Saturday 2 April 2022

ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង បារម្ភពី​ផល​ត្រីក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ធ្លាក់​ចុះ​


ដោយ ឡេង ម៉ាលី
2022-04-01
ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង បារម្ភពី​ផល​ត្រីក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ធ្លាក់​ចុះ​

ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង បារម្ភពី​ផល​ត្រីក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ធ្លាក់​ចុះ​
រូប៖ ហ្វេសប៊ុក

ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទំនប់​វារី​គ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង ព្រួយ​បារម្ភ ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី ដោយសារ​តែ​បទ​ល្មើស​នេសាទ បន្ត​កើត​មាន​ច្រើន ក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ។ អ្នក​ភូមិ​ថា ពលរដ្ឋ​ចំណូល​ស្រុក បាន​ពង្រាយ​អួន​រាប់​រយ​ម៉ែត្រ និង​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ទៀត ចាប់​ត្រី​នៅ​តំបន់​បាត​អាង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​របរ​នេសាទ​លក្ខណៈ​គ្រួសារ របស់​ពលរដ្ឋ​មូលដ្ឋាន។

ពលរដ្ឋ​ជាង ១០០គ្រួសារ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រស់នៅ​ឃុំ​ក្បាល​រមាស និង​ឃុំ​ស្រែគរ ស្រុក​សេសាន ឱ្យ​ដឹង​ថា បើ​ទោះ​ជា​ភូមិ​កំណើត​របស់​ពួក​គាត់ បាន​ប្រែ​ក្លាយ​ជា​ផ្ទៃ​អាង នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ក្ដី ក៏​ពួក​គាត់​នៅ​តែ​ចង់​ថែរក្សា​តំបន់​នោះ ជា​អន្លង់​ត្រី​មេ​ពូជ ដើម្បី​ឱ្យ​អ្នក​ភូមិ​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត​បែប​ប្រពៃណី។

មេ​ឃុំ​ស្រែ​គរ​ជាប់​ឆ្នោត​ដែល​រដ្ឋាភិបាល​ដក​ចេញ​ពី​តំណែង គឺ​លោក សៀក មេគង្គ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១ មេសា​ថា ពលរដ្ឋ​ចំណូល​ស្រុក​រាប់​សិប​នាក់ នៅ​តែ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ ដោយ​ពង្រាយ​អួន ហ៊ុមព័ទ្ធ​តំបន់​សំបូរ​ត្រី និង តំបន់​ព្រៃ​លិច​ទឹក នៅ​កៀក​ភូមិ​ក្បាល​រមាស​ចាស់ និង​មួយ​ចំនួន​ទៀត​ក្នុង​ឃុំស្រែគរ។ លោក​វាយ​តម្លៃ​ថា អាជ្ញាធរ​ខេត្ត​នេះ នឹង​មិន​អាច​ដោះ​ស្រាយ​រឿង​នេះ​បាន​នោះ​ទេ ដរាប​ណា​អំពើ​ពុក​រលួយ រឿង​បទ​ល្មើស​នេសាទ​នៅ​តែ​កើត​មាន៖ «មួយ​ចំនួន​គេ​ចាប់​ទៅ មួយ​ចំនួន​ទៀត​គេ​ទុក​ទៅ អា​ហ្នឹង​ឃើញ​កន្លង​មក។ ទី២ លុះត្រាតែ​ថ្នាក់​ខែត្រ​ហ្នឹង ដាក់​ផែនការ​ហើយ តាម​ដាន​ផែនការ​ហ្នឹង បើ​មិន​អ៊ីចឹង​ទេ ១០ឆ្នាំ​ទៅ​មុខ ដោះ​ស្រាយ​មិន​ចេះ​ទេ»។


កាល​ពី​ចុង​ខែមីនា​កន្លង​ទៅ សមត្ថកិច្ច​ចម្រុះ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល ខេត្តស្ទឹងត្រែង បាន​ឃាត់​ចាប់​អួន​រាប់​រយ​ម៉ែត្រ ដែល​ពលរដ្ឋ​ចំណូល​ស្រុក ពង្រាយ​នៅ​តំបន់​បាត​អាង កៀក​ភូមិ​ក្បាល​រមាស​ចាស់។ អ្នក​ភូមិ​បារម្ភ​ថា មិន​យូរ​ទេ​តំបន់​បាត​អាង​នឹង​ខ្សត់​ត្រី ប្រសិនបើ​អាជ្ញាធរ​នៅ​តែ​ខ្វះ​ចន្លោះ អនុវត្ត​ច្បាប់​នេសាទ ដែល​ករណី​នេះ​នឹង​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​មូលដ្ឋាន ដែល​ក្រាញ​ននៀល​មិន​ទទួល​សំណង។

ប្រធាន​សហគមន៍​ភូមិ​ក្បាល​រមាស លោកស្រី ស្រាំង ឡាញ់ សង្កេត​ឃើញ​ថា អ្នក​ភូមិ មិន​អាច​ទប់ទល់​បទ​ល្មើស​នេសាទ​ទាំង​នេះ គ្រប់​ជ្រុងជ្រោយ​ទេ ប្រសិនបើ​ខ្វះ​ការ​សហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ស្រី​ថា អន្លង់​អភិរក្ស​ចំនួន ៣កន្លែង​នៅ​កៀក​ភូមិ​ចាស់ គឺ​ជា​តំបន់​សំបូរ​ត្រី ប្រសិន​បើ​អាជ្ញាធរ​អភិរក្ស​ទី​នោះ​បាន​ល្អ ទិន្នផល​ត្រី​នឹង​កើន​ឡើង​ច្រើន។ លោកស្រី​សង្កេត​ឃើញ​ថា ពលរដ្ឋ​ចំណូល​ស្រុក​រាប់​រយ​នាក់ បាន​សង់​លំនៅ​តាម​បណ្ដោយ​មាត់​ទឹក ក្នុង​ភូមិ​ស្រែ​ស្រណុក មាន​ជំនាញ​នេសាទ​ត្រី​ច្បាស់លាស់ ដោយ​ប្រើ​ទូក និង​ឧបករណ៍​នេសាទ​ជា​ច្រើន ចាប់​ត្រី​បាន​ជា​ច្រើន​តោន៖ «កំពុង​តែ​ខំ​ការពារ បើ​នាំ​គ្នា​បំផ្លាញ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ជា​ច្រើន ធ្វើ​ឱ្យ​ត្រី​ហ្នឹង នឹង​បាត់បង់ ថយ​ចុះ​ច្រើន បាត់​រហូត​ហើយ នាំ​គ្នា​ថែ​រក្សា និង​ផ្គត់ផ្គង់​ឱ្យ​វា​នៅ​តែ​ថេរ មិន​ឱ្យ​វា​បាត់បង់​ទេ។ យើង​ចង់​បាន​អ៊ីចឹង»។

វិទ្យុ​អាស៊ី​សេរី​បាន​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង លោក ទុំ នីរ៉ូ និង​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១ មេសា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ​លោក ម៉ែន គុង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​នៅ​តែ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​នេសាទ​ត្រី នៅ​តំបន់​នោះ តែ​ការ​នេសាទ ត្រូវ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់។ លោក​ថា ផ្នែក​ខ្លះ​នៃ​តំបន់​បាត​អាង អាជ្ញាធរ​បាន​កំណត់ ជា​អន្លង់​ពូជ​ត្រី ឬ​តំបន់​ការពារ ព្រោះ​ទីកន្លែង​នោះ អំណោយ​ផល​គាប់​ប្រសើរ ឱ្យ​ត្រី​អាច​រក​ចំណី​បាន។

ប្រជា​សហគមន៍​សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន និង​អាជ្ញាធរ​បិទ​ខ្ទប់​ទន្លេ​សេសាន ក្នុង​ខេត្ត​ស្ទឹងត្រែង ដើម្បី​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ កាល​ពី​ចុង​ឆ្នាំ២០១៧ ត្រី​រាប់​រយ​ប្រភេទ​បាន​កឿង ក្នុង​តំបន់​បាត​អាង មិន​អាច​ផ្លាស់ទី មក​ខ្សែ​ទឹក​ខាង​ក្រោម​បាន។ ចំណែក ត្រី​ប៉ាសេអ៊ី និង​ត្រីប៉ាវា ដែល​ជា​ប្រភេទ​ត្រី​កម្រ​ក្នុង​តំបន់ បាន​ធ្លាក់​ចុះ​ខ្លាំង​ស្ទើរ​តែ​ផុត​ពូជ ដោយសារ​ការ​សាងសង់​ទំនប់ និង​បទ​ល្មើស​នេសាទ ក្នុង​តំបន់​ដែល​ត្រី​កម្រ​ទាំង​នោះ​រស់​នៅ និង​ចិញ្ចឹម​ជីវិត។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ា់ន់នី ជំរុញ​ឱ្យ​អាជ្ញាធរ ពង្រឹង​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​នេសាទ​ឱ្យ​គ្រប់​ជ្រុងជ្រោយ និង កំណត់​តំបន់​អភិរក្ស​ឱ្យ​ច្បាស់លាស់ ស្រប​តាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ចេញ​បញ្ជា​ថ្មីៗ នេះ។ លោក​ថា អាជ្ញាធរ​គួរ​តែ​ដោះ​ស្រាយ​រឿង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ប៉ះប៉ូវ​ផ្លូវ​ចិត្ត ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន៖ «មាន​តែ​មន្ត្រី និង​អាជ្ញាធរ​សហការ​គ្នា ដើម្បី​អនុវត្ត​ច្បាប់ ហើយ​ចំពោះ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ត្រូវ​តែ​អនុវត្ត​ច្បាប់ មិន​ត្រូវ​បង់​លុយ​ហើយ​រួច​ខ្លួន​ទេ។ ដូចជា ករណី​ឆក់ និង​អូស​អួន ដែល​ច្បាប់​នេសាទ​បាន​ចែង​អី​ហ្នឹង យើង​ត្រូវ​តែ​អនុវត្ត​ច្បាប់»។

កន្លងទៅ ប្រជា​សហគមន៍​ភូមិ​ក្បាល​រមាស ធ្លាប់​ស្នើ​ឱ្យ​អាជ្ញាធរ​កំណត់​អន្លង់​អភិរក្ស​ចំនួន ៣កន្លែង គឺ នៅ​ចំណុច​អូរ​រឹង វាល​ស្រែ​រំពេ និង ចំណុច​កណ្ដាល​ភូមិ​ចាស់។ អ្នក​ភូមិ​ថា បច្ចុប្បន្ន​តំបន់​ទាំង​នោះ បាន​ប្រែក្លាយ​ជា​បាត​អាង​ទំនប់​វារីអគ្គិសនី ហើយ​ក៏​ជា​កន្លែង​នេសាទ​ត្រី​យ៉ាង​ពេញទំហឹង ដោយ​ក្រុម​អ្នក​នេសាទ​ចំណូល​ស្រុក លួច​ពង្រាយ​អួន​រាប់​រយ​ម៉ែត្រ ព័ទ្ធ​ភូមិ​ទាំង​នេះ ដើម្បី​ចាប់​ត្រី​មេ​ពូជ នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។

មក​ទល់​ពេល​នេះ បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ និង​មាន​វិសាលភាព​ផ្ទៃ​ទឹក​ធំធេង គ្រប​ដណ្ដប់​ក្នុង​ឃុំ​ចំនួន ៣ នៃ​ខេត្តស្ទឹងត្រែង លាត​សន្ធឹង​ទល់​នឹង​ខេត្តរតនគិរី។ លើស​ពី​នេះ ពលរដ្ឋ​រស់​នៅ​ឃុំ​ក្បាល​រមាស ៥៣គ្រួសារ និង​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ​ជាង ៥០គ្រួសារ បូក​រួម​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ​បដិសេធ​មិន​ព្រម​ទទួល​យក​គោលនយោបាយ​សំណង​ពី​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន​ពួក​គេ​បន្ត​រស់នៅ​លើ​ទី​ទួល​ខ្ពស់ ក្បែរ​ភូមិ​ចាស់៕

No comments: