Wednesday 13 April 2022

សហរដ្ឋ​អាមេរិក​​បន្ត​រក​ឃើញ​ថា ​អាជ្ញាធរ​​រដ្ឋាភិបាល​​ជាប់​​ពាក់​ព័ន្ធ​នឹង​​អំពើ​​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឯ​​អំពើ​​និទ្ទណ្ឌភាព​នៅ​តែ​រីក​ដុះដាល​ក្នុង​សង្គម​កម្ពុជា


ដោយ មាន ឫទ្ធិ
2022-04-12
សហរដ្ឋ​អាមេរិក​​បន្ត​រក​ឃើញ​ថា ​អាជ្ញាធរ​​រដ្ឋាភិបាល​​ជាប់​​ពាក់​ព័ន្ធ​នឹង​​អំពើ​​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឯ​​អំពើ​​និទ្ទណ្ឌភាព​នៅ​តែ​រីក​ដុះដាល​ក្នុង​សង្គម​កម្ពុជា 

ក្រុម​ស្ត្រីថ្ងៃសុក្រ​និង​កូនប្រុស​សកម្មជននយោបាយ​បក្សប្រឆាំង​រងអំពើ​ហិង្សា​ដោយ​ការ​លួច​គប់​នឹង​ដុំថ្មក្រោយ​ការ​តវ៉ា​ទាមទារ​ឱ្យដោះលែង​ឪពុក​និង​ស្វាមី​របស់ពួកគេ​ ដែល​កំពុង​ជាប់​ពន្ធនាគារ។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

 

ក្រសួងការបរទេស​អាមេរិក​បន្ត​រក​ឃើញ​ថា ​អាជ្ញាធរ​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឯ​អំពើ​និទ្ទណ្ឌភាពឬ​ភាពគ្មាន​ទោសពៃរ៍​​​​នៅតែ​បន្ត​កើតមាន​ និង​រីករាល​ដាល​ក្នុង​សង្គម​កម្ពុជា​ដដែល។ ក្រសួង​ការបរទេស​អាមេរិក លើកឡើង​ពី​ការ​រក​ឃើញ​នេះ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ស្ដីពី​ការអនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក សម្រាប់​ឆ្នាំ២០២១ ទើប​នឹង​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១២ ខែមេសា។


ក្នុង​របាយការណ៍​នេះ​ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់​ជំហរ​ថា ​មាន​របាយការណ៍ ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ថា ​មាន​មន្ត្រី ឬ​កងកម្លាំង​សមត្ថកិច្ច​​មួយ​ចំនួន ដែល​ជា​អ្នក​រក្សា​សន្តិសុខ រួមមាន នគរបាល​ជាតិ និង​កងយោធពល​ខេមរភូមិន្ទ បាន​ពាក់ព័ន្ធ​នឹង​អំពើ​បំពាន​សិទ្ធិមនុស្ស។

ក្រសួង​ការបរទេស​អាមេរិក​រក​ឃើញ​ថា ក្នុង​ឆ្នាំ២០២១ កន្លង​ទៅ​មាន​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​គួរឲ្យ​កត់សម្គាល់​ ដែល​ប្រព្រឹត្តិ​ដោយ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ អមនុស្សធម៌ ការ​ឃុំ​ឃាំង​មនុស្ស​តាម​អំពើ​ចិត្ត និង​ការប្រព្រឹត្ត​ប្រឆាំង​អ្នក​ទោស​នយោបាយ។ ជាមួយ​គ្នា​នេះ កម្ពុជា​នៅ​តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​ឯករាជ្យ​ភាព​របស់​តុលាការ ការ​ជ្រៀត​ជ្រែក​តាម​ទំនើងចិត្ត​ក្នុង​ជីវិត​ឯកជន​របស់​ប្រជាពលរដ្ឋ ការ​តាមដាន​ការ​ប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​មាន​ការ​រឹតត្បិត​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សេរីភាព​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅ​លើ​អ៊ីនធឹណិត ជាដើម។ ស្របគ្នា​នេះ​ក៏​មាន​ករណី​អំពើ​ហិង្សា និង​ការគំរាម​កំហែង ចាប់ខ្លួន ឬ​កាត់​ទោស​អ្នកសារព័ត៌មាន ដោយ​អយុត្តិធម៌។

ចំណែក​សេរីភាព​នៃ​ការជួបប្រជុំ​ដោយសន្តិវិធី និង​សេរីភាព​ក្នុង​ការបង្កើត​សមាគម​ក៏​នៅ​តែ​មាន​ការ​រិតត្បិត​ខ្លាំង។ បន្ថែម​ពីនេះ​រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹតត្បិត និង​ធ្វើទុក្ខបុកម្នេញ​អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ។ ក្រសួង​ការបរទេស​អាមេរិក​រកឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​កាត់បន្ថយ​សមត្ថភាព​របស់​ពលរដ្ឋ​ក្នុងការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាម​រយៈ​​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ទន្ទឹម​នឹង​នោះ អំពើពុករលួយ​ក៏​កំពុង​រីក​រាលដាល ជាពិសេស​ ក្នុង​ប្រព័ន្ធ​តុលាការ​តែម្តង។ ក្រសួង​ការបរទេស​អាមេរិក​រក​ឃើញ​ដែរ​ថា រដ្ឋាភិបាល​ខ្វះ​ការស៊ើបអង្កេត និង​ដាក់​ទោស​ទណ្ឌ​ចំពោះ​អំពើ​ហិង្សា​លើ​ស្ត្រី ការ​ជួញដូរ​មនុស្ស និង​ទម្រង់​ដ៏​អាក្រក់​បំផុត​នៃ​ពលកម្ម​កុមារ។

របាយការណ៍​ដដែល​កត់សម្គាល់​ថា​វប្បធម៌​និទណ្ឌភាព​បន្ត​រីករាលដាល ក្នុង​នោះ​​មាន​ការ​បញ្ជាក់​ថា​មន្ត្រី​រដ្ឋាភិបាល មាន​ទាំង​កម្លាំង​នគរបាល​ផង​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រព្រឹត្ត​អំពើ​ពុករលួយ ប៉ុន្តែ​ករណី​ភាគ​ច្រើន​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​តិចតួច ឬ​មិន​ចាត់​វិធានការ​សោះ។ ទាំង​នោះ​សបញ្ជាក់​ថា ​មន្ត្រី​រដ្ឋាភិបាល និង​សមាជិក​គ្រួសារ​របស់​ពួកគេ មាន​អភ័យឯកសិទ្ធិ​រួចផុត​ពី​ការ​ដាក់​ទោសទណ្ឌ​តាម​ច្បាប់។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​នៅឡើយ​ទេ គិត​ត្រឹម​យប់ថ្ងៃទី១២ ខែមេសា។ កន្លងទៅ ទាំង​មន្ត្រី​រដ្ឋាភិបាល និង​ទាំង​មន្ត្រី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល តែង​ច្រាន​ចោល​ការ​រក​ឃើញ​នានា​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​ហៅ​របាយការណ៍​ទាំងនោះ​ថា​ មាន​ចរិត​នយោបាយ៕

3 comments:

Anonymous said...

Hun Sen said that is his kind of democracy. He said don't meddle in Cambodia's affairs.

Anonymous said...

So holding the dictator's portrait didn't work so that dumb khmers are switching to holding the portrait of a gay king. This will never work too.

Anonymous said...

What will the king do? I won't be surprise if the king will face a similar fate and will live abroad like the thai king.