ដោយ យន់ សាមៀន
2022-03-20
លោក សឺន ជុំជួន ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។
រូប៖ ហ្វេសប៊ុកសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍
សមាគមខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាចូលរួមការបោះឆ្នោតឃុំសង្កាត់ ដើម្បីជ្រើសរើសតំណាងគណបក្សនយោបាយណាដែលគិតគូរពីផលប្រយោជន៍របស់ពួកគេ។
ស្របពេលដែលការបោះឆ្នោតឃុំសង្កាត់នឹងធ្វើឡើងនៅខែមិថុនាខាងមុខនេះ សមាគមខ្មែរកម្ពុជាក្រោមនៅក្នុងនិងក្រៅប្រទេសជំរុញឲ្យពលរដ្ឋខ្មែរក្រោម ប្រមាណ ១លាននាក់ ដែលកំពុងរស់នៅកម្ពុជាឲ្យចូលរួមដំណើរការបោះឆ្នោត។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១២ ខែមីនាថា ខ្មែរក្រោមអាចជ្រើសរើសតំណាងរបស់ពួកគេតាមរយៈការបោះឆ្នោត ដើម្បី ជួយដោះស្រាយបញ្ហាពួកគេដែលកំពុងជួបប្រទះ៖ «វាជាសិទ្ធិសេរីភាពរបស់ពួកគាត់ ក្នុងការជ្រើសរើស ពិចារណាទៅលើតំណាងរបស់ពួកគាត់ ពិសេសបក្សណាដែល គាត់យល់ថា បំរើពលរដ្ឋនិងជួយដោះស្រាយបញ្ហាប្រឈមរបស់គាត់»។
លោក សឺន ជុំជួន បន្តទៀតថា បច្ចុប្បន្នខ្មែរក្រោមប្រមាណពី ២០ និង៣០ភាគរយ ក្នុងចំណោម ១លាននាក់ គ្មានឯកសារដើម្បីអាចចុះឈ្មោះបោះឆ្នោត ដោយសារតែអាជ្ញាធរមូលដ្ឋាន បានបង្កការលំបាកមិនផ្តល់អត្តសញ្ញាណប័ណ្ណនិងឯកសារផ្សេងទៀត។ លោក សឺន ជុំជួន ថា ខ្មែរក្រោមត្រូវធ្វើការតស៊ូមតិដើម្បីអាចទទួលបានឯកសារផ្សេងៗដើម្បីអាចចូលរួមការបោះឆ្នោតបាន។ បច្ចុប្បន្ន ខ្មែរក្រោមប្រមាណ១លាននាក់កំពុងរស់នៅកម្ពុជា។ ពួកគេបានចាកចេញពីស្រុកកំណើត ដោយសារតែ ការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាម និងបញ្ហាសេដ្ឋកិច្ច។ ខ្មែរក្រោមប្រមាណ ៧លាននាក់ កំពុងរស់នៅលើទឹកដីកំណើតសព្វថ្ងៃ។ ពលរដ្ឋខ្មែរក្រោមដែលមករស់នៅកម្ពុជា មិនត្រូវបានអាជ្ញាធរមូលដ្ឋាន ទទួលស្គាល់ជាខ្មែរ និងផ្តល់សញ្ជាតិខ្មែរឲ្យនោះទេ ដែលបញ្ហានេះ បណ្តាលឲ្យពួកគេបាត់បង់ផលប្រយោជន៍ផ្សេងៗ និងជួបបញ្ហាសេដ្ឋកិច្ច អប់រំ សុខាភិបាល និងរងការរើសអើងជាដើម។ កន្លងមកមន្រ្តីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់ប្រាប់អាស៊ីសេរីថា ខ្មែរក្រោម ត្រូវបំពេញលក្ខខណ្ឌ័តាមច្បាប់អន្តោរប្រវេសន៍ដើម្បីទទួលបានសិទ្ធិរស់នៅកម្ពុជា នៅពេលដែលពួកគេមកពីកម្ពុជាក្រោមមករស់នៅកម្ពុជា។
ពាក់ព័ន្ធការបោះឆ្នោតនៅពេលខាងមុខនេះ ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១២មីនាថា សហព័ន្ធខ្មែរកម្ពុជាក្រោមមិនជ្រៀតជ្រែកចូលកិច្ចការងារនយោបាយរបស់កម្ពុជានោះទេ ប៉ុន្តែព្រះអង្គស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានជួយសម្រួលដល់ពលរដ្ឋខ្មែរក្រោមដើម្បីអាចឲ្យពួកគេចូលរួមការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣ខាងមុខ៖ «ពលរដ្ឋខ្មែរដែលកំពុងរស់នៅកម្ពុជាបោះឆ្នោតជ្រើសរើសមេឃុំឬចៅសង្កាត់របស់ខ្លួនដើម្បីបានមេឃុំឬចៅសង្កាត់ល្អក្នុងជួយសម្រួលក្នុងលិខិតស្នាមផ្សេង។ ជាពិសេសយើងមានសិទ្ធិដើម្បីជ្រើសរើសមេដឹកនាំល្អ គិតពីផលប្រយោជន៍ជាតិ មិនរណបបរទេស»។
ស្រដៀងគ្នានេះដែរ នាយកសហគមន៍ខ្មែរកម្ពុជាក្រោមនិងជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក៏ជំរុញឲ្យខ្មែរក្រោមចូលរួមដំណើរការបោះឆ្នោត ហើយជ្រើសរើសគណបក្សណាដែលបំរើផលប្រយោជន៍ខ្មែរទូទៅ៖«ខ្មែរក្រោមដែលរស់នៅកម្ពុជាភាគច្រើន ជាអ្នកគេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់យួន ដូច្នោះយើងត្រូវតែជួយការពារដល់ពួកគាត់ឲ្យពួកគាត់អាចចូលរួមគណបក្សណាមួយដែលជួយការពារប្រយោជន៍របស់ពួកគាត់»។
ការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តឡើង នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចុះឈ្មោះបេក្ខជនគណបក្សនយោបាយ ជាង៨ម៉ឺននាក់ ក្នុងចំណោម១៧ គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតឃុំសង្កាត់។ គណបក្ស ដែលមានបេក្ខជនចុះឈ្មោះច្រើនជាងគេ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សហ៊ុនស៊ិនប៉ិច។ បេក្ខជន ជាង៨ម៉ឺននាក់នោះ នឹងប្រកួតយកតំណែងក្រុមប្រឹក្សាចំនួន មួយម៉ឺន មួយពាន់ ៦រយ ២២ (១១.៦២២) អាសនៈ សម្រាប់១ពាន់៦រយ ហាសិបពីរ(១.៦៥២) ឃុំ សង្កាត់៕
No comments:
Post a Comment