ដោយ មាន ឫទ្ធិ
2022.07.17
លោក នល់ ពង្សធារិទ្ធ (រុំរបួសក្បាល) អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវក្រុមជនល្មើសជិះម៉ូតូវាយត្រង់ក្បាលឱ្យរបួសធ្ងន់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មន្ត្រីគណបក្សភ្លើងទៀនម្នាក់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខជាច្រើននាក់ព្រួតគ្នាវាយនឹងដែករលាស់បណ្តាលឱ្យរបួសធ្ងន់ធ្ងរដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗនៅព្រឹកថ្ងៃទី១៧ ខែកក្កដា។ ជនរងគ្រោះចាត់ទុកករណីហិង្សានេះ គឺជាការប៉ុនប៉ងសម្លាប់ និងគំរាមកំហែងផ្នែកនយោបាយ។ មន្ត្រីសង្គមស៊ីវិលថ្កោលទោសចំពោះទង្វើនេះ និងជំរុញឱ្យសមត្ថកិច្ចស្វែងរកក្រុមជនដៃដល់យកមកអនុវត្តច្បាប់ឱ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងបញ្ចៀសការរិះគន់នានាពីក្រុមសកម្មជន និងមហាជន។
អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នុល ពង្សធារិទ្ធ ហៅកំហែងជ័យ ត្រូវជនមិនមុខមានគ្នាប្រមាណ៦នាក់ ជិះម៉ូតូ៤គ្រឿងព្រួតគ្នាវាយលោកនៅម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ខណៈមន្ត្រីរូបនោះកំពុងធ្វើដំណើរចូលរួមប្រជុំកិច្ចគណបក្សខណ្ឌ។
ជនរងគ្រោះ លោក នុល ពង្សធារិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថា ដំបូងឡើយជនដៃដល់ជិះម៉ូតូដេញនិងស្រែកគំរាមវាយសម្លាប់រូបលោកឱ្យបានជាដាច់ខាត។ លោកបន្តថា លុះដល់កន្លែងកើតហេតុជនអនាមិកទាំងនោះកាន់ដែករលាស់វាយលើលោកពេញទំហឹងត្រូវក្បាល កញ្ចឹងក និងស្មាបណ្តាលឱ្យហូរឈាមស្រោចពេញខ្លួន និងដេរ ១២ថ្នេរ។ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងនៅភ្នំពេញ ដែលត្រូវការតាមដានអាការៈពីគ្រូពេទ្យបន្តទៀត។ លោកចាត់ទុកហិង្សាពេលនេះ គឺជាការប៉ុនប៉ងសម្លាប់ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ព្រោះកន្លងមកលោកពុំដែលមានទំនាស់ជាមួយបុគ្គលណានោះទេ។
លោក នុល ពង្សធារិទ្ធ បន្ថែមថា ក្រោយកើតហេតុមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានមកសួរនៅណែនាំ និងធ្វើកំណត់ហេតុដល់មន្ទីរពេទ្យ ដោយសមត្ថកិច្ចសន្យាថា នឹងស្វែងរកជនប្រព្រឹត្តទាំងនោះ តែរហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បង្ហាញតម្រុញ ឬចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ។ យ៉ាងណាក្តីលោក ពង្សធារិទ្ធ ថ្លែងថា លោកគ្មានជំនឿថាសមត្ថកិច្ចនឹងរកយុត្តិធម៌ឱ្យលោកបានឡើយ ព្រោះករណីនេះជារឿងនយោបាយ៖ «ខ្ញុំគិតថារឿងហ្នឹង គឺជារឿងរៀបចំទុក បើមិនរៀបចំទុកគេមិនមកគ្នាច្រើននោះទេ ព្រោះគេដឹងអំពីខ្ញុំ។ បើសិនជាមិនដឹងពីខ្ញុំ ម៉ូតូមួយគ្នាពីរនាក់គេធ្វើបានហើយ ប៉ុន្តែនេះគេមកម៉ូតូច្រើនមនុស្សច្រើន ដើម្បីវាយឱ្យខ្ញុំស្លាប់តែម្តង ព្រោះគេស្រែកពីក្រោយថា វាយខ្ញុំឱ្យងាប់ទុកអត់បានទេ»។
ក្នុងវីដេអូឃ្លិបគេចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហាញពីសកម្មភាពជនដល់ទាំងនោះជិះម៉ូតូទំនើប ពាក់មួកសុវត្ថិភាពពណ៌ស និងពាក់អាវខ្មៅដូចនឹងឯកសណ្ឋានអង្គរក្ស ប្រដាប់ដោយដំបងចុះពីលើម៉ូតូរត់សំដៅវាយទៅលើជនរងគ្រោះជាច្រើនដំបងនៅមុខទីស្នាក់ការគណបក្សភ្លើងទៀនខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មកជនបង្កបានជិះម៉ូតូរត់គេចខ្លួនបាត់។
លោក នុល ពង្សធារិទ្ធ គឺជាអតីតមន្ត្រីសន្តិសុខនៅទីស្នាក់កណ្តាលរបស់គណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នលោកជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កាលពីឆ្នាំ២០១៨ លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណជាច្រើននាក់បានលបវាយប្រហារបណ្តាលឱ្យរងរបួសធ្ងន់ម្តងរួចមកហើយ។ បន្ទាប់មក លោកក៏ទទួលបានការសារគំរាមតាមរយៈទូរស័ព្ទឱ្យលោកបញ្ឈប់សកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងតទៅទៀត។ ទោះរងការធ្វើទុក្ខបុកម្នេញស្ទើរគ្រប់រូបភាពយ៉ាងណាក្តី ក៏លោក ពង្សធារិទ្ធ នៅតែបន្តធ្វើសកម្មភាពនយោបាយរបស់ខ្លួនជាមួយគណបក្សភ្លើងទៀន ដោយលោកតែងតែចុះជួបជាមួយសកម្មជនមូលដ្ឋាន ហើយថ្មីៗ នេះលោកបានចេញមុខគាំទ្រមេដឹកនាំគណបក្សលោក សុន ឆ័យ នៅមុខសាលាដំបូងរាជធានីភ្នំពេញជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិលោក សាន សុខសីហា ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី១៧ ខែកក្កដា។ ប៉ុន្តែកន្លងមកលោក សាន សុខសីហា តែងជំរុញជនរងគ្រោះដាក់ពាក្យបណ្តឹង និងសហការផ្តល់ព័ត៌មានមកសមត្ថកិច្ច ដើម្បីងាយស្រួលស្រាវជ្រាវករណីទាំងនោះ។
ទោះយ៉ាងណាជនរងគ្រោះអះអាងថា ពួកគាត់មិនមានជំនឿថា សមត្ថកិច្ចអាចផ្តល់យុត្តិធម៌បានឡើយ ព្រោះកន្លងមកបើទោះជាពួកគាត់ ព្យាយាមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក្តី តែជាក់ស្តែងមកទល់ពេលនេះ គ្មានករណីណាមួយដែលត្រូវបានអាជ្ញាធរបង្ហាញលទ្ធផលស៊ើបអង្កេតគួរឲ្យទុកចិត្ត ដើម្បីផ្តល់ទំនុកចិត្ត និងបញ្ចៀសការចោទប្រកាន់លើអាជ្ញាធរពាក់ព័ន្ធរឿងនយោបាយបានទេ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ថ្កោលទោសចំពោះអំពើហិង្សាទាំងអស់ដែលអាជ្ញាធរត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់។ លោក នី សុខា សង្កេតឃើញថា កន្លងទៅសកម្មជនសង្គម និងនយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលតែងទទួលរងនូវអំពើហិង្សាជាបន្តបន្ទាប់ ដូច្នេះប្រសិនអាជ្ញាធរមិនបង្ហាញការស៊ើបអង្កេតដោយត្រឹមត្រូវ ដើម្បីស្វែងរកជនដៃដល់យកមិនផ្ដន្ទាទោសតាមច្បាប់ទេ នោះពួកគេ រួមទាំងសាធារណជននៅតែសង្ស័យថា ករណីទាំងនោះទាក់ទងរឿងនយោបាយ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ការដែលបណ្តែតបណ្តោយឱ្យជនបង្កនៅក្រៅសំណាញ់ច្បាប់ហាក់ធ្វើឱ្យជននោះបានចិត្ត និងបន្តប្រព្រឹត្តបទល្មើសតទៅទៀត៖ «ឆ្នាំ២០២៣ គឺជាឆ្នាំមានការរៀបចំការបោះឆ្នោតជាតិដ៏សំខាន់ ដូច្នេះបើសិនជាការបណ្តែតបណ្តោយឱ្យជនបង្កទៅធ្វើដោយគ្មានការផ្ដន្ទាទោសគ្មានវិធានការឱ្យបានម៉ឺងម៉ាត់ទេ ខ្ញុំគិតថាស្ថានភាពនេះធ្វើឱ្យមានការព្រួយបារម្ភ ការភ័យខ្លាចសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ វាអាចធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងបាទ»។
គិតមកដល់ពេលនេះ មានសកម្មជនសង្គមនិងគណបក្សនយោបាយប្រមាណ ៤០នាក់ហើយ ដែលត្រូវជនមិនស្គាល់មុខបង្កហិង្សាបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះខ្លះបានស្លាប់ និងធ្លាក់ខ្លួនពិការអស់មួយជីវិត។ ករណីទាំងនោះច្រើនមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺជនដៃដល់ជិះម៉ូតូពាក់មួកសុវត្ថិភាពព្រួតវាយ ឬលួចវាយជនរងគ្រោះពីក្រោយខ្នង ឬដេញធាក់ម៉ូតូផ្តួល ឬគប់ដុំថ្មចូលក្នុងផ្ទះ ហើយភាគច្រើនបំផុតអាជ្ញាធរមិនបានចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសនោះទេ។ ជនរងគ្រោះខ្លះមិនត្រឹមតែមិនទទួលបានយុត្តិធម៌នោះទេ តែថែមទាំងត្រូវបានជនល្មើសលួចវាយប្រហារផ្ទួនៗ គ្នាពីរលើក ហើយអ្នកខ្លះទៀត ថែមទាំងត្រូវបានអាជ្ញាធររបស់លោក ហ៊ុន សែន ចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារទៀតផង។
ក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង ព្រួយបារម្ភជាខ្លាំង ចំពោះអំពើហិង្សាលើសកម្មជនសង្គម និងសកម្មជននយោបាយជាញឹកញាប់នេះ។ ពួកគេចាត់ទុក ករណីទាំងនេះថា ជាការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនិងនយោបាយដែលត្រូវតែបញ្ឈប់ជាបន្ទាន់៕
1 comment:
This scumbag Hun Sen can suppress Khmer people at will without worrying about losing his power.
Therefore, so long as Hun Sen complies with Yuon's orders, his power is safe.
Ah Chker Chkuot Hun Sen said: " Oss Ey Oss Touv, Kom Oy Teh Anh Oss Amnach"
Post a Comment