Friday, 25 March 2022


ដោយ ម៉ៅ សុធានី
2022-03-24
អាជ្ញាធរ​បន្ត​ប្រើ​អំពើ​ហិង្សា​លើ​កូដករ​ណាហ្គាវើលដ៍​ឱ្យ​ឡើង​រថយន្ត​រួច​ដឹក​ទម្លាក់​នៅ​តំបន់​ដាច់​ស្រយាល 

កូដករ​ណាហ្គាវើលដ៍​ (NagaWorld) បន្ត​លើក​បដា​តវ៉ា​រក​ដំណោះស្រាយ​រឿង​ការងារ បន្ទាប់​ពី​អាជ្ញាធរ​បង្ខំ​ហិង្សា​ឱ្យ​ពួក​គាត់​ឡើង​រថយន្ត​ រួច​ដឹក​​ទៅ​ទម្លាក់​នៅ​តំបន់​​ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ក្រុម​កម្លាំង​អាជ្ញាធរ​បន្ត​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) ១៣៦នាក់ ដែល​ចេញ​តវ៉ា​ដោយ​សន្តិ​វិធី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​គោរព​សិទ្ធិ​សហជីព​នៅ​កន្លែង​ការងារ។ អាជ្ញាធរ​បាន​ព្យាយាម​រារាំង​ក្រុម​កូដករ និង​បិទ​ផ្លូវ​គ្រប់​ច្រក​មិន​ឱ្យ​ពួក​គាត់​ធ្វើ​កូដកម្ម​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍​ឡើយ។

កម្លាំង​អាជ្ញាធរ​រាប់​រយ​នាក់​ព្យាយាម​រារាំង​ក្រុម​កូដករ​ណាហ្គាវើលដ៍​កាន់​តែ​ខ្លាំង (Naga World) ដោយ​បំបែក​កូដករ​មិន​ឱ្យ​ពួក​គាត់​ប្រមូលផ្ដុំ​គ្នា​ឈរ​ទាមទារ​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​ទៀត​ឡើយ។ អាជ្ញាធរ ក៏​បាន​ដាក់​កម្លាំង​ពង្រាយ​កាន់តែ​ច្រើន​ព្រម​ទាំង​បិទ​ផ្លូវ​គ្រប់​ច្រក​ចូល​ទៅ​អគារ​ក្រុមហ៊ុន និង​បង្ខំ​ឱ្យ​ក្រុម​កូដករ​ឡើង​រថយន្ត ដែល​ចត​ចាំ​ស្រាប់​ហើយ​ដឹក​ពួក​គាត់​ទម្លាក់​នៅ​តំបន់​ដាច់​ស្រយាល។


កូដករ និង​ជា​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លោកស្រី ឡាយ សឺ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៤ មីនា​ថា អាជ្ញាធរ​បាន​ដឹក​កូដករ​ទម្លាក់​នៅ​តំបន់​ជាយ​ក្រុង​ក្នុង​ខណ្ឌ​ព្រែកព្នៅ​សូម្បី​បន្ទប់​ទឹក​ក៏​មិន​មាន​ប្រើប្រាស់​ឡើយ​។ លោកស្រី​បន្ត​ថា ពេល​អាជ្ញាធរ​ដឹក​ពួក​គាត់​ដល់​តំបន់​ជាយ​ក្រុង​អាជ្ញាធរ​ឱ្យ​កូដករ​សម្រាក​លើ​ឡាន​រហូត​ដល់​ម៉ោង ៦ល្ងាច​ទើប​ដឹក​ពួក​គាត់​មក​កន្លែង​ដើម​វិញ។ លោកស្រី​ រិះគន់​ចំណាត់​ការ​អាជ្ញាធរ​បែប​នេះ​ថា ជា​លេស​ក្នុង​ការ​បង្ក្រាប​លើ​កូដករ និង​ព្យាយាម​ការពារ​​អំណាច​ឱ្យ​ក្រុមហ៊ុន ដើម្បី​ពន្យារ​ពេល​រក​ដំណោះស្រាយ​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ៖ «ចេតនា​របស់​ក្រុមហ៊ុន​មិន​ចង់​មាន​ការ​ដោះ​ស្រាយ​អី​ទេ គាត់​យក​ពួក​ខ្ញុំ​ឱ្យ​នៅ​ឆ្ងាយ​ពី​ទីក្រុង​កុំ​ឱ្យ​មាន​គេ​ដឹង​ឮ។ ក្រុមហ៊ុន​គេចវេះ​ពី​ទំនួល​ខុស​ត្រូវ​អ្វី​ដែល​គាត់​ត្រូវ​ដោះស្រាយ​ឱ្យ​បុគ្គលិក។ ខ្ញុំ​គិត​ថា​ខាង​អាជ្ញាធរ​អត់​មាន​ការ​សម្របសម្រួល​អី​ទេ គឺ​មាន​តែ​ប្រើ​អំពើ​ហិង្សា​បន្លំ​រុញច្រាន​រហូត​ហ៊ាន​វាយ​ពួក​ខ្ញុំ​ទៀត»។

ក្រុម​កូដករ​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ក៏​បាន​បើក​រថយន្ត​ដល់​ផ្ទះ​ជួល​កូដករ​នៅ​ផ្ដុំ​ផ្សារ​ភេនស័រ និង​បាន​បង្ខំ​ឱ្យ​កូដករ​ឡើង​រថយន្ត​រួច​ដឹក​ពួក​គាត់​ទម្លាក់​នៅ​ក្បែរ​សួនសត្វ​ក្បែរ​វិមាន​ឈ្នះៗ។ ក្រុម​កូដករ​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​បែបនេះ​ថា ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ និង​បាន​រំលោភ​បំពាន​សិទ្ធ​ជា​មូលដ្ឋាន​ពួកគាត់​ធ្ងន់ធ្ងរ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​បង្កើន​ការ​ប្រើ​ហិង្សា​កាន់​តែ​ខ្លាំង​លើ​ក្រុម​កូដករ​ដែល​ទាមទារ​ដំណោះស្រាយ ស្រប​ពេល​ការ​ចរចា​ដោះស្រាយ​វិវាទ​ការងារ​នេះ​នៅតែ​មាន​ភាព​តានតឹង​ដោយ​ថៅកែ​ក្រុមហ៊ុន​នៅ​តែ​បន្ត​បដិសេធ​ទទួល​សមាជិក​សហជីព​ជាង ២០០នាក់​ឱ្យ​ចូល​ធ្វើ​ការ​វិញ។ ការ​បដិសេធ​នេះ ដោយ​ភាគី​ក្រុមហ៊ុន​អះអាង​ថា បុគ្គលិក​ដែល​បម្រើ​ការងារ​ក្នុង​បន​ល្បែង​មួយ​នេះ បច្ចុប្បន្ន​កំពុង​លើស​តម្រូវការ​បុគ្គលិក​ជាង ៦០០រយ​នាក់។

ជុំវិញ​រឿង​នេះ អ្នក​គ្រប់​គ្រង​កម្ម​វិធី​​សិទ្ធិ​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​ភាគី​ក្រុមហ៊ុន​ថា​លើសតម្រូវការបុគ្គលិកជាង៦០០នាក់​ក្នុង​កន្លែង​ការងារ​ជា​រឿង​ប្រឌិត​ដោយ​លោក​យល់​ថា នេះ​ជា​ចេតនា​របស់​ក្រុមហ៊ុន​ចង់​រំលាយ​សំឡេង​សមាជិក​សហជីព​ជាង ២០០នាក់ មិន​ឱ្យ​ចូល​ធ្វើ​ការងារ​វិញ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ ក្រុមហ៊ុន​បនល្បែង​មួយ​នេះ​កំពុងតែ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​ និង​ផ្តល់​សិក្ខាកាម​ជូន​បុគ្គលិក​ថ្មី​ហ្វឹកហាត់​ពី​ចរន្ត​ការងារ​មុន​ចូល​ធ្វើការ៖ «អ៊ីចឹង​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន​មិន​មាន​ចេតនា​ភាព​ស្មោះត្រង់ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​វិវាទ​ការងារ​រួម​មួយ​ហ្នឹង​ទេ។ អ្វី​ដែល​យើង​ទទួល​បាន​ព័ត៌មាន​កម្មករ​និយោជិក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក​ណាស់។ មាន​ការ​ជ្រើសរើស​សិក្ខាកាម ចាប់​ផ្ដើម​ហាត់​ការ រើស​ជា​លក្ខណៈ​ក្រៅ​ប្រព័ន្ធ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៤ មីនា។

ប៉ុន្តែ កាល​ពី​យប់​ថ្ងៃ​ទី២៣ មីនា រដ្ឋបាល​ក្រុង​ភ្នំពេញ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​ចោទ​ប្រកាន់​ក្រុម​កូដករ​ថា អ្នក​បង្ក​ហិង្សា និង​ការ​ជេរប្រមាថ​មក​លើ​ក្រុម​សមត្ថកិច្ច។ សាលាក្រុង​ភ្នំពេញ ក៏​បាន​បន្ត​លាប​ពណ៌​ក្រុម​កូដករ​ថា អ្នក​ធ្វើ​បាតុកម្ម​ខុសច្បាប់​ ដោយ​មាន​បង្កើត​ឈុត​សម្ដែង​ធ្វើ​ជា​ជនរងគ្រោះ​តាម​សេនារីយោ​របស់​អ្នកដឹកនាំ​រឿង​ ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បន្ត​ចោទ​ប្រកាន់​មក​លើ​ក្រុម​កូដករ​ទាំង​គ្មាន​មូលដ្ឋាន​បែរ​នេះ​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​នេះ​ឡើយ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​ មើល​ឃើញ​ថា តំណាង​សហជីព​បាន​បន្ទន់​ឥរិយាបថ​ច្រើន​ជាមួយ​ភាគី​ក្រុមហ៊ុន ដូចនេះ​លោក​ថា ក្រសួង​ការងារ​គួរ​ណា​មាន​ឆន្ទៈ​ដោយ​ឈរ​លើ​ភាព​អព្យាក្រឹត្យ ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​ព្រម​ចរចា​គោរព​តាម​លក្ខខណ្ឌ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង ៩ចំណុច​ទៅ​តាម​ដំណាក់កាល​នីមួយៗ៖ «បើ​លទ្ធផល​ដំណោះស្រាយ​អត់​មាន​ផង ហើយ​គាត់​ធ្វើ​កូដកម្ម​ទាមទារ​ជា​រឿង​ខុស​ច្បាប់ ឬ​យ៉ាង​ណា? បើ​សម្អាង​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ថា កូដកម្ម​ហ្នឹង​ខុស​ច្បាប់។ អ៊ីចឹង​ត្រូវ​ពិនិត្យ​ទៅ​លើ​ច្បាប់​ការងារ​។ តើ​កន្លង​មក​បុគ្គលិក​ណាហ្គាវើលដ៍​គាត់​បាន​អនុវត្ត​តាមច្បាប់​ការងារ​អត់? បើ​គេ​អនុវត្ត​តាម​ច្បាប់​ការងារ​កូដករ​មាន​សិទ្ធិ​ធ្វើ​កូដកម្ម​ជា​សិទ្ធិ​របស់​កូដករ»។

ក្រុម​កូដករ​ថា ពួកគាត់​នឹង​មិន​បោះ​បង់​ការ​ធ្វើ​កូដកម្ម​នេះ​ឡើយ ប្រសិន​មិន​មាន​ដំណោះស្រាយ​សមរម្យ​ណាមួយ​ពី​ថៅកែ​ក្រុមហ៊ុន។ ក្រុម​កូដករ​អំពាវនាវ​ដល់​កម្លាំង​អាជ្ញាធរ​បញ្ឈប់​ការ​លាប​ពណ៌​ចោទ​ប្រកាន់ និង​ប្រើ​ហិង្សា​លើ​ពួក​គាត់ ដែល​គ្រាន់​តែ​ប្រើ​សិទ្ធ​មូលដ្ឋាន​ទាមទារ​ឱ្យ​ថៅកែ​បន​ល្បែង​ណាហ្គាវើលដ៍​គោរព​ច្បាប់​ស្ដី​ពី​ការងារ​តែ​ប៉ុណ្ណោះ៕

No comments: