ដោយ យន់ សាមៀន
2022-03-22
(កណ្តាល) លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងជាខ្មែរកម្ពុជាក្រោមម្នាក់។
រូប៖ គណបក្សភ្លើងទៀន
ខ្មែរកម្ពុជាក្រោមនៅកម្ពុជា មួយចំនួនបានចូលរួមធ្វើនយោបាយក្នុងបំណងជួយជំរុញឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនិងអាចជួយបំរើពលរដ្ឋខ្មែរក្រោម។ ខ្មែរក្រោមភាគច្រើនបានជ្រើសរើសយកគណបក្សភ្លើងទៀន ដោយពួកគេយល់ថា ជាគណបក្សមិនរណបនឹងប្រទេសវៀតណាម។
ពលរដ្ឋខ្មែរក្រោមដែលបានសំរាកពីនយោបាយមួយរយៈ ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយទាំងខុសច្បាប់ កាលពីឆ្នាំ២០១៧នោះ ឥឡូវនេះ បានហក់ចូលធ្វើនយោបាយឡើងវិញហើយ។ ពួកគេដែលជាអតីតសមាជិកគណបក្សសង្គ្រោះជាតិនោះ បានជ្រើសរើស គណបក្សភ្លើងទៀន ដើម្បីឈរឈ្មោះជាបេក្ខជនឃុំសង្កាត់ដើម្បីចូលរួមការបោះឆ្នោត នៅដើមខែមិថុនាខាងមុខនេះ។
លោក ខឿន វីរ៉ាត់ ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោម និងជាអតីតចៅសង្កាត់រងទី១ សង្កាត់បឹងទំពុនទី២ រាជធានីភ្នំពេញបានសម្រេចឈរឈ្មោះជាបេក្ខជន ចៅសង្កាត់រងទី១ សង្កាត់បឹងទំពុនទី២ សម្រាប់គណបក្សភ្លើងទៀន។ លោក ខឿន វីរ៉ាត់ សង្កេតឃើញថា បច្ចុប្បន្ន គណបក្សនយោបាយដែលអាចជាក្លាយជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា គឺមានតែគណបក្សភ្លើងទៀនតែមួយប៉ុណ្ណោះ។
លោកថា ខ្មែរក្រោមនៅកម្ពុជា កំពុងជួបការលំបាកជាច្រើនដែលទាមទារឲ្យគណបក្សឈ្នះឆ្នោតយកចិត្តទុក្ខដាក់ និងដោះស្រាយ៖ «ខ្ញុំជាខ្មែរក្រោមហើយខ្ញុំឈរឈ្មោះក្នុងគណបក្សភ្លើងទៀន ហើយប្រសិនបើខ្ញុំជាប់ឆ្នោត អ្វីដែលខ្ញុំមើលឃើញជាចំណុចចំបងបំផុតនោះ មិនថា តែខ្មែរក្រោមទេ គឺការបម្រើការងារសាធារណៈជូនពួកគាត់ជាពិសេស ការផ្តល់សំបុត្រកំណើត សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណយើងត្រូវធ្វើបែបណាដើម្បីឲ្យគាត់មានឯកសារគតិយុត្តិជាមូលដ្ឋានដើម្បីឲ្យគាត់ទៅប្រកបរបររកស៊ី អាចឲ្យកូនចូលរៀនបាន»។
ស្រដៀងគ្នានេះដែរលោក ចាន់ សុខ ជាពលរដ្ឋខ្មែរក្រោមក៏បានជ្រើសរើសយកគណបក្សភ្លើងទៀន ដើម្បីឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតឲ្យដែរ។ លោកបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ សម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាខាងមុខនេះ។ លោក ចាន់ សុខ ជាអ្នកនយោបាយចាស់វស្សាក្នុងគណបក្សប្រឆាំង ចាប់តាំងពីគណបក្សនេះ បានករកើតមកម្ល៉េះ។ លោកបានចាកពីស្រុកកំណើតនៅកម្ពុជាក្រោម ដោយសារតែលោករងការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរវៀតណាម។
លោក ចាន់ សុខ រំពឹងថា ការចូលប្រឡូកក្នុងឆាកនយោបាយនឹងអនុញ្ញាតឲ្យលោកជួយពលរដ្ឋខ្មែរនិងខ្មែរក្រោមឲ្យទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ៖ «ខ្ញុំបានចូលជាមួយគណបក្សភ្លើងទៀន និងឈរឈ្មោះជាបេក្ខជននៅឃុំឃ្សឹមដោយយល់ថា គោលនយោបាយរបស់គណបក្សភ្លើងទៀនល្អនឹងចង់ឲ្យមាន មានការផ្លាស់ប្តូរជាវិជ្ជមាន លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស [លុបបំបាត់] អំពើពុករលួយនិងអយុត្តិធម៌សង្គម និងចង់ជួយការពារបងប្អូនកម្ពុជាក្រោម ដែលមករស់នៅកម្ពុជាឲ្យពួកគាត់មានលិខិតស្នាមផ្សេងៗ»។
ការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តឡើង នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចុះឈ្មោះបេក្ខជនគណបក្សនយោបាយ ជាង៨ម៉ឺននាក់ ក្នុងចំណោម១៧ គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតឃុំសង្កាត់។ គណបក្ស ដែលមានបេក្ខជនចុះឈ្មោះច្រើនជាងគេទីពីរ គឺគណបក្សភ្លើងទៀន។ បេក្ខជន ជាង៨ម៉ឺននាក់នោះ នឹងប្រកួតយកតំណែងក្រុមប្រឹក្សាចំនួន មួយម៉ឺន មួយពាន់ ៦រយ ២២ (១១.៦២២) អាសនៈ សម្រាប់១ពាន់៦រយ ហាសិបពីរ (១.៦៥២) ឃុំ សង្កាត់។ គណបក្សភ្លើងទៀន ដែលកំពុងមានប្រជាប្រិយភាព និងជាដៃគូប្រកួតរបស់គណបក្សកាន់អំណាចកំពុងប្រឈមនឹងការគំរាមកំហែងឥតឈប់ឈរ។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃ កំពុងពិនិត្យស្វែងរកភស្តុតាងភ្ជាប់គណបក្សភ្លើងទៀននេះ ទៅនឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ក្នុងបំណងដើម្បីរំលាយគណបក្សនេះចោល។
ពាក់ព័ន្ធនឹងការចូលរួមធ្វើនយោបាយរបស់ខ្មែរក្រោមនេះដែរ អតីតចៅសង្កាត់ប៉ោយប៉ែត និងជាពលរដ្ឋខ្មែរក្រោម លោក ចៅ វាសនា ដែលទើបរួចពីជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដោយសារតែទោសនយោបាយនោះឲ្យដឹងថា លោកមិនឈរឈ្មោះក្នុងការបោះឆ្នោតឃុំសង្កាត់នោះទេ ប៉ុន្តែលោកកំពុងធ្វើយុទ្ធនាការ ជួយបង្រៀនសមាជិក និងបេក្ខជនគណបក្សភ្លើងទៀន ឲ្យចេះស្វែងរកការគាំទ្រដើម្បីឈ្នះការបោះឆ្នោតឃុំសង្កាត់៖ «ខ្ញុំពង្រឹងពួកគាត់ឲ្យធ្វើអំពើល្អ ឲ្យគាត់ចេះធ្វើដូចខ្ញុំ ឲ្យពួកគាត់ចេះស្វែងរកសំឡេងដូចខ្ញុំ។ កុំឲ្យមានការភ័យខ្លាចដូចខ្ញុំ។ ខ្ញុំចង់ឲ្យមានគណបក្សប្រឆាំងអត់មានការភ័យខ្លាច»។
លោកក៏ដូចជាខ្មែរក្រោមផ្សេងទៀតដែរ បានចាកចេញពីស្រុកកំណើតនៅខេត្តព្រះត្រពាំង កាលពីឆ្នាំ ១៩៨៩ ដោយសារតែការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាម។ លោកត្រូវបានវៀតណាមចោទប្រកាន់រឿង បង្រៀនអក្សរ និងប្រវត្តិសាស្ត្រខ្មែរដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម។
វាហាក់មិនចម្លែកប៉ុន្មាននោះទេ ដែលខ្មែរក្រោមមួយចំនួនគាំទ្រ គណបក្សភ្លើងទៀន។ លោក ថាច់ សេដ្ឋា អនុប្រធាន គណបក្សភ្លើងទៀន ក៏ជាខ្មែរក្រោមម្នាក់ដែរ។ លោកធ្លាប់លើកទឹកចិត្ត ឲ្យខ្មែរក្រោមចូលរួមធ្វើនយោបាយ និងគាំទ្រគណបក្សណាដែលគិតពីផលប្រយោជន៍ខ្មែរពិតប្រាកដ មិនថាខ្មែរនោះរស់នៅទីកន្លែងក៏ដោយ ហើយគណបក្សនោះ ក៏មិនជាប់ជំពាក់គុណបរទេស។ បច្ចុប្បន្នខ្មែរក្រោមប្រមាណ ១លាននាក់ កំពុងរស់នៅលើទឹកកម្ពុជា។ អង្គការសង្គមស៊ីវិលធ្វើការងារនឹងពលរដ្ឋខ្មែរក្រោម ប្រមាណថា យ៉ាងហោចណាស់ក៏មានខ្មែរក្រោមប្រមាណ ១សែននាក់ កំពុងចូលរួមធ្វើនយោបាយនៅកម្ពុជា៕
1 comment:
L'Union fait la force.
The Candle Light Party should start demanding for a comprehensive reform of the NEC, otherwise Ah Prett Hun Sen will seize the power again after the election.
Post a Comment