ដោយ មាន ឫទ្ធិ
2022-04-12
ក្រុមស្ត្រីថ្ងៃសុក្រនិងកូនប្រុសសកម្មជននយោបាយបក្សប្រឆាំងរងអំពើហិង្សាដោយការលួចគប់នឹងដុំថ្មក្រោយការតវ៉ាទាមទារឱ្យដោះលែងឪពុកនិងស្វាមីរបស់ពួកគេ ដែលកំពុងជាប់ពន្ធនាគារ។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
ក្រសួងការបរទេសអាមេរិកបន្តរកឃើញថា អាជ្ញាធររដ្ឋាភិបាលជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឯអំពើនិទ្ទណ្ឌភាពឬភាពគ្មានទោសពៃរ៍នៅតែបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជាដដែល។ ក្រសួងការបរទេសអាមេរិក លើកឡើងពីការរកឃើញនេះនៅក្នុងរបាយការណ៍របស់ខ្លួន ស្ដីពីការអនុវត្តសិទ្ធិមនុស្សនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២១ ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១២ ខែមេសា។
ក្នុងរបាយការណ៍នេះក្រសួងការបរទេសអាមេរិកបញ្ជាក់ជំហរថា មានរបាយការណ៍ ដែលគួរឱ្យទុកចិត្តថា មានមន្ត្រី ឬកងកម្លាំងសមត្ថកិច្ចមួយចំនួន ដែលជាអ្នករក្សាសន្តិសុខ រួមមាន នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ បានពាក់ព័ន្ធនឹងអំពើបំពានសិទ្ធិមនុស្ស។
ក្រសួងការបរទេសអាមេរិករកឃើញថា ក្នុងឆ្នាំ២០២១ កន្លងទៅមានករណីរំលោភបំពានសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់ ដែលប្រព្រឹត្តិដោយរដ្ឋាភិបាល ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម អំពើឃោរឃៅ អមនុស្សធម៌ ការឃុំឃាំងមនុស្សតាមអំពើចិត្ត និងការប្រព្រឹត្តប្រឆាំងអ្នកទោសនយោបាយ។ ជាមួយគ្នានេះ កម្ពុជានៅតែមានបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការជ្រៀតជ្រែកតាមទំនើងចិត្តក្នុងជីវិតឯកជនរបស់ប្រជាពលរដ្ឋ ការតាមដានការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៅលើអ៊ីនធឹណិត ជាដើម។ ស្របគ្នានេះក៏មានករណីអំពើហិង្សា និងការគំរាមកំហែង ចាប់ខ្លួន ឬកាត់ទោសអ្នកសារព័ត៌មាន ដោយអយុត្តិធម៌។
ចំណែកសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបង្កើតសមាគមក៏នៅតែមានការរិតត្បិតខ្លាំង។ បន្ថែមពីនេះរដ្ឋាភិបាលនៅតែបន្តរឹតត្បិត និងធ្វើទុក្ខបុកម្នេញអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ ក្រសួងការបរទេសអាមេរិករកឃើញថា រដ្ឋាភិបាលកម្ពុជាកាត់បន្ថយសមត្ថភាពរបស់ពលរដ្ឋក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្តិវិធីតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ទន្ទឹមនឹងនោះ អំពើពុករលួយក៏កំពុងរីករាលដាល ជាពិសេស ក្នុងប្រព័ន្ធតុលាការតែម្តង។ ក្រសួងការបរទេសអាមេរិករកឃើញដែរថា រដ្ឋាភិបាលខ្វះការស៊ើបអង្កេត និងដាក់ទោសទណ្ឌចំពោះអំពើហិង្សាលើស្ត្រី ការជួញដូរមនុស្ស និងទម្រង់ដ៏អាក្រក់បំផុតនៃពលកម្មកុមារ។
របាយការណ៍ដដែលកត់សម្គាល់ថាវប្បធម៌និទណ្ឌភាពបន្តរីករាលដាល ក្នុងនោះមានការបញ្ជាក់ថាមន្ត្រីរដ្ឋាភិបាល មានទាំងកម្លាំងនគរបាលផងបានរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែករណីភាគច្រើនរដ្ឋាភិបាលបានចាត់វិធានការតិចតួច ឬមិនចាត់វិធានការសោះ។ ទាំងនោះសបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាល និងសមាជិកគ្រួសាររបស់ពួកគេ មានអភ័យឯកសិទ្ធិរួចផុតពីការដាក់ទោសទណ្ឌតាមច្បាប់។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំប្រតិកម្មពីអ្នកនាំពាក្យរដ្ឋាភិបាល និងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនៅឡើយទេ គិតត្រឹមយប់ថ្ងៃទី១២ ខែមេសា។ កន្លងទៅ ទាំងមន្ត្រីរដ្ឋាភិបាល និងទាំងមន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល តែងច្រានចោលការរកឃើញនានាអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដោយហៅរបាយការណ៍ទាំងនោះថា មានចរិតនយោបាយ៕
3 comments:
Hun Sen said that is his kind of democracy. He said don't meddle in Cambodia's affairs.
So holding the dictator's portrait didn't work so that dumb khmers are switching to holding the portrait of a gay king. This will never work too.
What will the king do? I won't be surprise if the king will face a similar fate and will live abroad like the thai king.
Post a Comment