Khmer Circle: Social patronage [feudalism] in action? Must be election time...
🔼🔼🔼
ដោយ ខែ សុណង
2022-03-27
អ្នកស្រី ប៊ុន រ៉ានី (រូបកណ្ដាលលើកដៃសំពះ) ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកអំណោយកាកបាទក្រហម។
រូប៖ របាយការណ៍កាកបាទក្រហម២០២០
មន្ត្រីសង្គមស៊ីវិលជំរុញរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយ ដើម្បីបង្ហាញពីសុចរិតភាព និងតម្លាភាពនៅក្នុងសង្គម ដោយជៀសវាងទំនាស់ផលប្រយោជន៍ដែលកើតចេញពីអំពីការផ្តល់ជំនួយមិនត្រឹមត្រូវ។ ការលើកឡើងនេះ គឺបន្ទាប់ពីកាកបាទក្រហមកម្ពុជាអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទាន ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីយកថវិកាជួយដល់ជនរងគ្រោះ។
មន្ត្រីសង្គមស៊ីវិលយល់ចង់ឃើញការផ្តល់ជំនួយមនុស្សធម៌ទៅកាន់កាកបាទក្រហមកម្ពុជា និងការចាត់ចែងជំនួយទាំងនោះ ឈរលើភាពត្រឹមត្រូវដោយផ្អែកលើប្រព័ន្ធច្បាប់។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី មានប្រសាសន៍ថា ការបរិច្ចាគប្រាក់ពីសំណាក់អ្នកជំនួញធំៗទៅកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់សង្គមជាតិ គឺជារឿងល្អ ប្រសិនបើយន្តការមនុស្សធម៌នោះធានានូវសុចរិត និងធ្វើឡើងដោយទឹកចិត្តសប្បុរស។ លោកបន្តថាការបែងចែកជំនួយរបស់សប្បុរសជនទាំងនោះ ត្រូវតែធ្វើឡើងដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាពជាពិសេសបានទៅដល់ក្រុមជនងាយរងគ្រោះដែលត្រូវការជំនួយពិតប្រាកដដោយមិនរើសអើងនិន្នាការជាដើម។ មន្ត្រីសង្គមស៊ីវិលរូបនេះជំរុញរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយ ដើម្បីបង្ហាញពីសុចរិតភាព និងតម្លាភាពក្នុងសង្គម ដោយជៀសវាងទំនាស់ផលប្រយោជន៍ដែលកើតចេញពីអំពីការផ្តល់ជំនួយទាំងនោះ៖ «ការបែងចែកជំនួយសប្បុរសធម៌ទាំងនោះ គឺត្រូវធ្វើឡើងដោយតម្លាភាព ជាពិសេសការប្រើប្រាស់ថវិកាហ្នឹងឱ្យចំគោលដៅអាទិភាព និងក្រុមងាយរងគ្រោះត្រូវការជំនួយឧបត្ថម្ភនោះពិតប្រាកដដោយមិនមានរើសអើង»។
តំណាងសហគមន៍ដីធ្លី៨៤៣ នៅខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លោក លី យ៉ុងផាត់ គឺលោក ឈឹម សាផាន រៀបរាប់ថា បញ្ហាដីធ្លីបានធ្វើឱ្យជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍ទទួលរងទុក្ខលំបាកវេទនា ដោយអាជ្ញាធរអាជ្ញាធរ និងកាកបាទក្រហមមិនបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភ ឬប័ណ្ណក្រីក្រនោះទេ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានតែងតែចាត់ទុកពលរដ្ឋក្នុងសហគមន៍ថា ជាក្រុមប្រឆាំងទើបមិនអើពើពីទុក្ខលំបាក របស់អ្នកក្រីក្រទាំងអស់នេះ។ តំណាងសហគមន៍រូបនេះស្នើស្ថាប័នមនុស្សធម៌កាកបាទក្រហមកម្ពុជាជួយផ្តល់អំណោយដល់ពលរដ្ឋក្រីក្រ និងបញ្ឈប់ការរើសអើងដោយសារតែសកម្មភាពតវ៉ាទាមទារដីធ្លីពួកគាត់តទៅទៀត៖ «អ្នករងគ្រោះដីធ្លី គឺគេមិនចែកឱ្យតែម្តង រាល់ថ្ងៃនេះពិបាកមែនទែន ក្របំផុតពលរដ្ឋនៅឃុំកណ្ដោល ស្រុកបទុមសាគរ ហើយរើសអើងទៀត អ្នកក្រីក្រអត់បានប័ណ្ណក្រីក្រទេ តែអ្នកមានផ្ទះថ្មមានប័ណ្ណក្រីក្រ ជាក់ស្តែងខ្ញុំហ៊ាននិយាយដោយចាក់ផ្សាយសំឡេងខ្ញុំទៅ អយុត្តិធម៌ខ្លាំងមែនទែន»។
ប្រតិកម្មរបស់អង្គការសង្គមស៊ីវិល និងតំណាងសហគមន៍មានជម្លោះដីធ្លីនេះ កើតមានឡើងក្រោយពីកាកបាទក្រហមកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមអំពាវនាវដល់សប្បុរសជនឱ្យបរិច្ចាគថវិកាដល់ស្ថាប័ននេះដើម្បីជួយដល់ជនរងគ្រោះ។ ក្រោយការអំពាវនាវនេះ មន្ត្រីគ្រាក់ៗមួយចំនួន និងក្រុមឈ្មួញដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន នាំគ្នាប្រកាសបរិច្ចាគថវិកាចាប់ពីរាប់ពាន់-រាប់ម៉ឺនដុល្លារ រហូតដល់រាប់លានដុល្លារក៏មាន។
ឆ្លើយតបរឿងនេះ អគ្គលេខាធិការរងទី១ និងជាអ្នកនាំពាក្យកាកបាទក្រហមកម្ពុជាអ្នកស្រី ម៉ែន នារីសោភ័គ ថ្លែងថា ថវិកាដែលកាកបាទក្រហមកម្ពុជារ៉ៃអង្គាសបាន ត្រូវយកទៅជួយពលរដ្ឋក្រីក្រ កសាងផ្ទះ អណ្តូងទឹក សាលារៀន និងផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋក្រីក្រដែលនៅតំបន់ជនបទដោយមិនប្រកាន់និន្នាការនោះទេ៖ «រដ្ឋាភិបាលលោកបានដោះស្រាយទៅតាមប័ណ្ណសមធម៌ប្រភេទក្រីក្រ១ និង២ ហើយយើងបំពេញបង្គ្រប់ ដោយមានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ដាក់ជូនទៅគាត់ភ្លាម បើថាឱ្យទទួលបានមួយរយភាគទទួលបានទាំងអស់គ្នា គឺយើងមិនអាចឈានទៅដល់មួយភាគរយទេ ហើយបើនិយាយពីអត់ទៅសួរគ្រប់ផ្ទះអ្នកក៏និយាយថា អត់ដែរ»។
ទាក់ទងនឹងការបរិច្ចាគនេះដែរ អ្នកនាំពាក្យពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា ថវិកា និងសម្ភារៈដែលមន្ត្រីរដ្ឋាភិបាល ឧកញ៉ា និងមន្ត្រីរាជការបរិច្ចាគដល់ កាកបាទក្រហមកម្ពុជាសម្រាប់ជួយជនរងគ្រោះកន្លងទៅ គឺកើតចេញពីលើស្មារតីភ្ញាក់រលឹក និងទឹកចិត្តសប្បុរសធម៌ ហើយរដ្ឋាភិបាលមិនមានការណែនាំនោះទេ។ លោកអះអាងថា ការចូលវិភាគទានទាំងនោះ ក៏មិនមែនជាជំនួយសម្រាប់តួនាទី ឬឥទ្ធិពល ដើម្បីដោះដូរផលប្រយោជន៍ និងការប្រព្រឹត្តអំពើខុសច្បាប់អ្វីដែរ៖ « ឧកញ៉ាណាក៏ដោយ បើគាត់ជួយបីលាន ពីរលាន មួយម៉ឺន ប្រាំសែនដុល្លារអី អាហ្នឹងជាគុណសម្បត្តិរបស់គាត់ ក៏ប៉ុន្តែថ្ងៃក្រោយទៅគាត់យកគុណសម្បត្តិចូលកាកបាទក្រហមហើយប្រព្រឹត្តខុសបានទេ ព្រោះវាស្ថិតក្រោមគោលការណ៍ច្បាប់ទាំងអស់ បើធ្វើខុសច្បាប់អាហ្នឹងត្រូវទទួលខុសត្រូវចំមុខច្បាប់ អត់មានរួចខ្លួនដោយសារយកលុយទៅជួយកាកបាទក្រហមហើយ រកស៊ីទុច្ចរិតទេ»។
ទោះយ៉ាងណា នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថារហូតមកដល់ពេលនេះពុំទាន់មានការសិក្សានិងវាយតម្លៃណាមួយអំពីការងាររបស់ស្ថាប័នមនុស្សធម៌ជុំវិញការឆ្លើយតប និងឥរិយាបថនៃការគ្រប់គ្រង និងចាត់ចែងវិភាគទានរបស់សប្បុរសជនដោយត្រឹមត្រូវនៅឡើយទេ៖ «មកដល់ពេលនេះយើងចង់ឃើញប្រព័ន្ធនៃការផ្តល់មតិយោបល់ត្រឡប់មួយមកកាន់អង្គការមនុស្សធម៌សប្បុរសធម៌ដូចជាកាកបាទក្រហមហ្នឹង ធ្វើម៉េចឱ្យមានបរិយាកាសលើកឡើងជាមតិយោបល់ សំណូមពរ ដើម្បីឱ្យកាកបាទក្រហមហ្នឹងដឹងអំពីស្ថានភាពនិងការផ្តល់សេវារបស់ខ្លួន ហើយវិធីនេះ គឺការចូលរួមក្នុងន័យស្ថាបនាមួយដើម្បីឱ្យស្ថាប័ននេះកាន់តែផ្តល់ឆ្លើយតបក្រុមគោលដៅមានប្រសិទ្ធភាពបន្ថែមទៀត»។
កាលពីឆ្នាំ២០២០ កាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនជាងដប់លាន (១០.៦៦៩.២៦២) ដុល្លារអាមេរិក។ ភាគច្រើន អ្នកជំនួញរកស៊ីធំៗ នៅកម្ពុជាជាអ្នកជួយឧបត្ថម្ភលុយទាំងអស់នេះ។ ក្នុងនោះឧកញ៉ាមួយចំនួនបានទទួលបានផលប្រយោជន៍មកវិញជាបន្តបន្ទាប់ ក្នុងនោះមាន ឧកញ៉ា ឡេង ណាវ៉ាត្រា រដ្ឋាភិបាលបានឆ្វៀលដីគម្របព្រៃឈើជិត២០០ហិកតារ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ឧកញ៉ា ពុង ឃាវសែ ដែលកំពុងច្បាមយកដីពីប្រជាពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដើម្បីសាងសាងព្រលានយន្តហោះថ្មី និង ឧកញ៉ា ឃុន សៀ កំពុងលុបទន្លេមេគង្គ និងកោះ ចាប់ពីចំណុចឃុំអរិយក្សត្រ រហូតដល់ល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល។ លើសពីនេះ មានអ្នកជំនួញខ្លះជាប់ឈ្មោះក្នុងបញ្ជីរកស៊ីទុច្ចរិត ដូចជា កាប់បំផ្លាញព្រៃឈើ និងរំលោភបំពានយកដីពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ឬក្នុងបញ្ជីខ្មៅនៃអង្គការអន្តរជាតិ ដូចជា លោក ទ្រី ភាព លោក លី យ៉ុងផាត់ ជាដើម។ ឈ្មួញមានឈ្មោះ ក្នុងបញ្ជីខ្មៅទាំងនេះតែងតែឧបត្ថម្ភលុយដល់រដ្ឋាភិបាលតាមការអំពាវនាវ ហើយជាញឹកញាប់ពួកគេទទួលបានប្រយោជន៍ពីរដ្ឋាភិបាលមកវិញក្នុងរូបភាពផ្សេងៗ ដែលករណីនេះត្រូវបានអ្នកជំនាញវាយតម្លៃថា ជាអំពើពុករលួយផ្នែកនយោបាយ៕
1 comment:
Mi Kanhchrouk Bun Rany Mouk Dauch Khmauch Chhov !!
Post a Comment