Wednesday, 30 March 2022

បទ​វិភាគ៖ តើលោក ហ៊ុន សែន កាន់​អំណាច​បាន​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​តាម​របៀប​ណា?


ដោយ ជុន ច័ន្ទបុត្រ
2022-03-30
បទ​វិភាគ៖ តើលោក ហ៊ុន សែន កាន់​អំណាច​បាន​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​តាម​របៀប​ណា? 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធ​វិមាន​ឈ្នះ​ឈ្នះ កាល​ពី​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុកនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

 

មក​ទល់​នឹង​ឆ្នាំ២០២២ នេះ លោក ហ៊ុន សែន កាន់​អំណាច​បាន​ជាង ៣៧ឆ្នាំ​ហើយ។ ការ​ដែល​លោក​អាច​កាន់​អំណាច​បាន​យូរ​បែប​នេះ គឺ​មក​ពី​លោក ​មេដឹកនាំ​ដ៏​ឈ្លាស​វៃ​សឹង​រក​គូរ​ប្រៀប​មិន​បាន​មួយ​រូប ក្នុង​ចំណោម​មេ​ដឹក​នាំ​ផ្ដាច់​ការ​ទាំង​ឡាយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក។

ថ្វី​ដ្បិត​តែ​ក្នុង​រយៈ​កាល​កាន់​អំណាច​ជិត ៤០ឆ្នាំនេះ លោក ហ៊ុន សែន ធ្លាប់​សាង​កំហុស​ដែល​ធ្វើ​អោយ​លោក​ហៀប​បាត់​បង់​អំណាច​ម្ដង​ជា​ពីរ​ដង​ក្ដី តែ​លោក​រៀន​សូត្រ​ពី​កំហុស​ទាំង​នោះ​ទាន់​ពេល​វេលា ហើយ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ ដើម្បី​ឱ្យ​លោក​នៅ​បន្ត​កាន់​អំណាច​បាន​ដដែល។

តើ​លោក ហ៊ុន សែន មាន​លក្ខណៈ​ពិសេស​ខុស​ពី​មេ​ដឹក​នាំ​ផ្ដាច់​ការ​នានា បែប​ណា ដែល​ធ្វើ​ឱ្យ​លោក​អាច​បន្ត​កាន់​អំណាច​បាន​យូរ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ?


វា​មិន​មែន​ជា​ការ​ចៃដន្យ​ទេ ដែល​ពិភព​លោក​បាន​ហៅ​លោក ហ៊ុន សែន ថា​ជា​បុរស​ខ្លាំង​កម្ពុជា​នោះ។ ខ្លាំង​នេះ​ប្រហែល​មិន​សំដៅ​ទៅ​កម្លាំង​កាយ ឬ​ក៏​សមត្ថភាព​នៃ​ការ​ដឹក​នាំ​ប្រទេស​ប៉ុន្មាន​ទេ តែ​គឺ​សំដៅ​ជា​សំខាន់​ទៅ​លើ​យុទ្ធសាស្ត្រ​យក​ឈ្នះ​លើ​គូ​ប្រកួត​នយោបាយ  និង​អ្នក​ទាំង​ឡាយ​ណា ​ដែល​ប្រឆាំង​នឹង​រូប​លោក តាម​គ្រប់​ល្បិច​កល​ និង​គ្រប់​មធ្យោបាយ។

គឺ​ប្រហែល​ដោយ​យល់​ពី​សមត្ថភាព​អាច​យក​ឈ្នះ​គូ​ប្រកួត​បាន​នៅ​គ្រប់​សៃវៀន​នេះ ហើយ​បាន​ជា​ឈ្មួញ​ដ៏​ធំ​ម្នាក់​នៅ​កម្ពុជា​ ដែល​គេ​ស្គាល់​ថា​ ជាថៅកែ​ស្ករ​អំពៅ​ឈាម បាន​សម្រេច​ជួយ​ចេញ​លុយ​សាង​វិមាន​កូន​កាត់​មួយ​ឧទ្ទិស​ដល់​លោក ដែល​គេ​ឱ្យ​ឈ្មោះ​ថា ​វិមាន​ឈ្នះ​ឈ្នះ។

ថ្វី​ដ្បិត​តែ​ជា​ផ្លូវ​ការ​វិមាន​ឈ្នះឈ្នះ​នោះ គេ​សំដៅ​ទៅ​លើយុទ្ធសាស្ត្រ​កម្ទេច​ពួក​ខ្មែរ​ក្រហម​ក្តី វា​ក៏​អាច​ថា​ជា​ការ​ឧទ្ទិស​ដល់​ភាព​​ដណ្ដើម​យក​ជ័យ​ជម្នះ​បាន​គ្រប់​កាលៈទេសៈ របស់​លោក ហ៊ុន សែន ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្វី​បើ​លោក ហ៊ុន សែន សង់​ប្រាសាទ​មួយ​ឧទ្ទិស​ឱ្យ​ខ្លួន​លោក​ថា ​ជា​ស្ថាបនិក​នៃ​គោល​នយោបាយ​ឈ្នះ​ឈ្នះ​ក្ដី លោក​ក៏​ធ្លាប់​ចាញ់ ហើយ​ធ្លាប់​បាន​សាង​កំហុស​ដូច​មនុស្ស​ដទៃ​ទៀត​ដែរ។ តែ​អ្វី​ដែល​ធ្វើ​ឱ្យលោក ហ៊ុន សែន មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​គេ​ឯង គឺ​ត្រង់​ថា លោក​រៀន​សូត្រ​ពី​កំហុស​ដែល​ធ្វើ​ឱ្យ​​លោក​ចាញ់​នោះ​បាន​យ៉ាង​ទាន់​ពេល​វេលា ហើយ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ក្នុង​ការ​ដណ្ដើម​រក្សា​អំណាច​របស់​លោក​បាន​វិញ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ កាលីហ្វ័រនីញ៉ា ឡូសអង់ហ្សឺឡេស (UCLA)​ លោក ដានីញ៉ែល ទ្រីសម៉ាន់ (Daniel Treisman) ដែល​បាន​សិក្សា​យ៉ាង​ល្អិត​ល្អន់​លើ​ការ​ផ្លាស់​ប្ដូរ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក​អះ​អាង​ថា ការ​ផ្លាស់​ប្តូរ​ពី​របប​ផ្ដាច់ការ មក​ប្រជាធិបតេយ្យ ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​មេ​ដឹក​នាំ​ផ្ដាច់​ការ​ទាំង​នោះ​ប្រព្រឹត្ត​កំហុស​ខ្លួន​ឯង​តែ​ម្ដង។ រី​ឯ​ការ​ផ្លាស់​ប្ដូរ​ពី​របប​ផ្ដាច់​ការ មក​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះឆ្នោត ការ​ធ្វើ​បដិវត្តន៍ ឬ​តាម​ការ​លូក​ដៃ​ពី​បរទេស ជួយ​ដល់​គណបក្ស​ប្រឆាំង កើត​មាន​ឡើង​ត្រឹម​តែ​ប្រមាណ​ ២៥​ភាគរយ​ប៉ុណ្ណោះ។

លោក​សាស្ត្រាចារ្យ ដានីញ៉ែល ទ្រីសម៉ាន់ រក​ឃើញ​កំហុស​ជា​ចម្បង​ចំនួន៥ ដែល​មេ​ដឹក​នាំ​ផ្ដាច់​ការ​បាន​សាង ហើយ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​បាត់​បង់​អំណាច នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របប។ កំហុស​ទាំង ៥នោះ​មាន​ដូច​តទៅ៖

កំហុស​ទី​មួយ គឺ​បណ្ដាល​មក​ពី​ភាព​ក្រអឺតក្រទម​នៃ​មេ​ដឹក​នាំ​ផ្ដាច់​ការ។ ត្រង់​ចំណុច​នេះ ​លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ លើក​ឡើង​ថា​ មេ​ដឹក​នាំ​ផ្ដាច់​ការ ប៉ាន់​ស្មាន​កម្លាំង​របស់​គណបក្ស​ប្រឆាំង​ខុស រួច​ទប់​ទល់​លែង​ទាន់។ លោក​លើក​ឧទាហរណ៍​ពី​ការ​ផ្លាស់​ប្ដូរ​របប​នៅ​ប្រទេស​មួយ​ចំនួន​ ដូច​ជា ប្រទេស​រូម៉ានី ដែល​មេ​ដឹក​នាំ​ផ្ដាច់​ការ នីកូឡៃ ឆូសេស្គូ (Nicolae Ceausescu) ត្រូវ​គេ​ផ្ដួល​រំលំ​ពេល​ដែល​លោក​កំពុង​ថ្លែង​សុន្ទរកថា។

រី​ឯ​លោក​ប្រធានាធិបតី សូហារតូ (Suharto) នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នៅ​តែ​គិត​ថា លោក​អាច​ទប់​ទល់​នឹង​ក្រុម​ប្រឆាំង​បាន រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ ដែល​លោក​ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​តំណែង។

កំហុស​ទីពីរ គឺ​ការ​ទុក​ចិត្ត​ខ្លួន​ឯង​ពេក។  លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ លើក​ឡើង​ថា មេ​ដឹក​នាំ​ផ្ដាច់​ការ​ខ្លះ បាន​អនុញ្ញាត​ឱ្យ​មាន​ការ​បោះ​ឆ្នោត ដោយ​សារ​ការ​ទុក​ចិត្ត​ខ្លួន​ឯង​ថា អាច​នឹង​ឈ្នះ​ឆ្នោត​បាន តាម​រយៈ​ការ​គំរាម​កំហែង ឬ​តាម​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

តែ​ទី​បំផុត អ្នក​បោះ​ឆ្នោត​មិន​ខ្លាច​ការ​គំរាម​កំហែង ឬ​ក៏​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត មិន​គ្រប់​សម្រេច​តាម​បំណង មេ​ដឹក​នាំ​ផ្ដាច់​ការ​នោះ​ក៏​ចាញ់​ឆ្នោត​ទៅ។

ករណី​បែប​នេះ ក៏​កើត​មាន​ឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ​ដែរ ដូច​ជា​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា ជា​ដើម។

មេ​ដឹក​នាំ​ផ្ដាច់​ការ​យោធា​នៃ​ប្រទេស​នេះ បាន​យល់​ព្រម​ឱ្យ​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​របស់​អ្នក​ស្រី អង់សាន ស៊ូជី ចូល​រួម​ការ​បោះ​ឆ្នោត។

ទោះ​បី​ជា​ក្រុម​យោធា​ទាំង​នោះ ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ធានា​ឱ្យ​បាន​ថា ពួក​គេ​អាច​ដណ្ដើម​ជោគ​ជ័យ​បាន​យ៉ាង​ណា​ក៏​ដោយ ក៏​ក្នុង​ការ​បោះឆ្នោត​ទាំង​ពីរ​លើក គណបក្ស​សម្ពន្ធភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​អ្នក​ស្រី អង់សាន ស៊ូជី ឈ្នះ​ឆ្នោត​ទាំង​ពីរ​លើក។

កំហុស​ទី​បី គឺ​កើត​ឡើង​ពី​ការ​ភ្លាត់​ស្នៀត​របស់​មេ​ដឹក​នាំ​ផ្ដាច់​ការ។ លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ បាន​លើក​យក​ករណី​មេ​ដឹក​នាំ​នៃ​អតីត​សហភាព​សូវៀត (Soviet) លោក មីខាអ៊ីល ហ្គ័របាឆេវ (Michael Gorbachev) ជា​ឧទាហរណ៍។ លោក​អះអាង​ថា​ តាម​ពិត​លោក ហ្គ័របាឆេវ មិន​មែន​ចង់​ធ្វើការ​កែ​ទម្រង់​មួយ ដែល​គេ​ឱ្យ​ឈ្មោះ​ថា ប៉េរ៉េស្រ្តូយការ (Perestroika) នោះ ដើម្បី​ឱ្យ​លោក​ខ្លួន​ឯង​បាត់​បង់​អំណាច​នោះ​ឡើយ។ លោក សាស្ត្រាចារ្យ ទ្រីសម៉ាន់ ថា ផែនការ​កែ​ទម្រង់​ប៉េរ៉េស្រ្តូយការ​នោះ ត្រូវ​បាន​លោក ហ្គ័របាឆេវ ដាក់​ចេញ​មក​ ដើម្បី​រក្សា​អំណាច​របស់​លោក​ទៅ​វិញ​ទេ តែ​លោក ហ្គ័របាឆេវ ភ្លាត់ស្នៀត ដែល​បណ្ដាល​ឱ្យ​លោក​បាត់​បង់​អំណាច ​ដោយ​សារ​ការ​កែ​ទម្រង់​នោះ​ទៅ​វិញ។

កំហុស​ទី​បួន គឺ​ការ​ទុក​ចិត្ត​មនុស្ស​ក្បត់ របស់​មេ​ដឹក​នាំ​ផ្តាច់​ការ។ ជា​ថ្មី​ម្តង​ទៀត លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ បាន​លើក​យក​ករណី​លោក មីខាអ៊ីល ហ្គ័របាឆេវ មក​ធ្វើ​ជា​ឧទាហរណ៍។ លោក ហ្គ័របាឆេវ បាន​ទុក​ចិត្ត និង​បាន​ចង​សម្ពន្ធភាព​ជា​មួយ​លោក បូរីស យែលស៊ិន (Boris Yeltsin)។ នៅ​ពេល​ដែល​បាន​ប្រជ្រៀត​ខ្លួន​ចូល​ក្នុង​ឆាក​នយោបាយ​បាន​ពេញ​ទំហឹង​ហើយ លោក យែលស៊ិន ក៏​ឆក់​ឱកាស​ដណ្ដើម​យក​តំណែង​ប្រធានាធិបតី ជំនួស​លោក ហ្គ័របាឆេវ តែ​ម្ដង។

កំហុស​ទី៥ គឺ​ការ​ប្រើ​អំពើ​ហិង្សា​ជ្រុល​ហួស​ហេតុ​ពេក​ទៅ​លើ​ក្រុម​ប្រឆាំង​ពី​សំណាក់​មេ​ដឹក​នាំ​ផ្ដាច់​ការ។ ទាក់​ទង​នឹង​កំហុស​ទី​៥ ​នេះ លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ អះអាង​ថា ការ​មិន​បង្ក្រាប​អោយ​ទាន់​ពេល​វេលា បណ្ដោយ​ឱ្យ​ក្រុម​ប្រឆាំង​ដណ្ដើម​អំណាច​បាន វា​នឹង​ចាត់​ចូល​ក្នុង​ប្រភេទ​កំហុស​ទី១ ដែល​ធ្វើ​ឱ្យ​មេ​ដឹក​នាំ​ផ្ដាច់​ការ​បាត់​បង់​អំណាច ដោយ​សារ​ភាព​ក្រអឺតក្រទម​របស់​ខ្លួន។ ក៏​ប៉ុន្តែ​លោក​ថា ការ​បង្ក្រាប​បង្ហូរ​ឈាម​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក ក៏​អាច​រុញ​ច្រាន​ឱ្យ​មាន​ការ​បះបោរ​ទ្រង់​ទ្រាយ​ធំ​ពី​សំណាក់​ប្រជាពលរដ្ឋ ឈាន​ដល់​ការ​ទម្លាក់​មេដឹកនាំ​ផ្ដាច់​ការ​ចេញ​ពី​តំណែង​បាន​ដែរ។

លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ អះ​អាង​ថា មេ​ដឹក​នាំ​ផ្ដាច់​ការ​សាង​កំហុស​ក្នុង​ការ​ដឹក​នាំ​ច្រើន​ជាង​មេ​ដឹក​នាំ​ដែល​កាន់​លិទ្ធ​ប្រជាធិបតេយ្យ។ លោក​ថា ​គឺ​ភាព​ផ្ដាច់​ការ​នោះ​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​មេ​ដឹក​នាំ​ផ្ដាច់​ការ​ប្រព្រឹត្ត​កំហុស។ ទោះបី​ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ អាច​តែង​តាំង​ជំនួយ​ការ ទី​ប្រឹក្សា​រាប់​រយ​នាក់​តាម​អំពើ​ចិត្ត​ក៏​ដោយ ក៏​សឹង​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​នោះ ហ៊ាន​ផ្តល់​យោបល់ ឬ​បញ្ចេញ​ទស្សនៈ​អ្វី ជំទាស់​នឹង​មេ​ដឹក​នាំ​ផ្ដាច់​ការ​នោះ​ឡើយ។ ពួក​គេ​បាន​ត្រឹមតែ​ដើរ​ហែហម ចាំ​បញ្ជោរ ​បញ្ចើច​បញ្ចើ​មេ​ដឹក​នាំ​ផ្ដាច់​ការ ក្នុង​ទិស​ដៅ​រក្សា​មុខ​តំណែង ដើម្បី​កេង​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។

បើ​ទោះ​បី​ជា​មេ​ដឹក​នាំ​នោះ បញ្ចេញ​ឫកពា​ច្រឡោងខាម ជេរ​គេ​ជេរ​ឯង​ដាក់​មេក្រូ​ពី​លើ​វេទិកា​សាធារណៈ​ក៏​ដោយ ក៏​មន្ត្រី​នៅ​ជុំ​វិញ​ខ្លួន​ទាំង​នោះ នាំ​គ្នា​ទះ​ដៃ​ហ៊ោ​បន្ទរ​តាម ហើយ​ថែម​ទាំង​ចាត់​ទុក​ភាសា​ដែល​គេ​តែង​ឮ​ជន​ពាល​និយាយ​តាម​ផ្សារ​នោះ​ថា ជា​ប្រសាសន៍​ពោរ​ពេញ​ទៅ​ដោយ​គតិ​បណ្ឌិត​ទៅ​វិញ។

ក្នុង​រយៈ​កាល​កាន់​អំណាច​ជិត ៤០ឆ្នាំនេះ លោក ហ៊ុន សែន ធ្លាប់​សាង​កំហុស​ដែល​ធ្វើ​ឱ្យ​លោក​ហៀប​បាត់​បង់​អំណាច​ម្ដង​ជា​ពីរ​ដង។ កំហុស​មួយ​ចំនួន​ដែល​លោក ហ៊ុន សែន បាន​សាង អាច​មាន​លំនាំ​ស្រដៀង​នឹង​កំហុស​ទាំង៥ ដែល​លើក​ឡើង​ដោយ​លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ ដែរ។ តែ​កំហុស​ខ្លះ ក៏​បណ្ដាល​មក​ពី​កាលៈទេសៈ​ជំរុញ​អោយ​លោក ហ៊ុន សែន ស្ថិត​ក្នុង​ភាព​ទាល់ច្រក ហើយ​លោក​ក៏​បង្ខំ​ចិត្ត​ទទួល​យក​ស្ថានភាព​នោះ​តែ​ម្ដង។

សង្គ្រាម​ត្រជាក់​ដណ្ដើម​ឧត្ដមភាព​ផ្នែក​មនោគមវិជ្ជា​រវាង​ប្លុក​សេរី និង​កុម្មុយនិស្ត ត្រូវ​បាន​បញ្ចប់​នៅ​ដើម​ទសវត្ស​១៩៩០។ ប្រទេស​មហា​អំណាច មាន​សហរដ្ឋ​អាមេរិក សហភាព​សូវៀត និង​ចិន ដែល​ធ្លាប់​តែ​មើល​មុខ​គ្នា​មិន​ត្រង់ បាន​ងាក​មក​ចាប់​ដៃ​គ្នា​វិញ។ ប្រទេស​លោក​ខាង​លិច និង​ចិន ដែល​ធ្លាប់​គាំ​ទ្រ ចលនា​តស៊ូ​ខ្មែរ​នៅ​តាម​ព្រំដែន​ខ្មែរ ថៃ ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន សែន ក៏​លែង​មាន​តម្រូវការ​ជួយ​ក្រុម​នេះ​តទៅ​ទៀត។

សហភាព​សូវៀត​ដែល​ធ្លាប់​តែ​គាំទ្រ​ប្រទេស​កុម្មុយនិស្ត​ដូច​គ្នា ដូច​ជា​វៀតណាម និង​កម្ពុជា ក៏​ចាប់​ផ្ដើម​ដោះ​ដៃ ពី​ប្រទេស​ទាំង​នេះ។

ដោយ​បាត់​បង់​ជំហរ​ដ៏​ធំ​តែ​មួយ​គត់​ពី​សហភាពសូវៀត របប​ក្រុង​ភ្នំពេញ​នៅ​ពេល​នោះ ហាក់​ដូច​ជា​កំពុង​លិច​ទូក​កណ្ដាល​ទន្លេ។ លោក ហ៊ុន សែន ចាប់​ផ្ដើម​ស្រវេស្រវា​រក​អ្វី​តោង​ឱ្យ​ខាង​តែ​បាន ដើម្បី​ឱ្យ​បាន​ឆ្លង​ផុត​ពី​គ្រោះ​លិច​លង់​នេះ។

លោក​បង្ខំ​ចិត្ត​បើក​ផ្លូវ​អោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា​អ៊ុនតាក់ (UNTAC) ចូល​មក​គ្រប់​គ្រង​ និង​រៀបចំ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ជា​លើក​ដំបូង​នៅ​កម្ពុជា ​នៅ​ឆ្នាំ១៩៩៣។

ទោះ​បី​ជា​មាន​អំពើ​បង្ហូរ​ឈាម បាញ់​សម្លាប់​អ្នក​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន យ៉ាង​ណា​ក្តី ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត ដែល​រៀប​ចំ​ដោយ​អង្គការ​សហប្រជាជាតិ​នេះ។

ការ​ចាញ់​ឆ្នោត​នេះ អាច​ចាត់​ទុក​ថា ​ជា​ការ​វាយ​តម្លៃ​ខុស​របស់​លោក ហ៊ុន សែន ដែល​លោក​គិត​ថា​ អាច​នឹង​មាន​ជ័យជម្នះបាន តាម​រយៈ​ការ​គំរាម​កំហែង និង​ប្រើ​អំពើ​ហិង្សា​បង្ហូរ​ឈាម​មុន​ការ​បោះឆ្នោត។

នៅ​ខែ​កញ្ញា ឆ្នាំ១៩៩៣ អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​ចុង​ក្រោយ​មួយ​របស់​ខ្លួន អំពី​អំពើ​ហិង្សា​នយោបាយ ដែល​ស្ដាប់​ទៅ​គួរ​ឱ្យ​ព្រឺ​ឆ្អឹង​ខ្នង។ របាយការណ៍​នោះ​បាន​រៀបរាប់​យ៉ាង​លំអិត អំពី​ការ​គំរាម​កំហែង​និង​ការ​សម្លាប់​អ្នក​នយោបាយ​ដែល​ហ៊ាន​ងើប​តតាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ផ្អែក​លើ​ការ​ស៊ើប​អង្កេត និង​ដោយ​មាន​ភស្តុតាង​ជាក់​លាក់​ផង របាយការណ៍​នោះ​បញ្ជាក់​ថា គឺ​របប​រដ្ឋ​កម្ពុជា (ជា​ឈ្មោះ​ថ្មី​របស់​អតីត​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា) ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​តែ​ម្ដង ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បំភិត​បំភ័យ និង​ប្រើ​អំពើ​ហិង្សា​បង្ហូរ​ឈាម ទៅ​លើ​អ្នក​នយោបាយ និង​ជន​ស៊ីវិល មុន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ១៩៩៣ នោះ សរុប​ទាំង​អស់​ជិត ១០០លើក។

ការ​គំរាម​កំហែង​ពី​សំណាក់​ក្រុម​លោក ហ៊ុន សែន នា​ពេល​នោះ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា​បាន​ធ្វើ​ឱ្យ​​មនុស្ស​ស្លាប់ និង​​​របួស ទាំង​អ្នក​នយោបាយ និង​ទាំង​ជន​ស៊ីវិល សរុប​ចំនួន ​៨៦​នាក់។

លោក ហ៊ុន សែន​ ប្រហែលជា​ភ័យ​បុកពោះ​មិន​ស្ទើរ​ទេ នៅ​ពេល​ដែល​លោក​ចាញ់​ឆ្នោត​នោះ។ មិន​ត្រឹម​តែ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​អំណាច​ទេ លោក ហ៊ុន សែន ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ផង​ដែរ ចំពោះ​ការ​ដែល​លោក​ចេញ​មុខ​ទៅ​ចរចា ជា​មួយ​ភាគី​ជម្លោះ​កម្ពុជា​ដទៃ​ទៀត ដែល​ទី​បំផុត​នាំ​មក​នូវ​ភាព​បរាជ័យ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា។

ដោយ​មាន​អតីតភាព​ជា​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន មិន​សុខ​ចិត្ត​ចុះ​ចាញ់​ងាយៗ នោះ​ឡើយ។ លោក​នៅ​ក្រាញ​ននាល និង​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​រក្សា​អំណាច​របស់​លោក ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ ដំបូង​លោក​តវ៉ា​ថា​ ការ​បោះឆ្នោត​នោះ​លំអៀង។ បន្ទាប់​មក​លោក​បាន​បង្ក​ឱ្យ​មាន​ស្ថានភាព​តាន​តឹង និង​វឹកវរ​កម្រិត​ធ្ងន់​មួយ​ដល់​កម្ពុជា នា​ពេល​​នោះ។

ជំនួស​ឱ្យក្តី​សង្ឃឹម​ថា កម្ពុជា​នឹង​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់ កើត​ឡើង​តាម​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ កម្ពុជា​បែរ​ជា​ប្រឈម​មុខ​នឹង​ការ​អាច​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​នៅ​កណ្ដាល​ផ្ទៃ​ប្រទេស​តែ​ម្ដង ហើយ​នឹង​អាច​ឈាន​ដល់​ការ​ពុះ​ច្រៀក​ប្រទេស​កម្ពុជា​ជា​ពីរ​ចំណែក​ផង។

ដើម្បី​ស្ដារ​ស្ថានការណ៍ ភាគី​ពាក់​ព័ន្ធ​ទាំង​ឡាយ ​ដែល​មាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​កម្ពុជា​នា​ដំណាក់​កាល​នោះ បាន​បង្ខំ​ចិត្ត​ប្រគល់​ឱ្យ​​លោក ហ៊ុន សែន នូវ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទីពីរ ក្នុង​រដ្ឋាភិបាល​ចម្រុះ​មួយ ជា​មួយ​គណបក្ស​ឈ្នះ​ឆ្នោត គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ការ​ដណ្ដើម​បាន​អំណាច​មក​វិញ​នា​ពេល​នោះ បាន​ធ្វើ​ឱ្យ​​លោក ហ៊ុន សែន ​ធូរ​ទ្រូង​មិន​តិច​ទេ ហើយ​ក៏​បាន​ផ្តល់​បទពិសោធន៍​ច្រើន​បង្គួរ​ដល់​លោក ហ៊ុន សែន។

លោក​ចាប់​ផ្ដើម​ប្ដូរ​យុទ្ធសាស្ត្រ​ខ្លះៗ ក្នុង​ការ​រក្សា​អំណាច​របស់​លោក។ លោក​ហាក់​ស្បថ​រាង​ចាល​ ហើយ​បែប​សច្ចា​ក្នុង​ចិត្ត​តែ​ម្ដង​ថា លែង​ឱ្យ​មាន​គណបក្ស​នយោបាយ​ណា ដែល​អាច​មាន​សក្ដានុភាព​ប្រកួត​ប្រជែង​នឹង​លោក​ត​ទៅ​ទៀត​ហើយ។

ដូច្នេះ​ហើយ​បាន​ជា គ្រាន់​តែ​ចាប់​ផ្ដើម​រក្សា​ជំហរ​ឡើង​វិញ​បាន​បន្តិច លោក​ក៏​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ភ្លាម។ លោក​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​យ៉ាង​ងាយ​ដូច​បក​ចេក​ទុំ។ អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ពេល​ដែល​ឃើញ​មន្ត្រី​គ្រាក់ៗ នៃ​គណបក្ស​នេះ ខ្លះ​ជា​អ្នក​វិល​ត្រឡប់​ពី​ប្រទេស​លោក​ខាង​លិច​ផង ប្រជែង​គ្នា​ហក់​ត្របាក់​នុយ​ពី​ផ្លែ​សន្ទូច​លោក ហ៊ុន សែន ហាក់​ស្រេក​ឃ្លាន​ជា​ទី​បំផុត ទោះ​នោះ ជា​នុយ​ជន្លេន នុយ​ដង្កូវ ឬ​ក៏​នុយ​ជ័រ យ៉ាង​ណា​ក្តី។ តែ​មួយ​ប្រាវ អ្នក​នយោបាយ​ដាច់​នុយ​មួយ​ចំនួន​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នាំ​គ្នា​លក់​ខ្លួន រំលាយ​គណបក្ស​ខ្លួន​ឯង រាបស្មើ​ដល់​បាត​ដី ជូន​លោក ហ៊ុន សែន ។

ទោះ​ជា​បំផ្លាញ​ចោល​គណបក្ស​នយោបាយ​ធំ បាន​ដោយ​ជោគជ័យ​ក៏​ដោយ លោក​នៅ​តែ​រក​វិធី​ទប់​ស្កាត់​មិន​ឱ្យ​​មាន​ការ​ងើប​ឡើង​នៃ​ចលនា​អ្នក​ប្រឆាំង​នឹង​លោក​ដែរ។ ទន្ទឹម​នឹង​នៅ​តែ​ប្រើ​អំពើ​ហិង្សា​បង្ហូរ​ឈាម បង្ក្រាប​គំរាម​អ្នក​នយោបាយ​ប្រឆាំង ឬ​អ្នក​ដែល​រិះ​គន់​លោក លោក​ក៏​ចាប់​ផ្ដើម​យក​ប្រព័ន្ធ​តុលាការ​មក​ប្រើ​ប្រាស់​ជា​ឧបករណ៍​ផ្ទាល់​ខ្លួន សម្រាប់​ចាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ជំទាស់​នឹង​លោក ដាក់​គុក ឬ​រំលាយ​គណបក្ស​នយោបាយ​ណា​ ដែល​លោក​មើល​ឃើញ​ថា ​ចាប់​ផ្ដើម​មាន​ប្រជាប្រិយភាព​ជាង​គណបក្ស​លោក។

ពាក្យ​ចាស់​បុរាណ​ខ្មែរ​ពោល​ថា ដំរី​ជើង​បួន​គង់​មាន​ភ្លាត់ អ្នក​ប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច។ ថ្វី​ដ្បិត​តែ​លោក ហ៊ុន សែន ធ្លាប់​ប្រព្រឹត្តិ​កំហុស ដែល​ហៀប​នឹង​ធ្វើ​ឱ្យ​​លោក​បាត់​បង់​អំណាច​ម្ដង​ហើយ​ នៅ​ឆ្នាំ១៩៩៣ ២០ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ២០១៣ លោក ហ៊ុន សែន បាន​សាង​កំហុស​ម្ដង​ទៀត ដែល​ធ្វើ​ឱ្យ​លោក​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​តំណែង​ជា​លើក​ទី​ពីរ។

ប្រហែល​ជា​លោក​ទុក​ចិត្ត​ខ្លួន​ឯង​ថា​ លោក​ក្ដាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត គ.ជ.ប បាន​ពេញ​ក្នុង​ដៃ ដែល​អាច​ធានា​នូវ​ជ័យ​ជម្នះ ពី​ការ​បោះ​ឆ្នោត​ផង និង​ជា​ថ្នូរ​នៃ​ការ​ដក​ពាក្យ​បណ្ដឹង​របស់​លោក សម រង្ស៊ី ពី​តុលាការ​ក្រុង​ញ៉ូវយក (New York) ផង ព្រម​ទាំង​អាច​មាន​គំនាប​ពី​អន្តរជាតិ​ផង លោក ហ៊ុន សែន ក៏​យល់​ព្រម​ឱ្យ​​មេ​បក្ស​ប្រឆាំង​និរទេស​​ខ្លួន​ដ៏​មាន​ប្រជាប្រិយ គឺ​លោក សម រង្ស៊ី វិល​មក​កម្ពុជា ចូល​រួម​ការ​បោះ​ឆ្នោត​វិញ។

នា​ដំណាក់​កាលនោះ លោក ហ៊ុន សែន ក៏​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ នឹង​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម ទៅ​លើ​ការ​ឃោសនា​បោះឆ្នោត​ដែរ។ លោក មិន​ទាន់​មាន​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន នៅ​ឡើយ។ ប្រការ​នេះ​អាច​ចាត់​ទុក​ថា​ ជា​កំហុស​មួយ​ទៀត​របស់​លោក ហ៊ុន សែន។

ការ​រួបរួម​គ្នា​រវាង​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សិទ្ធិមនុស្ស បង្កើត​បាន​នូវ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ ពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី នាំ​គ្នា​ចេញ​គាំ​ទ្រ​គណបក្ស​បង្រួប​បង្រួម​ថ្មី​នេះ ភ្លូក​ទឹក​ភ្លូក​ដី។ យុវជន​ដែល​និយម​លេង​ហ្វេសប៊ុក បាន​ក្លាយ​ជា​សកម្មជន ហើយ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នេះ ជួយ​ឃោសនា​ឱ្យ​គណបក្ស​ប្រឆាំង​យ៉ាង​ផុលផុស។ ឃើញ​ស្ថានភាព​បែប​នេះ លោក ហ៊ុន សែន ប្រហែលជា​ខ្វល់​ចិត្ត​មិន​ស្ទើរ​ឡើយ។

លទ្ធផល​នៃ​ការ​បោះឆ្នោត ឆ្នាំ២០១៣ នោះ ធ្វើ​ឱ្យ​​លោក ហ៊ុន សែន ស្ទើរ​លោះ​ព្រលឹង​ម្ដង​ទៀត។ គណបក្ស​ប្រឆាំង​ទទួល​បាន ​៤៥​ភាគ​រយ នៃ​អាសនៈ​សភា​ទាំង១២៣ ឬ​បាន ៥៥កៅអី ឯ​គណបក្ស​លោក ហ៊ុន សែន បាន ៥៥ភាគ​រយ​នៃ​អាសនៈ​សភា​ទាំង​មូល ឬ​ស្មើ​នឹង ៦៨កៅអី។

ទោះ​ជា​យ៉ាង​ណា​ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា បើ​មិន​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត គណបក្ស​នេះ​ប្រាកដ​ជា​ឈ្នះ ក្នុង​ការ​ឆ្នោត​លើក​នេះ។

ចំពោះ​លោក ហ៊ុន សែន វិញ កំហុស​ក្នុង​ការ​អនុញ្ញាត​ឱ្យ​​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជា​លើក​ទី​ពីរ​នេះ ប្រហែល​ធ្វើ​ឱ្យ​​លោក ហ៊ុន សែន រាង​ចាល​មួយ​រយ​ជាតិ​ថា លោក​នឹង​មិន​ប្រព្រឹត្ត​កំហុស​បែប​នេះ​ម្តង​ទៀត​ឡើយ។ អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​មួយ​ចំនួន បាន​ព្យាករ​ទុក​ថា ព្យុះ​សង្ឃរា​ដ៏​កាច​សាហាវ​មួយ នឹង​បោក​បក់​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​នឹង​ធ្វើ​ឱ្យ​គណបក្ស​នេះ​រលំ​រលាយ​ទៀត​ផង។

ក៏​ប៉ុន្តែ​មុន​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បើ​តាម​ការ​បែក​ធ្លាយ​មួយ ក្រុម​លោក ហ៊ុន សែន ដឹក​នាំ​ដោយ​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក ប្រាក់ សុខុន បាន​ជួល​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​បរទេស​មួយ ឲ្យ​ជួយ​ស្ទង់​មតិ​​អ្នក​បោះ​ឆ្នោត​កម្ពុជា។ ក្រុមហ៊ុន​បរទេស​នោះ​ជា​របស់​ប្រទេស​អ៊ីស្រាអែល​ ឈ្មោះ ក្រុម​យុទ្ធសាស្ត្រ និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ស្ហាវីវ ឬ​ជា​ភាសា​អង់គ្លេស​ថា Shaviv Strategy and Campaign។

ក្រុមហ៊ុន​នេះ​រក​ឃើញ​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​តែ​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទៅ​លើ​លោក សម រង្ស៊ី កាន់​តែ​ខ្លាំង ពលរដ្ឋ​ខ្មែរ ក៏​កាន់​តែ​ស្មោះស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ហើយ​ក៏​នឹង​នាំ​គ្នា​បោះឆ្នោត​ឱ្យ​​គណបក្ស​ប្រឆាំង​នេះ កាន់​តែ​ច្រើន​ដែរ។

មិន​មែន​តែ​លោក ហ៊ុន សែន ទេ​ដែល​ខ្វល់​ខ្វាយ​ខ្លាច​ចាញ់​ឆ្នោត កូន​ប្រុស​ច្បង​របស់​លោក ក៏​ខិតខំ​សម្បើម​ណាស់​ដែរ ក្នុង​ការ​រក​វិធី​ ដើម្បី​ធានា​ថា ​ការ​បោះឆ្នោត​លើក​ក្រោយ​ទទួល​បាន​ជោគជ័យ។

តាម​រយៈ​ឯកសារ​បែក​ធ្លាយ​ជា​បន្ត​បន្ទាប់ គេ​ក៏​បាន​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បាន​ទាក់​ទង​ជា​មួយ​ជនជាតិ​ប៉ាគីស្ថាន​មួយ​រូប​ឈ្មោះ ចូសែហ្វ ម៉ាធៀវស៍ (Joseph Matthews)។

ជា​ការ​តប​ស្នង​សង​គុណ​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ជួយ​អន្តរាគមន៍​ឱ្យ​បាន​ទទួល​សញ្ជាតិ​ខ្មែរ លោក ចូសែហ្វ សន្យា​ថា នឹង​ជួយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត តាម​ការ​ប្រើ​សង្គ្រាម​ចិត្តសាស្ត្រ​បំភិត​បំភ័យ​គំរាម​កំហែង​ទៅ​លើ​ពលរដ្ឋ​ខ្មែរ អោយ​បោះឆ្នោត​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រហែល​ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ និង​ផ្អែក​ទៅ​សន្ទុះ​នៃ​ការ​គាំ​ទ្រ​គណបក្ស​ប្រឆាំង តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ផង វិធី​តែ​មួយ​គត់​ដែល​លោក ហ៊ុន សែន រំពឹង​ថា​អាច​នឹង​រក្សា​អំណាច​បាន គឺ​ត្រូវ​តែ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។ ម៉្យាង​ទៀត​ដើម្បី​ធានា​ឱ្យ​បាន​ថា​ លោក​លែង​មាន​គូ​ប្រកួត​សោះ​តែ​ម្ដង លោក​ក៏​បំបិទ​សិទ្ធិ​អ្នក​នយោបាយ​ជាង​មួយ​រយ​នាក់ ពី​គណបក្ស​ប្រឆាំង​មិន​ឱ្យ​​ធ្វើ​នយោបាយ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ខុស​ពី​ការ​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​លោក ហ៊ុន​ សែន បោះ​សន្ទូច​តែ​មួយ​ប្រាវ ត្រូវ​ក្រុម​អ្នក​នយោបាយ​ឃ្លាន​នុយ​នៃ​គណបក្ស​នេះ ហក់​ត្របាក់ ​រួច​រំលាយ​គណបក្ស​ខ្លួន​ឯង សង​គុណ​លោក ហ៊ុន សែន ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ត្រូវ​ប្រើ​វិធីសាស្ត្រ​ចំរុះ​ជា​ច្រើន។

ដំបូង លោក​ព្យាយាម​ស្ទូច​។ បើ​ស្ទូច​មិន​បាន លោក​ឆក់​ខ្សែ​ភ្លើង។ បើ​ឆក់​ខ្សែ​ភ្លើង​មិន​ស្លាប់ លោក​រាយ​សំណាញ់​ចាប់​។ បើ​រក​លេស​ចាប់​មិន​បាន លោក​ដេញ​បង្អើល។ បើ​បង្អើល​មិន​ចេញ លោក​បាច​ទឹក​ឱ្យ​​រីង លែង​ឱ្យ​​មាន​ទី​ជម្រក​តែ​ម្តង។

ទន្ទឹម​នឹង​កំចាត់​គណបក្ស​នយោបាយ និង​អ្នក​នយោបាយ ដែល​លោក​ដឹង​ច្បាស់​ថា ​អាច​គំរាម​កំហែង​ដល់​ការ​កាន់​អំណាច​របស់​លោក លោក ហ៊ុន សែន ក៏​ចាប់​ផ្តើម​យល់​ច្បាស់​ពី​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម ជា​ពិសេស ​ក្នុង​តួ​នាទី​ផ្សព្វផ្សាយ​ព័ត៌មាន និង​ឃោសនា​បោះ​ឆ្នោត។

លោក​មិន​ព្រងើយ​កន្តើយ​ក្នុង​រឿង​នេះ​ទៀត​ឡើយ។ លោក​ទិញ​អ្នក​បង្កើត​ហ្វេសប៊ុក​ឱ្យ​​លោក​ម្នាក់ ក្នុង​តម្លៃ​មួយ​កៅអី​រដ្ឋលេខាធិការ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

ទោះ​បី​ជា​លោក ហ៊ុន សែន ចាប់​ផ្ដើម​ប្រើ​បណ្ដាញ​សង្គម​នេះ​រាង​យឺត​ពេល​ជាង​ដៃ​គូ​នយោបាយ​របស់​លោក​ដទៃ​ទៀត​បន្តិច​ក្តី គណនី​ហ្វេសប៊ុក​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​គំហុក ស្ទើរ​ពី​គ្រប់​ទិស​ទី។

ទោះ​ជា​ភាគ​ច្រើន លោក​បង្ហោះ​​សារ​តែ​ជា​ភាសា​ខ្មែរ​ លោក​មាន Fans ឬ​អ្នក​គាំទ្រ​ជា​ជន​បរទេស​ជា​ច្រើន ជា​ពិសេស ​ពី​ប្រទេស​ឥណ្ឌា។ ទូរទស្សន៍​បារាំង Channel 24 បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាល​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោម​ចំណង​ជើង​ថា “ឥណ្ឌា​មាន​កសិដ្ឋាន សម្រាប់​ចុច​លក់ Likes”។ របាយការណ៍​អង្កេត​នោះ​ឱ្យ​​ដឹង​ថា គេ​អាច​ទិញ Likes ពី Click Farms ឬ​កសិដ្ឋាន​ផលិត Likes ក្លែងក្លាយ​នៅ​ឥណ្ឌា ក្នុង​តម្លៃ ៦០អ៊ឺរ៉ូ ឬ​ស្មើ​នឹង ៦៦ដុល្លា ក្នុង​ចំនួន ២.៥០០ Likes។

ខណៈ​ដែល​លោក​ចាប់​ផ្ដើម​លេង​ហ្វេសប៊ុក លោក​ក៏​មិន​ទុក​​ឱ្យ​​អ្នក​លេង​ហ្វេសប៊ុក​ដទៃ​ មាន​សិទ្ធិ​សេរីភាព​ដែរ។ អ្នក​ដែល​ហ៊ាន​បង្ហោះ​សារ​ជា​ចម្រៀង កំណាព្យ ឬ​ជា​អ្វី​ក៏​ដោយ​ចុះ​ដែល​មាន​ខ្លឹមសារ​រិះគន់​លោក និង​រដ្ឋាភិបាល​លោក អ្នក​នោះ​នឹង​ត្រូវ​ក្រុម​លោក​តាម​ប្រមាញ់​ចាប់​ដាក់​គុក​ភ្លាម។

ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ មួយ​ចំនួន​ត្រូវ​ក្រុម​លោក​រក​លេស​បិទ​ចោល និង​បណ្ដេញ​ចេញ​ពី​កម្ពុជា។

គ្មាន​អ្វី​គួរ​ឱ្យ​ពិបាក​យល់​ឡើយ ដោយ​គ្មាន​គណបក្ស​ប្រឆាំង​មាន​ទម្ងន់​អាច​ប្រជែង​នឹង​លោក​បាន គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ដោយ​នៅ​ពី​លើ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ផង ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៦ កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ក្រសោប​យក​បាន​អាសនៈ​សភា​ទាំង​អស់​តែ​ម្ដង។

ភាព​ឈ្លាស​វៃ​គ្មាន​ពីរ​របស់​លោក ហ៊ុន សែន ក្នុង​ការ​រៀន​សូត្រ​ពី​កំហុស​របស់​ខ្លួន រួច​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ទាន់​ពេល​វេលា រហូត​ធ្វើ​ឱ្យ​​លោក​អាច​រក្សា​អំណាច​បាន​យូរ​បែប​នេះ ប្រហែល​អាច​ធ្វើ​ឱ្យ​​មេ​ដឹក​នាំ​ផ្ដាច់​ការ​ល្បីៗ ទាំង​ឡាយ​នៅ​លើ​ពិភព​លោក សុំ​ខ្មាស ហើយ​អាច​ចាត់​ទុក​លោក ហ៊ុន សែន ថា​ ជា​ជើង​ឯក​ផ្នែក​ខាង​ក្រាញ​អំណាច​លំដាប់​ពិភព​លោក​​​ផង​ក៏​មិន​ដឹង​។

ពាក្យ​ចាស់​បុរាណ​ខ្មែរ​ក៏​តែង​ពោល​ដែរ​ថា “ចំណេះ​ជិះ​ក​ឯង” ។ លោក ហ៊ុន សែន ធ្លាប់​ភ្លាត់​ស្នៀត​ដែល​ធ្វើ​ឱ្យ​​វិះ​អស់​តំណែង យ៉ាង​ហោច​ណាស់​ពីរ​ដង​រួច​មក​ហើយ។ បន្ថែម​ពី​លើ​នេះ លោក​ខ្លួន​ឯង​ក៏​តែង​រអ៊ូ​ជា​ញឹកញយ​ដែរ​ថា ការងារ​ជា​នាយក​រដ្ឋមន្ត្រី មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ។ ក្រៅ​តែ​ពី​លំបាក​នឹង​ការងារ​មមាញឹក លោក ហ៊ុន សែន ក៏​ប្រហែល​ចង់​សំដៅ​ថា លោក​ក៏​មាន​ការ​លំបាក​ក្នុង​ការ​រក​យុទ្ធសាស្ត្រ​តតាំង​នឹង​សត្រូវ នៅ​ជុំ​វិញ​ខ្លួន​លោក ដើម្បី​រក្សា​អំណាច​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​មេ​ដឹក​នាំ​និង​មន្ត្រី​នៃ​គណបក្ស​នេះ នៅ​តែ​ជា​បន្លា​ក្នុង​ភ្នែក​លោក​នៅ​ឡើយ។ ក្រៅ​ពី​នោះ សហគមន៍​អន្តរជាតិ​ក៏​កំពុង​បង្កើន​ការ​គាប​សង្កត់ និង​ដាក់​ទណ្ឌកម្ម​មក​លើ​របប​របស់​លោក ព្រម​ទាំង​សាច់​ញាតិ​និង​មន្ត្រី​របស់​លោក​ជា​ហូរហែ។ ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ហាក់​មិន​សប្បាយ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ប៉ុន្មាន​ដែរ គ្រាន់​តែ​គេ​មិន​បង្ហាញ​ឱ្យ​អ្នក​ក្រៅ​ឃើញ​តែ​ប៉ុណ្ណោះ។ ការ​ផ្គូផ្គង​ផ្ទេរ​តំណែង​ដឹកនាំ​ប្រទេស​ទៅ​កូន​របស់​លោក ហ៊ុន សែន ក៏​ប្រហែល​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូច​លោក​គូសវាស​ទុក​នោះ​ឡើយ។ ជា​រួម ស្ថានភាព​នៅ​កម្ពុជា ហាក់​ដូច​ជា​បូស​មួយ ដែល​កំពុង​ទុំ​ជោរ។ មាន​អ្វី​ទៅ​ប៉ះ​តែ​បន្តិច ​ក៏​អាច​បណ្ដាល​ឱ្យ​បែក​ធ្លាយ​បាន​យ៉ាង​ងាយ​ដែរ។

ម្យ៉ាង​ទៀត លោក សាស្ត្រាចារ្យ ទ្រីសម៉ាន់ ដែល​បាន​ស្រាវ​ជ្រាវ ពី​ការ​ដឹកនាំ​របស់​មេ​ដឹកនាំ​ផ្ដាច់ការ​នានា ​នៅ​លើ​ពិភពលោក​ថា គឺ​មេ​ដឹក​នាំ​ផ្ដាច់ការ​ខ្លួន​ឯង​នោះ​តែ​ម្ដង ដែល​បង្ក​គ្រោះ​កាច​ដល់​ខ្លួន។ បើ​យោង​តាម​ទ្រឹស្ដី​នេះ សត្រូវ​ធំ​បំផុត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន សែន ខ្លួន​ឯង​តែ​ម្ដង។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​តែ​ពេល​វេលា​ទេ ដែល​អាច​ឱ្យ​ដឹង​ថា តើ​លោក ហ៊ុន សែន អស់​អំណាច ឬ​អាច​រក្សា​អំណាច​បាន​យូរ​ត​ទៅ​មុខ​ទៀត​ដោយ​របៀប​ណា?

2 comments:

Anonymous said...

This is the right and only one answer:

Hun Sen can stay on the power for a long time because he will do what others Khmer Leaders refused to do: Hun Sen will Khmer people and destroy Cambodia at all costs to please his master Yuon Vietnam.
Ah Roleuy Hun Sen clearly knew that only his master Yuon who can remove him from power.

Anonymous said...

This is the right and only one answer:

Hun Sen can stay on the power for a long time because he will do what others Khmer Leaders refused to do: Hun Sen will KILL Khmer people and destroy Cambodia at all costs to please his master Yuon Vietnam.
Ah Roleuy Hun Sen clearly knew that only his master Yuon who can remove him from power.