Khmer Circle:
Hun Sen is insulting people's intelligence thinking they cannot see through this ruse of his and is likely digging his own grave in the process.
^^^
ដោយ សន ចាន់រដ្ឋា
2022-04-03
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចុះពិនិត្យការដ្ឋានសំណងព្រលានយន្តអន្តរជាតិសៀមរាបថ្មី នៅព្រឹកថ្ងៃទី៣ មេសា ២០២២។
រូប៖ ហ្វេសប៊ុកហ៊ុន សែន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើឱ្យអ្នកវិភាគទាំងឡាយឈប់រិះគន់រដ្ឋាភិបាលរបស់លោកថា សង់ព្រលានយន្តហោះដើម្បីធ្វើជាលានដ្ឋានកងទ័ពរបស់ចិនបន្តទៅទៀត។ ប៉ុន្តែអ្នកវិភាគលើកឡើងថា ការដែលបានរិះគន់បែបនេះដោយសារតែរដ្ឋាភិបាលបានអោបក្រសោបចិនហួសហេតុ ដើម្បីរក្សាអំណាចរបស់លោក ហ៊ុន សែន ដែលធ្វើឱ្យខូចប្រយោជន៍ជាតិ។
ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសថា រាល់ការសាងសង់ព្រលានយន្តហោះដែលជាជំនួយរបស់ចិនជាបន្តបន្ទាប់មកនោះ ធ្វើឡើងដើម្បីផលចំណេញផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា គឺពុំមែនដើម្បីបម្រើឱ្យកងទ័ពរបស់បរទេសណាមួយនោះឡើយ។
លោក ហ៊ុន សែន មានប្រសាសន៍បែបនេះនៅក្នុងពិធីចុះពិនិត្យការដ្ឋានសំណងព្រលានយន្តអន្តរជាតិសៀមរាបថ្មីនៅព្រឹកថ្ងៃទី៣ មេសា។ លោកស្នើឱ្យអ្នកវិភាគនិងអ្នកតាមដានស្ថានការណ៍សង្គមទាំងឡាយឱ្យឈប់រិះគន់ រដ្ឋាភិបាលរបស់លោកថា សង់ព្រលានយន្តហោះ ដើម្បីធ្វើជាកន្លែងចំណតរបស់កងទ័ពចិនបន្តទៅទៀត ។ មេដឹកនាំរដ្ឋាភិបាលឯកបក្សរូបនេះ បញ្ជាក់ទៀតថា ការសង់ព្រលានយន្តហោះនៅខេត្តសៀមរាបក្ដី និងនៅតារាសាគរជាប់ឆ្នេរសមុទ្រក្នុងខេត្តកោះកុងក្ដី ពុំមែនធ្វើឡើងដើម្បីបម្រើឱ្យកងទ័ពចិននោះទេ៖ «បរទេសខ្លះទៅខ្មែរខ្លះទៅ ហើយយូរៗទៅអានេះឡប់បណ្ដោយ ចូលអាក្បួនឡប់។ បើនិយាយពីគិតពីយុទ្ធសាស្ត្រយោធាទៅវិញ ចុះអាព្រលានយន្តហោះមានស្រាប់ចុះបានម៉េចមិនចុះ និយាយតាមអីចេះតែហ្មងទៅ។ខ្លះគេថា ព្រលានយន្តហោះនៅតារាសាគរ ជាព្រលានយន្តហោះមួយសម្រាប់ទទួលយោធាចិន។ ឆ្កួតតែអី ចុះមិនក៏មិនចុះនៅព្រលានយន្តហោះកងកេងបណ្ដោយទៅ មិនស្រួល អីក៏វាយ៉ាប់សម្បើមម្ល៉េះ បើបានតែវាជ្រុលមួលបង្កាច់ហើយបួលបង្កាច់ឱ្យវាច្បាស់ហ្មងថា ព្រលានយន្តហោះនៅស្រុកខ្មែរត្រៀមចុះយោធាចិនទាំងអស់អីចឹងតែម្ដងទៅ»។
ប៉ុន្តែការលើករបស់លោក ហ៊ុន សែន នេះ ត្រូវបានអ្នកវិភាគនយោបាយនិងអ្នកតាមដានស្ថានការណ៍សង្គម មើលឃើញថា ជាការអោបក្រសោបចិនហួសហេតុ ដែលធ្វើឱ្យខូចផលប្រយោជន៍របស់កម្ពុជា។
អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ មានប្រសាសន៍ថា លោកមិនចង់រិះគន់រដ្ឋាភិបាលនោះទេ ប្រសិនបើលោក ហ៊ុន សែន ឈប់អោបក្រសោបចិនតែមួយ ហើយងាកមកដើរតាមគន្លងប្រជាធិបតេយ្យ និងចាប់យកប្រទេសមហាអំណាចសេរីដទៃទៀតជាមិត្តរបស់កម្ពុជានោះ។ លោក គឹម សុខ មើលឃើញថា ការដែលលោក ហ៊ុន សែន នៅតែការពារចិនបែបនេះ គឺដោយសារតែមេដឹកនាំរូបនេះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងដើរចាកកាន់តែឆ្ងាយពីគន្លងប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា ទាំងនេះហើយបានជាលោក ហ៊ុន សែន ខំអោបក្រសោបចិន ដើម្បីឱ្យជួយការពារអំណាចរបស់គ្រួសារត្រកូល ហ៊ុន៖ «ការព្យាយាមចាប់ចិន ដើម្បីយកបង្អែកចិនទីមួយឈរឱ្យមានភាពសមរម្យបន្តិចនៅលើឆាកអន្តរជាតិ ដោយការពឹងមុខម៉ាត់ចិន ។ ទី២ពឹងនូវកម្លាំងរបស់ចិនក្នុងការបន្លាចប្រជាពលរដ្ឋកុំឱ្យប្រជាពលរដ្ឋនានាកុំឱ្យងើបឡើង ។ ទី៣ពឹងហិរញ្ញវត្ថុរបស់ប្រទេសចិន ជាពិសេសអ្នកជំនួញចិនដែលរកស៊ីខុសច្បាប់នៅកម្ពុជា ដើម្បីជួយចាយលុយក្នុងការទប់ស្កាត់នូវការដួលរលំនៃរដ្ឋាភិបាលរបស់គាត់ក្នុងការខ្វះហិរញ្ញវត្ថុ»។
មជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះផ្សាយកាលពីខែតុលា ឆ្នាំ២០២០ ថា រដ្ឋាភិបាលកម្ពុជាបានជួលដីមានទំហំធំនៅជុំវិញមូលដ្ឋានកងទ័ពជើងទឹករាម ទៅឱ្យក្រុមហ៊ុនចិន ហើយក្រុមហ៊ុនខ្លះ មានទំនាក់ទំនងជាមួយរដ្ឋចិន។ ក្នុងចំណោមក្រុមហ៊ុនទាំងអស់នេះ មានក្រុមហ៊ុនមួយឈ្មោះ ខេននូពី សេនស៍ ឌីវើឡប់មិន (Canopy Sands Development Group) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីន រៀលអេសស្តេតស៍ គ្រុប (Prince Real Estate Group)។ CSIS ថា ក្រុមហ៊ុននេះកំពុងអភិវឌ្ឍមួយផ្នែកនៃឆ្នេរសមុទ្រនៅទិសខាងជើងនៃមូលដ្ឋានកងទ័ពជើងទឹករាម។ រូបភាពពីផ្កាយរណបបង្ហាញថា ក្រុមហ៊ុននេះ បានចាប់យកដីជិត ៥គីឡូម៉ែត្រប៉ែកខាងជើងនៃមូលដ្ឋានទ័ពរាម កាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមកក្រុមហ៊ុននេះបានចាក់ដីលុបចូលឆ្នេរសមុទ្រទំហំប្រហែល ១០០អារ។
របាយការណ៍ដដែលបន្តថា តំបន់អភិវឌ្ឍន៍ទីក្រុងរាមដែលរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិនរំពឹងថា នឹងប្រែមុខមាត់ថ្មី សម្រាប់ខេត្តព្រះសីហនុឱ្យក្លាយជាទីក្រុងធំបំផុតទី២ របស់កម្ពុជានោះ ឋិតនៅមិនឆ្ងាយទេពីមូលដ្ឋានកងទ័ពជើងទឹករាមដែលកំពុងរងការចោទប្រកាន់ថា ត្រូវបានរដ្ឋាភិបាលចិនផ្តល់ជំនួយដល់កម្ពុជាដើម្បីប្រែក្លាយមូលដ្ឋានទ័ពមួយនេះសម្រាប់បម្រើដល់ផលប្រយោជន៍យោធារបស់ចិន។ ភាគីចិនកំពុងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ពន្ធនៅមូលដ្ឋានទ័ពរាមយ៉ាងឆាប់រហ័ស។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលកម្ពុជាវិញ លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកនៅតែមានមន្ទិលសង្ស័យលើការសាងសង់កំពង់ផែទឹកជ្រៅសមុទ្ររាម និងព្រលានយន្តហោះអន្តរជាតិតារាសាគរនៅខេត្តកោះកុងថា អាចជាកន្លែងសំចតរបស់យោធាចិន។ លោកបន្តថា ប្រសិនបើវត្តមានយោធាចិននៅលើទឹកដីកម្ពុជាមែន នោះនឹងធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិជាច្រើន ជាពិសេសនឹងធ្វើឱ្យប្រទេសសេរីថ្កោលទោសលើកម្ពុជាកាន់តែខ្លាំង៖ «បើមិនមានអីនោះគួរបង្ហាញលាតត្រដាងឱ្យប្រជាពលរដ្ឋ បានយល់ទាំងអស់គ្នាជៀសវាងនូវមន្ទិលសង្ស័យធ្វើឱ្យអន្តរជាតិក៏មានការសង្ស័យ។ការសង្ស័យហ្នឹងហើយដែលធ្វើវិនិយោគទុនដែលមានកេរ្តិ៍ឈ្មោះល្អ ក៏ដូចជាទេសចរ គេនឹងពិបាកមកទេសចរគេនឹងពិបាកមកវិនិយោគទុននៅកម្ពុជាដែលគេគិតថាកម្ពុជាមិនមានស្ថិរភាពសុវត្ថិភាពក្នុងការគេមកវិនិយោគទុន ឬគេមកដើរកម្សាន្តនៅកម្ពុជា»។
អ្នកវិភាគនិងអ្នកឃ្លាំមើលកម្ពុជា ថ្លែងថា ពួកគេនឹងនៅតែបន្តរិះគន់លោក ហ៊ុន សែន ដដែលប្រសិនបើពួកគេមើលឃើញថា លោក ហ៊ុន សែន ដឹកនាំធ្វើឱ្យហិនហោចដល់ជាតិ ដើម្បីផលប្រយោជន៍គ្រួសារខ្លួនដូចសព្វថ្ងៃ។ ពួកគេនៅតែជឿជាក់ថា កម្ពុជានឹងខូចផលប្រយោជន៍ច្រើនពីបណ្ដាប្រទេសសេរី ប្រសិនបើរដ្ឋាភិបាលឯកបក្សនៅតែអោបក្រសោបចិនខ្លាំងពេកដូចសព្វថ្ងៃនោះ។ ពួកគេថា ដើម្បីផលប្រយោជន៍ជាតិ រដ្ឋាភិបាលគួរតែតាំងខ្លួននៅអព្យាក្រឹតទាំងប្រទេសសេរីនិងចិន ហើយការអភិវឌ្ឍន៍ទាំងឡាយត្រូវប្រកបដោយតម្លាភាពទាំងការប្រើប្រាស់ហិរញ្ញវត្ថុ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ៕
No comments:
Post a Comment