2022-04-04
ក្រុមយុវជនខ្មែរថាវរៈថា ដាក់ញត្តិនៅក្រសួងកិច្ចការនារី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ដើម្បីឱ្យស្វែងរកអត្តសញ្ញាណអាជ្ញាធរ ដែលបានប្រើអំពើហិង្សា និងបៀតបៀនកេរ្តិ៍ខ្មាសលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាស្ត្រីភេទ។
រូបភាពពីពលរដ្ឋ
ក្រុមយុវជនខ្មែរថាវរៈមានគ្នាចំនួន ៦នាក់ដាក់ញត្តិទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បីស្នើ ចាត់វិធានការឱ្យមានប្រសិទ្ធភាពលើមន្ត្រីដែលអនុវត្តតួនាទីគ្មានវិជ្ជាជីវៈ។ សង្គមស៊ីវិលយល់ថា ក្រសួងគួរតែឆ្លើយតប តាមស្នើរបស់ក្រុមយុវជនឱ្យបានឆាប់ ដើម្បីជួយរកយុត្តិធម៌ដល់អ្នករងគ្រោះ។
ក្រុមយុវជនទាំងនោះ លើកឡើងថា ពួកគេសោកស្ដាយយ៉ាងខ្លាំងចំពោះអាជ្ញាធរដែលបានប្រើអំពើហិង្សា និងបៀតបៀនកេរ្តិ៍ខ្មាសលើក្រុមកូដករណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រីភេទក្នុងពេលពួកគាត់ធ្វើកូដកម្មទាមទារដំណោះស្រាយនាពេលកន្លងទៅ។
តំណាងយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ មេសាថា លោកសោកស្ដាយដែលអាជ្ញាធរក្រុងភ្នំពេញបានបង្ក្រាបដោយហិង្សាលើកូដករ ក្នុងពេលដែលពួកគេប្រើសិទ្ធស្របច្បាប់ទាមទារសិទ្ធសេរីភាពការងារ។ លោកបន្តថា គោលបំណងក្រុមយុវជនដែលរួមគ្នាផ្ដិតមេដៃធ្វើញត្តិនេះឡើង គឺចង់ឃើញក្រសួងកិច្ចការងារ ជាពិសេស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្វែងរកអត្តសញ្ញាណអាជ្ញាធរ ដែលបានប្រើអំពើហិង្សា និងបៀតបៀនកេរ្តិ៍ខ្មាសលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាស្ត្រីភេទ។
លើសពីនេះទៀត ក្រុមយុវជនទាមទារឱ្យបញ្ឈប់តួនាទីមន្ត្រីទាំងនោះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៖ «ការប្រើអំពើហិង្សា បៀតបៀនកេរ្តិ៍ខ្មាសនេះ បានប៉ះពាល់អារម្មណ៍ពួកយើងតាំងពីដើមមក។ ពួកយើងធ្លាប់ជួបបទពិសោធន៍ច្រើនលើកច្រើនសា ជាពិសេស ការជួបជុំតវ៉ាឱ្យមានការដោះលែងលោកគ្រូ រ៉ុង ឈុន ហ្នឹងមានកងសន្តិសុខប្រើអំពើហិង្សាជាន់ពួកយើងជាស្រ្តី លូកដៃចាប់កេរ្តិ៍ខ្មាសពួកយើង។ មកដល់ពេលនេះ អត់ឃើញមានចំណាត់ផ្តល់យុត្តិធម៌ជូនពួកយើងទេ។ សូម្បីតែអត្តសញ្ញាណអ្នកធ្វើអំពើល្មើសហ្នឹង ក៏រកមិនទាន់ឃើញ និងគ្មានការដាក់ទោសទណ្ឌអ្វីទាំងអស់»។
ក្រុមយុវជនថា ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារីយល់ព្រមទទួលញត្តិរបស់ពួកគេហើយ ប៉ុន្តែក្រុមយុវជនមិនទាន់ទទួលបានការឆ្លើយតបណាមួយពីខាងភាគីក្រសួងទាំងពីរនេះនៅឡើយទេ។ ក្នុងខ្លឹមសារញតិ្តនោះ ពួកគេក៏បានភ្ជាប់ហេតុការណ៍បង្ក្រាបរបស់អាជ្ញាធរទាំងប្រើអំពើហិង្សាការបៀតបៀនផ្លូវភេទកូដករ ដែលភាគច្រើនជាស្ត្រីឱ្យឡើងរថយន្តទាំងកម្រោល។ កាលពីថ្ងៃទី២២ កុម្ភៈកន្លងទៅ អាជ្ញាធរប្រើពាក្យសម្ដីជេរប្រមាថ ស្រែកគំរាមកំហែង ខណៈពួកគាត់ចេញទាមទារដំណោះស្រាយដោយសន្តិវិធីនៅក្បែរអគារក្រុមហ៊ុន។ ក្រុមយុវជនរំពឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារីនឹងចាត់វិធានការឱ្យមានប្រសិទ្ធលើមន្ត្រីថ្នាក់ក្រោមដែលអនុវត្តតួនាទីផ្ទុយពីច្បាប់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យក្រសួងកិច្ចការនារី លោក ម៉ាន ចិន្តា ដើម្បីសាកសួរពីការដាក់ញតិ្តរបស់ក្រុមយុវជននេះបានទេ នៅថ្ងៃទី៤ មេសា។
ប៉ុន្តែ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន លើកឡើងថា ការបៀតបៀនរូបរាងការគឺជាបទព្រហ្មទណ្ឌ ដូច្នោះលោកជំរុញឱ្យក្រុមកូដករដាក់ពាក្យប្ដឹងទៅអាជ្ញាធរ និងស្ថាប័នតុលាការ។ លោកបន្តថា ប្រសិនកូដករមានភស្តុតាងគ្រប់គ្រាន់ នោះតុលាការនឹងវិភាគលើសំណុំរឿងដើម្បីដាក់បន្ទុកលើជនដៃដល់ទាំងនោះ៖ «ប៉ុន្តែប្រសិនបើគ្មានភស្តុតាងច្បាស់លាស់ទេ ហើយយើងធ្វើការប្ដឹងអាជ្ញាធរគឺ ជារឿងមួយមិនត្រឹមត្រូវតាមគតិយុត្តិសមត្ថកិច្ចនឹងមានចំណាត់ការចំពោះបញ្ហាហ្នឹង។ ដូច្នេះ ទុកលទ្ធភាពឱ្យសមត្ថកិច្ច ដែលក្រុមយុវជនបានដាក់ញត្តិនោះធ្វើការពិនិត្យ ពិចារណា ស្រាវជ្រាវករណីនេះ ហើយយើងសង្ឃឹមថា នឹងមានចំណាត់ការដ៏ត្រឹមត្រូវតាមគតិយុត្តិ ចំពោះបញ្ហាដែលបានកើតឡើងកន្លងមកនេះ»។
កាលពីដើមខែមីនាកន្លងទៅ បើទោះជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានកោះហៅមន្ត្រីពាក់ព័ន្ធច្រើនក្រសួងស្ថាប័ន ដើម្បីដោះស្រាយវិវាទការដ៏រ៉ាំរ៉ៃមួយនេះយ៉ាងក្ដី មកដល់ពេលនេះការចរចារបស់ភាគីក្រុមហ៊ុននៅតែមានភាពតាន់តឹងមិនព្រមទទួលយកវត្តមានសហជីព និងកម្មករជាង២០០នាក់ឱ្យចូលបម្រើការងារវិញនៅឡើយ។
ក្រៅពីនេះ អាជ្ញាធរបានដាក់កម្លាំងពង្រាយកាន់តែច្រើនជាងមុន ដើម្បីរារាំងកូដករដែលហ៊ានងើបតវ៉ាដោយសន្តិវិធី ។ ជាពិសេសរយៈពេលចុងក្រោយនេះ អាជ្ញាធរ និងជនស្លៀកពាក់ស៊ីវិលជាច្រើននាក់ បានឡោមព័ទ្ធរុញច្រានកូដករណាហ្គាវើលដ៍ទាំងកណ្ដាលភ្លៀង ព្រមទាំងជេរប្រមាថបង្ខំកូដករឱ្យឡើងរថយន្តក្រុងពេលពួកគាត់ជួបជុំតវ៉ាក្បែរអគារក្រុមហ៊ុន។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការដាក់ញាតិរបស់ក្រុមយុវជនជាបន្តបន្ទាប់នេះ ដោយសារអាជ្ញាធរនៅតែបន្តប្រើទម្រង់ហិង្សាបង្ក្រាបលើកូដករ។
លោក អំ សំអាត ស្នើដល់ក្រសួងពាក់ព័ន្ធគួរណាជំរុញឱ្យភាគីក្រុមហ៊ុនពន្លឿនការដោះស្រាយបញ្ចប់វិវាទនេះប្រកបដោយតម្លាភាពត្រឹមត្រូវតាមច្បាប់ ដើម្បីបញ្ចៀសការរំលោភបំពាន និងប្រើអំពើហិង្សាលើក្រុមកូដករតទៅទៀត៖ «ចំណាត់របស់អាជ្ញាធរទៅលើក្រុមកូដករនេះ ហាក់បីដូចជាធ្ងន់ធ្ងរទៅ។ កាតព្វកិច្ចរបស់អាជ្ញាធរគឺ រក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ នៅពេលដែលកូដករតវ៉ាដោយអហិង្សា គួរណាអាជ្ញាធរមិនគួរណាប្រើអំពើហិង្សាដើម្បីឆ្លើយតបទេ»។
កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលមកពីច្រើនវិស័យ រួមទាំងសហគមន៍មូលដ្ឋានស្ទើរគ្រប់ខេត្តសរុប៧៣ ស្ថាប័ន និងសហគមន៍ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយថ្កោលទោសទង្វើរំលោភបំពានរបស់អាជ្ញាធរ ដែលបានប្រើអំពើហិង្សា បំភិតបំភ័យ និងបៀតបៀនកេរ្តិ៍ខ្មាស់លើក្រុមកូដករ ដែលភាគច្រើនជាស្ត្រី។
ពួកគេទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ឈប់ការប្រើអំពើហិង្សាលើក្រុមកូដករ និងត្រូវជំរុញឱ្យភាគីក្រុមហ៊ុនដោះស្រាយវិវាទការងារនេះដោយស្មោះត្រង់ស្របតាមច្បាប់ស្ដីពីការងារ។
ក្រុមយុវជនខ្មែរថាវរៈថា បើការដាក់ញត្តិទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី នៅតែពុំទទួលបានលទ្ធផលជាវិជ្ជមាន ពួកគេនឹងចងក្រងភស្តុតាងបន្ថែមបន្តរៀបចំពាក្យបណ្ដឹងទៅកាន់តុលាការបន្ថែមទៀត។ ក្រុមយុវជនចូលរួមដាក់ញត្តិនេះភាគច្រើនសុទ្ធសឹងជាអតីតអ្នកទោសមនសិការក្នុងនោះរួមមានលោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី លោក ស្វាយ សំណាង និងអតីតសកម្មជនមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី។ ពួកគេធ្លាប់ត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ដាក់ក្នុងពន្ធនាគារដោយសារតែការតវ៉ាឱ្យតុលាការដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងការឈឺឆ្អាលបញ្ហាបាត់បង់ធនធានធម្មជាតិ៕
No comments:
Post a Comment