឿងឈឺចាប់ដែលមិនអាចបំភ្លេចបាន ប៉ុន្តែរឿងនេះកាន់តែធ្វើឱ្យជីវិតលោករឹងមាំ និងមានចិត្តចង់ចូលរួមក្នុងជីវភាពនយោបាយដើម្បីជួយដល់សង្គមជាតិកាន់តែខ្លាំង។
ចៅសង្កាត់ប៉ោយប៉ែត ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក ចៅ វាសនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែកុម្ភៈថា ចាប់តាំងពីពេលនេះតទៅ លោកនឹងចុះណែនាំដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត និងនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឱ្យពួកគេគាំទ្រនិងបោះឆ្នោតជូនគណបក្សភ្លើងទៀននៅពេលខាងមុខ។ លោកយល់ថា ការធ្វើបែបនេះ ដើម្បីចូលរួមចំណែកស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ ពីព្រោះលោកមើលឃើញ សព្វថ្ងៃមានពលរដ្ឋមួយចំនួនភ័យខ្លាច ដោយសារតែកន្លងមកអាជ្ញាធរបានចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត ជាឧទាហរណ៍ដូចជារូបលោកជាដើម ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេល ៥ ឆ្នាំគត់។ លោកជឿជាក់ថា ស្ថានការណ៍សព្វថ្ងៃនេះមានតែគណបក្សភ្លើងទៀនមួយទេ ដែលអាចប្រកួតប្រជែងការបោះឆ្នោតយកឈ្នះបក្សកាន់អំណាច ដើម្បីទៅដឹកនាំឃុំសង្កាត់ឱ្យដើរតាមគន្លងប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋបាន៖ «ខាងបក្សប្រឆាំងហ្នឹងធ្វើអ្វីខុសមិនដែលរត់រួចមួយទេ សូម្បីតែយើងមិនបានធ្វើស្អីក៏គេចាប់យើងបានទម្រាំតែយើងធ្វើអ្វី ខុស។ អីចឹងខ្ញុំមិនដឹងតើនៅស្ងៀមបានទេ ខ្ញុំត្រូវតែធ្វើគ្រប់យ៉ាង ព្រោះថ្ងៃនេះខ្ញុំនៅរស់ខ្ញុំធ្វើ មិនដឹងថាថ្ងៃស្អែកខ្ញុំទៅជាស្អីខ្ញុំអត់គិតទេ ខ្ញុំត្រូវតែធ្វើអ្វី គ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋខ្ញុំ ធ្វើដើម្បីបងប្អូនដែលមិនចេះច្បាប់ យើងធ្វើឱ្យគាត់ហ្នឹងចេះច្បាប់ហើយចេះតវ៉ា ដើម្បីសេរីភាពទាំងអស់គ្នា មិនមែនសម្រាប់ខ្ញុំទេ ដើម្បីបងប្អូនដែលទន់ខ្សោយទាំងគ្នា»។
លោក ចៅ វាសនា គឺជាចៅសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដែលមានដើមកំណើតខ្មែរក្រោម។ លោកចៅ វាសនា ជាមន្ត្រីបក្សប្រឆាំងទី១ដែលជាប់ពន្ធនាគារយូរជាងគេ ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ បានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំគត់ ក្រោមបទចោទប្រកាន់ញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងរឿងចុះឃ្លាំមើលកម្មករអូសរទេះតវ៉ានៅក្រុងប៉ោយប៉ែត។ សកម្មជនបក្សប្រឆាំងរូបនេះទើបតែត្រូវបានតុលាការខេត្តត្បូងឃ្មុំដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ក្រោយពេលដែលលោកបានអនុវត្តទោសក្នុងពន្ធនាគារគ្រប់ចំនួន៥ឆ្នាំ។ ភ្លាមៗក្រោយពីលោកមានសេរីភាព គឺមានប្រជាពលរដ្ឋជាច្រើននាក់បានបណ្ដាក់គ្នាទៅសួរសុខទុក្ខលោកដល់ផ្ទះនៅក្រុងប៉ោយប៉ែត ហើយលោកបានឆក់ឱកាសនេះអប់រំណែនាំដល់ពលរដ្ឋទាំងនោះឱ្យក្លាហាន ហ៊ានបញ្ចេញមតិរិះគន់អំពើអសកម្មរបស់រដ្ឋាភិបាល និងឱ្យចូលរួមគាំទ្រគណបក្សភ្លើងទៀនឱ្យឈ្នះការបោះឆ្នោតនៅពេលខាងមុខ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលអាជ្ញាធរចាប់លោក ចៅ វាសនា ដាក់ពន្ធនាគារដោយសារលោកប្រព្រឹត្តខុសច្បាប់ ដែលលោកអះអាងថា លោក ចៅ វាសនា បានចូលដៃចូលជើងជាមួយអ្នកប្រព្រឹត្តខុសច្បាប់។ លោកបន្តថា អាជ្ញាធរអាចនឹងចាប់មន្ត្រីបក្សប្រឆាំងរូបនេះដាក់ពន្ធនាគារជាថ្មីទៀត ប្រសិនបើលោកនៅតែមិនរាងចាល៖ «អាធ្វើខុសច្បាប់ហើយមិនខុសហ្នឹងហើយដែលជាប់គុកនោះ ដើម្បីឱ្យគេដឹងថា ខ្លួនធ្វើខុសច្បាប់ហើយ បានវាចូលពន្ធនាគារ។ បើគាត់នៅតែមិនដឹងខុសច្បាប់ទៀត គាត់នៅតែប្រព្រឹត្តទៀតអាហ្នឹងចូលគុកទៀត ។ប្រទេសប្រជាធិបតេយ្យគេមិនឱ្យសិទ្ធិសេរីភាពទៅអ្នកធ្វើខុសច្បាប់ទេ បើខុសច្បាប់ហើយគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ»។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីគណបក្សកាន់អំណាចរូបនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មើលឃើញថា ការចាប់ខ្លួនលោក ចៅ វាសនា ដាក់ពន្ធនាគារកន្លងមកជារឿងមិនត្រឹមត្រូវឡើយ ពីព្រោះមន្ត្រីបក្សប្រឆាំងរូបនេះមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះទេ។ ចំណែកការប្រកាសបន្តជីវភាពនយោបាយរបស់លោក ចៅ វាសនា វិញ លោកថា ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយស្របតាមរដ្ឋធម្មនុញ្ញ៖ «ធម្មតាទេនៅក្នុងហ្នឹងវាតែងតែមានក្រុមអ្នកដែលរិះគន់ គេហៅថាក្រុមប្រឆាំងនេះ ហើយក្រុមអ្នកប្រឆាំងហ្នឹងនៅក្នុងសង្គមប្រជាធិបតេយ្យហ្នឹងមិនមែនមែនថា អត់ប្រយោជន៍ទេ គឺថា គេមានប្រយោជន៍ខ្លាំងណាស់សម្រាប់រដ្ឋាភិបាល ដើម្បីយកមតិផ្ទុយទាំងអស់ហ្នឹងទៅធ្វើការឆ្លុះបញ្ចាំងអំពីការដឹកនាំរបស់ខ្លួន ពីចំណុចខ្វះខាតរបស់ខ្លួនហ្នឹងគឺថា ជារឿងសំខាន់ណាស់។ មិនមែនជារឿងមួយដែលត្រូវគ្រាន់តែមតិប្រឆាំងរដ្ឋាភិបាលសុទ្ធតែអ្នកហ្នឹងខុសអ្នកហ្នឹងក្បត់ទេមិនមានន័យហ្នឹងទេ»។
លោក នី សុខា បន្តថា រដ្ឋាភិបាលឯកបក្សកំពុងដឹកនាំប្រទេសដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ ដោយបានចាប់សកម្មជនបរិស្ថាន សកម្មជនសង្គម អ្នកចំរៀង សកម្មជននយោបាយ មន្ត្រីសហជីពនិងប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាច្រើននាក់ដាក់ពន្ធនាគារដោយអយុត្តិធម៌ជាបន្តបន្ទាប់។
ទន្ទឹមគ្នានេះ លោក ចៅ វាសនា អះអាងថា ដោយសារតែលោកមើលឃើញអំពើអយុត្តិធម៌ទាំងនេះហើយ ទើបធ្វើឱ្យលោកដេកមិនលក់បក់មិនល្ហើយចង់បន្តជីវភាពនយោបាយទៅមុខទៀត។ បច្ចុប្បន្នលោកបានបញ្ជូនកូនស្រីរបស់លោកម្នាក់ធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតចៅសង្កាត់ប៉ោយប៉ែតនៅពេលខាងមុខ ដើម្បីចូលរួមស្ដារប្រជាធិបតេយ្យឡើងវិញ។ ចំណែកឯរូបលោកក៏គ្រោងនឹងចូលជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនក្នុងពេលឆាប់ៗខាងមុខដែរ៕
No comments:
Post a Comment