ដោយ ជុន ច័ន្ទបុត្រ
2022-03-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុកនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
មកទល់នឹងឆ្នាំ២០២២ នេះ លោក ហ៊ុន សែន កាន់អំណាចបានជាង ៣៧ឆ្នាំហើយ។ ការដែលលោកអាចកាន់អំណាចបានយូរបែបនេះ គឺមកពីលោក មេដឹកនាំដ៏ឈ្លាសវៃសឹងរកគូរប្រៀបមិនបានមួយរូប ក្នុងចំណោមមេដឹកនាំផ្ដាច់ការទាំងឡាយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។
ថ្វីដ្បិតតែក្នុងរយៈកាលកាន់អំណាចជិត ៤០ឆ្នាំនេះ លោក ហ៊ុន សែន ធ្លាប់សាងកំហុសដែលធ្វើអោយលោកហៀបបាត់បង់អំណាចម្ដងជាពីរដងក្ដី តែលោករៀនសូត្រពីកំហុសទាំងនោះទាន់ពេលវេលា ហើយផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដើម្បីឱ្យលោកនៅបន្តកាន់អំណាចបានដដែល។
តើលោក ហ៊ុន សែន មានលក្ខណៈពិសេសខុសពីមេដឹកនាំផ្ដាច់ការនានា បែបណា ដែលធ្វើឱ្យលោកអាចបន្តកាន់អំណាចបានយូរ រហូតមកទល់នឹងបច្ចុប្បន្ននេះ?
វាមិនមែនជាការចៃដន្យទេ ដែលពិភពលោកបានហៅលោក ហ៊ុន សែន ថាជាបុរសខ្លាំងកម្ពុជានោះ។ ខ្លាំងនេះប្រហែលមិនសំដៅទៅកម្លាំងកាយ ឬក៏សមត្ថភាពនៃការដឹកនាំប្រទេសប៉ុន្មានទេ តែគឺសំដៅជាសំខាន់ទៅលើយុទ្ធសាស្ត្រយកឈ្នះលើគូប្រកួតនយោបាយ និងអ្នកទាំងឡាយណា ដែលប្រឆាំងនឹងរូបលោក តាមគ្រប់ល្បិចកល និងគ្រប់មធ្យោបាយ។
គឺប្រហែលដោយយល់ពីសមត្ថភាពអាចយកឈ្នះគូប្រកួតបាននៅគ្រប់សៃវៀននេះ ហើយបានជាឈ្មួញដ៏ធំម្នាក់នៅកម្ពុជា ដែលគេស្គាល់ថា ជាថៅកែស្ករអំពៅឈាម បានសម្រេចជួយចេញលុយសាងវិមានកូនកាត់មួយឧទ្ទិសដល់លោក ដែលគេឱ្យឈ្មោះថា វិមានឈ្នះឈ្នះ។
ថ្វីដ្បិតតែជាផ្លូវការវិមានឈ្នះឈ្នះនោះ គេសំដៅទៅលើយុទ្ធសាស្ត្រកម្ទេចពួកខ្មែរក្រហមក្តី វាក៏អាចថាជាការឧទ្ទិសដល់ភាពដណ្ដើមយកជ័យជម្នះបានគ្រប់កាលៈទេសៈ របស់លោក ហ៊ុន សែន ដែរ។
ទោះជាយ៉ាងណាក៏ដោយ ថ្វីបើលោក ហ៊ុន សែន សង់ប្រាសាទមួយឧទ្ទិសឱ្យខ្លួនលោកថា ជាស្ថាបនិកនៃគោលនយោបាយឈ្នះឈ្នះក្ដី លោកក៏ធ្លាប់ចាញ់ ហើយធ្លាប់បានសាងកំហុសដូចមនុស្សដទៃទៀតដែរ។ តែអ្វីដែលធ្វើឱ្យលោក ហ៊ុន សែន មានលក្ខណៈពិសេសខុសប្លែកពីគេឯង គឺត្រង់ថា លោករៀនសូត្រពីកំហុសដែលធ្វើឱ្យលោកចាញ់នោះបានយ៉ាងទាន់ពេលវេលា ហើយផ្លាស់ប្ដូរយុទ្ធសាស្ត្រក្នុងការដណ្ដើមរក្សាអំណាចរបស់លោកបានវិញ ទោះក្នុងតម្លៃណាក៏ដោយ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ កាលីហ្វ័រនីញ៉ា ឡូសអង់ហ្សឺឡេស (UCLA) លោក ដានីញ៉ែល ទ្រីសម៉ាន់ (Daniel Treisman) ដែលបានសិក្សាយ៉ាងល្អិតល្អន់លើការផ្លាស់ប្ដូរឱ្យមានលទ្ធិប្រជាធិបតេយ្យក្នុងពិភពលោកអះអាងថា ការផ្លាស់ប្តូរពីរបបផ្ដាច់ការ មកប្រជាធិបតេយ្យ ភាគច្រើនកើតឡើងដោយសារតែមេដឹកនាំផ្ដាច់ការទាំងនោះប្រព្រឹត្តកំហុសខ្លួនឯងតែម្ដង។ រីឯការផ្លាស់ប្ដូរពីរបបផ្ដាច់ការ មកប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ការធ្វើបដិវត្តន៍ ឬតាមការលូកដៃពីបរទេស ជួយដល់គណបក្សប្រឆាំង កើតមានឡើងត្រឹមតែប្រមាណ ២៥ភាគរយប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យ ដានីញ៉ែល ទ្រីសម៉ាន់ រកឃើញកំហុសជាចម្បងចំនួន៥ ដែលមេដឹកនាំផ្ដាច់ការបានសាង ហើយដែលធ្វើឱ្យពួកគេបាត់បង់អំណាច នាំឱ្យមានការផ្លាស់ប្ដូររបប។ កំហុសទាំង ៥នោះមានដូចតទៅ៖
កំហុសទីមួយ គឺបណ្ដាលមកពីភាពក្រអឺតក្រទមនៃមេដឹកនាំផ្ដាច់ការ។ ត្រង់ចំណុចនេះ លោកសាស្ត្រាចារ្យ ទ្រីសម៉ាន់ លើកឡើងថា មេដឹកនាំផ្ដាច់ការ ប៉ាន់ស្មានកម្លាំងរបស់គណបក្សប្រឆាំងខុស រួចទប់ទល់លែងទាន់។ លោកលើកឧទាហរណ៍ពីការផ្លាស់ប្ដូររបបនៅប្រទេសមួយចំនួន ដូចជា ប្រទេសរូម៉ានី ដែលមេដឹកនាំផ្ដាច់ការ នីកូឡៃ ឆូសេស្គូ (Nicolae Ceausescu) ត្រូវគេផ្ដួលរំលំពេលដែលលោកកំពុងថ្លែងសុន្ទរកថា។
រីឯលោកប្រធានាធិបតី សូហារតូ (Suharto) នៃប្រទេសឥណ្ឌូណេស៊ី ដែលនៅតែគិតថា លោកអាចទប់ទល់នឹងក្រុមប្រឆាំងបាន រហូតដល់ដំណាក់កាលចុងក្រោយ ដែលលោកត្រូវបង្ខំចិត្តលាលែងចេញពីតំណែង។
កំហុសទីពីរ គឺការទុកចិត្តខ្លួនឯងពេក។ លោកសាស្ត្រាចារ្យ ទ្រីសម៉ាន់ លើកឡើងថា មេដឹកនាំផ្ដាច់ការខ្លះ បានអនុញ្ញាតឱ្យមានការបោះឆ្នោត ដោយសារការទុកចិត្តខ្លួនឯងថា អាចនឹងឈ្នះឆ្នោតបាន តាមរយៈការគំរាមកំហែង ឬតាមការលួចបន្លំសន្លឹកឆ្នោត។
តែទីបំផុត អ្នកបោះឆ្នោតមិនខ្លាចការគំរាមកំហែង ឬក៏ការលួចបន្លំសន្លឹកឆ្នោត មិនគ្រប់សម្រេចតាមបំណង មេដឹកនាំផ្ដាច់ការនោះក៏ចាញ់ឆ្នោតទៅ។
ករណីបែបនេះ ក៏កើតមានឡើងនៅតំបន់អាស៊ីអាគ្នេយ៍នេះដែរ ដូចជានៅប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា ជាដើម។
មេដឹកនាំផ្ដាច់ការយោធានៃប្រទេសនេះ បានយល់ព្រមឱ្យគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពរបស់អ្នកស្រី អង់សាន ស៊ូជី ចូលរួមការបោះឆ្នោត។
ទោះបីជាក្រុមយោធាទាំងនោះ ដាក់ចេញនូវវិធានការមួយចំនួនដើម្បីធានាឱ្យបានថា ពួកគេអាចដណ្ដើមជោគជ័យបានយ៉ាងណាក៏ដោយ ក៏ក្នុងការបោះឆ្នោតទាំងពីរលើក គណបក្សសម្ពន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អង់សាន ស៊ូជី ឈ្នះឆ្នោតទាំងពីរលើក។
កំហុសទីបី គឺកើតឡើងពីការភ្លាត់ស្នៀតរបស់មេដឹកនាំផ្ដាច់ការ។ លោកសាស្ត្រាចារ្យ ទ្រីសម៉ាន់ បានលើកយកករណីមេដឹកនាំនៃអតីតសហភាពសូវៀត (Soviet) លោក មីខាអ៊ីល ហ្គ័របាឆេវ (Michael Gorbachev) ជាឧទាហរណ៍។ លោកអះអាងថា តាមពិតលោក ហ្គ័របាឆេវ មិនមែនចង់ធ្វើការកែទម្រង់មួយ ដែលគេឱ្យឈ្មោះថា ប៉េរ៉េស្រ្តូយការ (Perestroika) នោះ ដើម្បីឱ្យលោកខ្លួនឯងបាត់បង់អំណាចនោះឡើយ។ លោក សាស្ត្រាចារ្យ ទ្រីសម៉ាន់ ថា ផែនការកែទម្រង់ប៉េរ៉េស្រ្តូយការនោះ ត្រូវបានលោក ហ្គ័របាឆេវ ដាក់ចេញមក ដើម្បីរក្សាអំណាចរបស់លោកទៅវិញទេ តែលោក ហ្គ័របាឆេវ ភ្លាត់ស្នៀត ដែលបណ្ដាលឱ្យលោកបាត់បង់អំណាច ដោយសារការកែទម្រង់នោះទៅវិញ។
កំហុសទីបួន គឺការទុកចិត្តមនុស្សក្បត់ របស់មេដឹកនាំផ្តាច់ការ។ ជាថ្មីម្តងទៀត លោកសាស្ត្រាចារ្យ ទ្រីសម៉ាន់ បានលើកយកករណីលោក មីខាអ៊ីល ហ្គ័របាឆេវ មកធ្វើជាឧទាហរណ៍។ លោក ហ្គ័របាឆេវ បានទុកចិត្ត និងបានចងសម្ពន្ធភាពជាមួយលោក បូរីស យែលស៊ិន (Boris Yeltsin)។ នៅពេលដែលបានប្រជ្រៀតខ្លួនចូលក្នុងឆាកនយោបាយបានពេញទំហឹងហើយ លោក យែលស៊ិន ក៏ឆក់ឱកាសដណ្ដើមយកតំណែងប្រធានាធិបតី ជំនួសលោក ហ្គ័របាឆេវ តែម្ដង។
កំហុសទី៥ គឺការប្រើអំពើហិង្សាជ្រុលហួសហេតុពេកទៅលើក្រុមប្រឆាំងពីសំណាក់មេដឹកនាំផ្ដាច់ការ។ ទាក់ទងនឹងកំហុសទី៥ នេះ លោកសាស្ត្រាចារ្យ ទ្រីសម៉ាន់ អះអាងថា ការមិនបង្ក្រាបអោយទាន់ពេលវេលា បណ្ដោយឱ្យក្រុមប្រឆាំងដណ្ដើមអំណាចបាន វានឹងចាត់ចូលក្នុងប្រភេទកំហុសទី១ ដែលធ្វើឱ្យមេដឹកនាំផ្ដាច់ការបាត់បង់អំណាច ដោយសារភាពក្រអឺតក្រទមរបស់ខ្លួន។ ក៏ប៉ុន្តែលោកថា ការបង្ក្រាបបង្ហូរឈាមមានលក្ខណៈធ្ងន់ធ្ងរពេក ក៏អាចរុញច្រានឱ្យមានការបះបោរទ្រង់ទ្រាយធំពីសំណាក់ប្រជាពលរដ្ឋ ឈានដល់ការទម្លាក់មេដឹកនាំផ្ដាច់ការចេញពីតំណែងបានដែរ។
លោកសាស្ត្រាចារ្យ ទ្រីសម៉ាន់ អះអាងថា មេដឹកនាំផ្ដាច់ការសាងកំហុសក្នុងការដឹកនាំច្រើនជាងមេដឹកនាំដែលកាន់លិទ្ធប្រជាធិបតេយ្យ។ លោកថា គឺភាពផ្ដាច់ការនោះតែម្ដង ដែលធ្វើឱ្យមេដឹកនាំផ្ដាច់ការប្រព្រឹត្តកំហុស។ ទោះបីជាមេដឹកនាំផ្ដាច់ការ អាចតែងតាំងជំនួយការ ទីប្រឹក្សារាប់រយនាក់តាមអំពើចិត្តក៏ដោយ ក៏សឹងគ្មាននរណាម្នាក់ក្នុងចំណោមនោះ ហ៊ានផ្តល់យោបល់ ឬបញ្ចេញទស្សនៈអ្វី ជំទាស់នឹងមេដឹកនាំផ្ដាច់ការនោះឡើយ។ ពួកគេបានត្រឹមតែដើរហែហម ចាំបញ្ជោរ បញ្ចើចបញ្ចើមេដឹកនាំផ្ដាច់ការ ក្នុងទិសដៅរក្សាមុខតំណែង ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
បើទោះបីជាមេដឹកនាំនោះ បញ្ចេញឫកពាច្រឡោងខាម ជេរគេជេរឯងដាក់មេក្រូពីលើវេទិកាសាធារណៈក៏ដោយ ក៏មន្ត្រីនៅជុំវិញខ្លួនទាំងនោះ នាំគ្នាទះដៃហ៊ោបន្ទរតាម ហើយថែមទាំងចាត់ទុកភាសាដែលគេតែងឮជនពាលនិយាយតាមផ្សារនោះថា ជាប្រសាសន៍ពោរពេញទៅដោយគតិបណ្ឌិតទៅវិញ។
ក្នុងរយៈកាលកាន់អំណាចជិត ៤០ឆ្នាំនេះ លោក ហ៊ុន សែន ធ្លាប់សាងកំហុសដែលធ្វើឱ្យលោកហៀបបាត់បង់អំណាចម្ដងជាពីរដង។ កំហុសមួយចំនួនដែលលោក ហ៊ុន សែន បានសាង អាចមានលំនាំស្រដៀងនឹងកំហុសទាំង៥ ដែលលើកឡើងដោយលោកសាស្ត្រាចារ្យ ទ្រីសម៉ាន់ ដែរ។ តែកំហុសខ្លះ ក៏បណ្ដាលមកពីកាលៈទេសៈជំរុញអោយលោក ហ៊ុន សែន ស្ថិតក្នុងភាពទាល់ច្រក ហើយលោកក៏បង្ខំចិត្តទទួលយកស្ថានភាពនោះតែម្ដង។
សង្គ្រាមត្រជាក់ដណ្ដើមឧត្ដមភាពផ្នែកមនោគមវិជ្ជារវាងប្លុកសេរី និងកុម្មុយនិស្ត ត្រូវបានបញ្ចប់នៅដើមទសវត្ស១៩៩០។ ប្រទេសមហាអំណាច មានសហរដ្ឋអាមេរិក សហភាពសូវៀត និងចិន ដែលធ្លាប់តែមើលមុខគ្នាមិនត្រង់ បានងាកមកចាប់ដៃគ្នាវិញ។ ប្រទេសលោកខាងលិច និងចិន ដែលធ្លាប់គាំទ្រ ចលនាតស៊ូខ្មែរនៅតាមព្រំដែនខ្មែរ ថៃ ប្រឆាំងនឹងរបបក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ក៏លែងមានតម្រូវការជួយក្រុមនេះតទៅទៀត។
សហភាពសូវៀតដែលធ្លាប់តែគាំទ្រប្រទេសកុម្មុយនិស្តដូចគ្នា ដូចជាវៀតណាម និងកម្ពុជា ក៏ចាប់ផ្ដើមដោះដៃ ពីប្រទេសទាំងនេះ។
ដោយបាត់បង់ជំហរដ៏ធំតែមួយគត់ពីសហភាពសូវៀត របបក្រុងភ្នំពេញនៅពេលនោះ ហាក់ដូចជាកំពុងលិចទូកកណ្ដាលទន្លេ។ លោក ហ៊ុន សែន ចាប់ផ្ដើមស្រវេស្រវារកអ្វីតោងឱ្យខាងតែបាន ដើម្បីឱ្យបានឆ្លងផុតពីគ្រោះលិចលង់នេះ។
លោកបង្ខំចិត្តបើកផ្លូវអោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់ (UNTAC) ចូលមកគ្រប់គ្រង និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ជាលើកដំបូងនៅកម្ពុជា នៅឆ្នាំ១៩៩៣។
ទោះបីជាមានអំពើបង្ហូរឈាម បាញ់សម្លាប់អ្នកនយោបាយដែលចូលរួមប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន យ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិនេះ។
ការចាញ់ឆ្នោតនេះ អាចចាត់ទុកថា ជាការវាយតម្លៃខុសរបស់លោក ហ៊ុន សែន ដែលលោកគិតថា អាចនឹងមានជ័យជម្នះបាន តាមរយៈការគំរាមកំហែង និងប្រើអំពើហិង្សាបង្ហូរឈាមមុនការបោះឆ្នោត។
នៅខែកញ្ញា ឆ្នាំ១៩៩៣ អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ចុងក្រោយមួយរបស់ខ្លួន អំពីអំពើហិង្សានយោបាយ ដែលស្ដាប់ទៅគួរឱ្យព្រឺឆ្អឹងខ្នង។ របាយការណ៍នោះបានរៀបរាប់យ៉ាងលំអិត អំពីការគំរាមកំហែងនិងការសម្លាប់អ្នកនយោបាយដែលហ៊ានងើបតតាំងនឹងគណបក្សប្រជាជនកម្ពុជា។
ផ្អែកលើការស៊ើបអង្កេត និងដោយមានភស្តុតាងជាក់លាក់ផង របាយការណ៍នោះបញ្ជាក់ថា គឺរបបរដ្ឋកម្ពុជា (ជាឈ្មោះថ្មីរបស់អតីតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា) ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះតែម្ដង ជាអ្នកទទួលខុសត្រូវក្នុងការបំភិតបំភ័យ និងប្រើអំពើហិង្សាបង្ហូរឈាម ទៅលើអ្នកនយោបាយ និងជនស៊ីវិល មុនការបោះឆ្នោតនៅឆ្នាំ១៩៩៣ នោះ សរុបទាំងអស់ជិត ១០០លើក។
ការគំរាមកំហែងពីសំណាក់ក្រុមលោក ហ៊ុន សែន នាពេលនោះ ត្រូវបានអង្គការសហប្រជាជាតិរកឃើញថាបានធ្វើឱ្យមនុស្សស្លាប់ និងរបួស ទាំងអ្នកនយោបាយ និងទាំងជនស៊ីវិល សរុបចំនួន ៨៦នាក់។
លោក ហ៊ុន សែន ប្រហែលជាភ័យបុកពោះមិនស្ទើរទេ នៅពេលដែលលោកចាញ់ឆ្នោតនោះ។ មិនត្រឹមតែប្រឈមមុខនឹងការបាត់បង់អំណាចទេ លោក ហ៊ុន សែន ក៏ត្រូវទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត គឺគណបក្សប្រជាជនកម្ពុជារបស់លោកផងដែរ ចំពោះការដែលលោកចេញមុខទៅចរចា ជាមួយភាគីជម្លោះកម្ពុជាដទៃទៀត ដែលទីបំផុតនាំមកនូវភាពបរាជ័យចំពោះគណបក្សប្រជាជនកម្ពុជា។
ដោយមានអតីតភាពជាទាហានខ្មែរក្រហម លោក ហ៊ុន សែន មិនសុខចិត្តចុះចាញ់ងាយៗ នោះឡើយ។ លោកនៅក្រាញននាល និងហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីរក្សាអំណាចរបស់លោក ទោះក្នុងតម្លៃណាក៏ដោយ។ ដំបូងលោកតវ៉ាថា ការបោះឆ្នោតនោះលំអៀង។ បន្ទាប់មកលោកបានបង្កឱ្យមានស្ថានភាពតានតឹង និងវឹកវរកម្រិតធ្ងន់មួយដល់កម្ពុជា នាពេលនោះ។
ជំនួសឱ្យក្តីសង្ឃឹមថា កម្ពុជានឹងមានរដ្ឋាភិបាលស្របច្បាប់ កើតឡើងតាមការបោះឆ្នោតដោយសេរី និងយុត្តិធម៌ កម្ពុជាបែរជាប្រឈមមុខនឹងការអាចផ្ទុះសង្គ្រាមជាថ្មីនៅកណ្ដាលផ្ទៃប្រទេសតែម្ដង ហើយនឹងអាចឈានដល់ការពុះច្រៀកប្រទេសកម្ពុជាជាពីរចំណែកផង។
ដើម្បីស្ដារស្ថានការណ៍ ភាគីពាក់ព័ន្ធទាំងឡាយ ដែលមានសមត្ថកិច្ចជួយសង្គ្រោះកម្ពុជានាដំណាក់កាលនោះ បានបង្ខំចិត្តប្រគល់ឱ្យលោក ហ៊ុន សែន នូវតំណែងជានាយករដ្ឋមន្ត្រីទីពីរ ក្នុងរដ្ឋាភិបាលចម្រុះមួយ ជាមួយគណបក្សឈ្នះឆ្នោត គឺគណបក្សហ៊្វុនស៊ិនប៉ិច។
ការដណ្ដើមបានអំណាចមកវិញនាពេលនោះ បានធ្វើឱ្យលោក ហ៊ុន សែន ធូរទ្រូងមិនតិចទេ ហើយក៏បានផ្តល់បទពិសោធន៍ច្រើនបង្គួរដល់លោក ហ៊ុន សែន។
លោកចាប់ផ្ដើមប្ដូរយុទ្ធសាស្ត្រខ្លះៗ ក្នុងការរក្សាអំណាចរបស់លោក។ លោកហាក់ស្បថរាងចាល ហើយបែបសច្ចាក្នុងចិត្តតែម្ដងថា លែងឱ្យមានគណបក្សនយោបាយណា ដែលអាចមានសក្ដានុភាពប្រកួតប្រជែងនឹងលោកតទៅទៀតហើយ។
ដូច្នេះហើយបានជា គ្រាន់តែចាប់ផ្ដើមរក្សាជំហរឡើងវិញបានបន្តិច លោកក៏ចាប់ផ្ដើមធ្វើសកម្មភាពរំលាយគណបក្សហ៊្វុនស៊ិនប៉ិចភ្លាម។ លោករំលាយគណបក្សហ៊្វុនស៊ិនប៉ិចបានយ៉ាងងាយដូចបកចេកទុំ។ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាភ្ញាក់ផ្អើលមិនតិចទេ ពេលដែលឃើញមន្ត្រីគ្រាក់ៗ នៃគណបក្សនេះ ខ្លះជាអ្នកវិលត្រឡប់ពីប្រទេសលោកខាងលិចផង ប្រជែងគ្នាហក់ត្របាក់នុយពីផ្លែសន្ទូចលោក ហ៊ុន សែន ហាក់ស្រេកឃ្លានជាទីបំផុត ទោះនោះ ជានុយជន្លេន នុយដង្កូវ ឬក៏នុយជ័រ យ៉ាងណាក្តី។ តែមួយប្រាវ អ្នកនយោបាយដាច់នុយមួយចំនួននៃគណបក្សហ៊្វុនស៊ិនប៉ិច នាំគ្នាលក់ខ្លួន រំលាយគណបក្សខ្លួនឯង រាបស្មើដល់បាតដី ជូនលោក ហ៊ុន សែន ។
ទោះជាបំផ្លាញចោលគណបក្សនយោបាយធំ បានដោយជោគជ័យក៏ដោយ លោកនៅតែរកវិធីទប់ស្កាត់មិនឱ្យមានការងើបឡើងនៃចលនាអ្នកប្រឆាំងនឹងលោកដែរ។ ទន្ទឹមនឹងនៅតែប្រើអំពើហិង្សាបង្ហូរឈាម បង្ក្រាបគំរាមអ្នកនយោបាយប្រឆាំង ឬអ្នកដែលរិះគន់លោក លោកក៏ចាប់ផ្ដើមយកប្រព័ន្ធតុលាការមកប្រើប្រាស់ជាឧបករណ៍ផ្ទាល់ខ្លួន សម្រាប់ចាប់អ្នកទាំងឡាយណាដែលជំទាស់នឹងលោក ដាក់គុក ឬរំលាយគណបក្សនយោបាយណា ដែលលោកមើលឃើញថា ចាប់ផ្ដើមមានប្រជាប្រិយភាពជាងគណបក្សលោក។
ពាក្យចាស់បុរាណខ្មែរពោលថា ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច។ ថ្វីដ្បិតតែលោក ហ៊ុន សែន ធ្លាប់ប្រព្រឹត្តិកំហុស ដែលហៀបនឹងធ្វើឱ្យលោកបាត់បង់អំណាចម្ដងហើយ នៅឆ្នាំ១៩៩៣ ២០ឆ្នាំក្រោយមក គឺនៅឆ្នាំ២០១៣ លោក ហ៊ុន សែន បានសាងកំហុសម្ដងទៀត ដែលធ្វើឱ្យលោកប្រឈមមុខនឹងការបាត់បង់តំណែងជាលើកទីពីរ។
ប្រហែលជាលោកទុកចិត្តខ្លួនឯងថា លោកក្ដាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានពេញក្នុងដៃ ដែលអាចធានានូវជ័យជម្នះ ពីការបោះឆ្នោតផង និងជាថ្នូរនៃការដកពាក្យបណ្ដឹងរបស់លោក សម រង្ស៊ី ពីតុលាការក្រុងញ៉ូវយក (New York) ផង ព្រមទាំងអាចមានគំនាបពីអន្តរជាតិផង លោក ហ៊ុន សែន ក៏យល់ព្រមឱ្យមេបក្សប្រឆាំងនិរទេសខ្លួនដ៏មានប្រជាប្រិយ គឺលោក សម រង្ស៊ី វិលមកកម្ពុជា ចូលរួមការបោះឆ្នោតវិញ។
នាដំណាក់កាលនោះ លោក ហ៊ុន សែន ក៏មិនសូវយកចិត្តទុកដាក់ នឹងឥទ្ធិពលនៃបណ្ដាញសង្គម ទៅលើការឃោសនាបោះឆ្នោតដែរ។ លោក មិនទាន់មានគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅឡើយ។ ប្រការនេះអាចចាត់ទុកថា ជាកំហុសមួយទៀតរបស់លោក ហ៊ុន សែន។
ការរួបរួមគ្នារវាងគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស បង្កើតបាននូវគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ។ ពលរដ្ឋខ្មែរទាំងក្មេងចាស់ប្រុសស្រី នាំគ្នាចេញគាំទ្រគណបក្សបង្រួបបង្រួមថ្មីនេះ ភ្លូកទឹកភ្លូកដី។ យុវជនដែលនិយមលេងហ្វេសប៊ុក បានក្លាយជាសកម្មជន ហើយប្រើប្រាស់បណ្ដាញសង្គមនេះ ជួយឃោសនាឱ្យគណបក្សប្រឆាំងយ៉ាងផុលផុស។ ឃើញស្ថានភាពបែបនេះ លោក ហ៊ុន សែន ប្រហែលជាខ្វល់ចិត្តមិនស្ទើរឡើយ។
លទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០១៣ នោះ ធ្វើឱ្យលោក ហ៊ុន សែន ស្ទើរលោះព្រលឹងម្ដងទៀត។ គណបក្សប្រឆាំងទទួលបាន ៤៥ភាគរយ នៃអាសនៈសភាទាំង១២៣ ឬបាន ៥៥កៅអី ឯគណបក្សលោក ហ៊ុន សែន បាន ៥៥ភាគរយនៃអាសនៈសភាទាំងមូល ឬស្មើនឹង ៦៨កៅអី។
ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិអះអាងថា បើមិនមានការលួចបន្លំសន្លឹកឆ្នោត គណបក្សនេះប្រាកដជាឈ្នះ ក្នុងការឆ្នោតលើកនេះ។
ចំពោះលោក ហ៊ុន សែន វិញ កំហុសក្នុងការអនុញ្ញាតឱ្យមានគណបក្សប្រឆាំងដ៏ធំ ចូលរួមក្នុងការបោះឆ្នោតជាលើកទីពីរនេះ ប្រហែលធ្វើឱ្យលោក ហ៊ុន សែន រាងចាលមួយរយជាតិថា លោកនឹងមិនប្រព្រឹត្តកំហុសបែបនេះម្តងទៀតឡើយ។ អ្នកវិភាគនយោបាយនៅកម្ពុជាមួយចំនួន បានព្យាករទុកថា ព្យុះសង្ឃរាដ៏កាចសាហាវមួយ នឹងបោកបក់ទៅលើគណបក្សសង្គ្រោះជាតិ ដែលអាចនឹងធ្វើឱ្យគណបក្សនេះរលំរលាយទៀតផង។
ក៏ប៉ុន្តែមុននឹងរំលាយគណបក្សសង្គ្រោះជាតិ បើតាមការបែកធ្លាយមួយ ក្រុមលោក ហ៊ុន សែន ដឹកនាំដោយលោក អូន ព័ន្ធមុន្នីរ័ត្ន និងលោក ប្រាក់ សុខុន បានជួលក្រុមហ៊ុនស្រាវជ្រាវបរទេសមួយ ឲ្យជួយស្ទង់មតិអ្នកបោះឆ្នោតកម្ពុជា។ ក្រុមហ៊ុនបរទេសនោះជារបស់ប្រទេសអ៊ីស្រាអែល ឈ្មោះ ក្រុមយុទ្ធសាស្ត្រ និងយុទ្ធនាការឃោសនាបោះឆ្នោត ស្ហាវីវ ឬជាភាសាអង់គ្លេសថា Shaviv Strategy and Campaign។
ក្រុមហ៊ុននេះរកឃើញថា បើគណបក្សប្រជាជនកម្ពុជាកាន់តែបង្កើនការធ្វើទុក្ខបុកម្នេញ ទៅលើគណបក្សសង្គ្រោះជាតិ និងទៅលើលោក សម រង្ស៊ី កាន់តែខ្លាំង ពលរដ្ឋខ្មែរ ក៏កាន់តែស្មោះស្ម័គ្រនឹងគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី ហើយក៏នឹងនាំគ្នាបោះឆ្នោតឱ្យគណបក្សប្រឆាំងនេះ កាន់តែច្រើនដែរ។
មិនមែនតែលោក ហ៊ុន សែន ទេដែលខ្វល់ខ្វាយខ្លាចចាញ់ឆ្នោត កូនប្រុសច្បងរបស់លោក ក៏ខិតខំសម្បើមណាស់ដែរ ក្នុងការរកវិធី ដើម្បីធានាថា ការបោះឆ្នោតលើកក្រោយទទួលបានជោគជ័យ។
តាមរយៈឯកសារបែកធ្លាយជាបន្តបន្ទាប់ គេក៏បានដឹងដែរថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បានទាក់ទងជាមួយជនជាតិប៉ាគីស្ថានមួយរូបឈ្មោះ ចូសែហ្វ ម៉ាធៀវស៍ (Joseph Matthews)។
ជាការតបស្នងសងគុណលោក ហ៊ុន ម៉ាណែត ក្នុងការជួយអន្តរាគមន៍ឱ្យបានទទួលសញ្ជាតិខ្មែរ លោក ចូសែហ្វ សន្យាថា នឹងជួយឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត តាមការប្រើសង្គ្រាមចិត្តសាស្ត្របំភិតបំភ័យគំរាមកំហែងទៅលើពលរដ្ឋខ្មែរ អោយបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
ប្រហែលដោយផ្អែកទៅលើលទ្ធផលនៃការស្រាវជ្រាវនេះ និងផ្អែកទៅសន្ទុះនៃការគាំទ្រគណបក្សប្រឆាំង តាមលទ្ធផលនៃការបោះឆ្នោតផង វិធីតែមួយគត់ដែលលោក ហ៊ុន សែន រំពឹងថាអាចនឹងរក្សាអំណាចបាន គឺត្រូវតែរំលាយគណបក្សសង្គ្រោះជាតិចោល។ ម៉្យាងទៀតដើម្បីធានាឱ្យបានថា លោកលែងមានគូប្រកួតសោះតែម្ដង លោកក៏បំបិទសិទ្ធិអ្នកនយោបាយជាងមួយរយនាក់ ពីគណបក្សប្រឆាំងមិនឱ្យធ្វើនយោបាយ។
ទោះជាយ៉ាងណាក៏ដោយ ខុសពីការរំលាយគណបក្សហ៊្វុនស៊ិនប៉ិច ដែលលោក ហ៊ុន សែន បោះសន្ទូចតែមួយប្រាវ ត្រូវក្រុមអ្នកនយោបាយឃ្លាននុយនៃគណបក្សនេះ ហក់ត្របាក់ រួចរំលាយគណបក្សខ្លួនឯង សងគុណលោក ហ៊ុន សែន ជាមួយគណបក្សសង្គ្រោះជាតិ លោកត្រូវប្រើវិធីសាស្ត្រចំរុះជាច្រើន។
ដំបូង លោកព្យាយាមស្ទូច។ បើស្ទូចមិនបាន លោកឆក់ខ្សែភ្លើង។ បើឆក់ខ្សែភ្លើងមិនស្លាប់ លោករាយសំណាញ់ចាប់។ បើរកលេសចាប់មិនបាន លោកដេញបង្អើល។ បើបង្អើលមិនចេញ លោកបាចទឹកឱ្យរីង លែងឱ្យមានទីជម្រកតែម្តង។
ទន្ទឹមនឹងកំចាត់គណបក្សនយោបាយ និងអ្នកនយោបាយ ដែលលោកដឹងច្បាស់ថា អាចគំរាមកំហែងដល់ការកាន់អំណាចរបស់លោក លោក ហ៊ុន សែន ក៏ចាប់ផ្តើមយល់ច្បាស់ពីឥទ្ធិពលនៃបណ្ដាញសង្គម ជាពិសេស ក្នុងតួនាទីផ្សព្វផ្សាយព័ត៌មាន និងឃោសនាបោះឆ្នោត។
លោកមិនព្រងើយកន្តើយក្នុងរឿងនេះទៀតឡើយ។ លោកទិញអ្នកបង្កើតហ្វេសប៊ុកឱ្យលោកម្នាក់ ក្នុងតម្លៃមួយកៅអីរដ្ឋលេខាធិការ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
ទោះបីជាលោក ហ៊ុន សែន ចាប់ផ្ដើមប្រើបណ្ដាញសង្គមនេះរាងយឺតពេលជាងដៃគូនយោបាយរបស់លោកដទៃទៀតបន្តិចក្តី គណនីហ្វេសប៊ុករបស់លោកទទួលបានការគាំទ្រយ៉ាងគំហុក ស្ទើរពីគ្រប់ទិសទី។
ទោះជាភាគច្រើន លោកបង្ហោះសារតែជាភាសាខ្មែរ លោកមាន Fans ឬអ្នកគាំទ្រជាជនបរទេសជាច្រើន ជាពិសេស ពីប្រទេសឥណ្ឌា។ ទូរទស្សន៍បារាំង Channel 24 បានចេញផ្សាយអត្ថបទមួយកាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោមចំណងជើងថា “ឥណ្ឌាមានកសិដ្ឋាន សម្រាប់ចុចលក់ Likes”។ របាយការណ៍អង្កេតនោះឱ្យដឹងថា គេអាចទិញ Likes ពី Click Farms ឬកសិដ្ឋានផលិត Likes ក្លែងក្លាយនៅឥណ្ឌា ក្នុងតម្លៃ ៦០អ៊ឺរ៉ូ ឬស្មើនឹង ៦៦ដុល្លា ក្នុងចំនួន ២.៥០០ Likes។
ខណៈដែលលោកចាប់ផ្ដើមលេងហ្វេសប៊ុក លោកក៏មិនទុកឱ្យអ្នកលេងហ្វេសប៊ុកដទៃ មានសិទ្ធិសេរីភាពដែរ។ អ្នកដែលហ៊ានបង្ហោះសារជាចម្រៀង កំណាព្យ ឬជាអ្វីក៏ដោយចុះដែលមានខ្លឹមសាររិះគន់លោក និងរដ្ឋាភិបាលលោក អ្នកនោះនឹងត្រូវក្រុមលោកតាមប្រមាញ់ចាប់ដាក់គុកភ្លាម។
ស្ថាប័នព័ត៌មានឯករាជ្យ មួយចំនួនត្រូវក្រុមលោករកលេសបិទចោល និងបណ្ដេញចេញពីកម្ពុជា។
គ្មានអ្វីគួរឱ្យពិបាកយល់ឡើយ ដោយគ្មានគណបក្សប្រឆាំងមានទម្ងន់អាចប្រជែងនឹងលោកបាន គ្មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងដោយនៅពីលើគណៈកម្មាធិការរៀបចំការបោះឆ្នោតផង ក្នុងការបោះឆ្នោតអាណត្តិទី៦ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ក្រសោបយកបានអាសនៈសភាទាំងអស់តែម្ដង។
ភាពឈ្លាសវៃគ្មានពីររបស់លោក ហ៊ុន សែន ក្នុងការរៀនសូត្រពីកំហុសរបស់ខ្លួន រួចផ្លាស់ប្តូរយុទ្ធសាស្ត្រទាន់ពេលវេលា រហូតធ្វើឱ្យលោកអាចរក្សាអំណាចបានយូរបែបនេះ ប្រហែលអាចធ្វើឱ្យមេដឹកនាំផ្ដាច់ការល្បីៗ ទាំងឡាយនៅលើពិភពលោក សុំខ្មាស ហើយអាចចាត់ទុកលោក ហ៊ុន សែន ថា ជាជើងឯកផ្នែកខាងក្រាញអំណាចលំដាប់ពិភពលោកផងក៏មិនដឹង។
ពាក្យចាស់បុរាណខ្មែរក៏តែងពោលដែរថា “ចំណេះជិះកឯង” ។ លោក ហ៊ុន សែន ធ្លាប់ភ្លាត់ស្នៀតដែលធ្វើឱ្យវិះអស់តំណែង យ៉ាងហោចណាស់ពីរដងរួចមកហើយ។ បន្ថែមពីលើនេះ លោកខ្លួនឯងក៏តែងរអ៊ូជាញឹកញយដែរថា ការងារជានាយករដ្ឋមន្ត្រី មិនមែនងាយស្រួលប៉ុន្មានឡើយ។ ក្រៅតែពីលំបាកនឹងការងារមមាញឹក លោក ហ៊ុន សែន ក៏ប្រហែលចង់សំដៅថា លោកក៏មានការលំបាកក្នុងការរកយុទ្ធសាស្ត្រតតាំងនឹងសត្រូវ នៅជុំវិញខ្លួនលោក ដើម្បីរក្សាអំណាចដែរ។
គណបក្សសង្គ្រោះជាតិ រួមទាំងមេដឹកនាំនិងមន្ត្រីនៃគណបក្សនេះ នៅតែជាបន្លាក្នុងភ្នែកលោកនៅឡើយ។ ក្រៅពីនោះ សហគមន៍អន្តរជាតិក៏កំពុងបង្កើនការគាបសង្កត់ និងដាក់ទណ្ឌកម្មមកលើរបបរបស់លោក ព្រមទាំងសាច់ញាតិនិងមន្ត្រីរបស់លោកជាហូរហែ។ ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ក៏ហាក់មិនសប្បាយចិត្តនឹងការដឹកនាំរបស់លោក ហ៊ុន សែន ប៉ុន្មានដែរ គ្រាន់តែគេមិនបង្ហាញឱ្យអ្នកក្រៅឃើញតែប៉ុណ្ណោះ។ ការផ្គូផ្គងផ្ទេរតំណែងដឹកនាំប្រទេសទៅកូនរបស់លោក ហ៊ុន សែន ក៏ប្រហែលមិនអាចប្រព្រឹត្តទៅដោយរលូនដូចលោកគូសវាសទុកនោះឡើយ។ ជារួម ស្ថានភាពនៅកម្ពុជា ហាក់ដូចជាបូសមួយ ដែលកំពុងទុំជោរ។ មានអ្វីទៅប៉ះតែបន្តិច ក៏អាចបណ្ដាលឱ្យបែកធ្លាយបានយ៉ាងងាយដែរ។
ម្យ៉ាងទៀត លោក សាស្ត្រាចារ្យ ទ្រីសម៉ាន់ ដែលបានស្រាវជ្រាវ ពីការដឹកនាំរបស់មេដឹកនាំផ្ដាច់ការនានា នៅលើពិភពលោកថា គឺមេដឹកនាំផ្ដាច់ការខ្លួនឯងនោះតែម្ដង ដែលបង្កគ្រោះកាចដល់ខ្លួន។ បើយោងតាមទ្រឹស្ដីនេះ សត្រូវធំបំផុតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន សែន ខ្លួនឯងតែម្ដង។
តែទោះជាយ៉ាងណាក៏ដោយ មានតែពេលវេលាទេ ដែលអាចឱ្យដឹងថា តើលោក ហ៊ុន សែន អស់អំណាច ឬអាចរក្សាអំណាចបានយូរតទៅមុខទៀតដោយរបៀបណា?
2 comments:
This is the right and only one answer:
Hun Sen can stay on the power for a long time because he will do what others Khmer Leaders refused to do: Hun Sen will Khmer people and destroy Cambodia at all costs to please his master Yuon Vietnam.
Ah Roleuy Hun Sen clearly knew that only his master Yuon who can remove him from power.
This is the right and only one answer:
Hun Sen can stay on the power for a long time because he will do what others Khmer Leaders refused to do: Hun Sen will KILL Khmer people and destroy Cambodia at all costs to please his master Yuon Vietnam.
Ah Roleuy Hun Sen clearly knew that only his master Yuon who can remove him from power.
Post a Comment