Wednesday, 1 June 2022

ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ថា ដក​យក​ប័ណ្ណ​ក្រីក្រ​វិញ ក្រោយ​ពី​គាត់​គាំទ្រ​បក្ស​ភ្លើង​ទៀន


Khmer Circle

Well, it stands to reason, doesn't it? If you support any genuine opposition party in the Kingdom of Wonder you must be rich!

Just another VC logic...

^^^

ដោយ សុជីវី
2022.05.31
ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ថា ដក​យក​ប័ណ្ណ​ក្រីក្រ​វិញ ក្រោយ​ពី​គាត់​គាំទ្រ​បក្ស​ភ្លើង​ទៀន 

សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​សកម្មជន និង​គាំទ្រ​គណបក្ស​ភ្លើង​ទៀន នៅ​ឃុំ​កណ្ដោលជ្រំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ កាល​ពី​ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកគណបក្ស​ភ្លើង​ទៀនឃុំ​កណ្ដោលជ្រំ


ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​កណ្ដោលជ្រំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ចោទ​អាជ្ញាធរ​ថា បាន​ដក​ប័ណ្ណ​ក្រីក្រ ក្រោយ​ពី​ខ្លួន​គាំទ្រ​បក្ស​ភ្លើង​ទៀន។ ពលរដ្ឋ​លើក​ឡើង​ថា នេះ​ជា​ការ​គំរាម​កំហែង និង​ការ​រើសអើង​នយោបាយ មក​លើ​រូប​លោក​ទាំង​អយុត្តិធម៌។ ចំណែក​អាជ្ញាធរ​ស្រុក​ពញាក្រែក​តប​ថា មិន​បាន​ដក​ហូត​ប័ណ្ណ​ក្រីក្រ​ពី​ប្រជាពលរដ្ឋ​ទេ។

ស្ថិត​ក្នុង​ស្ថានភាព​ដែល​គ្រប់​គណបក្ស​នយោបាយ​កំពុង​មមាញឹក​ឃោសនា​រក​សំឡេង​ឆ្នោត ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​ចុង​សប្ដាហ៍​នេះ អាជ្ញាធរ​នៅ​តែ​គំរាម​កំហែង​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ដដែល។

អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​នៅ ស្រុក​ពញាក្រែក​ម្នាក់ គឺ​លោក រដ្ឋ វ៉ៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣១ ខែឧសភា​ថា អាជ្ញាធរ ស្រុក​ពញាក្រែក​បាន​ដក​ហូត​ប័ណ្ណ​ក្រីក្រ​ពី​គ្រួសារ​របស់​លោក ដោយសារ​តែ​លោក​មិន​គាំទ្រ​បក្ស​កាន់​អំណាច។ លោក​បន្ត​ថា កន្លង​មក អាជ្ញាធរ ហាក់​មិន​សូវ​សប្បាយ​ចិត្ត​ជាមួយ​លោក​ប៉ុន្មាន​នោះ​ទេ ក្រោយ​ពី​ដឹង​ថា លោក​គាំទ្រ​បក្ស​ភ្លើង​ទៀន រហូត​ឈាន​ដល់​ការ​ដក​ប័ណ្ណ​ក្រីក្រ​របស់​លោក​ទាំង​មិន​បាន​ជូន​ដំណឹង​ឱ្យ​បាន​ដឹង​ជា​មុន​ឡើយ។


លោក រដ្ឋ វ៉ៃ បន្ត​ថា ទង្វើ​របស់​អាជ្ញាធរ​ស្រុក​ពញាក្រែក​ធ្វើ​បែប​នេះ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ដូច​រូប​លោក ខណៈ​ដែល​រដ្ឋធម្មនុញ្ញ​ចែង​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ចូល​រួម​គណបក្ស​នយោបាយ ដែល​ខ្លួន​ស្រឡាញ់។ លោក​បន្ត​ថា សម្រាប់​រូប​លោក​មិន​មាន​ការ​បារម្ភ ឬ​ស្ដាយ​ក្រោយ​នោះ​ទេ ចំពោះ​ការ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ប៉ុន្តែ​លោក​ស្នើ​ដល់​រដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​លះ​បង់​ទង្វើ​រើសអើង​នយោបាយ ពីព្រោះ​ជា​ទង្វើ​មិន​ល្អ​ដល់​ក្មេង​ជំនាន់​ក្រោយ៖ «ស្នើ​ទៅ​រាជ​រដ្ឋាភិបាល​កុំ​ឱ្យ​ធ្វើ​អ៊ីចឹង [គួរ​តែ​ធ្វើ] ឱ្យ​មាន​ស្មើភាព​គ្នា កុំ​ឱ្យ​រើសអើង​ថា ខាង​នេះ ខាង​នោះ​អី បក្ស​នេះ បក្ស​នោះ ព្រោះ​យើង​ខ្មែរ​ដូច​គ្នា»។

ចំណែក​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ស្រុក​ពញា​ក្រែក​លោក ណែម សឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​សោក​ស្ដាយ ចំពោះ​ទង្វើ​របស់​អាជ្ញាធរ ដែល​ធ្វើ​មក​លើ​ប្រជាពលរដ្ឋ​បែប​នេះ។ លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​មាន​និន្នាការ​នយោបាយ​ផ្សេង​ពី​បក្ស​កាន់​អំណាច​ក៏​ដោយ មិន​គួរ​គំរាម​កំហែង​រហូត​ឈាន​ដល់​ការ​ដក​ប័ណ្ណ​ក្រីក្រ​បែប​នេះ​ទេ។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ​កាន់​តែ​បង្ហាញ​យ៉ាង​ច្បាស់​ថា បក្ស​កាន់​អំណាច​មិន​បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ទុក្ខ​លំបាក​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​កំពុង​តែ​ដាក់​បន្ទុក​កាន់​តែ​ធ្ងន់​ដល់​ពលរដ្ឋ៖ «នយោបាយ​នេះ​វា​រើសអើង​ណាស់​ទៅ​ហើយ ធ្វើ​នេះ​វា​ដូច​ជា​គ្មាន​ចិត្ត​យើង​ជា​ខ្មែរ​ផង វា​ដូច​ថា​ជា​សត្រូវ​ផ្ដាច់​មុខ​ទៅ​ហើយ។ វា [អាជ្ញាធរ] និយាយ​ថា ដាក់​ផ្លាក​អ៊ីចឹង​វា​មិន​ដក​ប័ណ្ណ​ក្រីក្រ​ទេ ប៉ុន្តែ​វា​ថា​ដាក់​ហ្នឹង ប្រឆាំង និង​ផ្គើន​គេ​ពេក ផ្លាក់​បក្ស​ភ្លើង​ទៀន​ហ្នឹង។ ដាក់​ផ្លាក​ផ្គើន​គេ​ពេក គេ​មក​ដក​ប័ណ្ណ​ក្រីក្រ​ហ្នឹង​ទៅ។ ចុះ​អ្នក​ឯង​ដាក់​ហ្នឹង​មិន​ផ្គើន​ដែរ​ទេ? ដល់​ពេល​គេ​ធ្វើ​អ៊ីចឹង​ទៅ ព្រោះ​សិទ្ធិ​លើ​គេ​ខ្លាំង​ពេក​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច»។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ និង​គណបក្ស​ភ្លើងទៀន​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ពួកគេ​សង្កេត​ឃើញ​ថា ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នេះ មាន​អាជ្ញាធរ​ស្រុក​ពញាក្រែក​ជា​ច្រើន​បន្ត​គំរាម​កំហែង​ដក​ហូត​ប័ណ្ណ​ក្រីក្រ​មក​លើ​សមាជិក​បក្ស​ភ្លើង​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ពួក​គេ មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ​មេឃុំ​កណ្ដោលជ្រំ លោក ហ៊ុល លី ប្រាប់​វិទ្យុ​អាស៊ី​សេរី យ៉ាង​ខ្លី​ថា អាជ្ញាធរ​មិន​បាន​ដក​ហូត​ប័ណ្ណ​ក្រីក្រ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​បន្ត​ថា មាន​តែ​ធ្វើ​បន្ថែម​សម្រាប់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ប៉ុណ្ណោះ៖ «អត់​មាន​ទេៗ [ការ​ដក​ប័ណ្ណ​ក្រីក្រ] ខាង​ខ្ញុំ​អត់​មាន​ទេ ខាង​ឃុំ​ហ្នឹង​អត់​ដឹង​អី​ទេ​ហ្មង។ អត់​មាន​ដក​មាន​អី មាន​តែ​ធ្វើ​ថែម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត រឿង​ដក​អត់​មាន​ទេ»។

ជុំវិញ​រឿង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា លើក​ឡើង​ថា ការ​ដក​ហូត​ប័ណ្ណ​ក្រីក្រ​របស់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ពញាក្រែក​នេះ ជា​ទង្វើ​ខុស​ច្បាប់​ដែល​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ពិនិត្យ​ឡើង​វិញ។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​ទទួល​បាន​ការ​គំរាម​កំហែង រហូត​ដក​ប័ណ្ណ​ក្រីក្រ​គួរ​ប្ដឹង ទៅ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់៖ «ចំណុច​នេះ​ខាង​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ គួរតែ​បញ្ឈប់​ពី​ការ​ប្រព្រឹត្ត​ហ្នឹង​ជា​បន្ទាន់ ដើម្បី​កុំ​ឱ្យ​បង្ក​បរិយាកាស​អាប់អួ​ពី​ប្រមុខ​រដ្ឋាភិបាល​តែងតែ​អំពាវនាវ​ឱ្យ​មាន​ការ​បន្ធូរបន្ថយ បញ្ឈប់​ពី​ការ​ប្រព្រឹត្ត​អំពើ​ទាំង​អស់​ហ្នឹង។ អ៊ីចឹង​ចំណុច​នេះ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​អនុសាសន៍ និង​ការ​លើក​ឡើង​ពី​ប្រមុខ​រដ្ឋាភិបាល​ពី​កន្លង​មក​ហ្នឹង​ហើយ។ គួរតែ​ផ្ដល់​នូវ​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ ឬ​ក៏​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ ឬ​ក៏​បេក្ខជន​នយោបាយ​ហ្នឹង​ឱ្យ​គេ​អនុវត្ត​នូវ​សិទ្ធិ​របស់​គេ​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់»។

លោក សឹង សែនករុណា បញ្ជាក់​ថា នៅ​ក្នុង​ស្ថានភាព​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ គ្រប់​គណបក្ស​នយោបាយ​គួរ​តែ​ធ្វើ​ការ​ប្រកួត​ប្រជែង​គោល​នយោបាយ​រាងៗ ខ្លួន ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​នៅ​តំបន់​មូលដ្ឋាន។ ផ្ទុយ​ទៅ​វិញ បែរ​ជា​យក​អំណាច​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​បក្ស​តូចៗ ដើម្បី​បាន​សន្លឹក​ឆ្នោត​នោះ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ឡើយ។ មន្ត្រី​បក្ស​ភ្លើង​ទៀន និង​ពលរដ្ឋ​មើល​ឃើញ​ថា ការ​គំរាម​កំហែង​មក​លើ​សមាជិក​បក្ស​ភ្លើង​ទៀន​ជា​ហូរហែ​នេះ កាន់​តែ​បង្ហាញ​ឱ្យ​អ្នក​ឃ្លាំមើល​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា កម្ពុជា​កំពុង​តែ​ឆ្ពោះ​ទៅ​រក​ការ​ធ្លាក់​ចុះ​សិទ្ធិ​សេរីភាព​នៃ​ការ​ចូលរួម​នយោបាយ​កាន់​តែ​ខ្លាំង៕

1 comment:

Anonymous said...

We knew that presently the dictators can usurp the power even if they lose the election. For example, in Myanmar and Thailand, the Juntas took the power by force from the winners of the election. Likewise, Ah Yuon's slave Hun Sen would follow those Juntas' footsteps should the CPP lose the election.

But Khmer people choose to participate in this upcoming election to keep the spirit of nationalism, and the movement for democracy alive. The struggle for freedom is a long road, which requires perseverance. So, participating in the election is the right thing to do, a must thing to do.