ដោយ មាន ឫទ្ធិ
2022-04-11
(រាប់ពីស្តាំមកឆ្វេង) លោក សុន ឆ័យ មន្ត្រីគណបក្សភ្លើងទៀន បានជួបជាមួយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នៅទីស្តីការ គ.ជ.ប នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
រូប៖ អ្នកនាំពាក្យ NEC
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនលើកសំណើបីចំណុចក្នុងពេលជួបជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដោះស្រាយ ដើម្បីធានាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខ ប្រព្រឹត្តដោយសេរី និងយុត្តិធម៌ គ្មានការគំរាមកំហែង និងមិនត្រូវដកសិទ្ធិនយោបាយ។ ជំនួបពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីបក្សនេះដាក់សំណើសុំជួបប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ កាលពីថ្ងៃទី៥ ខែមេសា ក្រោយពេលសកម្មជន និងបេក្ខជនឃុំ សង្កាត់បក្សនេះជាច្រើននាក់ ត្រូវបានអាជ្ញាធរធ្វើទុក្ខបុកម្នេញ និងលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ មន្រ្តីសង្គមស៊ីវិលយល់ថា គ.ជ.ប មានកាតព្វកិច្ចដោះស្រាយសំណើរបស់គណបក្សនយោបាយដោយយុត្តិធម៌ និងឥតលម្អៀង ដើម្បីផ្តល់ទំនុកចិត្តដល់គ្រប់ភាគី។
មន្ត្រីគណបក្សភ្លើងទៀន ដឹកនាំដោយលោក សុន ឆ័យ និងប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំដោយលោក ទេព នីថា បានជួបពិភាក្សាបញ្ហាមួយចំនួន នៅទីស្តីការ គ.ជ.ប នៅព្រឹកថ្ងៃទី១១ ខែមេសា។ ក្នុងជំនួបនេះ មន្ត្រីបក្សភ្លើងទៀនបានលើកសំណើចំនួនបីចំណុចដើម្បីស្នើដល់ គ.ជ.ប ដោះស្រាយទាក់ទងនឹងការលុបបញ្ជីបេក្ខជន និងការគំរាមកំហែង បំភិតបំភ័យ ព្រមទាំងស្នើបង្កើតក្រុមការងារ ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ដើម្បីធានាថាការបោះឆ្នោតនៅពេលខាងមុខដំណើរការដោយសេរី និងយុត្តិធម៌។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វិទ្យុអាស៊ីសេរីក្រោយជំនួបនោះថាជំនួបរវាងភាគីទាំងពីរមិនទាន់ទទួលបានលទ្ធល្អប្រសើរនៅឡើយទេ ពីព្រោះភាគី គ.ជ.ប នៅតែបដិសេធសំណើដាក់បញ្ជីបេក្ខជនថ្មីរបស់បក្សភ្លើងទៀនទាំង១១ឃុំ សង្កាត់ ដែលត្រូវបានលុបចោលមិនឱ្យចូលរួមការបោះឆ្នោតកន្លងទៅ។ ប៉ុន្តែលោកថាស្ថាប័នរៀបចំការបោះឆ្នោតមួយនេះសន្យាថានឹងកែសម្រួលខ្លឹមសារច្បាប់នៅពេលក្រោយទាក់ទងនឹងការលុបបញ្ជីបេក្ខជនគណបក្សនយោបាយនោះ និងសន្យាថាដោះស្រាយករណីកំរាមកំហែងលើសកម្មជនគណបក្សភ្លើងទៀនបន្ថែមទៀត។ លោក សុន ឆ័យ រំពឹងថា គ.ជ.ប និងចាត់វិធានការបញ្ហាទាំងនោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ពីព្រោះបច្ចុប្បន្នសកម្មជនរបស់លោករងការគំរាមកំហែង បំភិតបំភ័យពីសំណាក់អាជ្ញាធរបក្សកាន់អំណាច ជាពិសេសការចាប់ខ្លួន និងកោះហៅជាហូហែ ដូចជានៅខេត្តកំពង់ចាមចំនួន២ករណី ពោធិ៍សាត់៤ករណី ព្រៃវែង៣ករណី និងប៉ៃលិន១ករណី ដែលធ្វើឱ្យពួកគេមិនអាចធ្វើសកម្មភាពនយោបាយស្របតាមច្បាប់៖ «ស្រាប់តែឃើញសកម្មជនបក្សភ្លើងទៀនធ្វើការងារសកម្ម និងមានប្រសិទ្ធភាព តាំងកោះហៅបំភិតបំភ័យ ជាមួយគ្នារឿងប័ណ្ណក្រីក្រអីគំរាមពលរដ្ឋសូម្បីមកឈរអ្នកសង្កេតការណ៍ឱ្យគណបក្សអត់ហ៊ានមក ចឹងឱ្យគាត់ចាត់វិធានការ ព្រោះ គ.ជ.ប មានសិទ្ធិដែរ ដើម្បីបង្កបរិយាកាសល្អដល់ការបោះឆ្នោតហ្នឹង»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា គ.ជ.ប ស្វាគមន៍ជំនួបជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀនពេលនេះ ហើយថា គ.ជ.ប នឹងយកសំណើនោះទៅប្រជុំដើម្បីពិនិត្យនិងសម្រេច។ ចំណែកការសម្រេចលុបបញ្ជីបេក្ខជនគណបក្សភ្លើងទៀនកន្លងមកវិញ លោកបញ្ជាក់ថា គ.ជ.ប មានសិទ្ធិសម្រេចពេញលេញស្របតាមច្បាប់ និងផ្អែកលើភស្តុតាងត្រឹមត្រូវ៖ «ក្នុងនាម គ.ជ.ប ស្វាគមន៍ទទួលយកនូវអនុសាសន៍ទាំងឡាយ មិនត្រឹមតែគណបក្សភ្លើងទៀនទេ ជាមួយគណបក្សផ្សេងជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ហើយចំពោះជាមួយអាជ្ញាធរដែនដី គឺហួសដែនសមត្ថកិច្ចរបស់ គ.ជ.ប ហើយ ចឹងគណបក្សត្រូវតែធ្វើការងារបន្ថែមជាមួយអាជ្ញាធរដែនដី ពីព្រោះអ្វីដែល គ.ជ.ប សង្កេតឃើញកន្លងមកគឺការមិនយល់គ្នា»។
កាលពីថ្ងៃទី៤ ខែមេសា គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍សោកស្តាយចំពោះ គ.ជ.ប ដែលសម្រេចលុបបញ្ជីបេក្ខជនរបស់គណបក្សនេះចំនួន១១ ឃុំ សង្កាត់ ទូទាំងប្រទេសមិនឱ្យចូលរួមប្រកួតប្រជែងការបោះជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ ពួកគេចាត់ទុកសេចក្តីសម្រេចនេះថា ជារឿងអយុត្តិធម៌ និងធ្វើឡើងតាមជំនោរនយោបាយ ដោយមិនបានអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ និងពុំបានស៊ើបអង្កេតច្បាស់លាស់។ គណបក្សភ្លើងទៀន អំពាវនាវឱ្យ គ.ជ.ប ពិចារណាឡើងវិញ ដោយរក្សាទុកបញ្ជីឈ្មោះបេក្ខជនទាំងនោះ ដើម្បីធានាថាការបោះឆ្នោតធ្វើឡើងដោយអព្យាក្រិត្យ យុត្តិធម៌ និងតម្លាភាពដែលពលរដ្ឋជឿទុកចិត្តបាន។
ជំនួបពិភាក្សារវាងមន្រ្តីគណបក្សភ្លើងទៀនជាមួយមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនពីរលើករួចមកហើយ ដើម្បីដោះស្រាយករណីធ្វើទុក្ខបុកម្នេញ និងលុបបញ្ជីឈ្មោះបេក្ខជនចេញពីឃុំសង្កាត់មួយចំនួន។ ករណីទាំងនេះ គណបក្សភ្លើងទៀន ក៏គ្រោងដាក់បញ្ជីឈ្មោះ និងភស្តុតាងពាក់ព័ន្ធការគំរាមកំហែង បំភិតបំភ័យលើសកម្មជនបក្ស ទៅក្រសួងមហាផ្ទៃដើម្បីស្នើសុំអន្តរាគមន៍ឆាប់ៗនេះដែរ។
ទោះយ៉ាងណា មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស កត់សម្គាល់ឃើញថា ជំនួបពិភាក្សារវាងគណបក្សភ្លើងទៀន និង គ.ជ.ប នេះ គឺជារឿងល្អ ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងដោយសន្តិវិធី។ លោកបន្តថា ក្រៅពីអនុវត្តតូនាទី គ.ជ.ប និងអាជ្ញាធរក៏ត្រូវទទួលយកសំណើរបស់ភាគីពាក់ព័ន្ធទៅស៊ើបអង្កេតដោះស្រាយប្រកបដោយការទទួលខុសត្រូវ និងឥតម្អៀងដែរ។ ម្យ៉ាងវិញទៀតមន្រ្តីសង្គមស៊ីវិលរូបនេះថា គ.ជ.ប មានសិទ្ធិសម្រេចលុបបញ្ជីបេក្ខជនរបស់គណបក្សនយោបាយក៏ពិតមែន ប៉ុន្តែស្ថាប័ននេះក៏ត្រូវផ្អែកលើគោលការណ៍យុត្តិធម៌ និងសិទ្ធិនយោបាយផងដែរ ព្រោះច្បាប់មិនចង្អុលបង្ហាញថា បេក្ខជនមានកំហុសកម្រិតណាត្រូវលុបបញ្ជីឈ្មោះទាំងស្រុងនោះទេ ដូច្នេះ គ.ជ.ប គួរពិនិត្យនិងបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ទំនុកចិត្តពីគ្រប់ភាគី៖ «អាជ្ញាធរមានសមត្ថកិច្ចលើជនដែលបានប្រព្រឹត្តបញ្ហាដែលមានភាពមិនប្រក្រតីចំពោះតួនាទីរបស់ខ្លួនហ្នឹង គឺត្រូវមានការស៊ើបអង្កេតរកហេតុផលអ្នកដែលបានលើឡើងអំពីបញ្ហាទាំងអស់ហ្នឹង ហើយនេះជាចំណុចសំខាន់ណាស់ ដែលស្ថាប័នមានសមត្ថកិច្ច និង គ.ជ.ប ត្រូវធ្វើការដោះស្រាយហ្នឹងបាទ»។
រហូតមកដល់ពេលនេះ សកម្មជន និងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនចំនួន ៤នាក់ ហើយត្រូវអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារ និងមួយចំនួនទៀតត្រូវកោះហៅពីបទញុះញង់ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង និងរួមគំនិតក្បត់។ ទន្ទឹមនឹងនេះសកម្មជន និងបេក្ខជនគណបក្សនេះមួយចំនួនទៀត បានទទួលរងការធ្វើទុក្ខបុកម្នេញ បំបាក់ស្មារតីពីសំណាក់អាជ្ញាធរ និងជនមិនស្គាល់មុខ ស្ទើរគ្រប់រូបភាព បើទោះបីរដ្ឋាភិបាលបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងនោះត្រូវបង្កបរិយាកាសបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយល្អ និងគ្មានការធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំងយ៉ាងណាក្តី។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនដើម្បីតៀមចូលរួមប្រកួតប្រែងការបោះឆ្នោតនោះ។ ជាមួយគ្នានេះ គណបក្សភ្លើងទៀន បានរៀបចំបេក្ខជនទូទាំងប្រទេសប្រដំប្រសងនឹងគណបក្សកាន់អំណាច ដោយរៀបបានជាង១.៦០០ ឃុំ សង្កាត់ ទូទាំងប្រទេស។ គណបក្សភ្លើងទៀនដែលប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី នេះរងការធ្វើទុក្ខបុកម្នេញច្រើនជាងគេពីអាជ្ញាធរមូលដ្ឋាន ក្នុងចំណោមគណបក្សនយោបាយទាំងអស់៕
1 comment:
The Candle light party must fight hard to get an unbiased National Election Committee. And the right time to fight it is NOW.
Post a Comment