Saturday, 26 March 2022

លោក ហ៊ុន សែន ប្រកាស​​បន្ត​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ


ដោយ ខែ សុណង
2022-03-25

លោក ហ៊ុន សែន ប្រកាស​​បន្ត​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ
 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ៥១ នៅ​​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​នឹង​បន្ត​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ នា​ឆ្នាំ​ក្រោយ​បន្ត​ទៀត។ លោក​ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ៥១ ក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ២៥ មីនា។ លោក ហ៊ុន សែន ​នឹង​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាង​មុខ​នេះ​ទៀត។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ ផ្លាស់ប្ដូរ​គឺ​អាច​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​រួច៖ «ខ្ញុំ​បាន​ប្រកាស​ហើយ ខ្ញុំ​ធ្វើ​រហូត​ដល់​ខ្ញុំ​ឈប់​ចង់​ធ្វើ ព្រោះ​អត់​ទើស​ក្បាល​អាណា​ទេ កុំ​ឱ្យ​វា​ពិបាក​ពេក រៀបចំ​ចេះ​តែ​រៀបចំ​ហើយ ត្រៀម​គឺ​ត្រៀម​ហើយ គេ​ត្រូវ​តែ​ត្រៀម​ហើយ ព្រោះ​ធម្មតា​គេ​ត្រៀម​មនុស្ស​សម្រាប់​ការ​បន្ត​វេន​ស្អីៗ ហើយ​ឆ្នាំ២០២៣ ខ្ញុំ​នឹង​បន្ត​ក្នុង​ឋានៈ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី នៃ​ការ​បោះ​ឆ្នោត​ជា​បន្ត​ទៀត»។

នៅ​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្ស​នេះ​បាន​ជ្រើសតាំង លោក ហ៊ុន សែន ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ ហើយ​ក៏​បាន​បោះ​ឆ្នោត​គាំទ្រ លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​ថ្ងៃ​អនាគត បន្ទាប់​ពី​ឪពុក​របស់​លោក​ដែរ៕

1 comment:

Anonymous said...

Hun Sen will always be a crook like his master the evil Yuon. Only way to get rid of him is by force. Even after he step down because he is getting old, his son will take over. These crooks and murderers will never give up power unless they are force to. Words are never enough.