Sunday, 27 March 2022

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ​នយោបាយ​ដើម្បី​សុចរិត​ភាព និង​តម្លាភាព​សង្គម


Khmer Circle: Social patronage [feudalism] in action? Must be election time... 

🔼🔼🔼

ដោយ ខែ សុណង
2022-03-27
សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ​នយោបាយ​ដើម្បី​សុចរិត​ភាព និង​តម្លាភាព​សង្គម 

អ្នកស្រី ប៊ុន រ៉ានី (រូប​កណ្ដាល​លើក​ដៃ​សំពះ) ភរិយា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ ក្នុង​ពិធី​ចែក​អំណោយកាកបាទ​ក្រហម។
រូប៖ របាយការណ៍​កាកបាទក្រហម២០២០


មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ ដើម្បី​បង្ហាញ​ពី​សុចរិត​ភាព និង​តម្លាភាព​នៅ​ក្នុង​សង្គម ដោយ​ជៀសវាង​ទំនាស់​ផលប្រយោជន៍​ដែល​កើត​ចេញ​ពី​អំពី​ការ​ផ្តល់​ជំនួយ​មិន​ត្រឹមត្រូវ​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​កាកបាទក្រហមកម្ពុជា​អំពាវនាវ​ដល់​សប្បុរស​ជន​ចូលរួម​វិភាគទាន ខួប​លើក​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ដើម្បី​យក​ថវិកា​ជួយ​ដល់​ជនរងគ្រោះ។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ចង់​ឃើញ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​កាន់​កាកបាទក្រហមកម្ពុជា និង​ការ​ចាត់ចែង​ជំនួយ​ទាំងនោះ ឈរ​លើ​ភាព​ត្រឹមត្រូវ​ដោយ​ផ្អែកលើ​ប្រព័ន្ធ​ច្បាប់។


នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា ការ​បរិច្ចាគ​ប្រាក់​ពី​សំណាក់​អ្នក​ជំនួញ​ធំៗ​ទៅ​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ជួយ​ដល់​សង្គម​ជាតិ គឺជា​រឿង​ល្អ ប្រសិនបើ​យន្តការ​មនុស្សធម៌​នោះ​ធានា​នូវ​សុចរិត និង​ធ្វើឡើង​ដោយ​ទឹកចិត្ត​សប្បុរស​។ លោក​បន្ត​ថា​ការ​បែងចែក​ជំនួយ​របស់​សប្បុរសជន​ទាំងនោះ ត្រូវតែ​ធ្វើឡើង​ដោយ​សុចរិត​ភាព តម្លាភាព និង​គណនេយ្យភាព​ជាពិសេស​បាន​ទៅ​ដល់​ក្រុម​ជន​ងាយ​រងគ្រោះ​ដែល​ត្រូវការ​ជំនួយ​ពិតប្រាកដ​ដោយ​មិន​រើសអើង​និន្នាការ​ជាដើម។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជំរុញ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ ដើម្បី​បង្ហាញ​ពី​សុចរិតភាព និង​តម្លាភាព​ក្នុង​សង្គម ដោយ​ជៀសវាង​ទំនាស់​ផល​ប្រយោជន៍​ដែល​កើត​ចេញពី​អំពី​ការ​ផ្តល់​ជំនួយ​ទាំងនោះ​៖ «​ការបែងចែក​ជំនួយ​សប្បុរសធម៌​ទាំងនោះ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព ជាពិសេស​ការប្រើប្រាស់​ថវិកា​ហ្នឹង​ឱ្យ​ចំ​គោលដៅ​អាទិភាព និង​ក្រុម​ងាយ​រងគ្រោះ​ត្រូវ​ការ​ជំនួយ​ឧបត្ថម្ភ​នោះ​ពិតប្រាកដ​ដោយ​មិន​មាន​រើសអើង»។

តំណាង​សហគមន៍​ដីធ្លី​៨៤៣ នៅ​ខេត្តកោះកុង ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា លោក លី យ៉ុងផាត់ គឺ​លោក ឈឹម សាផាន រៀបរាប់​ថា បញ្ហា​ដីធ្លី​បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ទទួលរង​ទុក្ខ​លំបាក​វេទនា ដោយ​អាជ្ញាធរ​អាជ្ញាធរ និង​កាកបាទក្រហម​មិនបាន​យកចិត្តទុកដាក់​ផ្តល់​ជំនួយ​ឧបត្ថម្ភ ឬ​ប័ណ្ណ​ក្រីក្រ​នោះ​ទេ​។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ចាត់ទុក​ពលរដ្ឋ​ក្នុង​សហគមន៍​ថា ជា​ក្រុមប្រឆាំង​ទើប​មិន​អើពើ​ពី​ទុក្ខ​លំបាក របស់​អ្នក​ក្រីក្រ​ទាំងអស់​នេះ​។ តំណាង​សហគមន៍​រូប​នេះ​ស្នើ​ស្ថាប័ន​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ជួយ​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​បញ្ឈប់​ការរើសអើង​ដោយសារតែ​សកម្មភាព​តវ៉ា​ទាមទារ​ដីធ្លី​ពួកគាត់​តទៅទៀត​៖ «អ្នករងគ្រោះ​ដីធ្លី គឺ​គេ​មិន​ចែក​ឱ្យ​តែ​ម្តង រាល់ថ្ងៃ​នេះ​ពិបាក​មែនទែន ក្រ​បំផុត​ពលរដ្ឋ​នៅ​ឃុំ​កណ្ដោល ស្រុក​បទុមសាគរ ហើយ​រើសអើង​ទៀត អ្នក​ក្រីក្រ​អត់​បាន​ប័ណ្ណ​ក្រីក្រ​ទេ តែ​អ្នកមាន​ផ្ទះថ្ម​មាន​ប័ណ្ណ​ក្រីក្រ ជាក់ស្តែង​ខ្ញុំ​ហ៊ាន​និយាយ​ដោយ​ចាក់​ផ្សាយ​សំឡេង​ខ្ញុំ​ទៅ អយុត្តិធម៌​ខ្លាំង​មែនទែន»។

​ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​មាន​ជម្លោះដីធ្លី​នេះ កើត​មាន​ឡើង​ក្រោយពី​កាកបាទ​ក្រហម​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ភរិយា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​អំពាវនាវ​ដល់​សប្បុរសជន​ឱ្យ​បរិច្ចាគ​ថវិកា​ដល់​ស្ថាប័ន​នេះ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​។ ក្រោយ​ការ​អំពាវនាវ​នេះ មន្ត្រី​គ្រាក់ៗ​មួយចំនួន និង​ក្រុម​ឈ្មួញ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន នាំគ្នា​ប្រកាស​បរិច្ចាគ​ថវិកា​ចាប់​ពី​រាប់ពាន់​-​រាប់​ម៉ឺន​ដុល្លារ រហូតដល់​រាប់​លាន​ដុល្លារ​ក៏​មាន។

ឆ្លើយតប​រឿង​នេះ អគ្គ​លេខាធិការ​រង​ទី​១ និង​ជា​អ្នកនាំពាក្យ​កាកបាទក្រហមកម្ពុជា​អ្នកស្រី ម៉ែន នារីសោភ័គ ថ្លែង​ថា ថវិកា​ដែល​កាកបាទក្រហមកម្ពុជា​រ៉ៃ​អង្គាស​បាន ត្រូវ​យក​ទៅ​ជួយ​ពលរដ្ឋ​ក្រីក្រ កសាង​ផ្ទះ អណ្តូង​ទឹក សាលារៀន និង​ផ្តល់​ប្រាក់កម្ចី​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​នៅ​តំបន់​ជនបទ​ដោយ​មិន​ប្រកាន់​និន្នាការ​នោះ​ទេ​៖ «រដ្ឋាភិបាល​លោក​បាន​ដោះស្រាយ​ទៅតាម​ប័ណ្ណ​សមធម៌​ប្រភេទ​ក្រីក្រ​១ និង​២ ហើយ​យើង​បំពេញ​បង្គ្រប់ ដោយ​មាន​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់​ដាក់​ជូន​ទៅ​គាត់​ភ្លាម បើ​ថាឱ្យ​ទទួល​បាន​មួយរយ​ភាគ​ទទួល​បាន​ទាំងអស់គ្នា គឺ​យើង​មិនអាច​ឈាន​ទៅ​ដល់​មួយ​ភាគរយ​ទេ ហើយ​បើ​និយាយ​ពី​អត់​ទៅ​សួរ​គ្រប់​ផ្ទះ​អ្នក​ក៏​និយាយ​ថា អត់​ដែរ»។

ទាក់ទង​នឹង​ការ​បរិច្ចាគ​នេះ​ដែរ អ្នកនាំពាក្យ​ពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ថ្លែង​ថា ថវិកា និង​សម្ភារៈ​ដែល​មន្ត្រី​រដ្ឋាភិបាល ឧកញ៉ា និង​មន្ត្រី​រាជការ​បរិច្ចាគ​ដល់ ​កាកបាទក្រហម​កម្ពុជា​សម្រាប់​ជួយ​ជនរងគ្រោះ​កន្លងទៅ គឺ​កើត​ចេញ​ពីលើ​ស្មារតី​ភ្ញាក់​រលឹក និង​ទឹកចិត្ត​សប្បុរសធម៌ ហើយ​រដ្ឋាភិបាល​មិន​មាន​ការណែនាំ​នោះ​ទេ​។ លោក​អះអាង​ថា ការ​ចូល​វិភាគទាន​ទាំងនោះ ក៏​មិនមែន​ជា​ជំនួយ​សម្រាប់​តួនាទី ឬ​ឥទ្ធិពល ដើម្បី​ដោះដូរ​ផលប្រយោជន៍ និង​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់​អ្វី​ដែរ​៖ « ឧកញ៉ា​ណាក៏ដោយ បើ​គាត់​ជួយ​បី​លាន ពីរ​លាន មួយ​ម៉ឺន ប្រាំ​សែន​ដុល្លារ​អី អាហ្នឹង​ជា​គុណសម្បត្តិ​របស់​គាត់ ក៏ប៉ុន្តែ​ថ្ងៃក្រោយ​ទៅ​គាត់​យក​គុណ​សម្បត្តិ​ចូល​កាកបាទក្រហម​ហើយ​ប្រព្រឹត្ត​ខុស​បានទេ ព្រោះ​វា​ស្ថិត​ក្រោម​គោលការណ៍​ច្បាប់​ទាំងអស់ បើ​ធ្វើ​ខុសច្បាប់​អាហ្នឹង​ត្រូវ​ទទួលខុស​ត្រូវ​ចំ​មុខ​ច្បាប់ អត់​មាន​រួចខ្លួន​ដោយសារ​យក​លុយ​ទៅ​ជួយ​កាកបាទក្រហម​ហើយ រកស៊ី​ទុច្ចរិត​ទេ»។

ទោះ​យ៉ាងណា នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា​រហូតមកដល់​ពេលនេះ​ពុំ​ទាន់​មានការ​សិក្សា​និង​វាយតម្លៃ​ណាមួយ​អំពី​ការងារ​របស់​ស្ថាប័ន​មនុស្សធម៌​ជុំវិញ​ការ​ឆ្លើយ​តប និង​ឥរិយាបថ​នៃ​ការគ្រប់គ្រង និង​ចាត់ចែង​វិភាគទាន​របស់​សប្បុរស​ជន​ដោយ​ត្រឹមត្រូវ​នៅឡើយ​ទេ​៖ «មកដល់ពេលនេះ​យើង​ចង់​ឃើញ​ប្រព័ន្ធ​នៃ​ការ​ផ្តល់​មតិយោបល់​ត្រឡប់​មួយ​មកកាន់​អង្គការ​មនុស្សធម៌​សប្បុរសធម៌​ដូចជា​កាកបាទក្រហម​ហ្នឹង ធ្វើ​ម៉េច​ឱ្យ​មាន​បរិយាកាស​លើក​ឡើងជា​មតិយោបល់ សំណូមពរ ដើម្បី​ឱ្យ​កាកបាទក្រហម​ហ្នឹង​ដឹង​អំពី​ស្ថានភាព​និង​ការ​ផ្តល់​សេវា​របស់​ខ្លួន ហើយ​វិធី​នេះ គឺ​ការ​ចូលរួម​ក្នុង​ន័យ​ស្ថាបនា​មួយ​ដើម្បី​ឱ្យ​ស្ថាប័ន​នេះ​កាន់តែ​ផ្តល់​ឆ្លើយតប​ក្រុម​គោលដៅ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត»។

កាលពី​ឆ្នាំ​២០២០ កាក​បាទក្រហមកម្ពុជា​ទទួល​បាន​ថវិកា​ពី​សប្បុរសជន​ជាង​ដប់​លាន (១០.៦៦៩.២៦២) ដុល្លារ​អាមេរិក​។ ភាគច្រើន អ្នកជំនួញ​រកស៊ី​ធំៗ នៅ​កម្ពុជា​ជា​អ្នក​ជួយឧបត្ថម្ភ​លុយ​ទាំងអស់​នេះ​។ ក្នុង​នោះ​ឧកញ៉ា​មួយចំនួន​បាន​ទទួល​បាន​ផល​ប្រយោជន៍​មកវិញ​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន ឧកញ៉ា ឡេង ណាវ៉ាត្រា រដ្ឋាភិបាល​បាន​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជិត​២០០​ហិកតារ នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ឧកញ៉ា ពុង ឃាវសែ ដែល​កំពុង​ច្បាម​យក​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ដើម្បី​សាង​សាង​ព្រលាន​យន្តហោះ​ថ្មី និង ឧកញ៉ា ឃុន សៀ កំពុង​លុប​ទន្លេ​មេគង្គ និង​កោះ ចាប់ពី​ចំណុច​ឃុំ​អរិយក្សត្រ រហូតដល់​ល្វាឯម និង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ លើស​ពី​នេះ មាន​អ្នកជំនួញ​ខ្លះ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​រកស៊ី​ទុច្ចរិត ដូចជា កាប់​បំផ្លាញ​ព្រៃឈើ និង​រំលោភបំពាន​យក​ដី​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក ឬ​ក្នុង​បញ្ជីខ្មៅ​នៃ​អង្គការ​អន្តរជាតិ ដូចជា លោក ទ្រី ភាព លោក លី យ៉ុងផាត់ ជាដើម​។ ឈ្មួញ​មាន​ឈ្មោះ ក្នុង​បញ្ជីខ្មៅ​ទាំងនេះ​តែងតែ​ឧបត្ថម្ភ​លុយ​ដល់​រដ្ឋាភិបាល​តាម​ការ​អំពាវនាវ ហើយ​ជា​ញឹកញាប់​ពួកគេ​ទទួល​បាន​ប្រយោជន៍​ពី​រដ្ឋាភិបាល​មកវិញ​ក្នុង​រូបភាព​ផ្សេងៗ ដែល​ករណីនេះ​ត្រូវ​បាន​អ្នកជំនាញ​វាយ​តម្លៃ​ថា ជា​អំពើពុករលួយ​ផ្នែក​នយោបាយ៕

1 comment:

Anonymous said...

Mi Kanhchrouk Bun Rany Mouk Dauch Khmauch Chhov !!