Tuesday 5 April 2022

ក្រុម​គ្រួសារ និង​សង្គម​ស៊ីវិល ៥០ស្ថាប័ន​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​ស៊ើប​អង្កេត​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ ឆាឡឺម


ដោយ មាន ឫទ្ធិ
2022-04-04
ក្រុម​គ្រួសារ និង​សង្គម​ស៊ីវិល ៥០ស្ថាប័ន​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​ស៊ើប​អង្កេត​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ ឆាឡឺម 

លោក វ៉ាន់ឆាឡឺម សាត​ស័ក្ដិ​សិទ្ធិ (Wanchalerm Satsaksit) សកម្មជន​នយោបាយ​ថៃ ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់ កាល​ពី​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ២០២០ ពេល​លោក​កំពុង​ដើរ​តាម​ផ្លូវ​ទៅ​ទិញ​ម្ហូប​អាហារ នៅ​មុខ​កន្លែង​ស្នាក់​នៅ​របស់​លោក​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។
រូប៖ ហ្វេសប៊ុកលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit)

 

ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ៥០ស្ថាប័ន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ ស្នើ​គណៈកម្មាធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ដើម្បី​ជួយ​ដោះ​ស្រាយ​ការ​ខក​ខាន​ជា​បន្ត​បន្ទាប់​របស់​អាជ្ញាធរ​កម្ពុជា ដើម្បី​ស៊ើប​អង្កេត​ស្វែងរក​សកម្មជន​នយោបាយ​ថៃ គឺ​លោក វ៉ាន់ឆាឡឺម សាត​ស័ក្ដិ​សិទ្ធិ (Wanchalerm Satsaksit) ឱ្យ​បាន​ឆាប់។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​គណៈកម្មាធិការ​ស្ដីពី​ការ​បាត់​ខ្លួន​ទាំង​បង្ខំ​របស់​អង្គការ​សហប្រជាជាតិ ពុំ​មាន​សិទ្ធិ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​តាម​សំណើ​របស់​ខ្លួន​ឡើយ។


ស្រប​ពេល​ការ​ប្រារព្ធ​ទិវា​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ទី៥ ខែមេសា ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ៥០ស្ថាប័ន រួម​មាន​អង្គ​ការ​លីកាដូ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​ជាតិ-អន្តរ​ជាតិ​មួយ​ចំនួន​ទៀត ព្រម​ទាំង​គ្រួសារ​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) បាន​ចេញ​សេចក្ដី​ថ្លែង​ការ​រួម​គ្នា នៅ​ថ្ងៃ​ទី៤ ខែ​មេសា ស្នើ​ដល់​គណៈកម្មាធិការ​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ឱ្យ​ជួយ​ដោះ​ស្រាយ​ចំពោះ​ការ​ខកខាន​ជា​បន្ត​បន្ទាប់​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ស៊ើបអង្កេត​ស្វែង​រក​សកម្ម​ជន​នយោបាយ​ថៃ ដែល​បាន​បាត់​ខ្លួន​នោះឱ្យ​បាន​ឆាប់ ដោយ​ហ្មត់ចត់ តម្លា​ភាព និង​ប្រកប​ដោយ​ប្រសិទ្ធភាព។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​ចាត់​ទុក​ការ​ខកខាន​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ពីសំណាក់​រដ្ឋាភិបាល គឺ​ជា​ការ​រំលោភ​បំពាន​កាតព្វកិច្ច​យ៉ាង​​ធ្ងន់ធ្ងរ ជា​ពិសេស ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​រំលោភ​បំពាន​លើ​កាតព្វកិច្ច​របស់​ខ្លួន ទាក់ទង​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់ និង​ឥត​លំអៀង ដោយ​មិន​ពន្យារ​ពេល​ក្នុង​ការ​ចាត់​វិធានការ​ចាំបាច់។ ពួក​គេ​ថា ការ​ពន្យារ​ពេល ដែល​មិន​សម​ហេតុ​ផល​នេះ គឺ​មិន​ស្រប​តាម​គោលការណ៍​ណែនាំ​សម្រាប់​ការ​ស្វែង​រក​មនុស្ស ដែល​បាន​បាត់​ខ្លួន​ទេ។

នាយក​ផ្នែក​ទូទៅ​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត មាន​ប្រសាសន៍​ថា កន្លង​មក គណៈកម្មាធិការ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ធ្លាប់​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​ដោយ​ហ្មត់​ចត់ និង​មាន​ប្រសិទ្ធ​ភាព រួម​ទាំង​បណ្ដឹង​គ្រួសារ​របស់​លោក វ៉ាន់ ឆាឡឺម ក៏​កើត​មាន​ដែរ ប៉ុន្តែ​ចាប់​តាំង​ពី​ការ​បាត់​ខ្លួន​ជា​ច្រើន​ឆ្នាំ​មក​នេះ ពួកគេ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៃ​ការ​វិវឌ្ឍ​ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​ណា​មួយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពាក់​ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​រូប​នោះ ហើយ​លោក​ស្នើ​ដល់​រដ្ឋាភិបាល​គួរ​ពន្លឿន​ការ​អង្កេត ដើម្បី​ឱ្យ​មាន​ការ​វិវឌ្ឍ​ទាក់​ទង​ការ​បាត់​ខ្លួន​នេះ ដោយ​បង្ហាញ​អំពី​ឆន្ទៈ និង​ការ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន៖ «ទិវា​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស អ៊ីចឹង​ជា​ការ​ក្រើន​រំលឹក​មួយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​យើង​ដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​លោក វ៉ាន ឆាឡឺម ពី​ព្រោះ​ក្រុម​គ្រួសារ​របស់​គេ គឺ​រង់ចាំ​ព័ត៌មាន​យ៉ាង​អន្ទះសា ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​សហការ​ជា​មួយ​រដ្ឋាភិបាល​ថៃ​ក្នុង​ស្វែង​រក ព័ត៌មាន​ពី​ការ​បាត់​ខ្លួន​របស់​លោក វ៉ាន ឆាឡឺម»។

លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មាន​វ័យ ៣៧ឆ្នាំ ត្រូវ​បាន​រាយការណ៍​ថា មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់ កាល​ពី​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ២០២០ ក្នុង​ពេល​ដែល​លោក​កំពុង​ដើរ​តាម​ផ្លូវ​ទៅ​ទិញ​ម្ហូប​អាហារ នៅ​មុខ​កន្លែង​ស្នាក់​នៅ​របស់​លោក​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​រត់​គេច​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា ឆ្នាំ២០១៤ និង​បាន​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅ​តែ​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់។ កន្លង​ទៅ​អាជ្ញាធរ​ថៃ​បាន​បដិសេធ​ថា ពួក​គេ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​នេះ​ទេ។

បន្ទាប់​ពី​មាន​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​អន្តរ​ជាតិ​ និង​បង​ស្រី​លោក វ៉ាន់ ឆាឡឺម គឺ​លោក​ស្រី ស៊ីតាណាន់ សាត​ស័ក្ដិសិទ្ធិ (Sitanan Satsaksit) បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរ​កម្ពុជា​បាន​បើក​ការ​ស៊ើប​អង្កេត ហើយ​បើ​ទោះបី​គ្រួសារ​លោក វ៉ាន់ឆាឡឺម បាន​ផ្តល់​សក្ខីភាព និង​ភស្តុតាង​ដល់​តុលាការ​កន្លង​ទៅ​ក៏​ដោយ ក៏​ព័ត៌មាន​ទាក់​ទង​នឹង​​​ការ​បាត់​ខ្លួន និង​ដំណើរ​ការ​នៃ​ការ​ស៊ើប​អង្កេត​ហាក់​ស្ងៀម​ស្ងាត់។

ឆ្លើយ​តប​រឿង​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថ្លែង​ថា ករណី​នេះ គឺ​ស្ថិត​លើ​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ និង​តុលាការ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​គណៈកម្មាធិការ​ស្ដីពី​ការ​បាត់​ខ្លួន​ទាំង​បង្ខំ​របស់​អង្គការ​សហប្រជាជាតិ​ពុំ​មាន​សិទ្ធិ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​តាម​សំណើ​របស់​ខ្លួន​ឡើយ។ លោក​បញ្ជាក់​ថា គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​មិន​អនុញ្ញាត​ឱ្យ​ជនបរទេស​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា ដើម្បី​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​ប្រទេស​ណា​មួយ​នោះ​ទេ ហើយ​អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។ ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ​ថា លោក​មិន​អាច​បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត​ស្វែង​រក​ជន​ជាតិ​ថៃ​នោះ​បាន​ទេ ដោយ​សារ​លោក​មិន​ដឹង​ថា លោក វ៉ាន់ ឆាឡឺម ចូល​មក​ប្រទេស​កម្ពុជា​ក្រោម​រូប​ភាព​បែប​ណា៖ «មិន​មែន​បាន​ជន​ភៀស​ខ្លួន​ហើយ​សម្ងំ​ធ្វើ​នយោបាយ​អត់​ឆ្លើយ​តប​នឹង​ងារ​ជា​ជន​ភៀស​ខ្លួន​ទេ ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ​ណា​មួយ​ត្រូវតែ​ទាក់​ទង​ជា​មួយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ប៉ុន្តែ​ជន​ភៀស​ខ្លួន ទោះបី​ទទួល​ស្គាល់​ដោយ​អង្គ​ការ​សហ​ប្រជាជាតិ​ដែល​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ក៏​ប៉ុន្តែ​ខ្លួន​បាន​ធ្វើសកម្មភាព​ប្រឆាំង​ជាមួយ​រដ្ឋ​ណា​មួយ គឺ​កម្ពុជា​មិន​អនុញ្ញាត​ទេ កម្ពុជា​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​នោះ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​លោក កត្តា អ៊ន ដើម្បី​បក​ស្រាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែមេសា។

ករណី​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ​នៅ​កម្ពុជា​នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ស៊ើប​អង្កេត​ដោយ​ម៉ត់ចត់ និង​ឥត​លម្អៀង។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​ត្រូវ​ផ្តល់​ព័ត៌មាន​លំអិត ឬ​ការ​វិវឌ្ឍ​នៃ​ការ​ស៊ើប​អង្កេត​នោះ ដើម្បី​ធានា​ថា លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ នៅ​កន្លែង​ណា និង​បង្ហាញ​ថា សមត្ថ​កិច្ច​កំពុង​ស៊ើប​អង្កេត និង​ស្វែង​រក​ជន​ល្មើស៕

No comments: