Wednesday, 23 March 2022

ពលរដ្ឋខ្មែរ​​ក្រោម​​ចេញ​​ធ្វើ​នយោបាយ​​ដើម្បី​​ជំរុញ​​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា


ដោយ យន់ សាមៀន
2022-03-22
ពលរដ្ឋខ្មែរ​​ក្រោម​​ចេញ​​ធ្វើ​នយោបាយ​​ដើម្បី​​ជំរុញ​​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា 

(កណ្តាល) លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងជាខ្មែរកម្ពុជា​ក្រោមម្នាក់​។
រូប៖ គណបក្សភ្លើងទៀន


ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា មួយ​ចំនួន​បាន​ចូលរួម​ធ្វើ​នយោបាយ​ក្នុង​បំណង​​​​ជួយ​ជំរុញ​ឲ្យ​កម្ពុជា​ មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​និង​អាច​ជួយ​បំរើ​ពលរដ្ឋ​ខ្មែរ​ក្រោម។ ខ្មែរក្រោម​ភាគច្រើន​បាន​ជ្រើស​រើស​​យក​គណបក្ស​ភ្លើងទៀន ដោយ​ពួកគេ​យល់​ថា ជា​គណបក្ស​មិន​រណប​នឹង​ប្រទេស​វៀតណាម។

ពលរដ្ឋខ្មែរ​ក្រោម​ដែល​បាន​សំរាក​ពី​នយោបាយ​មួយ​រយៈ ក្រោយគណ​បក្ស​សង្គ្រោះជាតិ ត្រូ​វ​បាន​តុលាការ​កំពូល​រំលាយ​ទាំង​ខុស​ច្បាប់ កាល​ពី​ឆ្នាំ២០១៧​នោះ ឥឡូវ​នេះ បាន​ហក់​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​ហើយ។ ពួកគេ​ដែលជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ​នោះ បាន​ជ្រើសរើស​ គណបក្ស​ភ្លើង​ទៀន ដើម្បី​ឈរ​ឈ្មោះជា​បេក្ខជន​ឃុំសង្កាត់​ដើម្បី​ចូលរួម​ការ​បោះឆ្នោត នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ។


លោក ខឿន វីរ៉ាត់ ដែល​មា​ន​ដើម​កំណើតជា​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អតីត​ចៅសង្កាត់​រង​ទី១ សង្កាត់​បឹង​ទំពុន​ទី២ រាជធានី​ភ្នំពេញ​បាន​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខជន ចៅសង្កាត់រងទី១ សង្កាត់​បឹង​ទំពុន​ទី២ សម្រា​ប់គណបក្ស​ភ្លើងទៀន។ លោក ខឿន វីរ៉ាត់ សង្កេត​ឃើញ​ថា បច្ចុប្បន្ន គណបក្ស​នយោបាយ​ដែល​អាច​ជាក្លាយ​ជាក្តី​សង្ឃឹមរបស់ពលរដ្ឋខ្មែរ​ក្រោម​នៅ​កម្ពុជា គឺមានតែ​គណបក្ស​ភ្លើងទៀន​តែ​មួយ​ប៉ុណ្ណោះ។

លោកថា ខ្មែរក្រោម​នៅ​កម្ពុជា កំពុង​ជួប​ការ​លំបាក​ជា​ច្រើន​ដែល​ទាមទារ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោតយក​ចិត្ត​ទុក្ខដាក់ និង​ដោះស្រាយ៖ «ខ្ញុំជា​ខ្មែរ​ក្រោ​ម​ហើយ​ខ្ញុំ​ឈរ​ឈ្មោះ​ក្នុង​គណបក្ស​ភ្លើងទៀន ហើយ​ប្រសិន​បើ​ខ្ញុំ​ជាប់​ឆ្នោត អ្វីដែល​ខ្ញុំមើល​ឃើញ​ជា​ចំណុច​ចំបង​បំផុត​នោះ  មិន​ថា តែ​ខ្មែរ​ក្រោម​ទេ គឺការ​បម្រើ​ការងារ​សាធារណៈ​ជូនពួក​គាត់ជា​ពិសេស ការ​ផ្តល់​សំបុត្រ​កំណើត សៀវភៅ​ស្នាក់នៅ អត្តសញ្ញាណ​ប័ណ្ណ​យើងត្រូវ​ធ្វើបែប​ណា​ដើម្បី​ឲ្យ​គាត់​មានឯ​កសារ​គតិយុត្តិ​ជាមូលដ្ឋាន​ដើម្បី​ឲ្យគាត់​ទៅ​ប្រកបរបររកស៊ី អាចឲ្យកូន​ចូល​រៀន​បាន»។

ស្រដៀង​គ្នានេះ​ដែរលោក ចាន់ សុខ ជាពលរដ្ឋខ្មែរ​ក្រោម​ក៏​បាន​ជ្រើសរើស​យកគណបក្សភ្លើងទៀន​ ដើម្បី​ឈរ​ឈ្មោះ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ដែរ។ ​លោកបាន​ឈរ​ឈ្មោះ​ជាបេក្ខជន​ក្រុមប្រឹក្សា​ឃុំ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ សម្រាប់​ការបោះឆ្នោត​ឃុំសង្កាត់​នៅ​ខែមិថុនា​ខាង​មុខ​នេះ។​ លោក ចាន់ សុខ ជាអ្នក​នយោបាយ​ចាស់​វស្សា​ក្នុង​គណបក្ស​ប្រឆាំង ចាប់​តាំង​ពី​គណបក្ស​នេះ បានករ​កើត​មកម្ល៉េះ។ លោកបាន​ចាក​ពី​ស្រុក​កំណើត​នៅកម្ពុជា​ក្រោម ដោយ​សារ​តែលោករង​ការ​ធ្វើ​ទុក្ខ​បុក​​ម្នេញ​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

លោក ចាន់ សុខ រំពឹងថា ​ការចូលប្រឡូក​ក្នុង​ឆាក​នយោបាយ​នឹង​អនុញ្ញា​តឲ្យ​លោកជួ​យ​ពលរដ្ឋខ្មែរ​និងខ្មែរក្រោមឲ្យទទួលបាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ៖ «ខ្ញុំ​បាន​ចូល​ជាមួ​យ​គណបក្ស​ភ្លើង​ទៀន និង​ឈរ​ឈ្មោះជា​បេក្ខជន​នៅ​ឃុំ​ឃ្សឹម​ដោយ​យល់​ថា គោល​នយោបាយ​របស់​គណបក្សភ្លើងទៀន​ល្អនឹងចង់​ឲ្យ​មាន មាន​ការ​ផ្លាស់​ប្តូរ​​ជាវិជ្ជមាន លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស [លុបបំបាត់] អំពើពុករលួយ​និង​អយុត្តិធម៌​សង្គម​ និង​ចង់​ជួយ​ការពារ​បងប្អូនកម្ពុជា​ក្រោម ដែលមករស់​នៅ​កម្ពុជា​ឲ្យ​ពួកគាត់​មាន​លិខិតស្នាម​ផ្សេងៗ»។

ការបោះឆ្នោត​ឃុំសង្កាត់​នឹង​ប្រព្រឹត្ត​ឡើង នៅថ្ងៃទី៥​ ខែមិថុនា​ខាងមុខនេះ។​ គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត បានចុះ​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ ជាង៨ម៉ឺននាក់​ ក្នុង​ចំណោម​​​១៧​​ គណបក្ស​នយោបាយ​ដែល​បា​ន​ចុះ​ឈ្មោះ​ចូលរួមការបោះឆ្នោត​ឃុំ​សង្កាត់។ គណបក្ស ដែល​មាន​បេក្ខជន​ចុះឈ្មោះ​ច្រើនជាងគេទីពីរ គឺគណបក្សភ្លើងទៀន។ បេក្ខជន ជាង៨ម៉ឺន​នាក់​នោះ នឹងប្រកួត​យកតំណែង​ក្រុមប្រឹក្សាចំនួន ​មួយម៉ឺន មួយពាន់​ ​​៦រយ ២២ (១១.៦២២) អាសនៈ ​សម្រាប់១ពាន់​៦រយ ហាសិបពីរ (១.៦៥២) ឃុំ សង្កាត់។ គណបក្ស​ភ្លើងទៀន ដែលកំ​ពុង​មាន​ប្រជាប្រិយភាព​ និង​ជា​ដៃ​គូ​ប្រកួតរបស់​គណបក្សកាន់អំណាច​​កំពុង​​ប្រឈម​នឹង​ការ​គំរាមកំហែង​ឥត​ឈប់ឈរ។ បច្ចុប្បន្ន ក្រសួង​មហាផ្ទៃ កំពុងពិនិត្យ​ស្វែង​រក​ភស្តុតាង​ភ្ជាប់​គណបក្ស​ភ្លើងទៀននេះ ទៅនឹង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិលោក​ សម​ រង្ស៊ី ក្នុងបំណង​ដើម្បី​រំលាយ​គណបក្ស​នេះ​ចោល។

ពាក់ព័ន្ធនឹង​ការ​ចូលរួម​ធ្វើ​នយោបាយ​របស់​ខ្មែរ​ក្រោម​នេះ​ដែរ អតីត​ចៅ​ស​ង្កាត់​ប៉ោយប៉ែត និង​ជា​ពលរដ្ឋ​ខ្មែ​រក្រោម លោក ចៅ វាសនា ដែលទើប​រួច​ពី​ជាប់​ពន្ធនាគារ​រយៈពេល៥ឆ្នាំ ដោយសា​រ​តែ​ទោស​នយោបាយ​​​នោះឲ្យដឹងថា លោក​មិន​ឈរ​ឈ្មោះ​ក្នុងការបោះឆ្នោត​ឃុំសង្កាត់​នោះទេ ប៉ុន្តែ​លោក​កំពុង​ធ្វើ​​យុទ្ធនាការ ជួយបង្រៀន​សមាជិក និង​បេក្ខជន​គណបក្សភ្លើងទៀន ឲ្យចេះ​ស្វែង​រកការគាំទ្រ​ដើម្បី​ឈ្នះការបោះឆ្នោតឃុំសង្កាត់៖ «ខ្ញុំ​ពង្រឹង​ពួក​គាត់​ឲ្យ​ធ្វើអំពើល្អ ឲ្យគាត់ចេះធ្វើដូចខ្ញុំ ឲ្យពួក​គាត់​ចេះស្វែងរក​សំឡេង​ដូច​ខ្ញុំ។ កុំឲ្យមាន​ការ​ភ័យ​ខ្លាច​ដូច​ខ្ញុំ។ ខ្ញុំចង់​ឲ្យ​មាន​គណបក្ស​ប្រឆាំង​អត់​មាន​ការ​ភ័យ​ខ្លាច»។

លោកក៏ដូចជាខ្មែរក្រោមផ្សេងទៀតដែរ ​បាន​ចាកចេញ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះត្រពាំង កាល​ពី​ឆ្នាំ ១៩៨៩ ដោយសារ​តែ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។ លោក​ត្រូវ​បាន​វៀតណាម​​ចោទប្រកាន់រឿង​ ​បង្រៀន​អក្សរ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ដល់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម។

វាហាក់​មិន​ចម្លែក​ប៉ុន្មាន​នោះ​ទេ ដែល​ខ្មែរ​ក្រោម​មួយ​ចំនួន​គាំទ្រ គណបក្ស​ភ្លើងទៀន។ លោក ថាច់ សេដ្ឋា អនុប្រធាន គណបក្សភ្លើងទៀន ក៏ជាខ្មែរ​ក្រោមម្នាក់​ដែរ។ លោកធ្លាប់លើក​ទឹក​ចិត្ត​ ឲ្យខ្មែ​រក្រោម​ចូលរួ​មធ្វើនយោបាយ និង​គាំទ្រ​គណបក្សណាដែលគិត​ពី​ផលប្រយោជន៍​ខ្មែរ​ពិត​ប្រាកដ មិន​ថា​ខ្មែរ​នោះ​រស់​នៅទីកន្លែង​ក៏​ដោយ ហើយគណបក្ស​នោះ ក៏មិន​ជាប់​ជំពាក់​គុណបរទេស។​ បច្ចុប្បន្ន​ខ្មែរ​ក្រោម​ប្រមាណ ១លាននាក់ កំពុង​រស់​នៅលើទឹក​កម្ពុជា។ អង្គការ​សង្គមស៊ីវិលធ្វើការងារនឹង​ពលរដ្ឋ​ខ្មែ​រក្រោម ប្រមាណ​ថា យ៉ាងហោច​ណាស់ក៏​មាន​ខ្មែរ​ក្រោមប្រមាណ ១សែននាក់ កំពុងចូលរួមធ្វើ​នយោបាយនៅកម្ពុជា៕

1 comment:

Anonymous said...

L'Union fait la force.

The Candle Light Party should start demanding for a comprehensive reform of the NEC, otherwise Ah Prett Hun Sen will seize the power again after the election.