Khmer Circle:
Well, it stands to reason, doesn't it? If you support any genuine opposition party in the Kingdom of Wonder you must be rich!
Just another VC logic...
^^^
ដោយ សុជីវី
2022.05.31
សកម្មភាពឃោសនារកសំឡេងឆ្នោតរបស់សកម្មជន និងគាំទ្រគណបក្សភ្លើងទៀន នៅឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀនឃុំកណ្ដោលជ្រំ
ពលរដ្ឋម្នាក់រស់នៅឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចោទអាជ្ញាធរថា បានដកប័ណ្ណក្រីក្រ ក្រោយពីខ្លួនគាំទ្របក្សភ្លើងទៀន។ ពលរដ្ឋលើកឡើងថា នេះជាការគំរាមកំហែង និងការរើសអើងនយោបាយ មកលើរូបលោកទាំងអយុត្តិធម៌។ ចំណែកអាជ្ញាធរស្រុកពញាក្រែកតបថា មិនបានដកហូតប័ណ្ណក្រីក្រពីប្រជាពលរដ្ឋទេ។
ស្ថិតក្នុងស្ថានភាពដែលគ្រប់គណបក្សនយោបាយកំពុងមមាញឹកឃោសនារកសំឡេងឆ្នោត ដើម្បីចូលរួមការបោះឆ្នោតឃុំ-សង្កាត់នៅចុងសប្ដាហ៍នេះ អាជ្ញាធរនៅតែគំរាមកំហែងដល់អ្នកគាំទ្រគណបក្សភ្លើងទៀនដដែល។
អ្នកគាំទ្រគណបក្សភ្លើងទៀននៅ ស្រុកពញាក្រែកម្នាក់ គឺលោក រដ្ឋ វ៉ៃ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ ខែឧសភាថា អាជ្ញាធរ ស្រុកពញាក្រែកបានដកហូតប័ណ្ណក្រីក្រពីគ្រួសាររបស់លោក ដោយសារតែលោកមិនគាំទ្របក្សកាន់អំណាច។ លោកបន្តថា កន្លងមក អាជ្ញាធរ ហាក់មិនសូវសប្បាយចិត្តជាមួយលោកប៉ុន្មាននោះទេ ក្រោយពីដឹងថា លោកគាំទ្របក្សភ្លើងទៀន រហូតឈានដល់ការដកប័ណ្ណក្រីក្ររបស់លោកទាំងមិនបានជូនដំណឹងឱ្យបានដឹងជាមុនឡើយ។
លោក រដ្ឋ វ៉ៃ បន្តថា ទង្វើរបស់អាជ្ញាធរស្រុកពញាក្រែកធ្វើបែបនេះជារឿងអយុត្តិធម៌បំផុតសម្រាប់ពលរដ្ឋក្រីក្រដូចរូបលោក ខណៈដែលរដ្ឋធម្មនុញ្ញចែងយ៉ាងច្បាស់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពចូលរួមគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់។ លោកបន្តថា សម្រាប់រូបលោកមិនមានការបារម្ភ ឬស្ដាយក្រោយនោះទេ ចំពោះការគាំទ្រគណបក្សភ្លើងទៀន ប៉ុន្តែលោកស្នើដល់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគួរតែលះបង់ទង្វើរើសអើងនយោបាយ ពីព្រោះជាទង្វើមិនល្អដល់ក្មេងជំនាន់ក្រោយ៖ «ស្នើទៅរាជរដ្ឋាភិបាលកុំឱ្យធ្វើអ៊ីចឹង [គួរតែធ្វើ] ឱ្យមានស្មើភាពគ្នា កុំឱ្យរើសអើងថា ខាងនេះ ខាងនោះអី បក្សនេះ បក្សនោះ ព្រោះយើងខ្មែរដូចគ្នា»។
ចំណែកប្រធានគណបក្សភ្លើងទៀនស្រុកពញាក្រែកលោក ណែម សឿន ប្រាប់វិទ្យុអាស៊ីសេរីថា លោកសោកស្ដាយ ចំពោះទង្វើរបស់អាជ្ញាធរ ដែលធ្វើមកលើប្រជាពលរដ្ឋបែបនេះ។ លោកបន្ថែមថា បើទោះបីជាពលរដ្ឋមាននិន្នាការនយោបាយផ្សេងពីបក្សកាន់អំណាចក៏ដោយ មិនគួរគំរាមកំហែងរហូតឈានដល់ការដកប័ណ្ណក្រីក្របែបនេះទេ។ លោកបន្តថា ការធ្វើបែបនេះកាន់តែបង្ហាញយ៉ាងច្បាស់ថា បក្សកាន់អំណាចមិនបានជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាកនោះទេ តែផ្ទុយទៅវិញកំពុងតែដាក់បន្ទុកកាន់តែធ្ងន់ដល់ពលរដ្ឋ៖ «នយោបាយនេះវារើសអើងណាស់ទៅហើយ ធ្វើនេះវាដូចជាគ្មានចិត្តយើងជាខ្មែរផង វាដូចថាជាសត្រូវផ្ដាច់មុខទៅហើយ។ វា [អាជ្ញាធរ] និយាយថា ដាក់ផ្លាកអ៊ីចឹងវាមិនដកប័ណ្ណក្រីក្រទេ ប៉ុន្តែវាថាដាក់ហ្នឹង ប្រឆាំង និងផ្គើនគេពេក ផ្លាក់បក្សភ្លើងទៀនហ្នឹង។ ដាក់ផ្លាកផ្គើនគេពេក គេមកដកប័ណ្ណក្រីក្រហ្នឹងទៅ។ ចុះអ្នកឯងដាក់ហ្នឹងមិនផ្គើនដែរទេ? ដល់ពេលគេធ្វើអ៊ីចឹងទៅ ព្រោះសិទ្ធិលើគេខ្លាំងពេកខ្ញុំមិនដឹងធ្វើម៉េច»។
ប្រតិកម្មរបស់ប្រជាពលរដ្ឋ និងគណបក្សភ្លើងទៀននេះធ្វើឡើងក្រោយពីពួកគេសង្កេតឃើញថា អំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនេះ មានអាជ្ញាធរស្រុកពញាក្រែកជាច្រើនបន្តគំរាមកំហែងដកហូតប័ណ្ណក្រីក្រមកលើសមាជិកបក្សភ្លើងជាបន្តបន្ទាប់ ក្រោយពីពួកគេ មិនគាំទ្រគណបក្សប្រជាជនកម្ពុជា។
ទាក់ទងនឹងបញ្ហានេះមេឃុំកណ្ដោលជ្រំ លោក ហ៊ុល លី ប្រាប់វិទ្យុអាស៊ីសេរី យ៉ាងខ្លីថា អាជ្ញាធរមិនបានដកហូតប័ណ្ណក្រីក្រដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។ លោកបន្តថា មានតែធ្វើបន្ថែមសម្រាប់ប្រជាពលរដ្ឋ ដែលខ្វះខាតប៉ុណ្ណោះ៖ «អត់មានទេៗ [ការដកប័ណ្ណក្រីក្រ] ខាងខ្ញុំអត់មានទេ ខាងឃុំហ្នឹងអត់ដឹងអីទេហ្មង។ អត់មានដកមានអី មានតែធ្វើថែមឱ្យប្រជាពលរដ្ឋដែលខ្វះខាត រឿងដកអត់មានទេ»។
ជុំវិញរឿងនេះ មន្ត្រីអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ការដកហូតប័ណ្ណក្រីក្ររបស់អាជ្ញាធរមូលដ្ឋានស្រុកពញាក្រែកនេះ ជាទង្វើខុសច្បាប់ដែលរំលោភសិទ្ធិពលរដ្ឋ និងនយោបាយ ដែលអាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យឡើងវិញ។ លោកបន្តថា ពលរដ្ឋដែលទទួលបានការគំរាមកំហែង រហូតដកប័ណ្ណក្រីក្រគួរប្ដឹង ទៅគណៈកម្មការជាតិរៀបចំការបោះឆ្នោត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៖ «ចំណុចនេះខាងអាជ្ញាធរមូលដ្ឋាន និងអ្នកដែលប្រព្រឹត្តអំពើបែបនេះ គួរតែបញ្ឈប់ពីការប្រព្រឹត្តហ្នឹងជាបន្ទាន់ ដើម្បីកុំឱ្យបង្កបរិយាកាសអាប់អួពីប្រមុខរដ្ឋាភិបាលតែងតែអំពាវនាវឱ្យមានការបន្ធូរបន្ថយ បញ្ឈប់ពីការប្រព្រឹត្តអំពើទាំងអស់ហ្នឹង។ អ៊ីចឹងចំណុចនេះជាការអនុវត្តផ្ទុយពីអនុសាសន៍ និងការលើកឡើងពីប្រមុខរដ្ឋាភិបាលពីកន្លងមកហ្នឹងហើយ។ គួរតែផ្ដល់នូវសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ឬក៏អ្នកគាំទ្រគណបក្សនយោបាយ ឬក៏បេក្ខជននយោបាយហ្នឹងឱ្យគេអនុវត្តនូវសិទ្ធិរបស់គេស្របទៅតាមផ្លូវច្បាប់»។
លោក សឹង សែនករុណា បញ្ជាក់ថា នៅក្នុងស្ថានភាពនៃការឃោសនារកសំឡេងឆ្នោតនេះ គ្រប់គណបក្សនយោបាយគួរតែធ្វើការប្រកួតប្រជែងគោលនយោបាយរាងៗ ខ្លួន ដើម្បីជួយដោះស្រាយបញ្ហាដែលកើតមាននៅតំបន់មូលដ្ឋាន។ ផ្ទុយទៅវិញ បែរជាយកអំណាចធ្វើទុក្ខបុកម្នេញដល់បក្សតូចៗ ដើម្បីបានសន្លឹកឆ្នោតនោះជារឿងមិនត្រឹមត្រូវនោះឡើយ។ មន្ត្រីបក្សភ្លើងទៀន និងពលរដ្ឋមើលឃើញថា ការគំរាមកំហែងមកលើសមាជិកបក្សភ្លើងទៀនជាហូរហែនេះ កាន់តែបង្ហាញឱ្យអ្នកឃ្លាំមើលជាតិ និងអន្តរជាតិមើលឃើញថា កម្ពុជាកំពុងតែឆ្ពោះទៅរកការធ្លាក់ចុះសិទ្ធិសេរីភាពនៃការចូលរួមនយោបាយកាន់តែខ្លាំង៕
1 comment:
We knew that presently the dictators can usurp the power even if they lose the election. For example, in Myanmar and Thailand, the Juntas took the power by force from the winners of the election. Likewise, Ah Yuon's slave Hun Sen would follow those Juntas' footsteps should the CPP lose the election.
But Khmer people choose to participate in this upcoming election to keep the spirit of nationalism, and the movement for democracy alive. The struggle for freedom is a long road, which requires perseverance. So, participating in the election is the right thing to do, a must thing to do.
Post a Comment