ដោយ ទីន ហ្សាការីយ៉ា
2022-03-21
(កណ្តាល) កញ្ញា សេង ធារី អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្រ្តនយោបាយ ស្លៀកសំលៀកបំពាក់ប្រពៃណីជនជាតិចិនចូលរួមសវនាការនៅតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
តុលាការក្រុងភ្នំពេញនៅថ្ងៃទី២១ ខែមីនា បន្តសវនាការសួរដេញដោលដាក់បន្ទុកអ្នកច្បាប់និងជាសកម្មជនតស៊ូមតិកញ្ញា សេង ធារី និង សកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំចំនួន៣នាក់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ មេធាវី និងជនជាប់ចោទនៅតែយល់ថា សវនាការនេះសមត្ថកិច្ច និងតំណាងអយ្យការគ្មានភស្តុតាងរឹងមាំណាមួយក្នុងការចោទប្រកាន់ដដែល។
អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្រ្តនយោបាយកញ្ញា សេង ធារី បានតុបតែងខ្លួនខុសប្លែកពីលើកមុនៗទៀត ដើម្បីចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ។ កញ្ញា សេង ធារី រួមជាមួយសកម្មជនសង្គមដែលទើបចេញពីពន្ធនាគារលោកស្រី សាត ផា បានលាបមុខ ក្រង់សក់ និងស្លៀកពាក់ឈុតពណ៌ក្រហមដែលស្រដៀងទៅនឹងខោអាវប្រពៃណីជនជាតិចិន។ ការស្លៀកពាក់នេះចង់បង្ហាញទៅកាន់ពលរដ្ឋខ្មែរទាក់ទងទៅនឹងវត្តមានយោធារបស់ចិននៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការ ដោយការបង្ហាញភស្តុតាងរបស់មន្រ្តីនគរបាលផ្នែកប្រឆាំងអំពើភេរវកម្មដែលបានកសាងសំណុំរឿងបញ្ជូនមកតុលាការ។ ជុំវិញសវនាការនេះ មេធាវី និងជនជាប់ចោទសង្កេតឃើញថា តុលាការនៅតែគ្មានភស្តុតាងរឹងមាំណាមួយដើម្បីការចោទប្រកាន់នោះទេ។
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំង គឺលោក សំ សុគង់ ប្រាប់វិទ្យុអាស៊ីសេរី ក្រោយចប់សវនាការថា សមត្ថកិច្ចបានបង្ហាញភស្តុតាងដែលទាញពីហ្វេសប៊ុករបស់ជនជាប់ចោទ និងហ្វេសប៊ុករបស់លោក សម រង្ស៊ី ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាការ។ លោកបន្តថា ការប្រមូលភស្តុតាង និងកសាងសំណុំរឿងរបស់សមត្ថកិច្ចនោះធ្វើឡើងមិនច្បាស់លាស់ ហើយមិនទាន់មានភស្តុតាងបង្ហាញអំពីវិមតិសង្ស័យដែលនាំឱ្យតុលាការធ្វើការពិចារណានោះទេ ដោយសមត្ថកិច្ចសន្និដ្ឋានដោយខ្លួនឯង ខណៈករណីនេះជាប់ពាក់ព័ន្ធរឿងនយោបាយ៖ «សាក្សីខាងសមត្ថកិច្ចនេះក្រុមមេធាវីយល់ឃើញថា អ្វីដែលសមត្ថកិច្ចធ្វើកន្លងមក គឺមិនទាន់មានភស្តុតាងពីវិមតិសង្ស័យក្រៅពីសមត្ថកិច្ចសន្និដ្ឋានខ្លួនឯង និងដោយសាររឿងនេះ ជារឿងនយោបាយផង ជួយកសាងសំណុំរឿងមិនមានភស្តុតាងគាំទ្រលើសំណុំរឿងនេះឡើយ»។
កញ្ញា សេង ធារី ឱ្យដឹងថា មុនពេលសវនាការកញ្ញារំពឹងថា មន្រ្តីនគរបាល នឹងបង្ហាញវីដេអូឃ្លីប ព្រោះកញ្ញាចង់ដឹងថា តើវីដេអូនោះកាត់ត ឬកែប្រែយ៉ាងណា ប៉ុន្តែក្នុងបន្ទប់សវនាការនគរបាលមិនបានបង្ហាញវីដេអូឃ្លីបដែលលើកឡើងក្នុងរបាយការណ៍យកទៅចោទប្រកាន់នោះទេ។ កញ្ញាចាត់ទុកសវនាការនេះថា ជាការគួរឱ្យអស់សំណើចដែលតុលាការបន្តសួរដេញដោលរឿងដដែល៖ «ភស្តុតាងជាក់ស្តែងដែលគេមានជាក់ស្តែងប្រឆាំងនឹងខ្ញុំ ហើយគេថា អត់មានលើសប្រាំបួនទំព័រទេ ខ្ញុំអាចជាប់គុក១២ឆ្នាំនៅកន្លែងចង្អៀត អត់មានសេរីភាពមកពីរូបភាពរបស់ខ្ញុំលើកដៃម្រាម៩ហ្នឹង អស្ចារ្យ! មានតែប្រទេសផ្តាច់ការឆ្កួតហ្នឹងទេ យករឿងនេះជាភស្តុតាង»។
ប្រពន្ធមន្រ្តីគណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ដែលចូលស្តាប់សវនាការនោះ ថារហូតមកដល់ពេលនេះតុលាការរពុំមានភស្តុតាងណាមួយបង្ហាញថា ប្តីរបស់លោកស្រី និងសកម្មជនគណបក្សប្រឆាំងដទៃទៀតមានទោសកំហុសដូចការចោទប្រកាន់ទេ។ លោកស្រីនៅតែយល់ថា សវនាការលើសំណុំរឿងនេះ មានចរិតនយោបាយ ដូច្នេះគ្មានសង្ឃឹមទទួលបានយុត្តិធម៌នោះទេ ខណៈប្តីលោកស្រីបានជាប់ពន្ធនាគាររយៈពេលជិត២ឆ្នាំ ទាំងអយុត្តិធម៌៖ «ទោះបីជាមានភស្តុតាង ឬអត់ភស្តុតាង វាអត់មានទឹកចិត្តជឿជាក់លើប្រព័ន្ធតុលាការទាំងស្រុងទេ ដោយសារតុលាការត្លុកល្ខោនចឹង ទោះបីជាអត់មានភស្តុតាង អត់មានខុសផងតុលាការថា ខុស ដាក់គុកប្រាំឆ្នាំដដែល ជឿត្រង់ណាតុលាការដាក់ស្លាកសុទ្ធតែ យុត្តិធម៌ កាត់ទោសដោយអត់លម្អៀង មិនយល់បងប្អូន មិនយល់សាច់ញាតិ ស្អីមិនខុសផងដាក់គុកដដែល ហើយអ្នកខ្លះនិយាយបន្តិចដាក់គុកប្រាំឆ្នាំហើយហ្នឹង ចឹងកាត់ក្តីធ្វើអីប្រកាសតែម្តងទៅមិនចាំបាច់សម្តែងអីកុំឱ្យអស់លុយអស់កាក់ ម៉ាស៊ីនត្រជាក់»។
តុលាការបានចោទប្រកាន់ កញ្ញា សេង ធារី ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ក្រៅពីនេះបានចោទប្រកាន់សកម្មជនបក្សប្រឆាំងជិង៥០នាក់ផ្សេងទៀត ក្នុងនោះសមត្ថកិច្ចបានបញ្ជូនសកម្មជនគណបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ឃុំ គឺលោក កាក់ កុម្ភារ លោក ហេង ច័ន្ទសុធី និងលោក ទុំ ប៊ុនថន មកសាកសួរផងដែរ។
ចំណែកនៅក្រៅរបងតុលាការវិញមានការឃ្លាំមើលពីសាច់ញាតិ និងមិត្តភ័ក្ត្រអ្នកជាប់ឃុំជាង១០នាក់ ដែលស្ថិតក្នុងការឃ្លាំមើល និងតឹងរ៉ឹង ពីក្រុមសមត្ថកិច្ចជាង២០នាក់ដែលឈរជើងជុំវិញបរិវេនតុលាការ។ តុលាការនឹងបន្តសវនាការជាថ្មីទៀត នៅថ្ងៃទី២៨ ខែមីនាខាងមុខ ដើម្បីបន្តសួរដេញលើភស្តុតាងផ្សេងៗទៀត។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា មតិជាតិ និងអន្តរជាតិនៅតែចាត់ទុករឿងក្តីក្តាំនេះកើតចេញវិវាទនយោបាយ។ លោកសង្កេតឃើញថា ដំណើរការសំណុំរឿងនេះ បានអូសបន្លាយពេលវេលាយូរ រីឯភស្តុតាងយកមកចោទប្រកាន់សកម្មជនបក្សប្រឆាំងវិញ គឺសកម្មនយោបាយទាំងនោះទទួលរងភាពអយុត្តិធម៌ដោយគ្រាន់តែស្រង់ចេញពីការបញ្ចេញមតិលើបណ្តាញសង្គមដោយសន្តិវិធី។ លោកស្នើឱ្យតុលារដោះលែងនិងទម្លាក់ចោលការចោទប្រកាន់លើសកម្មនទាំងនោះឱ្យមានសេរីភាពឡើងវិញ៖ «ប្រទេសប្រជាធិបតេយ្យគេឱ្យអ្នកកាត់សេចក្តីទៅលើក្រុមអ្នកនយោបាយហ្នឹង គឺប្រជាពលរដ្ឋមានសិទ្ធិស្របច្បាប់ មានសិទ្ធិក្នុងការបោះឆ្នោត ហើយបើមនុស្សដែលអាក្រក់ មនុស្សប្រព្រឹត្តផ្ទុយពីច្បាប់ ពីសីលធម៌ ច្បាស់ណាស់គ្មានពលរដ្ឋណាគេបោះឆ្នោតឱ្យទេ ក៏ប៉ុន្តែយើងឃើញថាបច្ចុប្បន្នបែរជាសកម្មជននយោបាយទាំងអស់ហ្នឹងរងការចោទប្រកាន់តាមផ្លូវតុលាការទៅវិញ»។
ទាក់ទងនឹងរឿងនេះ ប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ ប្រាប់វិទ្យុអាស៊ីសេរីដោយខ្លីថា រយៈពេលដំណើរការរឿងក្តីនេះ គឺអាស្រ័យលើទំហំនៃសំណុំរឿង ហើយលោកនឹងពិនិត្យមើលលទ្ធភាពជួយពន្លឿនបន្ថែមទៀត។ ដោយឡែកលោកមិនអាចបញ្ជាក់ជុំវិញការលើកឡើងរបស់មេធាវី និងជនជាប់ចោទបានទេ ប៉ុន្តែលោកស្នើឱ្យរងចាំការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះផ្អែកលើភស្តុតាង សំណើ និងសេចក្តីសន្និដ្ឋានរបស់មេធាវីជាចុងក្រោយ៖ «វាអាស្រ័យលើទំហំរឿងបើរឿងស្មុកស្មាញ មនុស្សច្រើនយើងចង់លឿនទៅអត់រួចទេ ហើយគាត់ចង់ថា យឺតធ្វើមិច ហើយជម្រះក្តីចឹងហើយ កុំឱ្យយើងមិនបានធ្វើការ ចង់លឿនតាមចិត្តយើងធ្វើមិចបានហើយយើងធ្វើការអស់ពីលទ្ធភាពហើយ»។
ទោះជាយ៉ាងណាកន្លងមកអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ បានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ៕
1 comment:
Thank You Ms. Theary Seng for your creative ideas to fight for social justice.
Post a Comment