ដោយ យន់ សាមៀន
2022-04-12
(រូបកណ្តាល) កញ្ញា សេង ធារី ក្នុងពេលចូលរួមសវនាការនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
អ្នកជំនាញច្បាប់ និងជាសកម្មជនតស៊ូមតិកញ្ញា សេង ធារី ចោទប្រកាន់ថា តុលាការទៅវិញទេដែលក្បត់ជាតិ។ កញ្ញាថា មូលហេតុដែលកញ្ញា ចោទប្រកាន់បែបនេះ ព្រោះតុលាការបានប្រើអំណាចរបស់ខ្លួនចោទប្រកាន់ និងឃុំសកម្មជននយោបាយជាច្រើននាក់ដាក់ពន្ធនាគារទាំងគ្មានកំហុស។ មន្ត្រីសិទ្ធិមនុស្សឃ្លាំមើលសវនាការយល់ថា នៅពេលអ្នកនយោបាយយកប្រព័ន្ធតុលាការមកជាប់ពាក់ព័ន្ធនឹងរឿងនយោបាយដូចនេះគឺជៀសមិនផុតពីការរិះគន់លើស្ថាប័នតុលាការនោះទេ។
កញ្ញា សេង ធារី រិះគន់ ការចោទប្រកាន់របស់តុលាការលើសកម្មជននយោបាយ និងសកម្មជនតស៊ូមតិថា ជាទង្វើ បំពុលសង្គម។ កញ្ញាបន្តថា តុលាការពេលនេះកំពុងកាត់ទោសសេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យ ដែលទង្វើទាំងនោះមិនត្រឹមតែធ្វើឲ្យប៉ពាល់ដល់ជីវិតកញ្ញា ឬសកម្មជននយោបាយនោះទេ ប៉ុន្តែបានធ្វើឲ្យប៉ះពាល់ជីវិតរបស់ជាតិតែម្ដង៖ «បើអញ្ចឹងរឿងហ្នឹងធំធេងលើសពីបុគ្គលម្នាក់ៗ ដែលខ្ញុំ សេង ធារី លោកស្រី យក់ នាង លោក កាក់ កុម្ភារ លើសពីហ្នឹងទៀតអ្វីដែលកើតឡើងប៉ះពាល់ដល់ជីវិតជាតិតែម្ដងអ្វីដែលគាត់ (តុលាការ) កាត់ទោសអត់មានមូលដ្ឋាន តាមអំពើចិត្ត តាមខ្យល់នយោបាយ ហើយខ្យល់នយោបាយឥឡូវកំពុងជិះលើយើង»។
កញ្ញា សេង ធារី រិះគន់តុលាការបែបនេះ កើតឡើងបន្ទាប់ពីកញ្ញាបានចូលរួមសវនាការលើសំណុំរឿង ''រួមគំនិតក្បត់" និង "ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ពាក់ព័ន្ធនឹងសំណុំរឿងគាំទ្រផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។
សវនាការ ថ្ងៃនៅទី១២ ខែមេសានេះ តុលាការប្រើពេលលឿនជាងមុននិងខ្លីជាងមុនៗ។ ក្នុងពេលសវនាការ ប្រធានអង្គជំនុំជម្រះលោក រស់ ពិសិដ្ឋ បានផ្ដោតលើករណីសួរដេញដោល និងសម្រេចលើសំណើសុំនៅក្រៅឃុំអ្នកស្រី យក់ នាង។ អ្នកស្រី យក់ នាង ជាអតីត ប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ និងបច្ចុប្បន្ន ជាសកម្មជនគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពេលថ្មីនេះ ក្រោយពេលអ្នកស្រីចូលនឹងគណបក្សភ្លើងទៀន។ តុលាការក៏បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិកំពុងជាប់នៅពន្ធនាការ៤នាក់ រួមមាន លោកកាក់ កុម្ភារ លោកទំ ប៊ុនថន លោកហេង ចាន់សុទ្ទី ផងដែរ ។ តុលាការ មិនអនុញ្ញាតអ្នកស្រី យក់ នាងនៅក្រៅឃុំនោះទេ និងមិនបានពន្យល់មូលហេតុនៃការមិនអនុញ្ញាតឲ្យនៅក្រៅឃុំនេះឡើយ។
កញ្ញា សេង ធារី បានស្នើសុំតុលាការជាប់ឃុំជំនួសអ្នកស្រី យក់ នាង ប៉ុន្តែ តុលាការ មិនបានឆ្លើយតបនោះទេ។
មេធាវី ការងារក្ដីអ្នកស្រី យក់ នាង លោក សំ សុគង់ សោកស្ដាយដែលតុលាការបន្តឃុំខ្លួនក្ដីរបស់លោក។ លោកបារម្ភថា ការបន្តឃុំខ្លួននេះ អាចធ្វើឲ្យប៉ះពាល់ដល់កូនក្ដីរបស់លោកដែលមានវ័យ៦៣ឆ្នាំ និងកំពុងមានជំងឺបេះដូង និងក្រពះ ដែលជំងឺត្រូវការពេទ្យជំនាញព្យាបាល និងមាការលើកទឹកចិត្តពីក្រុមគ្រួសារ។ លោកមេធាវី ឲ្យដឹងថា ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុមមេធាវី នឹងរៀបចំបណ្ដឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ករណីសាលាដំបូងមិនអនុញ្ញាតឲ្យកូនក្ដីរបស់ លោក នៅក្រៅឃុំ៖ «ជំងឺផ្លូវចិត្តនេះក៏ប៉ះពាល់ជំងឺផ្លូវកាយផងដែរ អញ្ចឹងមេធាវីការពារក្ដីឲ្យលោកស្រី យក់ នាងយល់ ឃើញថា ការប្រកាសសាលក្រមដែលមិនអនុញ្ញាតឲ្យលោកស្រី បាននៅក្រៅឃុំជារឿងមួយដែលខកចិត្តហើយសមតែតុលាការឲ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន»។
អ្នកស្រី យក់ នាង ដែលសមត្ថកិច្ចទើបចាប់ខ្លួនក៏ត្រូវតុលាការចោទប្រកាន់ពីបទ ''រួមគំនិតក្បត់" និង "ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ពាក់ព័ន្ធនឹងសំណុំរឿងគាំទ្រផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត ដែលមានក្រុមការងារឃ្លាំមើលសវនាការនេះ សង្កេតឃើញថា តុលាការមិនមានភស្តុតាងរឹងមាំសម្រាប់ដាក់បន្ទុកលើសកម្មជនទាំងនយោបាយទាំងនោះទេ។ លោក ថាចំណាត់ការរបស់តុលាការបែបនេះ នឹងធ្វើឲ្យមានការចោទប្រកាន់ថា តុលាការជាប់ជំពាក់នឹងរឿងនយោបាយ៖ «យើងមើលទៅករណី កញ្ញា សេង ធារី ក្ដី ករណីសកម្មជនអតីតបក្សប្រឆាំង ឬសំណុំរឿងមេដឹកនាំអតីតមេដឹកនាំប្រឆាំងក្ដី សហគមន៍ជាតិ មួយចំនួន ក៏ដូចជាសហគមន៍អន្តរជាតិគេមើលឃើញថា ជារឿងនយោបាយច្រើនជាងរឿងអនុវត្តច្បាប់»។
វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មពីប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី១២ ខែមេសា។
តុលាការនឹងបើកសវនាការនៅថ្ងៃទី៣ ខែឧសភា ខាងមុខ ដែលជាសវនការ ធ្វើសេចក្ដីសន្និដ្ឋាន ហើយតុលាការអាចនឹងប្រកាសសាលក្រមនៅពេលខាងមុខដ៏ខ្លីផងដែរ។
មន្រ្តីសិទ្ធិមនុស្សលោក សំ អាត បារម្ភថា សកម្មជននយោបាយ និងប្រឈមការផ្ដន្ទាទោសពីតុលាការប្រសិនវិបត្តិនយោបាយនៅតែគ្មានច្រកចេញដដែល។ លោកព្រមានថា តុលាការនឹងប្រឈមការរិះគន់ ពីមតិជាតិ និងអន្តរជាតិប្រសិនបើសាលក្រមតុលាការធ្វើឡើងដោយផ្អែកតាមគំនាបនយោបាយ៕
1 comment:
Yeah, agree with TS 100%. Need I say more?
Post a Comment