Tuesday 12 April 2022

គណបក្ស​ភ្លើងទៀន​ដាក់​សំណើ​បី​ចំណុច​ទៅ គ.ជ.ប ឱ្យ​ដោះស្រាយ​មុនការ​បោះឆ្នោត​ជិត​មក​ដល់


ដោយ មាន ឫទ្ធិ
2022-04-11
គណបក្ស​ភ្លើងទៀន​ដាក់​សំណើ​បី​ចំណុច​ទៅ គ.ជ.ប ឱ្យ​ដោះស្រាយ​មុនការ​បោះឆ្នោត​ជិត​មក​ដល់ 

(រាប់ពីស្តាំមកឆ្វេង) លោក សុន ឆ័យ មន្ត្រី​គណបក្ស​​​ភ្លើង​​​ទៀន​​ បានជួបជាមួយ​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នៅ​​ទី​ស្តី​ការ គ.ជ.ប​ នៅ​​ព្រឹក​​ថ្ងៃ​​ទី​១១ ខែមេសា ឆ្នាំ២០២២។
រូប៖ អ្នកនាំពាក្យ NEC


ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​លើក​សំណើ​បី​ចំណុច​ក្នុង​ពេល​ជួបជា​មួយ ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប ​ដោះ​ស្រាយ ដើម្បី​ធានា​​ការ​​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ខាង​មុខ ប្រព្រឹត្ត​ដោយ​សេរី និង​យុត្តិធម៌ គ្មាន​ការ​គំរាម​កំហែង និង​មិនត្រូវ​ដក​សិទ្ធិ​នយោ​បាយ។ ​ជំនួប​​ពិភាក្សា​​​នេះ ធ្វើ​​​ឡើង​​​បន្ទាប់​​ពី​​​បក្ស​​នេះ​​ដាក់សំណើ​​សុំ​​ជួប​ប្រធាន គ.ជ.ប ​លោក ប្រាជ្ញ ចន្ទ កាល​​ពី​​ថ្ងៃ​ទី៥ ខែមេសា ក្រោយ​ពេល​​សកម្ម​​ជន និង​​​បេក្ខ​ជន​​​ឃុំ ​​​សង្កាត់​​​​បក្ស​នេះ​​ជា​​​ច្រើន​​​នាក់ ត្រូវ​បាន​អាជ្ញាធរ​​​​​ធ្វើ​​ទុក្ខ​​​បុក​​​ម្នេញ​​ និង​​លុប​​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​​បោះ​ឆ្នោត។ មន្រ្តី​​​សង្គម​​​​ស៊ីវិលយល់​ថា គ.ជ.ប មាន​កាតព្វ​កិច្ច​ដោះ​ស្រាយ​សំណើ​របស់​គណបក្ស​នយោ​បាយដោយ​យុត្តិធម៌ និង​ឥត​លម្អៀង ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​គ្រប់​ភាគី។


មន្ត្រី​គណបក្ស​​​ភ្លើង​​​ទៀន​​ ដឹក​នាំ​​ដោយ​​លោក សុន ឆ័យ និង​​ប្រតិភូ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) ​ដឹក​នាំ​​ដោយ​​លោក ទេព នីថា បាន​​ជួប​ពិភាក្សា​​​​បញ្ហា​​​មួយ​​ចំនួន នៅ​​ទី​ស្តី​ការ គ.ជ.ប​ នៅ​​ព្រឹក​​ថ្ងៃ​​ទី​១១ ខែមេសា។ ក្នុងជំនួប​នេះ មន្ត្រី​បក្ស​ភ្លើង​ទៀន​បាន​លើក​សំណើ​ចំនួន​បី​ចំណុច​ដើម្បី​ស្នើ​ដល់ គ.ជ.ប ដោះ​ស្រាយ​ទាក់​ទង​នឹង​ការ​លុប​បញ្ជី​បេក្ខ​ជន និង​​ការ​​គំរាម​​កំហែង បំភិតបំភ័យ ព្រម​ទាំង​ស្នើ​បង្កើត​ក្រុម​ការ​ងារ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឱ្យ​ទាន់​ពេល​វេលា ដើម្បី​ធានា​ថា​​ការ​​បោះ​​ឆ្នោត​នៅ​ពេល​ខាង​មុខ​ដំណើរ​ការ​​ដោយ​​សេរី និង​​យុត្តិ​ធម៌។

អនុ​​​ប្រធាន​​​​​គណបក្ស​​​​​ភ្លើង​​​​​ទៀន​ លោក សុន ឆ័យ ប្រាប់​​​វិទ្យុ​​​អាស៊ី​​​សេរី​​​ក្រោយជំនួប​​នោះ​​ថា​ជំនួប​រវាង​ភាគី​ទាំង​ពីរ​មិន​ទាន់​ទទួល​បាន​លទ្ធ​ល្អ​ប្រសើរ​នៅ​ឡើយទេ ពី​ព្រោះ​ភាគី គ.ជ.ប នៅ​តែ​បដិសេធ​សំណើ​ដាក់​បញ្ជី​បេក្ខជន​ថ្មី​របស់​បក្ស​ភ្លើងទៀន​ទាំង​១១ឃុំ សង្កាត់ ដែល​ត្រូវ​បាន​លុប​ចោល​មិន​ឱ្យ​ចូល​រួម​ការ​បោះ​ឆ្នោតកន្លង​ទៅ។ ប៉ុន្តែ​លោក​ថា​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ​សន្យា​​ថា​នឹង​កែសម្រួល​ខ្លឹម​សារ​ច្បាប់​នៅ​ពេល​ក្រោយ​ទាក់​ទង​នឹង​ការ​លុប​បញ្ជី​បេក្ខជន​គណបក្ស​នយោ​បាយ​នោះ និង​សន្យា​​ថា​​ដោះ​​ស្រាយ​ករណី​កំរាម​កំហែង​លើ​សកម្ម​ជនគណបក្ស​ភ្លើង​ទៀន​​បន្ថែម​​ទៀត។ លោក សុន ឆ័យ រំពឹងថា គ.ជ.ប និង​ចាត់វិធាន​ការ​បញ្ហា​ទាំ​ងនោះ​ឱ្យ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធិភាព ពី​ព្រោះបច្ចុប្បន្ន​សកម្ម​ជន​របស់​លោក​រង​ការ​គំរាម​កំហែង បំភិត​បំភ័យ​ពី​សំណាក់​អាជ្ញាធរ​​បក្ស​កាន់​អំណាច ជាពិសេស​ការ​ចាប់​ខ្លួន និង​កោះ​ហៅ​ជា​ហូហែ ដូច​ជា​នៅខេត្ត​កំពង់​​ចាម​ចំនួន​២ករណី ពោធិ៍សាត់​៤ករណី ព្រៃវែង​៣​ករណី និង​ប៉ៃលិន​១ករណី ដែល​ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ធ្វើ​សកម្ម​ភាព​នយោ​បាយ​ស្រប​តាម​ច្បាប់៖ «ស្រាប់​តែ​ឃើញ​សកម្ម​ជនបក្ស​ភ្លើង​ទៀន​ធ្វើ​ការ​ងារ​សកម្ម និងមាន​ប្រសិទ្ធ​ភាព តាំង​កោះ​ហៅ​បំភិត​បំភ័យ ជាមួយ​គ្នា​រឿង​ប័ណ្ណ​ក្រីក្រ​អី​គំរាមពលរដ្ឋ​សូម្បី​មក​ឈរ​អ្នក​សង្កេត​ការណ៍​ឱ្យ​គណបក្ស​អត់​ហ៊ាន​មក ចឹង​ឱ្យ​គាត់ចាត់​វិធាន​ការ ព្រោះ គ.ជ.ប មាន​សិទ្ធិ​ដែរ ដើម្បី​បង្ក​បរិយា​កាស​ល្អ​ដល់​ការ​បោះឆ្នោត​ហ្នឹង»។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គ.ជ.ប  ស្វាគមន៍​ជំនួប​ជា​មួយ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ពេល​នេះ ហើយ​ថា គ.ជ.ប នឹង​យក​សំណើ​នោះ​ទៅប្រជុំ​ដើម្បី​ពិនិត្យ​និង​សម្រេច។ ចំណែក​ការ​សម្រេច​លុប​បញ្ជី​បេក្ខជន​គណ​បក្សភ្លើង​ទៀន​កន្លង​មក​វិញ លោក​បញ្ជាក់​ថា គ.ជ.ប មាន​សិទ្ធិ​សម្រេច​ពេញ​លេញស្រប​តាម​ច្បាប់ និង​ផ្អែក​លើ​ភស្តុ​តាង​ត្រឹម​ត្រូវ៖ «ក្នុង​នាម គ.ជ.ប ស្វាគមន៍​ទទួល​យក​នូវ​អនុសាសន៍​ទាំង​ឡាយ មិន​ត្រឹមតែ​គណបក្ស​ភ្លើង​ទៀន​ទេ ជា​មួយ​គណបក្ស​ផ្សេង​ជា​មួយ​ភាគី​ពាក់​ព័ន្ធផ្សេង​ទៀត ហើយ​ចំពោះ​ជា​មួយ​អាជ្ញាធរ​ដែន​ដី គឺ​ហួស​ដែន​សមត្ថ​កិច្ច​របស់ គ.ជ.ប ហើយ ចឹង​គណបក្ស​ត្រូវ​តែ​ធ្វើ​ការ​ងារ​បន្ថែម​ជា​មួយ​អាជ្ញាធរ​ដែន​ដី ពី​ព្រោះ​អ្វីដែល គ.ជ.ប សង្កេត​ឃើញ​កន្លង​មក​គឺ​ការ​មិន​យល់​គ្នា»។

កាល​ពី​ថ្ងៃទី៤ ខែមេសា គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សោកស្តាយ​ចំពោះ គ.ជ.ប ដែល​សម្រេច​លុប​បញ្ជី​បេក្ខ​ជន​របស់​គណបក្សនេះ​ចំនួន១១ ឃុំ សង្កាត់ ទូទាំង​ប្រទេស​មិន​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ជ្រើស​រើសក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥។ ពួកគេ​ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ថា ជារឿង​អយុត្តិ​ធម៌ និង​ធ្វើ​ឡើង​តាម​ជំនោរ​នយោ​បាយ ដោយ​មិន​បាន​អនុវត្ត​តាមច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ពុំ​បាន​ស៊ើប​អង្កេត​ច្បាស់​លាស់។ គណបក្ស​ភ្លើង​ទៀន អំពាវ​នាវ​ឱ្យ គ.ជ.ប ពិចារណា​ឡើង​វិញ ដោយ​រក្សា​ទុក​បញ្ជី​ឈ្មោះ​បេក្ខជន​ទាំងនោះ ដើម្បី​ធានា​ថា​ការ​បោះ​ឆ្នោតធ្វើ​ឡើង​ដោយ​អព្យាក្រិត្យ យុត្តិធម៌ និង​តម្លាភាព​ដែល​ពលរដ្ឋ​ជឿ​ទុក​ចិត្ត​បាន។

ជំនួប​ពិភាក្សា​រវាង​មន្រ្តី​​គណបក្ស​​ភ្លើង​​ទៀន​​​​ជា​​មួយ​​​មន្រ្តី​​គណៈ​​កម្មា​​ធិការ​​​ជាតិ​​​រៀប​ចំ​ការ​​​បោះ​​​ឆ្នោត (គ.ជ.ប) ចំនួន​ពីរ​លើក​រួច​មក​ហើយ ដើម្បី​ដោះ​ស្រាយ​ករណីធ្វើទុ​ក្ខ​បុក​ម្នេញ និង​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​ចេញ​ពី​ឃុំ​សង្កាត់​មួយ​ចំនួន។ ករណីទាំង​នេះ គណបក្ស​ភ្លើង​ទៀន ក៏​គ្រោង​​ដាក់​​បញ្ជី​ឈ្មោះ និង​ភស្តុតាង​ពាក់​ព័ន្ធ​ការគំរាម​កំហែង បំភិត​បំភ័យ​លើ​សកម្ម​ជន​បក្ស ទៅ​​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្នើ​សុំអន្តរាគមន៍​ឆាប់ៗ​នេះ​ដែរ។

ទោះ​យ៉ាង​ណា មន្រ្តី​​​​ជាន់​​​​ខ្ពស់​​​​ផ្នែក​​​​អង្កេត និង​​​​តស៊ូ​​​មតិ​​​​នៃ​​​​អង្គ​ការ​​​​ខុម​​​​ហ្រ្វែល (Comfrel) លោក កន សាវាង្ស កត់​សម្គាល់​ឃើញ​ថា​ ជំនួប​ពិភាក្សា​រវាង​គណបក្ស​ភ្លើង​ទៀន និង គ.ជ.ប នេះ គឺ​ជា​រឿង​ល្អ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​កើតឡើង​ដោយ​សន្តិ​វិធី។ លោក​បន្ត​ថា ​ក្រៅ​ពី​អនុវត្ត​តូ​នាទី គ.ជ.ប និង​អាជ្ញាធរ​ក៏​ត្រូវទទួល​យក​សំណើ​របស់​ភាគី​ពាក់ព័ន្ធ​ទៅ​ស៊ើប​អង្កេត​ដោះ​ស្រាយ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវ និង​ឥត​ម្អៀង​ដែរ។ ម្យ៉ាង​វិញ​ទៀត​មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះថា គ.ជ.ប មាន​សិទ្ធិ​សម្រេច​លុប​បញ្ជី​បេក្ខ​ជន​របស់​គណបក្ស​នយោ​បាយ​ក៏​ពិត​មែន ប៉ុន្តែ​ស្ថាប័ន​នេះក៏​ត្រូវ​ផ្អែក​លើ​គោល​ការណ៍​យុត្តិធម៌ និង​សិទ្ធិ​នយោ​បាយ​ផង​ដែរ ព្រោះ​ច្បាប់​មិន​ចង្អុល​បង្ហាញ​ថា បេក្ខជន​មាន​កំហុស​កម្រិត​ណា​ត្រូវ​លុប​បញ្ជីឈ្មោះ​ទាំង​ស្រុង​នោះ​ទេ ដូច្នេះ គ.ជ.ប គួរ​ពិនិត្យ​និង​បក​ស្រាយ​ឱ្យ​បានច្បាស់​លាស់ ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ពី​គ្រប់​ភាគី៖ «អាជ្ញាធរ​មាន​សមត្ថ​កិច្ច​លើ​ជន​ដែល​បាន​ប្រព្រឹត្ត​បញ្ហា​ដែលមាន​ភាព​មិន​ប្រក្រតី​ចំពោះ​តួនាទី​របស់​ខ្លួន​ហ្នឹង គឺ​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​រកហេតុ​ផល​អ្នក​ដែល​បាន​លើ​ឡើង​អំពី​បញ្ហា​ទាំង​អស់​ហ្នឹង ហើយ​នេះ​ជា​ចំណុចសំខាន់​ណាស់ ដែល​ស្ថាប័ន​មាន​សមត្ថកិច្ច និង គ.ជ.ប ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយហ្នឹង​បាទ»។

រហូត​​មក​​​ដល់​​​ពេល​​​នេះ សកម្ម​​ជន និង​​​បេក្ខ​ជន​​​ឈរ​​​ឈ្មោះ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​គណបក្ស​​​ភ្លើង​​​ទៀន​​ចំ​នួន​ ៤នាក់​ ហើយ​​ត្រូវ​អាជ្ញាធរ​​រដ្ឋា​​ភិបាល​​លោក ហ៊ុន សែន ចាប់​​ខ្លួន​​ដាក់​​ពន្ធនា​​គារ ​និង​មួយ​ចំនួន​ទៀត​ត្រូវ​កោះ​ហៅ​ពី​​បទ​ញុះញង់ ក្លែង​​បន្លំ​ឯក​​សារ​​​សាធារណៈ និង​​ប្រើ​ប្រាស់​​ឯក​​សារ​​ក្លែង និង​រួម​គំនិត​ក្បត់។ ទន្ទឹម​​នឹង​​នេះ​សកម្ម​​ជន និង​​​បេក្ខ​​ជន​​គណបក្ស​​នេះ​​មួយ​​ចំនួន​​​ទៀត​​ បាន​​​ទទួល​​​រង​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​ម្នេញ បំបាក់​​​ស្មារតី​​​​​ពី​​​សំណាក់​​​​អាជ្ញា​ធរ​ និង​​​​​ជន​​​​មិន​​​​ស្គាល់​​​​មុខ ស្ទើរ​​គ្រប់​​រូប​​ភាព បើ​ទោះ​​​បី​​រដ្ឋា​​ភិបាល​​បាន​​ណែនាំ​​ឱ្យ​​អាជ្ញាធរ​​មាន​​សមត្ថកិច្ច​​ទាំង​​នោះ​​ត្រូវ​​បង្ក​​បរិយា​កាស​​បោះ​​ឆ្នោត​​ខាង​​មុខ​​ប្រព្រឹត្ត​​ទៅ​ដោយ​​ល្អ និង​​គ្មាន​​ការ​​ធ្វើ​​ទុក្ខ​បុក​​ម្នេញ​​លើ​សំឡេង​​ប្រឆាំង​​យ៉ាង​​ណា​ក្តី។​

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ខាង​មុខនេះ មាន​គណបក្ស​នយោ​បាយ​ចំនួន ១៧ បាន​ដាក់​បេក្ខជន​ដើម្បី​តៀម​ចូល​រួមប្រកួត​ប្រែង​ការ​បោះ​ឆ្នោត​នោះ។ ជា​មួយ​គ្នា​នេះ គណបក្ស​ភ្លើង​ទៀន បាន​រៀប​ចំបេក្ខជន​ទូទាំង​ប្រទេស​ប្រដំ​ប្រសង​នឹង​គណបក្ស​កាន់​អំណាច ដោយ​រៀប​បានជាង១.៦០០ ឃុំ សង្កាត់ ទូទាំង​ប្រទេស។ គណបក្ស​ភ្លើង​ទៀន​ដែល​ប្តូរ​ឈ្មោះ​ពីគណ​បក្ស សម រង្ស៊ី នេះ​រង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ច្រើន​ជាង​គេ​ពី​អាជ្ញាធរ​មូល​ដ្ឋាន ក្នុង​ចំណោម​គណបក្ស​នយោ​បាយ​ទាំង​អស់៕

1 comment:

Anonymous said...

The Candle light party must fight hard to get an unbiased National Election Committee. And the right time to fight it is NOW.