Friday, 25 March 2022

អាជ្ញាធរ​​ខេត្ត​មួយ​​ចំនួន​​គំរាមកំហែង​សកម្មជន​បក្ស​ភ្លើងទៀន​មិន​​ឱ្យឈរ​ឈ្មោះ​អង្កេត​ការ​បោះឆ្នោត


ដោយ ទីន ហ្សាការីយ៉ា
2022-03-24
អាជ្ញាធរ​​ខេត្ត​មួយ​​ចំនួន​​គំរាមកំហែង​សកម្មជន​បក្ស​ភ្លើងទៀន​មិន​​ឱ្យឈរ​ឈ្មោះ​អង្កេត​ការ​បោះឆ្នោត​ឃុំ​សង្កាត់

​ឃុំ​សង្កាត់ សកម្មជនគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញលើកស្លាកគណបក្សកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
រូប៖ គណបក្សភ្លើងទៀន


សកម្មជន​គណបក្ស​ភ្លើង​ទៀន​ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​មួយ​ចំនួន​ថា ​បាន​គំរាមកំហែង​​​​និង​បំភិតបំភ័យ​សកម្មជន​បក្ស​នេះ​មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​អង្កេត​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​។ មន្ត្រី​​ជំនាញ​​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ចាត់​ទុក​​បញ្ហា​នេះ​ ថា​ជា​ការ​គំរាមកំហែង​​​បិទ​សេរីភាព​​ខាង​នយោបាយ​របស់​ប្រជាពលរដ្ឋ​​ដោយ​ខុស​ច្បាប់​។

មន្ត្រី​​គណបក្ស​​ភ្លើង​ទៀន​​ខេត្ត​កំពង់ចាម និង​ខេត្ត​ប៉ៃលិន ​ព្រួយបារម្ភ​ខ្លាច​​គ្មាន​សកម្មជន​អង្កេត​ការ​បោះឆ្នោត​នៅ​​ពេល​ខាង​មុខ ដោយសារ​​អាជ្ញាធរ​ខេត្ត​ទាំង​នេះ​​បាន​​គំរាមកំហែង​សកម្មជន​នៅ​តាម​មូលដ្ឋាន​ធ្វើ​ឱ្យ​ពួកគេ​មាន​​ការ​ភ័យ​ខ្លាច​។


ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន ស្រុក​​ចំការ​លើ​ខេត្តកំពង់ចាម ​លោក ​សយ ស៊ីថាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​ថា ​​សព្វ​ថ្ងៃ​នេះ​មាន​មេឃុំ​និង​មេ​ភូមិ​ស្ទើរតែ​ទាំង​អស់​នៅ​ស្រុក​ចំការ​លើ​​ បាន​គំរាម​សកម្មជន​គណបក្ស​លោក​​មិន​ឱ្យ​ឈរ​ឈ្មោះ​អង្កេត​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​​អាណត្តិ​ទី​៥​នេះ​ទេ​។ លោក​បញ្ជាក់​ថា ​អាជ្ញាធរ​ភាគ​ច្រើន​គំរាម​ដក​ប័ណ្ណ​ក្រីក្រ ប្រសិន​បើ​ពួកគេ​ឈរ​ឈ្មោះ​អង្កេត​ការ​​ឱ្យ​គណបក្ស​ភ្លើងទៀន ​និង​​​ធ្វើ​ប័ណ្ណ​សមាជិក​គណបក្ស​ប្រជាជន​ជូន​​ដល់​សកម្មជន​​ទាំង​នោះ​ដោយ​មិន​ដឹង​ខ្លួន​ជា​ដើម ​ក្រោម​ហេតុ​ផល​ដើម្បី​បង្ខំ​ឱ្យ​ពួកគេ​​ដក​ខ្លួន​ចេញ​ពី​បក្ស​ភ្លើងទៀន​៖ «បើ​និយាយ​ឱ្យ​ចំ​ទៅ​ការ​ដែល​គាត់​ភិតភ័យ​នេះ​ទី​១​ទង្វើ​របស់​​ថ្នាក់​ដឹក​នាំ​គាត់​ធ្វើ​ កាន់​តែ​អាក្រក់​ឡើង​។ ​អីចឹង​ហើយ​ គាត់​ភ័យ​ខ្លាច​ចាញ់​ឆ្នោត​ ម្យ៉ាង​ទៀត​គាត់​​ឃើញ​អ្នក​ដែល​ចូល​រួម​គណបក្ស​ភ្លើង​ទៀន​ហ្នឹង​សុទ្ធតែ​មនុស្ស​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ អីចឹង​គាត់​ធ្លាប់​ដឹង​ហើយ​ស្នាដៃ​របស់​សង្គ្រោះ​ជាតិ​ ធ្វើ​អ្វីៗ​មួយ ​គឺ​ដើម្បី​ជាតិ​មិន​មែន​ដើម្បី​បុគ្គល​ អីចឹង​ហើយ​គាត់​មាន​​ការ​ភ័យ​ខ្លាច​គាត់​ម៉េច​ បំបែក​សំឡេង​បំបាក់​កម្លាំង​យើង​ហ្នឹង​ឱ្យ​ចុះ​ខ្សោយ​។ ព្រោះ​គាត់​ធ្លាប់​មាន​ប្រសាសន៍​ហើយ​ថា​ ធ្វើ​ម៉េច​កម្ទេច​​ថ្នាក់​មូលដ្ឋាន​ឱ្យ​ខ្ទេច​ប៉ុន្តែ​ការ​គិត​របស់​គាត់​​វា​មិន​ដូច​បំណង​របស់​គាត់​ទេ​ ព្រោះ​កាល​ណា​ធ្វើ​ឱ្យ​ឈឺ​ចាប់​មាន​ការ​រើ បម្រាស់​ទីណា​ក៏​ទីណា​ដែរ​»។

ចំណែក​​នៅ​ខេត្ត​ប៉ៃលិន​ឯណោះ​វិញ ​​អាជ្ញាធរ​​ក៏​រង​ការ​ចោទ​ថា បាន​ដើរ​គំរាម​​ប្រជាពលរដ្ឋ​​ឱ្យ​ដក​ខ្លួន​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន​​ដែរ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន ខេត្ត​ប៉ៃលិន លោក​ ខឹម មុន្នីកុលស មាន​ប្រសាសន៍​ថា ​​​រហូត​មក​ដល់​ពេល​នេះ​ យ៉ាងហោច​ណាស់​មាន​សកម្មជន​​បក្ស​លោក​​ចំនួន​៧​នាក់​ហើយ​ ដែល​​ត្រូវ​បាន​​អាជ្ញាធរ​ភូមិ​​បង្ខំ​ឱ្យ​ដក​​បេក្ខភាព​​ឈរ​ឈ្មោះ​អង្កេត​ការ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​ ក្រោម​លេស​ថា​ ពួកគេ​​ជា​សមាជិក​គណបក្ស​កាន់​អំណាច​។ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា ​សកម្មជន​ទាំង​នោះ​ពុំ​មែន​ជា​សមាជិក​គណបក្ស​កាន់​អំណាច​​ដូច​ការ​លើក​ឡើង​របស់​អាជ្ញាធរ​នោះ​ទេ ហើយ​លោក​ថា​ ពលរដ្ឋ​ទាំង​នោះ​​តែង​គាំទ្រ​​គណបក្ស​ប្រឆាំង​​។ លោក​ថា ជាឧទាហរណ៍​​នៅ​ថ្ងៃ​ទី​២៣​ ខែមីនា​ មេភូមិ​វាល​ចែង ឃុំ​អូរ​អណ្ដូង​ ស្រុក​សាលាក្រៅ បាន​បង្ខំ​ឱ្យ​​​អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​ម្នាក់​ គឺ​លោក ឈិត ត្រេន ​ឱ្យ​​ដក​ឈ្មោះ​​អង្កេត​ការ​បោះ​ឆ្នោត​​ពី​គណៈកម្មការ​រៀង​ចំការ​បោះ​ឆ្នោត​ឃុំ។

លោក​បន្ត​ថា ​ក្រោយ​ពី​ការ​គំរាមកំហែង​នេះ​លោក ឈិត ត្រេន​ ក៏​បាន​ដក​ឈ្មោះ​ពី​អ្នក​អង្កេត​ការ​ភ្លាមៗ​​​៖ «នៅ​ក្នុង​សង្កាត់​ប៉ៃលិន​ក៏​យើង​ទទួល​បាន​ការ​គំរាមកំហែង​ចំនួន​​ប្រាំនិង​ប្រាំមួយ​ករណី​ដូច​គ្នា​ ហើយ​វា​ហ្នឹង​រាល​ទៅ​សង្កាត់​ផ្សេងៗ​ទៀត​។ ​គំរាមកំហែង​ ទី​​១ គេ​បង្ក​ការ​លំបាក​​ធ្វើ​ឱ្យ​យើង​ខ្វះ​បេក្ខភាព​សម្រាប់​អង្កេតការ​បោះឆ្នោត​។​ ពី​ព្រោះ​ភ្នាក់​ងារ​ដែល​យើង​រក​បាន​រក​តាម​​ចំនួន​កំណត់ ប៉ុន្តែ​ពេល​ដែល​យើង​យក​ឯកសារ​យក​ទៅ​ដាក់​បញ្ជាក់​នៅ​ឃុំ​ស្រាប់​តែ​ព័ត៌មាន​ហ្នឹង​វា​លេចឮ​ដល់​ខាង​ក្រៅ ហើយ​ប្រធាន​ភូមិ​បាន​ដើរ​ទៅ​សំឡុត​គំរាម​អ្នក​ដែល​យើង​បម្រុង​ដាក់​ពាក្យ​​ហ្នឹង​ឱ្យ​មក​សុំ​ដក​ពាក្យ​ពី​យើង​បណ្ដើរៗ​ទៅ​វិញ​»។

លោក ខឹម មុន្នីកុលស​ ​បន្ត​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​អូរអណ្ដូង​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា ដើម្បី​ចាត់​​វិធានការ​លើ​អាជ្ញាធរ​ទាំង​នោះ​។​​

​ឆ្លើយ​តប​​នឹង​បញ្ហា​នេះ ​មេភូមិ វាលចែង លោក ចេង តូ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​​​​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​មាន​ប្រជាពលរដ្ឋ​២នាក់​ ដែល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​​ឈរ​ឈ្មោះ​ជា​បេក្ខជន​​អង្កេត​ការ​បោះឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ ប៉ុន្តែ​​ម្នាក់​បាន​​​ធ្វើ​លិខិត​លាឈប់​ធ្វើ​ជា​បេក្ខជន​អង្កេត​ការ​​​​វិញ​៖ «ដាក់​ពាក្យ​​ប្ដឹង​ដាក់​ទៅ​ ប៉ុន្តែ​ខ្ញុំ​និយាយ​ទៅ​តាម​យុត្តិធម៌​ទេ​ ហើយ​ក៏​ខ្ញុំ​យក​បុគ្គល​ហ្នឹង​ទៅ​បំភ្លឺ​ថ្ងៃ​ស្អែក​ដែរ​។ ​ខ្ញុំ​អត់​បាន​បង្ខិតបង្ខំ​អ្នក​ណា​ទេ​ ពីព្រោះ​ខ្ញុំ​ក៏​​ធ្វើ​សម្រាប់​តែ​ប្រជាពលរដ្ឋ​ទេ​ ខ្ញុំ​អត់​មាន​​ធ្វើ​ដើម្បី​បុគ្គល​ណា​ម្នាក់​ទេ​ ស៊ីសង​តែ​ប្រជាពលរដ្ឋ​គាត់​ពេញ​ចិត្ត​ខ្ញុំ​ក៏​ពេញ​ទៅ​បើ​មិន​ពេញ​ចិត្ត​ខ្ញុំ​​ក៏​ហី​ទៅ​»។

កាល​ពី​ថ្មីៗ​នេះ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជា​​​​​​ដល់​អាជ្ញាធរ​​​គ្រប់​លំដាប់​ថ្នាក់​ឱ្យ​បង្ក​​​​លក្ខណៈ​​​ងាយ​ស្រួល​​​​​​ដល់​​គណ​បក្ស​​​នយោបាយ ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​​ទាំង​អស់ អាច​​ជួបជុំ​​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ស្មើ​ភាព​គ្នា។ លោកបញ្ជាក់​ថា ថ្វីត្បិត​តែ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រយៈ​ពេល​យូរ​ទៀត​ក៏​ដោយ​ ក៏​គណ​បក្ស​នយោបាយ​​ ត្រូវ​ការ​ជួបជុំ​គ្នា ការ​រៀបចំ​​បេក្ខភាព​ ឬ​​លើក​ស្លាក​​ ដូច្នេះ​អាជ្ញាធរ​​មិន​ត្រូវ​បង្ក​ការ​លំបាក ​គ្រប់​រូប​ភាព​នោះ​ឡើយ​។

ទោះ​​ជា​យ៉ាង​ណា​ នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក ​(NICFEC) លោក សំ គន្ធាមី ​មាន​ប្រសាសន៍​ថា ​សកម្មភាព​របស់​អាជ្ញាធរ​ធ្វើ​បែប​នេះ ជា​ការ​គំរាមកំហែង​​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ និង​​មិន​បាន​អនុវត្ត​តាម​បទ​បញ្ជា​របស់​​ក្រសួង​មហាផ្ទៃ​និង​លោក ហ៊ុន សែន​​។​ លោក​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ​​​​ជា​មួយ​គណបក្ស​ណា​ដែល​​ខ្លួន​ពេញ​ចិត្ត​​បាន​ដោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ៖ «សម្ដេច​នាយករដ្ឋមន្ត្រី​លើក​មុន​គាត់​បាន​ណែនាំ​ហើយ​ ​ហើយ​សម្ដេច​ស ខេង​ ក៏​អីចឹង​ដែរ​។ ​អីចឹង​បាន​​អាជ្ញាធរ​ហ្នឹង​ខ្ញុំ​ចង់​ឱ្យ​ក្រសួង​មហាផ្ទៃ​មាន​វិធានការ​ទៅ​លើ​អាជ្ញាធរ​ណា​ដែល​គាត់​ប្រព្រឹត្ត​ខុស​ច្បាប់​។ ​ដើរ​ទៅ​គំរាមកំហែង​ទៅ​ដក​គេ​តាំង​ពី​ប័ណ្ណ​ក្រីក្រ​​តាំង​ពី​ស្អី​សព្វ​បែប​យ៉ាង​ អាហ្នឹង​មិន​ត្រូវ​ទេ​។ ​អាហ្នឹង​រដ្ឋាភិបាល​ទេ​ជា​អ្នក​ផ្គត់ផ្គង់​ជា​អ្នក​ចែក​ហើយ​យើង​ដើរ​​តួ​អាជ្ញាធរ​មូលដ្ឋាន​ដើរ​តួ​តំណាង​​របស់​រដ្ឋាភិបាល​ ហើយ​យើង​មក​ធ្វើ​គ្នា​អីចឹង​ម៉េច​កើត​ បាទ​អាហ្នឹង​សិទ្ធិ​នយោបាយ​របស់​គាត់​»។

របាយការណ៍ ​​គ.ជ.ប ឱ្យ​ដឹង​ថា​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ​ខែ​មិថុនា ​​ដោយ​មាន​​គណបក្ស​នយោបាយ​ចំនួន ១៧ ​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​​។ ក្នុង​ចំណោម​នោះ​ ​មាន​គណបក្ស​តែ​២ ប៉ុណ្ណោះ ​​ដែល​បាន​ដាក់​បេក្ខជន​ប្រដំប្រសង​គ្នា​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​បាន​​ដាក់​បេក្ខជន​គ្រប់ ១០០​ភាគរយ​​​និង​គណបក្ស​ភ្លើងទៀន បាន​ដាក់​បេក្ខជន​ជិត​គ្រប់​ ១០០ ​រយ​ភាគ ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​ជាង​១ពាន់៦រយ​​ (១.៦៥២)​ឃុំ-សង្កាត់​ទូទាំង​ប្រទេស។

ទោះ​ជា​យ៉ាង​ណា ស្រប​ពេល​ដែល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​សកម្មជន​​គណបក្ស​ភ្លើងទៀន​​ស្ទើរ​តែ​គ្រប់​ខេត្ត​​ត្រូវ​បាន​​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​​រារាំង​​និង​គំរាមកំហែង​​ជា​បន្តបន្ទាប់​។ ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ​​ប្រសិន​បើ​បរិយាកាស​នៅ​តែ​បន្ត​អាប់អួរ​បែប​នេះ​ ​ដំណើរ​ការ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ​នឹង​មិន​ប្រកប​ដោយ​ភាព​សេរី​ ​ត្រឹមត្រូវ​​និង​​យុត្តិធម៌​ឡើយ៕

1 comment:

Anonymous said...

Ah Kwack Hun Sen should keep his words about the election.