ដោយ ខែ សុណង
2022-04-01
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា។
រូបផ្ដល់ផ្ដល់ឱ្យ
បេក្ខជនគណបក្សភ្លើងទៀនជាង១០០នាក់ត្រូវបានគជបលុបឈ្មោះចោលពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងនោះក៏មានកូនប្រុសអនុប្រធានគណបក្សសង្គ្រោះជាតិម្នាក់ផងដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនរិះគន់ចំណាត់ការរបស់គ.ជ.ប ថា មានចរិតនយោបាយ និងមិនផ្អែកតាមច្បាប់នោះឡើយ។
បេក្ខជនគណបក្សភ្លើងទៀន ដែលបាត់បង់សិទ្ធិឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតទាំងនោះ អ្នកខ្លះមិនប្រព្រឹត្តិខុស ឬ គ្មានកំហុសឡើយ ប៉ុន្តែក៏ត្រូវ គ.ជ.ប លុបឈ្មោះចោលដែរ។ នេះជាការលើកឡើងរបស់ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។ ការសម្រេចរបស់ គ.ជ.ប ធ្វើឲ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញមានតែបេក្ខជនគណបក្សកាន់អំណាចមួយប៉ុណ្ណោះឈរឈ្មោះ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី០១ ខែមេសា ថា ការបាត់បង់បេក្ខជនរបស់គណបក្សលោកយ៉ាងច្រើនបែបនេះ កើតមានឡើងដោយសារបញ្ជីឈ្មោះរបស់គណបក្សភ្លើងទៀន ត្រូវបាន គ.ជ.ប ចោទចោទប្រកាន់ថា បេក្ខជនមួយចំនួនរបស់គណបក្សមានកំហុស គឺគជប លុបឈ្មោះបេក្ខជនទាំងអស់ក្នុងបញ្ជីតែម្ដង។ លោកថា ការសម្រេចរបស់ គ.ជ.ប មិនបានឈរលើច្បាប់ដោយមិនបានកោះហៅសាក្សីបំភ្លឺច្បាស់លាស់ គឺធ្វើឡើងតាមដើមបណ្ដឹង ដែលដើមបណ្ដឹងទាំងនោះគឺជាបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា។ លោកដឹងទៀតថា ក្នុងបេក្ខជនទាំងនោះ កូនប្រុសអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឈ្មោះ អេង រតនៈ ដែលបេក្ខជនឈរឈ្មោះលេខទី១២ នៅសង្កាត់ទួលស្វាយព្រៃ១ ក៏ត្រូវគ.ជ.ប លុបឈ្មោះចោលដែរ៖ «ឯកឧត្តម អេង ឆៃអ៊ាង នៅទួលស្វាយព្រៃ១ហ្នឹងកូន អេង ឆៃអ៊ាង ឈរលេខ១២ ហ្នឹង គាត់អត់មានកំហុស គាត់មកជាបេក្ខជនហើយលុបឈ្មោះគាត់ចោលដោយគ្មានកំហុសជាការបំពានសិទ្ធិនយោបាយនេះខ្លាំងណាស់»។
ទាក់ទងការលុបឈ្មោះកូនប្រុសលោក អេង ឆៃអ៊ាង នេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មពី ពីលោក អេង ឆៃអ៊ាង និងកូនប្រុសរបស់លោកបានទេនៅថ្ងៃទី០១ ខែមេសា។
ទោះយ៉ាងណា លោក ថាច់ សេដ្ឋា ឲ្យដឹងថា កូនប្រុសលោក អេង ឆៃអ៊ាង គឺ អេង រតនៈ មិនប្រព្រឹត្តិខុសក្នុងដំណើរការនៃការបំពេញបញ្ជីឈ្មោះនេះទេ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ កាលពីថ្ងៃទី៣១ ខែមីនា បានសម្រេចលុបឈ្មោះបេក្ខជនជាង ១០០នាក់ ក្នុងនោះរួមមាន សង្កាត់ទួលស្វាយព្រៃទី១ ក្នុងខណ្ឌបឹងកេងកង សង្កាត់ផ្សារដើមគ ក្នុងខណ្ឌទួលគោក សង្កាត់មនោរម្យ ក្នុងខណ្ឌដូនពេញ និងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ និងឃុំកណ្ដៀង ក្នុងខេត្តពោធិ៍សាត់ សង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្នុងខេត្តកំពង់ចាម។ លោក ប្រាជ្ញ ចន្ទ សម្រេចបែបនេះធ្វើឡើងតាមបណ្ដឹង របស់បេក្ខជនគណបក្សប្រជាជនកម្ពុជា ដោយបានចោទប្រកាន់ថា បេក្ខជនគណបក្សភ្លើងទៀនឲ្យគេបំពេញឯកសារជំនួស អ្នកខ្លះមិនចេះសរសេរ មិនបានចុះហត្ថលេខាឬមិនបានផ្ដិតមេដៃលើឯកសារ។ ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានបិទផ្លូវមិនឲ្យគណបក្សភ្លើងទៀនមានសិទ្ធិប្ដឹងទាស់ឡើយ។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមថា ការសម្រេចនេះគឺធ្វើឡើងផ្អែកតាមអង្គហេតុ ភស្តុតាងរឹងមាំនិងអង្គច្បាប់ រួមទាំងការសួរដេញដោលក្នុងសវនាការផ្ទាល់។ លោកបន្តថា ការសម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀនទាំងបញ្ជីដូច្នេះ គឺដោយសារភាពមិនប្រក្រតីនៃបញ្ជីរបស់គណបក្សភ្លើងទៀន ដោយក្នុងនោះមានការឃុបឃិត ដោយបេក្ខជនទាំងនោះ ទោះដឹងថា មានបេក្ខជនខ្លះមិនចេះអក្សរ ប៉ុន្តែ ពួកគេបានជួយសរសេរឯកសារ ដែលមិនចេះអក្សរ ក្រៅពីនេះក៏មានបញ្ជីឈ្មោះខ្លះដាក់មក គ.ជ.ប យឺតពេល។ លោកឲ្យដឹងទៀតថា មានករណីខ្លះទៀត បេក្ខជនសារភាពក្នុងសវនាការ ថាខ្លួនមិនចេះអក្សរ និងស្នើសុំដកឈ្មោះខ្លួនចេញបញ្ជី ដែលធ្វើឈ្មោះនោះមិនគ្រប់លក្ខណៈ ដែលគ.ជ.បមិនអាចទទួលយកបញ្ជីឈ្មោះនោះទេ៖ «ពេលមានបណ្ដឹងគ.ជ.បនឹងសវនាការជាសាធារណ ឬក៏សវនាការសង្ខេប ប៉ុន្តែ ការលុបនេះ គឺ គ.ជ.ប បើកសវនាការជាសាធារណដើម្បីឲ្យមានការតទល់សួរដេញដោលគ្នារវាងភាគីពាក់ព័ន្ធ ប៉ុន្តែ ភាគីខ្លះអត់អញ្ជើញមក តែម្ដងអ៊ីចឹង អង្គសវនាការធ្វើការសម្រេចតាមហ្នឹង»។
ទោះយ៉ាងណា លោក ថាច់ សេដ្ឋា រិះគន់ថា ការសម្រេចបែបនេះមិនឈរលើច្បាប់ទេ ប៉ុន្តែ គ.ជ.ប ធ្វើការសម្រេចដោយអត្តនោម័តិ។ លោកថា ការខុសឆ្គងរបស់បេក្ខជនម្នាក់ ឬពីរនាក់ មិនប៉ះពាល់ដល់បញ្ជីឈ្មោះបេក្ខជននោះទេ។
ស្រដៀងគ្នានេះដែរ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី សង្កេតឃើញថា សាក្សីមួយចំនួនមិនបានចូលមកបំភ្លឺនៅក្នុងសវនាការឡើយ ហើយករណីខ្លះក៏គ្មានភស្តុតាងគ្រប់គ្រាន់នោះដែរ។ អ្នកឃ្លាំមើលការបោះឆ្នោតរូបនេះ យល់ថា គណបក្សភ្លើងទៀនជាគណបក្សទី២ បន្ទាប់ពីគណបក្សកាន់អំណាចដែលបានដាក់បេក្ខជនស្ទើរទូទាំងប្រទេស ដូច្នេះលោកយល់ថា គូរប្រកួតប្រជែងនៃគណបក្សនេះ នឹងព្យាយាមរកចំណុចខ្សោយរបស់គណបក្សនេះ ដើម្បីធ្វើការវាយប្រហារ៖ «ដូច្នេះជាធម្មតា កាលណាគណបក្សមានប្រជាប្រិយភាពក៏ជាក្រុមគោលដៅដែរ គេចាប់អារម្មណ៍ច្រើនគេអង្កេតមើលតែមានកង្វះខាតត្រង់ណាគេដាក់ពាក្យប្ដឹងអ៊ីចឹងហើយណា។ អ្វីដែលខ្ញុំចង់បានគឺធ្វើទៅតាមតែច្បាប់ទៅបាទ ព្រោះច្បាប់មាន»។
គិតត្រឹមថ្ងៃទី៣១ ខែមីនា គ.ជ.ប បានសម្រេចលុបបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សនយោបាយចំនួន៣ហើយ ក្នុងនោះរួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ ទោះយ៉ាងណាគណបក្សនយោបាយ និងអ្នកឃ្លាំមើលការបោះឆ្នោតជំរុញឱ្យ គ.ជ.ប បន្ថែមការស៊ើបអង្កេតឱ្យបានត្រឹមត្រូវចំពោះបណ្ដឹងដែលនាំឱ្យមានការលុបឈ្មោះបេក្ខជន និងការលុបបញ្ជីឈ្មោះបេក្ខជនគណបក្សនយោបាយនៅពេលនេះ៕
No comments:
Post a Comment