Monday, 18 July 2022

មន្ត្រី​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​​ភ្នំពេញ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ ៦​នាក់​ដេញ​វាយ​បែក​ក្បាល​រង​របួស​ធ្ងន់


ដោយ មាន​ ឫទ្ធិ
2022.07.17
មន្ត្រី​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​​ភ្នំពេញ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ ៦​នាក់​ដេញ​វាយ​បែក​ក្បាល​រង​របួស​ធ្ងន់ 

លោក នល់ ពង្សធារិទ្ធ (រុំ​របួស​ក្បាល) អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន ខណ្ឌ​ពោធិ៍សែនជ័យ ដែល​ត្រូវ​ក្រុម​ជនល្មើស​ជិះ​ម៉ូតូ​​វាយ​ត្រង់​ក្បាល​ឱ្យ​របួស​ធ្ងន់ នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

 

មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​ជាច្រើន​នាក់​ព្រួត​គ្នា​វាយ​នឹង​ដែក​រលាស់​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា​។ ជនរងគ្រោះ​ចាត់ទុក​ករណី​ហិង្សា​នេះ គឺជា​ការប៉ុនប៉ង​សម្លាប់ និង​គំរាមកំហែង​ផ្នែក​នយោបាយ​។ មន្ត្រី​សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ និង​ជំរុញ​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ក្រុម​ជន​ដៃដល់​យក​មក​អនុវត្ត​ច្បាប់​ឱ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​បញ្ចៀស​ការរិះគន់​នានា​ពី​ក្រុម​សកម្មជន និង​មហាជន។

អនុប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន ខណ្ឌ​ពោធិ៍សែនជ័យ លោក នុល ពង្សធារិទ្ធ ហៅ​កំហែងជ័យ ត្រូវ​ជន​មិន​មុខ​មាន​គ្នា​ប្រមាណ​៦​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង​ព្រួត​គ្នា​វាយ​លោក​នៅ​ម្តុំ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​ភូមិ​ព្រៃជីសាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​កក្កដា ខណៈ​មន្ត្រី​រូប​នោះ​កំពុង​ធ្វើ​ដំណើរ​ចូលរួម​ប្រជុំ​កិច្ច​គណបក្ស​ខណ្ឌ។


ជនរងគ្រោះ លោក នុល ពង្សធារិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដំបូង​ឡើយ​ជន​ដៃដល់​ជិះ​ម៉ូតូ​ដេញ​និង​ស្រែក​គំរាម​វាយ​សម្លាប់​រូបលោក​ឱ្យ​បាន​ជាដាច់ខាត​។ លោក​បន្ត​ថា លុះដល់​កន្លែង​កើត​ហេតុ​ជន​អនាមិក​ទាំងនោះ​កាន់​ដែក​រលាស់​វាយ​លើ​លោក​ពេញទំហឹង​ត្រូវ​ក្បាល កញ្ចឹងក និង​ស្មា​បណ្តាល​ឱ្យ​ហូរឈាម​ស្រោច​ពេញ​ខ្លួន និង​ដេរ​ ១២​ថ្នេរ។ បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​នៅ​ភ្នំពេញ ​ដែល​ត្រូវ​ការ​តាមដាន​អាការៈ​ពី​គ្រូពេទ្យ​បន្ត​ទៀត​។ លោក​ចាត់ទុក​ហិង្សា​ពេល​នេះ គឺជា​ការប៉ុនប៉ង​សម្លាប់ និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ព្រោះ​កន្លង​មក​លោក​ពុំដែល​មាន​ទំនាស់​ជាមួយ​បុគ្គល​ណា​នោះ​ទេ។

លោក នុល ពង្សធារិទ្ធ បន្ថែម​ថា ក្រោយ​កើតហេតុ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ បាន​មក​សួរ​នៅ​ណែនាំ និង​ធ្វើ​កំណត់ហេតុ​ដល់​មន្ទីរពេទ្យ ដោយ​សមត្ថកិច្ច​សន្យា​ថា នឹង​ស្វែងរក​ជន​ប្រព្រឹត្ត​ទាំងនោះ តែ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិនទាន់​បង្ហាញ​តម្រុញ ឬ​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​នៅឡើយ​ទេ​។ យ៉ាង​ណា​ក្តី​លោក ពង្សធារិទ្ធ ថ្លែង​ថា លោក​គ្មាន​ជំនឿ​ថា​សមត្ថកិច្ច​នឹង​រក​យុត្តិធម៌​ឱ្យ​លោក​បាន​ឡើយ ព្រោះ​ករណីនេះ​ជា​រឿង​នយោបាយ៖ «ខ្ញុំ​គិតថា​រឿង​ហ្នឹង គឺជា​រឿង​រៀបចំ​ទុក បើ​មិន​រៀបចំ​ទុក​គេ​មិន​មក​គ្នា​ច្រើន​នោះ​ទេ ព្រោះ​គេ​ដឹង​អំពីខ្ញុំ។ បើសិនជា​មិនដឹង​ពី​ខ្ញុំ​ ម៉ូតូ​មួយ​គ្នា​ពីរ​នាក់​គេ​ធ្វើ​បាន​ហើយ ប៉ុន្តែ​នេះ​គេ​មក​ម៉ូតូ​ច្រើន​មនុស្ស​ច្រើន​ ដើម្បី​វាយ​ឱ្យ​ខ្ញុំ​ស្លាប់​តែម្តង ព្រោះ​គេ​ស្រែក​ពីក្រោយ​ថា​ វាយ​ខ្ញុំ​ឱ្យ​ងាប់​ទុក​អត់​បានទេ»។

​ក្នុង​វីដេអូ​ឃ្លិប​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​បង្ហាញ​ពី​សកម្មភាព​ជន​ដល់​ទាំងនោះ​ជិះ​ម៉ូតូ​ទំនើប ពាក់មួក​សុវត្ថិភាព​ពណ៌​ស និង​ពាក់​អាវ​ខ្មៅ​ដូច​នឹង​ឯកសណ្ឋាន​អង្គរក្ស ប្រដាប់​ដោយ​ដំបង​ចុះ​ពីលើ​ម៉ូតូ​រត់​សំដៅ​វាយ​ទៅលើ​ជនរងគ្រោះ​ជាច្រើន​ដំបង​នៅមុខ​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បន្ទាប់មក​ជន​បង្ក​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់។

​លោក នុល ពង្សធារិទ្ធ គឺជា​អតីតមន្ត្រី​សន្តិសុខ​នៅ​ទី​ស្នាក់​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បច្ចុប្បន្ន​លោក​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ កាល​ពី​ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជាច្រើន​នាក់​បាន​លប​វាយ​ប្រហារ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ម្តង​រួច​មក​ហើយ​។ បន្ទាប់​មក​ លោក​ក៏​ទទួល​បាន​ការ​សារ​គំរាម​តាម​រយៈ​ទូរស័ព្ទ​ឱ្យ​លោក​បញ្ឈប់​សកម្មភាព​ន​យោ​បាយ​ជាមួយ​គណបក្សប្រឆាំង​តទៅទៀត​។ ទោះ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ស្ទើរ​គ្រប់​រូបភាព​យ៉ាង​ណា​ក្តី ក៏​លោក ពង្សធារិទ្ធ នៅតែ​បន្ត​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ជាមួយ​គណបក្ស​ភ្លើងទៀន ដោយ​លោក​តែងតែ​ចុះ​ជួប​ជាមួយ​សកម្មជន​មូលដ្ឋាន ហើយ​ថ្មីៗ ​នេះ​លោក​បាន​ចេញមុខ​គាំទ្រ​មេដឹកនាំ​គណបក្ស​លោក សុន ឆ័យ នៅ​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លោក សាន សុខសីហា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១៧ ខែកក្កដា​។ ប៉ុន្តែ​កន្លងមក​លោក សាន សុខសីហា តែង​ជំរុញ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង និង​សហការ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច ដើម្បី​ងាយស្រួល​ស្រាវជ្រាវ​ករណី​ទាំងនោះ។

ទោះ​យ៉ាងណា​ជនរងគ្រោះ​អះអាង​ថា ពួកគាត់​មិន​មាន​ជំនឿ​ថា សមត្ថកិច្ច​អាច​ផ្តល់​យុត្តិធម៌​បាន​ឡើយ ព្រោះ​កន្លងមក​បើ​ទោះ​ជា​ពួកគាត់ ព្យាយាម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​យ៉ាង​ណា​ក្តី តែ​ជាក់ស្តែង​មក​ទល់​ពេល​នេះ គ្មាន​ករណី​ណាមួយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​គួរ​ឲ្យ​ទុកចិត្ត ដើម្បី​ផ្តល់​ទំនុកចិត្ត និង​បញ្ចៀស​ការចោទប្រកាន់​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​រឿង​នយោបាយ​បាន​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ទាំងអស់​ដែល​អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់។ លោក នី សុខា សង្កេត​ឃើញ​ថា កន្លងទៅ​សកម្មជន​សង្គម និង​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​តែង​ទទួលរង​នូវ​អំពើ​ហិង្សា​ជា​បន្តបន្ទាប់ ដូច្នេះ​ប្រសិន​អាជ្ញាធរ​មិន​បង្ហាញ​ការស៊ើបអង្កេត​ដោយ​ត្រឹមត្រូវ ដើម្បី​ស្វែងរក​ជន​ដៃដល់​យក​មិន​ផ្ដន្ទាទោស​តាមច្បាប់​ទេ នោះ​ពួកគេ រួម​ទាំង​សាធារណជន​នៅតែ​សង្ស័យ​ថា ករណី​ទាំងនោះ​ទាក់ទង​រឿង​នយោបាយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ការ​ដែល​បណ្តែតបណ្តោយ​ឱ្យ​ជន​បង្ក​នៅ​ក្រៅ​សំណាញ់​ច្បាប់​ហាក់​ធ្វើ​ឱ្យ​ជន​នោះ​បាន​ចិត្ត និង​បន្ត​ប្រព្រឹត្ត​បទល្មើស​តទៅ​ទៀត៖ «ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​មាន​ការរៀបចំ​ការ​បោះ​ឆ្នោតជាតិ​ដ៏​សំខាន់ ដូច្នេះ​បើសិន​ជា​ការ​បណ្តែតបណ្តោយ​ឱ្យ​ជន​បង្ក​ទៅ​ធ្វើ​ដោយ​គ្មាន​ការ​ផ្ដន្ទាទោស​គ្មាន​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ទេ ខ្ញុំ​គិតថា​ស្ថានភាព​នេះ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ ការភ័យខ្លាច​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ វា​អាច​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​បាទ»។

គិត​មក​ដល់​ពេល​នេះ មាន​សកម្មជន​សង្គម​និង​គណបក្ស​នយោបាយ​ប្រមាណ ៤០​នាក់​ហើយ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បង្ក​ហិង្សា​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ហើយ​ជនរងគ្រោះ​ខ្លះ​បាន​ស្លាប់ និង​ធ្លាក់ខ្លួន​ពិការ​អស់​មួយ​ជីវិត​។ ករណី​ទាំងនោះ​ច្រើន​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា គឺ​ជន​ដៃដល់​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​ព្រួត​វាយ ឬ​លួច​វាយ​ជនរងគ្រោះ​ពីក្រោយ​ខ្នង ឬ​ដេញ​ធាក់​ម៉ូតូ​ផ្តួល ឬ​គប់​ដុំ​ថ្ម​ចូលក្នុង​ផ្ទះ ហើយ​ភាគ​ច្រើន​បំផុត​អាជ្ញាធរ​មិន​បាន​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។ ជនរងគ្រោះ​ខ្លះ​មិន​ត្រឹមតែ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ តែ​ថែមទាំង​ត្រូវ​បាន​ជនល្មើស​លួច​វាយប្រហារ​ផ្ទួនៗ ​គ្នា​ពីរ​លើក ហើយ​អ្នក​ខ្លះទៀត ថែមទាំង​ត្រូវ​បាន​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ចាប់​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ទៀត​ផង។

​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការសហប្រជាជាតិ​ផង ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​អំពើ​ហិង្សា​លើ​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជា​ញឹកញាប់​នេះ​។ ពួកគេ​ចាត់ទុក ករណី​ទាំងនេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​និង​នយោបាយ​ដែល​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់៕

1 comment:

Anonymous said...


This scumbag Hun Sen can suppress Khmer people at will without worrying about losing his power.
Therefore, so long as Hun Sen complies with Yuon's orders, his power is safe.

Ah Chker Chkuot Hun Sen said: " Oss Ey Oss Touv, Kom Oy Teh Anh Oss Amnach"